ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
អាស៊ី

អង្គការ​អន្តរជាតិ​១៨ ត្រូវ​បង្ខំ​ចិត្ត បិទទ្វារ​ចាកចេញ​ពី​ប៉ាគីស្ថាន

media  
លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ REUTERS/Athit Perawongmetha

អង្គការអន្តរជាតិចំនួន១៨ ដែលត្រូវបានរដ្ឋាភិបាលប៉ាគីស្ថាន បញ្ជាឲ្យបិទទ្វារឈប់ធ្វើសកម្មភាប បានចាកចេញពីប្រទេសនេះជាស្ថាពរ នៅថ្ងៃទី៣០វិច្ឆិកា។ តំណាងអង្គការ ខ្លះ បានសម្តែងការសោកស្តាយនិងខកចិត្តជាខ្លាំង ចំពោះការសម្រេចរបស់រដ្ឋាភិបាលប៉ាគីស្ថាន បើទោះបីជាប្រទេសដ៏ក្រីក្រមួយនេះ ត្រូវការនូវអង្គការសង្គមស៊ីវីល ក្នុងការជួយជម្រុញលើកកំពស់ជីវភាពប្រជាជន យ៉ាងណាក៏ដោយ។

កាលពីដើមខែតុលា រដ្ឋាភិបាលប៉ាគីស្ថាន បានចេញបញ្ជាឲ្យ​បិទអង្គការ សមាគមន៍អន្តរជាតិ ចំនួន១៨ ដែលធ្វើសកម្មភាពនៅប៉ាគីស្ថាន។ អង្គការទាំងនោះ មានរយៈពេល៦០ថ្ងៃ ដើម្បីរៀបចំបិទទ្វារ និង​ចាកចេញឲ្យផុតពីប៉ាគីស្ថាន។ ថ្ងៃទី៣០ វិច្ឆិកា គឺជាថ្ងៃឱសានុវាទចុងក្រោយ ដែលគេសង្កេតឃើញថាអង្គការ ទាំងនោះ បានចាកចេញពីប៉ាគីស្ថាន ទាំងសោកស្តាយជាទីបំផុត។

លោក Beng Yeoh តំណាងអង្គការ World vision ប្រចាំនៅប៉ាគីស្ថាន បានថ្លែងថា លោកបានលាបុគ្គលិកប៉ាគីស្ថានទាំង៣២នាក់ទាំងអាលោះអាល័យ។ លោកបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៣មក អង្គការលោកបានជួយប្រជាជនប៉ាគីស្ថាន បានមិនតិចជាង៨សែននាក់ទេ។

ដូចគ្នាដែរ លោក Adriano Campolina អគ្គនាយកអង្គការAction Aid បានសម្តែងការសោកស្តាយ ដែលអង្គការលោក ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថានបណ្តេញឲ្យឈប់ធ្វើសកម្មភាព។ ចាប់តាំងពីឆ្នាំ២០០៧មក អង្គការ Action Aid បានជួយជីវភាពប្រជាជនប៉ាគីស្ថាន មិនតិចជាង១លាន៤សែននាក់ទេ។ លោកបានបន្ថែមថា សកម្មភាពបិទអង្គការ និងសង្គមស៊ីវីលនៅប៉ាគីស្ថានរបៀបនេះ គឺជារឿងមួយគួរឲ្យព្រួយបារម្ភណាស់ ជាពិសេស ប្រជាជនប៉ាគីស្ថានបច្ចុប្បន្ន កំពុងត្រូវការជំនួយ និងការទំនុកបំរុង។ ដោយឡែក ក្រៅពីអង្គការ២នេះ ពុំមានអង្គការណាផ្សេង បានស្ម័គ្រចិត្តនិយាយប្រាប់ពីចំណាប់អារម្មណ៍ទេ គឺបានត្រឹមតែរៀបចំប្រមូឡសម្ភារៈចាកចេញដោយស្ងាត់ៗ។

គួរបញ្ជាក់ថា គោលនយោបាយ​រិតត្បិតសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល នៅប៉ាគីស្ថាននេះ គឺបានចាប់ផ្តើម តាំងតែពីឆ្នាំ២០១៥ កាលជំនាន់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Chaudhry Nisar។ លោករដ្ឋមន្ត្រីរូបនេះ បានចេញបញ្ជាឲ្យអង្គការក្រៅរដ្ឋភិបាល​ដែលបានទទួលជំនួយថវិកា ពីក្រៅប្រទេស ត្រូវតែចុះបញ្ជីសារជាថ្មីទាំងអស់ ដើម្បីធានាឲ្យបាននូវតម្លាភាព។

បើតាមការវិភាគ គោលនយោបាយ​នេះ ត្រូវបានដាក់ចុះ ដោយសារតែរដ្ឋាភិបាលប៉ាគីស្ថាន សង្ស័យលើអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា​បាននិងកំពុងធ្វើសកម្មភាព ស៊ើបការណ៍សំងាត់លើកងទ័ព និងរដ្ឋាភិបាលប៉ាគីស្ថាន។ អ្នកវិភាគខ្លះ លើកឡើងថា មិនមែនរដ្ឋាភិបាលប៉ាគីស្ថានទេ តែគឺកងទ័ពប៉ាគីស្ថាន ដែលជាអ្នកនៅពីក្រោយសកម្មភាព បិទអង្គការក្រៅរដ្ឋាភិបាល។ មន្ត្រីទូតម្នាក់ ធ្វើការនៅអ៊ីស្លាម៉ាបាត បានលើកឡើងថា ការបណ្តេញអង្គការក្រៅរដ្ឋាភិបាលចំនួន១៨ ទាំងដោយគ្មានប្រាប់ពីហេតុផល ឲ្យបានច្បាស់លាស់បែបនេះ គឺជារឿងមួយហួសហេតុណាស់។ ប៉ាគីស្ថាន ហាក់ដូចជាភ័យស្លន់ស្លោ ខ្លាចអង្គការក្រៅរដ្ឋភិបាលជ្រុលពេក សុខចិត្តធ្វើបាបប្រជាជនខ្លួនឯង ដែលត្រូវការជំនួយ របស់អង្គការមនុស្សធម៌ទាំងនោះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ