អានតួអត្ថបទ

ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​គណបក្ស​នយោបាយ​អូស្ត្រាលី ត្រូវ​ចោរ​ព័ត៌មានវិទ្យា​បន្លំ​ចូល

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ប្រាប់ទៅសភាអូស្ត្រាលី នៅថ្ងៃចន្ទទី១៨កុម្ភៈនេះថា គណបក្សនយោបាយអូស្ត្រាលីទាំងអស់ សុទ្ធតែបានក្លាយជាជនរងគ្រោះ នៃការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា។ លោកនាយករដ្ឋមន្ត្រីអះអាងថា មន្ត្រីជំនាញកំពុងតែស៊ើបអង្កេត តែអ្វីដែលច្បាស់ គឺជាក្រុមចោរព័ត៌មានវិទ្យានោះ គឺជាក្រុមដ៏ខ្លាំង ហើយអាចជាក្រុម ដែលស្ថិតក្រោមបញ្ជារបស់អាជ្ញារប្រទេសណាមួយ។

អាគារសភាជាតិអូស្ត្រាលី នៅរដ្ឋធានីកង់បេរ៉ា
អាគារសភាជាតិអូស្ត្រាលី នៅរដ្ឋធានីកង់បេរ៉ា REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខសមាជិកសភាអូស្ត្រាលី លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងថា ក្រុមស៊ើបអង្កេតសន្តិសុខព័ត៌មានវិទ្យា ទើបតែបានស្រាវជ្រាវដឹងថា ប្រព័ន្ធព័ត៌មានវិទ្យា របស់គណបក្សនយោបាយធំៗ ដូចជាគណបក្សសេរីនិយម គណបក្សពលករ និងគណបក្សជាតិ សុទ្ធតែបានរងនូវការចូលបន្លំ សំងំបូមយកទិន្ន័យ ពីសំណាក់ចោរព័ត៌មានវិទ្យា។

គួររំលឹកថា កាលពីថ្ងៃទី៨កុម្ភៈ រដ្ឋាភិបាលអូស្ត្រាលី បានអះអាងថា ប្រព័ន្ធព័ត៌មានវិទ្យារបស់សភាជាតិអូស្ត្រាលី ត្រូវបាន​ក្រុមចោរព័ត៌មានវិទ្យាវាយប្រហារ។ ការនេះ បានតម្រូវឲ្យសមាជិកសភា សមាជិករដ្ឋាភិបាល ព្រមទាំងនាយករដ្ឋមន្ត្រីផងនោះ ត្រូវធ្វើការប្តូរលេខសំងាត់ និងបង្កើនការប្រុងប្រយត្ន័។ តែអ្វីដែលដែលអ្នកជំនាញអូស្ត្រាលី មិនបាននឹកស្មានដល់ គឺថា សូម្បីតែគណបក្សនយោបាយធំៗ របស់អូស្ត្រាលី ក៏គឺជាជនរងគ្រោះនៃអំពើនេះដែរ។ តែយ៉ាងណា Australian Signals Directorate (ASD) បានលើកឡើង​ថា មកត្រឹមពេលនេះ គេនៅមិនទាន់សន្មត់បានទេ ថាចោរព័ត៌មានវិទ្យានោះ មានប្រភពនៅទីណា ព្រោះវាមានលក្ខណៈស្មុគស្មាញណាស់។

ដោយឡែក បណ្តាញព័ត៌មានអូស្ត្រាលីបានចុះផ្សាយថា តាមការសង្ស័យ គឺចិន ឬរុស្ស៊ី អាចជាអ្នកនៅពីក្រោយសកម្មភាពវាយប្រហារនេះ។ តែយ៉ាងណា លោក Fergus Hanson អ្នកជំនាញផ្នែក Cyber Attack នៅវិទ្យាស្ថាននយោបាយយុទ្ធសាស្ត្រ យល់ថា ចិនអាចជាមុខសញ្ញា។

ជាការពិត មួយរយៈចុងក្រោយនេះចិន និងអូស្ត្រាលី មានភាពរកាំរកូសគ្នាច្រើន ជាក់ស្តែងបញ្ហាគ្រប់គ្រងធនធានធម្មជាតិ ​និងការដណ្តើមអធិបតេយ្យភាពដែនសមុទ្រគ្នាជាដើម។ ក្រៅពីនេះ នៅមានបញ្ហាចំរូងចំរាស់ ទាក់ទិននឹងក្រុមហ៊ុនHuawei ដែលអូស្ត្រាលីបានសម្រេច បណ្តេញចេញ មិនឲ្យ​ចូលទៅរកស៊ីនៅក្នុងប្រទេសខ្លួន ដោយ​ចោទ​ថា ក្រុមនេះមានចេតនាលួចប្រមូលទិន្នន័យបំរើដល់នយោបាយវាទទីរបស់ចិន។ បន្ថែមពីនេះទៀត អូស្ត្រាលី បានបណ្តេញមហាសេដ្ឋីអ្នកជំនួញជនជាតិចិនម្នាក់ ឈ្មោះ Huong Xiangmo បន្ទាប់ពីបានរកឃើញថាអ្នកជំនួញ​រូបនេះ បានយកប្រាក់រាប់លានដុល្លារ ទៅសូកគណបក្ស​នយោបាយអូស្ត្រាលី។

គួរកត់សំគាល់ដែរថា នៅខែឧសភាខាងមុខ អូស្ត្រាលីនឹងមានការបោះឆ្នោតសភា។ ករណីចោរព័ត៌មានវិទ្យា បន្លំចូលទៅក្នុងប្រព័ន្ធរបស់គណបក្សនយោបាយបាយនេះ បានធ្វើឲ្យគេព្រួយបារម្ភខ្លាំង​ ទាក់ទិននឹងការលូកដៃកកូរកកាយ ពីសំណាក់ប្រទេសផ្សេងណាមួយ ដើម្បីជ្រោមជ្រែងជួយបក្សនយោបាយណាមួយ ដែលអាចនាំប្រយោជន៍ដល់ប្រទេសនោះ ទៅថ្ងៃក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ