ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT

ប្រធានាធិបតីកាហ្សាក់ស្ថាន លាលែង​ពី​តំណែង​ ក្រោយ​៣០ឆ្នាំ​នៃ​អំណាច

ប្រធានាធិបតីកាហ្សាក់ស្ថាន លាលែង​ពី​តំណែង​ ក្រោយ​៣០ឆ្នាំ​នៃ​អំណាច
 
លោក ណាហ្សាបៃយ៉េវ ស្មឹងស្មាតស្តាប់ភ្លេង​ជាតិ​ នៅ​ទីវា​ឯករាជ្យ ថ្ងៃ​ទី​៩ ​ឧសភា ​ឆ្នាំ​២០១៨។ REUTERS/Shamil Zhumatov

កាលពីថ្ងៃអង្គារទី ១៩មីនា លោកណាហ្សាបៃយ៉េវ ប្រធានាធិបតីប្រទេសកាហ្សាក់ស្ថាន បាន​បង្កការ​ភ្ញាក់ផ្អើលជាទូទៅមួយ ដោយបានប្រកាសតាមកញ្ចក់ទូរទស្សន៍ អំពីការលាលែងពីតំណែង យ៉ាងទាន់ហន់បំផុត គឺចាប់ពីថ្ងៃពុធទី២០មីនា​នេះតែម្តង។ ក្នុងវ័យ ៧៨ឆ្នាំ លោកណាហ្សាបៃយ៉េវ បានកាន់មុខតំណែងនេះ អស់រយៈពេល៣០ឆ្នាំហើយ ហើយបានដឹកនាំប្រទេសកាហ្សាក់ស្ថាន ឲ្យក្លាយជាមហាអំណាចប្រេងកាត​ មួយដ៏សំខាន់ ក្នុងតំបន់អាស៊ីកណ្តាល។ តើលោកណាហ្សាបៃយ៉េវ ពិតជាមានបំណងចូលនិវត្តន៍ ហើយ​លាឈប់ពីការធ្វើនយោ​បាយ ប្រាកដមែន ឬមួយក៏មានហេតុផលអ្វីផ្សេង នៅពីក្រោយការលាលែងពីតំណែងនេះ។

អ្នកកាសែតម្នាក់ ធ្វើការនៅវិទ្យុជាតិកាហ្សាក់ស្ថាន បានអះអាងថា សូម្បីតែវិទ្យុជាតិ ក៏គេពុំបានឲ្យដំណឹងមុនដែរ។កាលពីថ្ងៃអង្គារ ទី១៩មីនា នៅក្នុងវីដេអូ ដែលគេចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក នួរស៊ុលតង់ ណាហ្សាបៃយ៉េវ (Noursoultan Nazarbaïev) បានប្រកាសថាលោកនឹងលាឈប់​ពីតំណែងប្រធានាធិបតី ចាប់ពីថ្ងៃទី​២០មីនានេះទៅ។​ លោកក៏បានលើកឡើង ផងដែរ អំពើដំណើរវិវឌ្ឍន៍ ដ៏វិជ្ជមាន ក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងវីដេអូនេះ លោកណាហ្សាបៃយ៉េវ បាននិយាយថា ក្នុងពេលរង់ចាំការបោះឆ្នោតប្រធានាធិបតី​ថ្មី តំណែងប្រធានាធិបតី នឹងត្រូវដឹកនាំ ជាបណ្តោះអាសន្ន ដោយលោក Kassym Jomart Takaïev ដែលជា​ប្រធានព្រឹទ្ធសភា។

សូមរំលឹកថា លោក ណាហ្សាបៃយ៉េវ បានដឹកនាំប្រទេសកាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨៩ ក្នុងនាមលោក ជាអគ្គលេខាធិកា​ គណបក្សកុម្មុយនីស្ត កាហ្សាក់ស្ថាន។ កាលនោះ កាហ្សាក់ស្ថាន គឺជារដ្ឋចំណុះ របស់សហភាពសូវៀត។ ក្រោយពេលសហភាពសូវៀត​ដួល​រលំទៅ លោកណាហ្សាបៃយ៉េវ បានបន្តដឹកនាំប្រទេស ពីមួយអាណត្តិទៅមួយអាណត្តិ ដោយបានឈ្នះឆ្នោតរាល់តែលើក គ្មានគូរប្រជែងឡើយ។

មួយអាណត្តិ ទៅមួយអាណត្តិ អតីតមេដឹកនៃកុម្មុយនីស្តរូបនេះ បានពង្រឹងអំណាចក្នុងដៃយ៉ាងណែន។ ការផ្ទេរអំណាច ទៅឲ្យសភា ឬព្រឹទ្ធសភា គឺមានតិចបំផុត ពោលគឺប្រធានាធិបតី មានអំណាចប្រមូលផ្តុំសឹងតែទាំងស្រុងក្នុងដៃ។ ដូច្នេះហើយ បានជាការប្រកាសលាលែងចេញពីតំណែង យ៉ាងទាន់ហន់បែបនេះ គឺវាជារឿងមួយភ្ញាក់ផ្អើលខ្លាំងណាស់។

រក្សាតំណែងសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិ អស់មួយជីវិត

កាលពីខែកក្កដា ឆ្នាំ២០១៨ លោកណាហ្សាបៃយ៉េវ បានអ​នុម័តក្រឹត្យមួយ ដែលបានបើកផ្លូវ ឲ្យ​ប្រធានាធិបតី ក្លាយ​ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិ ​អស់មួយជីវិត។ ដូច្នេះ មានន័យថា លោក ណាហ្សាបៃយ៉េវ មិនទៅណាឆ្ងាយ ពីនយោបាយដឹកនាំប្រទេសទេ បើទោះបីជាលាលែងតំណែង ឈប់ធ្វើប្រធានាធិបតីក៏ដោយ។

ក្រុមប្រឹក្សាសន្តិសុខជាតិកាហ្សាក់ស្ថាន គឺជាអង្គភាពមួយដ៏មានឥទ្ធិពលបំផុត។ ក្នុងនាមជាសមាជិកអស់មួយជីវិត គឺលោកណាហ្សាបៃយ៉េវ នឹងប្រើឥទ្ធិពល នៅក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សានេះ ហើយដែលវានឹងជះឥទ្ធិពល ដោយផ្ទាល់ ទៅលើគោលនយោបាយដឹកនាំប្រទេស របស់អនាគតរដ្ឋាភិបាលថ្មី។

បន្ថែមពីនេះទៀត លោកណាហ្សាបៃយ៉េវ មានងារ ជា “បិតាជាតិ​”។ ងារនេះ នឹងផ្តល់អភ័យឯកសិទ្ធិពិសេស មិនមាននរណាអាចរំលោភបំពានបានទេ។ យ៉ាងណាមិញ នៅថ្ងៃពុធនេះ ប្រធានាធិបតីស្តី ដែលទើបចូលកាន់តំណែង ប្រកាសប្តូរឈ្មោះរដ្ឋធានី Astana ទៅជារដ្ឋធានីណាហ្សាបៃយ៉េវ ថែមទៀត​ផង។ ដូច្នេះ ទាំងឥទ្ធិពលនយោបាយ ទាំងអភ័យឯកសិទ្ធិ គឺលោកណាហ្សាបៃយ៉េវ នៅតែបន្តមាន។

ពង្រឹងអំណាចក្រុមគ្រួសារ និងបក្សពួក

លោក Moukthar Abliazov អ្នកជំនួញ និងជាអតតីសកម្មជនប្រឆាំង ចេញមុខជាងគេ នៅកាហ្សាក់ស្ថាន ហើយដែលបច្ចុប្បន្ន បានភៀសខ្លួនមកនៅប្រទេសបារាំង បានលើកឡើងថា តាមពិតទៅ យុទ្ធសាស្ត្រ របស់លោកប្រធានាធិតបីណាហ្សាបៃយ៉េវ គឺធ្វើយ៉ាងម៉េច ប្រមូលក្តោបក្តាប់អំណាច នៅក្នុងដៃក្រុមគ្រួសារ និងបក្សពួកគាត់ឲ្យរឹងមាំ មុននឹងផ្ទេរអំណាច បន្តទៅឲ្យមនុស្សក្នុងគ្រួសារគាត់។

យ៉ាងណាមិញ ដូចយើងឃើញហើយ នៅថ្ងៃទី២០មីនានេះ​ ក្រោយលាចេញពីតំណែងភ្លាម ប្រធានព្រឹទ្ធ​សភា ដែលជាមនុស្សស្និទនឹងលោកណាហ្សាបៃយ៉េវ ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។​ ចំណែកកៅអីប្រធានសភា ត្រូវបានប្រគល់ ទៅឲ្យលោកស្រី Dariga Nazarbaïeva ដែលជាកូនស្រី របស់លោកណាហ្សាបៃយ៉េវ ផ្ទាល់តែម្តង។ បើតាមការយល់ឃើញ របស់លោក Moukthar Abliazov គឺកូនស្រីរបស់លោក​ណាហ្សា​បៃយ៉េវ ប្រាកដជានឹងឈរ ឈ្មោះជាប្រធានធិបតី ក្នុងពេលបោះឆ្នោតអាណត្តិក្រោយ។

ត្រួសត្រាយផ្លូវ ដើម្បីធ្វើការផ្ទេរអំណាចដោយរលូន ទាន់នៅមានជីវិត

មានអ្នកវិភាគជាច្រើន បានលើកឡើងថា ការសម្រេចលាលែងពីតំណែងនេះ គឺជាផ្នែកមួយ នៃការផ្ទេរអំណាច តាមសម្រួល ដើម្បីរៀបចំត្រួសត្រាយផ្លូវ ចៀសវាងបញ្ហាអស្ថិរភាពណាមួយ ទៅថ្ងៃមុខ ក្នុងករណីដែលណាហ្សាបៃយ៉េវ ទទួលមរណៈភាព​។ កាហ្សាក់ស្ថាន បានឃើញបទពិសោធន៍ខ្លះ នៃប្រទេសជិតខាង គឺប្រទេស អ៊ូសបេកគីស្ថាន។ ប្រធានាធិបតីប្រទេសនេះ បានស្លាប់នៅឆ្នាំ២០១៦ ទាំងដោយមិនបានត្រៀមរៀបចំការផ្ទេរអំណាចបន្តទេ។​ បញ្ហានេះ គឺបានធ្វើឲ្យមានភាពរំជើបរំជួលនយោបាយ ហើយក្រុមគ្រួសាររបស់ប្រធានាធិបតីដែលស្លាប់ទៅនោះ ក៏ផុតដៃផុតជើង មិនមានអ្វីតោង ដោយសារតែមិនបានពង្រឹកអំណាច​ទុក​ជាមុន។

បញ្ហានេះ អាចត្រូវបានលោក ណាហ្សាបៃយ៉េវ ក៏ដូចជាក្រុមគ្រួសារគាត់ សម្លឹងឃើញ យកជាបទពិសោធន៍។ ក្នុងន័យហើយ ទើបលោកណាហ្សាបៃយ៉េវ ត្រូវលាលែងពីតំណែង​ជាមុន ដើម្បីបើកផ្លូវ ឲ្យមានការពុះកញ្ជ្រោលពីសំណាក់ មនុស្សដែលមានបំណង​ចង់​ស្នង​តំណែងនេះ ពីលោក។ បើ​ស្ថានការណ៍នយោបាយ ប្រទាញប្រទង់​ដណ្តើម​គ្នាយ៉ាងណា គឺលោកណាហ្សាបៃយ៉េវ នៅមានជីវិតនៅឡើយ ហើយថែមទាំងមាន​ឥទ្ធិពល ក្នុងក្រុមប្រឹក្សាសន្តិសុខជាតិទៀត។ ដូច្នេះ លោកណាហ្សាបៃយ៉េវ អាចក្តោបក្តាប់​ស្ថានការណ៍បាន។

យ៉ាងណាមិញ ដំណឹងលេចឡើងថា លោកណាហ្សាបៃយ៉េវ នឹងមិនឈរឈ្មោះបោះឆ្នោត​អាណត្តិក្រោយ គឺធ្លាប់ត្រូវបានប្រធានសភាកាហ្សាក់ស្ថាន និយាយធ្លោយមាត់ម្តង កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងបទសម្ភាសន៍ មួយជាមួយទូរទស្សន៍BBC។ ដូច្នេះ បញ្ហា​តែងតាំង​មនុស្សថ្មី មកជំនួសលោកណាហ្សាបៃយ៉េវ ក្នុងពេលដែលលោក​ណាហ្សាបៃយ៉េវ ខ្លួន​ឯងនៅមានជីវិត អាចជាយន្តការនយោបាយ ដែលបក្សពួកក៏ដូចជាក្រុម​គ្រួសារ​លោក​ណាហ្សាបៃយ៉េវ គិតទុក​រួចមកហើយ ដើម្បីធ្វើឲ្យការផ្ទេរអំណាចមានភាពរលូនតាមសម្រួល។

បើតាមការវិភាគ អាចមានមនុស្ស៣នាក់ ដែលអាចមកប្រជែង កៅអីប្រធានាធិបតីកាហ្សាក់ស្ថាន ក្នុងការបោះឆ្នោតក្នុងឆ្នាំ២០២០ខាងមុខ។ ទីមួយ គឺលោកAskar Mamine នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ម្នាក់ទៀត គឺលោក Kassym Jomart Takaïev អតីតប្រធានព្រឹទ្ធសភា។ លោកម្នាក់នេះ មានបទពិសោធន៍ ការបរទេស លើឆាកអន្តរជាតិច្រើន ដោយធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស ហើយធ្លាប់ការនៅអង្គការសហប្រជាជាតិ។ ថ្ងៃនេះ គាត់ទើបតែ ត្រូវបានលោក ណាហ្សាបៃយ៉េវ តែងតាំង ឲ្យធ្វើជាប្រធានាធិបតីស្តីទី។​ តែយ៉ាងណា គាត់អាចត្រូវបាន​ គេលើកមកបន្តុបមួយភ្លែត ដើម្បីលួងចិត្ត រី​ឯតួឯកពិតប្រាកដ គឺអាចជាកូនស្រី របស់លោកណាហ្សាបៃយ៉េវ ឯណោះ ទៅវិញទេ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ