ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អាស៊ី

ប្រមុខរដ្ឋាភិបាល​តៃវ៉ាន់ លើកឡើង​ថា​មាន​បរទេស កំពុង​គំរាម​របប​ប្រជាធិបតេយ្យ​តៃវ៉ាន់

media  
លោកស្រីTsai Ing-wen ក្នុងពេល​សម្ភោធប្រើប្រាស់ នាវាចម្បាំង 'Ming Chuan' បំពាក់​ដោយមីស៊ីល ទិញពី​អាមេរិក។ ថ្ងៃទី ៨ វិច្ឆិកា ២០១៨ AFP

លោកស្រី សៃ អ៊ីងវ៉េន ប្រមុខរដ្ឋាភិបាលកោះតៃវ៉ាន់ បានធ្វើដំណើរ ទៅធ្វើទស្សនកិច្ចនៅតាម​ប្រទេសដែនកោះ​ ក្នុង​សមុទ្រការ៉ាអ៊ីប នៅថ្ងៃព្រហស្បតិ៍ ទី​១១កក្កដានេះ ដោយបានធ្វើដំណើរឆ្លងកាត់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ដំណើរឆ្លងកាត់នៅសហរដ្ឋអាមេរិក របស់លោកស្រីប្រមុខរដ្ឋាភិបាលតៃវ៉ាន់​នេះ ត្រូវបាន​រដ្ឋាភិបាលចិន ក្តៅក្រហាយ ហើយទាមទារ កុំឲ្យអាជ្ញាធរអាមេរិកទទួល​លោកស្រី​។ មិនត្រឹមតែប៉ុណ្ណោះ មុននឹងចាកចេញពីតៃវ៉ាន់ លោកស្រី​ សៃ អ៊ីងវ៉េន បាននិយាយថា បច្ចុប្បន្ននេះ មានកម្លាំងបរទេសខ្លះ​ កំពុងតែគំរាមកំហែង របបប្រជាធិបតេយ្យ​របស់​កោះតៃវ៉ាន់។

លោកស្រីសៃ អ៊ីងវ៉េន ប្រមុខរដ្ឋាភិបាលកោះតៃវ៉ាន់ កំពុង​ធ្វើដំណើរទៅកាន់ប្រទេស​ដែនកោះ ចំនួន​៤ នៅក្នុងតំបន់សមុទ្រ ការ៉ាអ៊ីប ដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់។ តែមុន​នឹង​ទៅដល់ លោកស្រី ប្រមុខរដ្ឋាភិបាល​តៃវ៉ាន់ ត្រូវចុះស្នាក់នៅ​ក្រុងញូយ៉ក ចំនួន​២យប់ ហើយពេលត្រលប់មកវិញ នឹងស្នាក់នៅក្រុងឌែនវឺ ចំនួន​២យប់ដែរ។

ការចុះស្នាក់នៅ​ សរុបដល់ទៅ​៤យប់ នៅលើដីអាមេរិកនេះ គឺជាចំនួន​ច្រើនប្លែក ហើយដែលធ្វើរដ្ឋាភិបាលចិន នៅមិនសុខ កើតក្តីតវ៉ា។ ក្រសួងការបរទេសចិន លើកឡើងថា​ ក្នុងនាមអាមេរិក ដែលទទួលស្គាល់ចិនតែមួយ ហើយក្នុងនាមតៃវ៉ាន់ ជាខេត្តមួយរបស់ចិន គឺអាមេរិក មិនត្រូវអនុញ្ញាតឲ្យលោកស្រី​ សៃ អ៊ីងវ៉េន ឆ្លងកាត់អាមេរិក ដើម្បីទៅធ្វើទស្សនកិច្ចនៅតំបន់ការ៉ាអ៊ីបទេ។

ដោយឡែក មុននឹងឡើងយន្តហោះ ចេញពីក្រុងតៃប៉ិ លោកស្រី សៃ អ៊ីងវ៉េន បាន​និយាយថា៖ លិទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ត្រូវបានកសាងឡើង ដោយលំបាកណាស់ ទំរាំបានរឹងមាំរហូតសព្វថ្ងៃនេះ។ តែបច្ចុប្បន្ននេះ ​តៃវ៉ាន់កំពុងរងនូវការគំរាមកំហែង និងការចូលជ្រៀតជ្រែកបំផ្លាញ​ ពីសំណាក់កម្លាំងបរទេស​ខ្លះ។ លោកស្រីបន្ថែមថា ៖ បញ្ហាទាំងអស់នេះ គឺរបបប្រជាធិបតេយ្យទាំងអស់នៅលើលោក កំពុងតែជួបប្រទះ។ តៃវ៉ាន់ សន្យាសហការជាមួយប្រទេសទាំងអស់ ដើម្បីចែករំលែកគំនិត និងដើម្បីជួយគ្នាការពារ​ស្ថិរភាព​នៃលទ្ធិប្រជាធិបតេយ្យ។

គួរកត់សំគាល់ថា សម្តីរបស់លោកស្រីប្រមុខរដ្ឋាភិបាលតៃវ៉ាន់នេះ គឺបានសំដៅយ៉ាងច្បាស់ថា កម្លាំងបរទេសដែលកំពុងគំរាមរបបប្រជាធិបតេយ្យតៃវ៉ាននោះ គឺចិនដីគោក។ ការលើកឡើងរបស់លោកស្រីបែបនេះ គឺវាជួនចំពេលដែល ក្រសួងការបរទេសអាមេរិក ទើបតែបើកភ្លើងខៀវ យល់ព្រមលក់គ្រឿងសព្វាវុធ​ទៅឲ្យតៃវ៉ាន់ ក្នុងទឹកប្រាក់​២២០០​លាន​ដុល្លារ។ បើទោះជាតៃវ៉ាន់មិននិយាយឲ្យចំ តែការទិញអាវុធពីអាមេរិកនេះ គឺពិតជាដើម្បី​ការពារខ្លួន​ ក្នុងករណីដែលចិនចង់លើកទ័ព​ទៅ​តៃវ៉ាន់។ លោកស្រី​ប្រមុខរដ្ឋាភិបាលតៃវ៉ាន់ ក៏ធ្លាប់បានអំពាវនាវផងដែរ ឲ្យសហគមអន្តរជាតិ ជួយការពាររបបប្រជាធិបតេយ្យតៃវ៉ាន់ ពីការប៉ុនប៉ងសង្រ្គប់របស់ចិនប៉េកាំង៕

(ប្រទេសដែលមានទំនាក់ទំនងការទូតជាផ្លូវការ ជាមួយតៃវ៉ាន់  មាន១៧ ប្រទេស​ ដែលភាគច្រើនជាប្រទេសកូនកោះ នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប)

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ