អានតួអត្ថបទ
ឥណ្ឌា

បោះឆ្នោត​សភា​ឥណ្ឌា៖ គណបក្ស​របស់​លោក​ណារិន្ទ្រ ម៉ូឌី ទំនង​ជា​ឈ្នះ​ដាច់

នៅប្រទេសឥណ្ឌា បន្ទាប់ពីការបោះឆ្នោតសភា អស់រយៈពេល​ជាង១ខែ បានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី​២៣ឧសភា គឺដល់​ថ្ងៃ​ចាប់ផ្តើមរាប់សន្លឹកឆ្នោត ទូទាំងប្រទេស។ បើតាមលទ្ធផលបឋម មិនទាន់ផ្លូវការ ផ្តល់​ឲ្យ​ដោយគណកម្មការជាតិ រៀបចំការបោះឆ្នោតឥណ្ឌា បានឲ្យដឹងថា គណបក្សហិណ្ឌូជាតិនិយម របស់លោកណារិន្ទ្រ ម៉ូឌី ទំនងជាអាចឈ្នះដាច់ បានសម្លេងភាគច្រើននៅ​ក្នុងសភា។

លោកណារិន្ទ្រ ម៉ូឌី អមដោយកម្រមាលា ប្រៀបបាននឹង​ព្រះ​មួយអង្គ​នៃសាសនា​ហិណ្ឌូ។ ក្រុងញូដេលី ទីស្នាក់ការ​បក្ស BJP ថ្ងៃទី​២១ ឧសភា ២០១៩
លោកណារិន្ទ្រ ម៉ូឌី អមដោយកម្រមាលា ប្រៀបបាននឹង​ព្រះ​មួយអង្គ​នៃសាសនា​ហិណ្ឌូ។ ក្រុងញូដេលី ទីស្នាក់ការ​បក្ស BJP ថ្ងៃទី​២១ ឧសភា ២០១៩ REUTERS/Anushree Fadnavis
ផ្សាយពាណិជ្ជកម្ម

បើគិតមកត្រឹម ព្រឹកថ្ងៃទី​២៣ ឧសភានេះ ការរាប់សន្លឹកឆ្នោត​ទាញចេញពីម៉ាស៊ីនបោះឆ្នោតដោយស្វ័យប្រវត្តិ បានបង្ហាញ​ថា គណបក្ស Bharatiya Janata Party (BJP) របស់លោក​ណារិន្ទ្រ ម៉ូឌី កំពុងតែនាំមុខ នៅតាមមណ្ឌល យ៉ាងហោចណាស់ ២៨២ ក្នុងចំណោម​មណ្ឌល​ទាំង៥៤២។

យោងតាមលទ្ធផលបឋម ដែលផ្សាយដោយគណកម្មការជាតិ រៀបចំការបោះឆ្នោតឥណ្ឌានេះ គឺមានន័យថា គណបក្សរបស់លោកណារិន្ទ្រ ម៉ូឌី កំពុងតែឈ្នះដាច់ បានចំនួនលើសពី​២៧២អាសនៈ ដែលជាសម្លេងភាគច្រើននៅក្នុងសភាជាតិឥណ្ឌា។

ដោយឡែក គណបក្សខុនគ្រែស ដែលជាគណបក្សប្រឆាំង ដឹកនាំដោយលោក រ៉ាហ៊ុល ហ្កង់ឌី បាននាំមុខនៅតាមមណ្ឌល ប្រមាណជាង​៥០មណ្ឌល។ តែយ៉ាង នៅពុំទាន់មានអាសនៈណាមួយ ត្រូវបានប្រកាស ប្រគល់ទៅឲ្យបក្សណាមួយ ជាផ្លូវការនៅឡើយទេ។

សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសសមាជិក “លោកសាផា” ដែលជាសភាជាតិ​ឥណ្ឌា មានរយៈពេល​ជាង១ខែ គិតចាប់ពីថ្ងៃទី​១១មេសាមក។ ប្រជាជនឥណ្ឌា គ្រប់ស្រទាប់វណ្ណៈ ប្រមាណជា​៦៧% ក្នុងចំណោម៩០០លាននាក់ បានចូលរួមបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត​ ជាង១លានទីតាំង។

លោកណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សង្ឃឹមយកឈ្នះការបោះឆ្នោតនេះ ដើម្បីបន្តកាន់តំណែងអាណត្តិទី២។ ចេញពីត្រកូលគ្រួសារក្រីក្រ នៅរដ្ឋគុចារ៉ាត់ លោកម៉ូឌី បានជ្រើសរើសចរន្តនយោបាយហិណ្ឌូជាតិនិយម ដែលលើកដំកើងតែប្រជាជនដែលកាន់សាសនាហិណ្ឌូ។ ការឃោសនាបែប​ពុះចែកសង្គមរបស់បក្សលោកម៉ូឌី បានធ្វើឲ្យ​មានការព្រួយបារម្ភខ្លាំង ទាក់ទិននឹងសង្រ្គាមសាសនា ក៏ដូចជាការរស់នៅមិនចុះសម្រុងគ្នា ក្នុងសង្គមឥណ្ឌា ជាពិសេស រវាងអ្នកកាន់សាសនាឥស្លាម និងអ្នកកាន់សាសនាហិណ្ឌូ។

ជីវប្រវត្តិ និងការតស៊ូរបស់​បុគ្គល​លោកម៉ូឌី ត្រូវបានបក្ស Bharatiya Janata Party យកមកឃោសនា ដើម្បីប្រមូលសម្លេងឆ្នោត។ ជាមួយនឹងជោគជ័យរបស់លោកណារិន្ទ្រ ម៉ូឌី នាពេលនេះ គេសម្លឹងឃើញថា វប្បធម៌ងប់ងល់ លើកដំកើង​បុគ្គលជាធំ ​ជាជាងការផ្តល់តម្លៃ ទៅលើកម្មវិធីនយោបាយជាក់ស្តែង កំពុង​តែ​សង្រ្គប់ ពី​​លើបរិយាកាសប្រជាធិបតេយ្យឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ