អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេសមួយ​ចំនួន​ផ្អាក​ប្រើ​យន្តហោះ​Boeing737max ​ក្រោយ​គ្រោះថ្នាក់​នៅ​អេត្យូពី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃអាទិត្យទៅ១០មីនា ហេតុការណ៍អកុសលមួយបានកើតឡើង នៅប្រទេស​អេត្យូពី ដោយយន្តហោះមួយគ្រឿង ប្រទេស Boeing737​max របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានធ្លាក់ក្រោយពេលហោះឡើងបានបន្តិច។ មនុស្ស​ សរុប​១៥៧​នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់នេះ។ កាលពីចុងខែតុលា ឆ្នាំ២០១៨ យន្តហោះប្រភេទនេះ បានធ្លាក់ម្តងរួចហើយ នៅប្រទេសឥណ្ឌូណេស៊ី ដោយបាននាំយកជីវិតមនុស្ស​១៨៩នាក់ ទៅជាមួយ។ នៅថ្ងៃចន្ទនេះ ​អាជ្ញាធរអាកាសចរណ៍ស៊ីវីលចិន បានចេញ​ប្រកាស ដោយបានសម្រេច ផ្អាកយន្តហោះប្រភេទ Boeing737​max នេះ មិន​ហោះហើរ​ទេ ដរាបណា មិនទាន់​មាន​ការ​បំភ្លឺ​ពីក្រុមហ៊ុនBoeing ទាក់ទិននឹងបញ្ហាសុវត្ថិភាព របស់យន្តហោះប្រភេទថ្មីនេះ។

សមត្ថកិច្ច​នគរបាល​អេត្យូពី  កំពុង​ពិនិត្យ​​បំណែក​យន្តហោះ​ជើង​ហោះហើរ​លេខ​​ET 302។ ថ្ងៃទី​១១ មីនា ២០១៩
សមត្ថកិច្ច​នគរបាល​អេត្យូពី កំពុង​ពិនិត្យ​​បំណែក​យន្តហោះ​ជើង​ហោះហើរ​លេខ​​ET 302។ ថ្ងៃទី​១១ មីនា ២០១៩ REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

ហោះឡើងបាន៦នាទី​ ធ្លាក់

ប្រអប់ខ្មៅទាំង២ របស់យន្តហោះ Boeing 737Max ត្រូវបានគេរកឃើញ នៅកន្លែងកើតហេតុ ចំងាយ​ប្រមាណ​៦០គីឡូម៉ែត្រ ខាងត្បូងទីក្រុង អាឌី បាបេបា។ ជើងហោះហើរ របស់​​ក្រុមហ៊ុន​អាកាសចរណ៍​​អេត្យូពី ដែលបានចេញដំណើរ ពីទីក្រុងអាឌី អាបេបា ប្រទេស​អេត្យូពី ឆ្ពោះទៅកាន់ទីក្រុងណៃរូប៊ីប្រទេសកេនយ៉ា បានធ្លាក់ ប្រមាណជា៦នាទី ប៉ុណ្ណោះ ក្រោយពេលហោះឡើងបានបន្តិច នៅវេលាម៉ោង៨និង៣៨នាទីព្រឹក។

យន្តហោះធ្លាក់បោកផ្ទប់នឹងដី បានបង្កជារណ្តៅខូង អូសចំងាយជាច្រើនសិបម៉ែត្រ។ កាលពីភ្លាមៗ ក្រោយដឹងដំណឹងថាធ្លាក់ អ្នកជំនាញអាកាសចរណ៍ស៊ីវីល របស់អេត្យូពី បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរយន្តហោះ បានព្យាយាមទាក់ទង ជាមួយអ្នកត្រួតពិនិត្យនៅព្រលានយន្តហោះចេញដំណើរ ដោយបានប្រាប់ថា ខ្លួនកំពុងមានបញ្ហាក្នុងការបញ្ជារយន្តហោះ ហើយសូមហោះត្រលប់ទៅចុះចតវិញ។ និយាយគ្នាបានតែប៉ុណ្ណេះ ក៏ស្រាប់តែ​បាត់​ដំណឹងសូន្យតែម្តង។

គេត្រូវយកប្រអប់ខ្មៅទាំង២ ទៅវិភាគទិន្នន័យសិន ដើម្បីស្វែងយល់លំអិត ថាតើបញ្ហាដែលអ្នកបើកយន្តហោះបានលើកឡើងនោះ ជាអ្វីឲ្យពិតប្រាកដ។ តើវាអាចជាបញ្ហាបច្ចេកទេសរបស់យន្តហោះ ឬមួយវាអាចជាការភ័ន្តច្រឡំណាមួយ របស់អ្នកបើកបរ ឬមួយក៏អាចមានហេតុផលផ្សេងទៀត គួបផ្សំគ្នា។ មួយវិញទៀត បើតាមសាក្សីម្នាក់ បានឲ្យដឹងថា គឺនៅកន្ទុយយន្តហោះ មានភ្លើងឆេះរួចទៅហើយ មុននឹងយន្តហោះបោកផ្ទុបនឹងដី។ បើមានផ្លើងឆេះពិតមែន វាអាចបង្ហាញពី​មូលហេតុផ្សេងទៀត ដែលឈានទៅដល់ការធ្លាក់ ស្លាប់មនុស្សទាំង១៥៧នាក់នេះ។

ផ្អាកយន្តហោះBoeing 737 Max មិនឲ្យហោះ

គួររំលឹកថា យន្តហោះប្រភេទ Boeing 737Max នេះ បានធ្លាក់ម្តងរួចហើយកាលពីខែតុលា ឆ្នាំ២០១៨ គឺយន្តហោះ​របស់ ក្រុមហ៊ុន​​អាកាសចរណ៍Lion Air នៅ​ប្រទេសឥណ្ឌូណេស៊ី។ ទោះមិនទាន់ដឹងមូលហេតុច្បាស់ តែដើម្បី​បង្ការក្រែងមានគ្រោះថ្នាក់ថ្មីទៀត អាជ្ញាធរអាកាលចរណ៍ស៊ីវីល ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ បានសម្រេចផ្អាកការហោះហើរ របស់យន្តហោះ Boeing 737Max។

ចិនដែលមានយន្តហោះប្រភេទ Boeing 737Max នេះចំនួន​៧៦គ្រឿង បានចេញបញ្ជានៅព្រឹកថ្ងៃចន្ទ ទី១១មីនា ថាត្រូវតែផ្អាកការហោះហើរយន្តហោះប្រភេទនេះសិន ដើម្បី​រង់​ចាំ​ការតាមដានស្រាវជ្រាវឲ្យ​ច្បាស់ អំពីកត្តាសុវត្ថិភាព​។ ដូចគ្នាដែរ អេត្យូពី និងឥណ្ឌូណេស៊ី ក៏ទើបតែបានសម្រេច ថាផ្អាក​ ដំណើរការហោះហើរយន្តហោះប្រភេទនេះដែរ។

យន្តហោះប្រភេទតែមួយ ធ្លាក់ក្នុងពេលដំណាក់កាលហោះឡើងដូចគ្នា

យន្តហោះប្រភេទ Boeing 737Max មួយគ្រឿង​ បានធ្លាក់ម្តងហើយ ក្នុងសមុទ្រ នៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី​២៩ តុលា ឆ្នាំ២០១៨ ដោយបានផ្តាច់ជីវិតមនុស្ស១៨៩នាក់។ អ្វីដែល​ធ្វើ​ឲ្​យគេព្រួយបារម្ភ គឺថា វាជាយន្តហោះប្រភេទថ្មី តែមួយ​ដូចគ្នា។ ហើយការធ្លាក់ទៀត​សោត គឺវាកើតឡើង ក្នុងដំណាក់កាលនៃការហោះឡើង ពោលគឺទើបតែហោះឡើង​បានបន្តិច មិនទាន់ទាំងតម្រង់ទិស​ស្រួលបួលផង ក៏ធ្លាក់។

កាលពីក្នុងករណី ធ្លាក់នៅឥណ្ឌូណេស៊ី របស់យន្តហោះLion Air ក៏អ្នកបើកយន្តហោះ បានទាក់ទងទៅក្រុមត្រួតពិនិត្យនៅព្រលាន ដោយសារតែជួបបញ្ហាលំបាក ក្នុងការបញ្ជា​យន្តហោះដែរ។ យោងតាមការស្តាប់ និងការវិភាគលើប្រអប់ខ្មៅ គឺអ្នកបើកបរ បានជួបបញ្ហា ស្តីពីល្បឿនរបស់យន្តហោះ។ បញ្ហានេះ គឺដោយសារតែម៉ាស៊ីនកុំព្យូទ័រ របស់យន្តហោះ ហាក់ជួបបញ្ហាអ្វីម្យ៉ាង ដែលធ្វើឲ្យមានការភ័ន្តច្រឡំ ក្នុងការគុណគូទិន្នន័យ​ហោះហើរ។

បញ្ហាបណ្តាលមកពី ឧបករណ៍ចាប់ល្បឿននិងមុំហោះហើរ AOA?

បើតាមការសន្និដ្ឋានបឋម របស់អាជ្ញាធរស៊ើបអង្កេត ក្នុងករណីធ្លាក់នៅឥណ្ឌូណេស៊ី គឺវាអាចមកពីឧបករណ៍ចាប់ល្បឿន និងមុំហោះហើរ (AOA, Angle of Attack Sensor) របស់យន្តហោះ ដែលមានបញ្ហា។ នៅលើយន្តហោះប្រភេទ Boeing 737Max គឺក្រុមហ៊ុន​Boeing បានដាក់ឲ្យប្រើ នូវឧបករណ៍ប្រភេទថ្មី ដែលជាប្រព័ន្ធការពារ ក្នុងករណីយន្តហោះ​​​ លែងមានកម្លាំងទប់ ហើយធ្លាក់ចុះមកដី។

បើតាមការសន្និដ្ឋាន ឧបករណ៍នេះអាចចាប់ទិន្នន័យខុស ហើយបញ្ជារ កុំព្យូទ័រយន្តហោះ ឲ្យហោះដាំក្បាលចុះ ក្នុងករណីដែលយន្តហោះកំពុងតែធ្លាក់ទៅហើយ។ តាមធម្មតា ក្នុងករណីយន្តហោះដាច់ល្បឿន ធ្លាក់បែបនេះ គឺកុំព្យូរទ័រយន្តហោះ​ត្រូវតែបញ្ជាក្បាលយន្តហោះ ឲ្យងើបហោះឡើង មិនមែនដាំក្បាលចុះទេ។ បញ្ហានេះ ត្រូវបានសហព័ន្ធអ្នក​បើក​យន្តហោះ​អាមេរិក ធ្វើការសន្និដ្ឋានថា វាអាចមកពីឧបករណ៍ចាប់ល្បឿន និង​មុំ​ហោះហើរ​ (AOA) របស់ Boeing 737Max។

Boeing 737​ Max មានគេកុម្មង់៥០១១គ្រឿង

យន្តហោះប្រភេទ Boeing 737Max នេះ​ ជាយន្តហោះប្រទេសថ្មី ហើយដែលក្រុមហ៊ុន​Boeing កំពុងផលិត យ៉ាងសស្រាក់សស្រាំ ដើម្បីប្រគល់ទៅតាមការកុម្ម៉ង់។ ជាមួយនឹងករណី​ធ្លាក់ ដល់ទៅ២ដងផ្ទួនៗគ្នា​ ​ក្នុងរវាងប្រមាណជាង៤ខែបែបនេះ ក្រុមហ៊ុនBoeing ប្រាកដ ជាកំពុងតែជួបបញ្ហា មិនស្ទើរទេ។ ក្រុមហ៊ុន ត្រូវតែដោះស្រាយ​បំភ្លឺ ដើម្បីកុំឲ្យអ្នកដំណើរ​ មានការព្រួយបារម្ភ។ ចាប់​ពីពេលនេះទៅ អ្នកដំណើរ​ ដែលត្រៀមខ្លួនឡើងជិះយន្តហោះ ប្រភេទBoeing 737Max នេះ ប្រាកដជាត្រូវភ័យបារម្ភហើយ ពីសុវត្ថិភាពខ្លួន ដរាប​ណា​ក្រុមហ៊ុនផលិតយន្តហោះ មិនផ្តល់ការពន្យល់ច្បាស់លាស់ ទាក់ទិននឹងករណីធ្លាក់ទាំង២ដងនេះ។

យន្តហោះ Boeing 737Max នេះជាប្រភេទយន្តហោះចម្ងាយមធ្យម ហើយចែកចេញជា៤ថ្នាក់ទៀត។ តែ​កាលពីខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន Boeing បានសម្រេចព្យួរការ​ហោះហើរ​សាកល្បងយន្តហោះនេះ ដោយសារតែមានបញ្ហា លើម៉ាស៊ីនយន្តហោះ ដែលផលិត​ដោយ​ក្រុមហ៊ុន CFM។ ក្រុមហ៊ុននេះ ជាការសហការគ្នា រវាងក្រុមហ៊ុន General Electric​ របស់អាមេរិក និងក្រុមហ៊ុន Safran របស់បារាំង។ ក្រោយមក នៅអំឡុងឆ្នាំ ២០១៨​ យន្តហោះ Boeing 737Max ត្រូវបានចាប់ផ្តើមដាក់ឲ្យដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍។

បើយោងតាមឯកសាររបស់Boeing កាលពីខែមករា យន្តហោះ Boeing 737Max មានគេកុម្មង់សរុប ចំនួន៥០១១គ្រឿង ដែលត្រូវផលិតឲ្យរួចរាល់អស់ ក្នុងរវាង៧ឆ្នាំ។ បច្ចុប្បន្ន Boeing បានផលិតរួចរាល់ និងប្រគល់ឲ្យអ្នកទិញ ប្រមាណជា៣៥០គ្រឿងហើយ។ យន្តហោះ​មួយ​តម្លៃ ចន្លោះពី ៩៩ ទៅ ១២៩លានដុល្លារ។

Boeing 737 ជាប្រភេទយន្តហោះ ដែលគេ​និយមប្រើបំផុត។ Boeing737 ប្រភេទចាស់ ត្រូវបាន​Boeing​​ផលិត​​លក់ បានដល់ទៅ​១ម៉ឺនគ្រឿង។ ការលក់ Boeing 737 គឺវាស្មើនឹង ៦៤%នៃចំណូលរបស់ក្រុមហ៊ុននេះ។ ដូច្នេះមិនមែនជារឿងលេងសើចទេ សម្រាប់ Boeing។ ភាគហ៊ុនរបស់ Boeing អាចនឹងធ្លាក់ថ្លៃ ព្រោះអ្នកវិនិយោគគេភ័យបារម្ភ​។ មួយវិញទៀត Boeing 737Max នេះមានគូប្រជែងដ៏ធំ គឺ Airbus 320 Neo របស់បារាំង ដែលកំពុងដណ្តើមទីផ្សារគ្នាសម្បើមណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ