ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT
អាស៊ី

ផែនដី​ឡើងកំដៅ ជំរុញ​ឲ្យ​មាន​ទឹកជំនន់​កាន់តែ​ខ្លាំង ​អ្នករង​គ្រោះ​ក៏​កាន់តែ​កើន

media  
ទឹក​ជំនន់នៅ Lanao Del Norte ប្រទេស​ហ្វីលីពីន ។ ថ្ងៃទី ២២ ធ្នូ២០១៧ Climah Cabugatan Disumala/via REUTERS

យោងតាមការសន្និដ្ឋាន របស់​ក្រុម​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Potsdam  បាន​ឲ្យ​ដឹងថា​ ក្នុង​កំឡុង​​ពេល​២០ឆ្នាំ​ទៅមុខ​ទៀត​នេះ  គ្រោះ​មហន្តរាយ​ទឹក​ជំនន់  នឹង​កើនឡើង​កាន់តែ​ច្រើន និង​កាន់តែ​ធ្ងន់ធ្ងរ។ មនុស្ស​រាប់រយ​លាន​នាក់ នៅ​ទូទាំង​ពិភពលោក​  ដែល​រស់នៅ​តាម​ទីទំនាប ​នឹង​ប្រឈមមុខ​កាន់តែ​ខ្លាំង។ ការកើន​ឡើង​នៃ​ព្យុះ​ទឹកភ្លៀង​នេះ​ គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​ សីតុណ្ហភាព​ជុំវិញ​ភព​ផែនដី​យើង។

ងាយយល់ទេ កាលផែនដីឡើងកំដៅខ្លាំង ចំហាយទឹកសមុទ្រនឹងកាន់តែមានច្រើន​ បង្កជាដុំពពកក្រាស់ វិលវល់បង្កើតឲ្យមានព្យុះ និងភ្លៀងកាន់តែច្រើនទៅ។ គឺកំរិតទឹកភ្លៀងធ្លាក់យ៉ាងគំហុក ក្នុងពេលដ៏ខ្លីនេះហើយ  ដែលនឹងបង្ក ជាគ្រោះទឹកជំនន់ បាក់ដី បាក់ទំនប់ជាដើម ។ល។ វិទ្យាស្ថានស្រាវជ្រាវ Potsdam (Potsdam Institute for Climate Impact Research) បានសន្និដ្ឋានថា ស្ថានភាពនេះ នឹងគំរាមកំហែងជីវិតមនុស្សរាប់រាយលាននាក់ នៅទូទាំងពិភពលោក។

នៅអាស៊ី ដែលបច្ចុប្បន្នមានប្រជាជនប្រមាណ៧០លាននាក់ ដែលប្រឈមមុខខ្លាំងនឹងគ្រោះទឹកជំនន់នេះ នឹងត្រូវកើនឡើង រហូតដល់ ១៥៦លាននាក់។ ប្រទេសដែលប្រឈមមុខ និងអាចមានអ្នករងគ្រោះច្រើនជាងគេ គឺចិន ឥណ្ឌា និងឥណ្ឌូណេស៊ី ពោលគឺសុទ្ធតែជាប្រទេសសំបូរប្រជាជនជាងគេ នៅអាស៊ី។

នៅទ្វីបអាមេរិកភាគខាងត្បូង ចំនួនអ្នករងគ្រោះ នឹងកើនឡើង មួយគុណជា២ ពោលគឺស្មើនឹង ១២លាននាក់។ ចំណែកនៅអាហ្វ្រិកវិញ  ប្រជាជនដែលនឹងរងគ្រោះដោយសារទឹកជំនន់ និងកើនឡើងពី២៥លាន ទៅ៣៤លាននាក់ ក្នុងរយៈពេល២០ឆ្នាំទៅមុខទៀត។

មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍នេះ បានបញ្ជាក់ថា ចំនួនជនរងគ្រោះ ដែលគេប៉ាន់ប្រមាណនេះ អាចនឹងទាបជាងពីការពិតជាក់ស្តែងផង  ព្រោះក្នុងការសន្និដ្ឋាន គេមិនបានគិតគូរទៅដល់ ការកើនឡើងនូវចំនួនប្រជាជនពីនេះដល់២០ឆ្នាំទៀតទេ ហើយក៏មិនបានគិតទៅដល់ ពីការកើនឡើងនូវចំនួនប្រជាជនដែលរស់នៅតាមតំបន់ងាយរងគ្រោះទឹកលិចដែរ។

សម្រាប់ទ្វីបអឺរ៉ុប និងទ្វីបអាមេរិកភាគខាងជើងវិញ ថ្វីបើមិនប្រឈមមុខខ្លាំង នឹងបញ្ហានេះ តែក៏ត្រូវតែចាប់ផ្តើមពិចារណា  ចំនាយប្រាក់ ដើម្បីវិនិយោគ កែលំអ ប្រព័ន្ធធារាសាស្ត្រ ឬទំនប់ជាដើម។ តួយ៉ាង សហរដ្ឋអាមេរិក ត្រូវតែធ្វើការកែលំអ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទឹក និងប្រពន្ធស្តុកទឹក យ៉ាងហោចណាស់ ពាក់កណ្តាលដែរ ក្នុងរយៈពេល២០ឆ្នាំទៀតនេះ  ដើម្បីត្រៀមខ្លួន ជាមួយជំនន់ទឹកភ្លៀង។

គួរកត់សម្គាល់ថា ថ្វីបើគ្រោះមហន្តរាយទឹកជំនន់  មិនសូវត្រូវមតិទូទៅយល់ថាសាហាវខ្លាំង ដូចគ្រោះខ្យល់ព្យុះក៏ដោយ តែធាតុពិត គ្រោះទឹកជំនន់ បានបង្កផលវិបាក និងធ្វើឲ្យមនុស្សរងគ្រោះធ្ងន់ធ្ងរណាស់។ កាលពីឆ្នាំ២០១៧ ទឹកជំនន់នៅប្រទេសប៉េរូ បានផ្តាច់ជីវិតមនុស្ស៦៧នាក់។ នៅអាស៊ីអាគ្នេយ៍យើងវិញ ឆ្នាំ២០១៧ ជាឆ្នាំ ដែលធ្ងន់ធ្ងរបំផុត។ ទឹកជំនន់ បណ្តាលមកពីខ្យល់មូសុង បានសម្លាប់ជីវិតមនុស្ស ប្រមាណ១៤០០នាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ