អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភូមា៖ ប្រជាជន​​រ៉ូហ៊ីងយ៉ា​ ​ពី​សេចក្តី​ទុក្ខ​វេទនា ​ប្រែក្លាយ​ជា​ការ​តស៊ូ ​ដោយ​អំពើ​ហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាគ​ខាង​លិច​ភូមា ​ក្នុង​រដ្ឋរ៉ាឃីន ​កំពុង​តែ​ជ្រួលច្របល់ ​ដោយ​អំពើ​ហិង្សា​ជា​ប្រចាំថ្ងៃ ​បន្ទាប់​ពី​​ផ្ទុះអំពើ​ហិង្សា ​រវាង​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​និង​​កងកម្លាំង​​ភូមា។ ប្រជាជន​រ៉ូហ៊ីងយ៉ា ​ទាំងភូមិ​ៗ​ បាន​រត់​ទៅ​សុំ​ជ្រក​នៅ​តាម​ព្រំដែន​បង់ក្លាដែស ​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើបាប ​ពី​សំណាក់ ​នគរបាល​និង​ទាហាន​ភូមា។ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​គេ​សង្កេត​ឃើញ​ថា ​ប្រជាជន​​រ៉ូហ៊ីងយ៉ា ​បាន​ប្រមូល​កំហឹង ​និង​ការ​ឈឺចាប់​របស់​ខ្លួន ​ ប្រែ​ក្លាយ​ទៅ​ជា​ការ​ប្រើប្រាស់​អំពើ​ហិង្សា ​ ប្រើ​អាវុធ​ដើម្បី​សងសឹក ​ទៅ​លើ​អាជ្ញាធរ​ភូមា។​ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ ងឿង​ឆ្ងល់​បំផុត​នោះ ​គឺ​ គេ​ពុំយល់​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ភូមា ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ​ទាល់តែ​សោះ!

Rohingya people walk towards the makeshift shelter near the Bangladesh-Myanmar border, after being restricted by the members of Border Guards Bangladesh (BGB), to further enter the Bangladesh side, in Cox’s Bazar, Bangladesh August 28, 2017
Rohingya people walk towards the makeshift shelter near the Bangladesh-Myanmar border, after being restricted by the members of Border Guards Bangladesh (BGB), to further enter the Bangladesh side, in Cox’s Bazar, Bangladesh August 28, 2017 REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

ពេលខ្លះ​ គេ​សឹង​តែ​ចោទ​សួរ​ថា ​តើ​ក្នុង​ក្រសែរ​ភ្នែក​រដ្ឋាភិបាល​ភូមា ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​គឺ​ជា​មនុស្ស​រឺ​ក៏​ជា​សត្វ? ​សេចក្តី​ទុក្ខ​លំបាក ​ ការ​កៀប​សង្កត់​ផ្លូវចិត្ត ​សន្តិសុខ ​និង​សេដ្ឋកិច្ច ​ដែល​ប្រជាជន​រ៉ូហ៊ីងយ៉ា​ បាន​រង​ទទួល ​ ក្នុង​គ្រា​កន្លង​មក​នេះ ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ​បាន​ឃើញ ​ពី​មុខ​មាត់​ពិត​ របស់​ក្រុម​យោធា​ភូមា ​និង​រដ្ឋាភិបាល​ថ្មី​ ដែល​ដឹកនាំ​ដោយ​លោកស្រី ​អ៊ុងសាន ស៊ូជី។ ឯណា​ទៅ ​សេចក្តី​សណ្តោស ​មេត្តា ​ករុណា ​ចំពោះ​ជីវិត​មនុស្ស​សត្វ ​តាម​ធម៌​ព្រះពុទ្ធ​សាសនា ​ដែល​ប្រជាជន​ភូមា ​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នោះ?

គេនៅ​ចាំ​មិន​ភ្លេច​ទេ ​រូបភាព​ប្រជាជន​រ៉ូហ៊ីងយ៉ា​រាប់​ពាន់ ​រាប់​ម៉ឺន​នាក់​ ដែល​បញ្ជ្រៀត​គ្នា​ ជិះទូត​រសាត់​អណ្តែត​ក្នុង​សមុទ្រ ​ដើម្បី​រត់​គេច​ពី​ការ​ធ្វើ​បាប​នៅ​ភូមា។ កើត​មក​ជា​កូន​អ្នក​ភូមិ​រ៉ូហ៊ីងយ៉ា ​គោរព​សាសនា​អ៊ីស្លាម ​គឺ​ប្រៀបបាន​នឹង​ការ​នាំមក​ជាមួយ ​នូវ​ការ​ជិះជាន់ ​និង​ពុំមាន​សិទ្ធិ​សេរីភាព​អ្វី​ទាំង​អស់។ ប្រជាជន​រ៉ូហ៊ីងយ៉ា ​នៅ​ភូមា​ ដែល​មាន​ចំនួន​ប្រមាណ​ជា​១លាន​នាក់ ​ហើយ​ភាគ​ច្រើន​រស់​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន រឺហៅម្យ៉ាងទៀតថា រដ្ឋអារ៉ាខាន់​នោះ ​ មិន​ត្រូវ​បាន​អាជ្ញាធរ​ភូមា ​ប្រគល់​អត្តសញ្ញាណបណ្ណ ​ ទទួល​ស្គាល់​ថា​ជា​ប្រជាជន​ពេញ​សិទ្ធិ​ឡើយ។

“មនុស្សប្រុស​ទាំងក្មេង​ទាំងចាស់ ​ស្ម័គ្រចិត្ត​តស៊ូ​សងសឹក​ បើទោះ​បី​មាន​តែ​ដំបង ​និង​កាំបិត”

ស្តីរ៉ូហ៊ីងយ៉ា នៅ​តាម​ព្រៃ​ក្បែរ​ជំរំ ​Cox's Bazar ​ក្នុង​ដី​​បង់ក្លាដែស។ ថ្ងៃទី​ ២៨​ សីហា​ ២០១៧
ស្តីរ៉ូហ៊ីងយ៉ា នៅ​តាម​ព្រៃ​ក្បែរ​ជំរំ ​Cox's Bazar ​ក្នុង​ដី​​បង់ក្លាដែស។ ថ្ងៃទី​ ២៨​ សីហា​ ២០១៧ REUTERS/Mohammad Ponir Hossain

យ៉ាង​ហោច​ណាស់ ​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ប្រមាណ​ជា​៤សែន​នាក់ ​ដែល​កំពុង​សំងំ​ជ្រក​នៅ​ក្នុង​ជំរំ​ Cox’s ​Bazar ​ក្នុង​ទឹកដី​បង់ក្លាដែស។ ជាមួយ​នឹង​អំពើ​ហិង្សា​ចលាចល ​ការ​ដុត​​បំផ្លាញ​ភូមិ​ស្រុក ​ដែល​បាន​​បន្ត​ ៣ថ្ងៃចុងក្រោយនេះ មានប្រជាជន​រ៉ូហ៊ីងយ៉ាប្រហែល៣ពាន់នាក់ ​ បាន​​រត់​ឆ្លង​ទៅ​បង់ក្លាដែស។ ក៏​ប៉ុន្តែ​ ប្រឈម​មុខ​នឹង​ចំនួន​ជន​ភៀសខ្លួន ​ដែល​កាន់​តែ​ច្រើន​ទៅៗ ​លើស​ពី​សមត្ថភាព​ខ្លួន​ ដែល​ក្រីក្រ​ស្រាប់​ទៅ​ហើយ​នោះ ​ រដ្ឋាភិបាល​បង់ក្លាដែស ​បាន​សម្រេចចិត្ត​ទប់​ស្កាត់ ​មិន​ទទួល​យក​ប្រជាជន​រ៉ូហ៊ីងយ៉ា ​បន្ថែម​ទៀត​ទេ។

អ្វីដែល​អាជ្ញាធរ​បង់ក្លាដែស​ បាន​កត់​សំគាល់​នោះ ​គឺ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ដែល​មក​សុំ​ជ្រក​កោន​ក្នុង​ជំរំ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​សុទ្ធសឹង​តែ​ជា​មនុស្ស​ស្រី ​និង​កុមារ​តូចៗ។ ស្រ្តី​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​ សុទ្ធ​តែ​បាន​អះអាង​ប្រាប់ ​អ្នក​យក​ព័ត៌មាន​បារាំង​ថា​ ប្តី​ពួក​គេ​បាន​ជូន​ពួក​គេ​មក​ដល់​មាត់​ស្ទឹង ​តាម​បណ្តោយ​ព្រំដែន​បង់ក្លាដែស ​ហើយ​ក៏​លា​គ្នា​ត្រឹម​នោះ។ ប្តីៗ​របស់​ពួកគេ ​បាន​សុខចិត្ត​ត្រលប់​ទៅ​ភូមិ​វិញ​ ​ដើម្បី​ធ្វើ​ការ​តស៊ូ ​ប្រយុទ្ធ​សងសឹង ​នឹង​កង​កម្លាំង​ភូមា ​បើ​ទោះ​បី​ជា​មាន​តែ​ដំបង ​និង​កាំបិត​ក៏​ដោយ។

​​រាប់​សិប​ឆ្នាំ​មក​ហើយ​ ដែល​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ត្រូវ​បាន​អាជ្ញាធរ​ភូមា ​រើសអើស​ និង​ធ្វើ​ទុក្ខ​បុកម្នេញ ។ តែ​កន្លង​មក​ ជនជាតិ​រ៉ូហ៊ីងយ៉ា ​បាន​ជ្រើសរើស​ការ​តស៊ូ ​ដោយ​សន្តិវិធី​ មិន​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​ឡើយ។ ក៏​ប៉ុន្តែ​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា ​ក្រុម​មនុស្ស​ប្រុស​រ៉ូហ៊ីងយ៉ា ​បាន​ចង​គ្នា​ជា​ក្រុម ​ បង្កើត​ជា​ក្រុម​បះបោរ ​ហើយ​បាន​ចេញ​ធ្វើ​សកម្មភាព​ហិង្សា ​វាយ​សម្លាប់ ​រឺ​ដុត​ប៉ុស្តិ៍​​នគរបាល​ភូមា ​ជា​ច្រើន​កន្លែង។ ក្រុម​ឧទ្ទាម​មួយ​ឈ្មោះ ​កងទ័ព​រំដោះ​រ៉ូហ៊ីងយ៉ា​រដ្ឋ​អារ៉ាខាន់ ​ (ASRA) ​ត្រូវបាន​លេច​ធ្លោរ​ឡើង ​នៅរវាង​ចុង​ឆ្នាំ​២០១៦។ គឺក្រុម​នេះ​ហើយ ​ ដែល​បាន​អំពាវនាវ ​ប្រមែរប្រមូល​មនុស្ស​ប្រុស​រ៉ូហ៊ីងយ៉ា ​ឲ្យ​ស្ម័គ្រ​ចិត្ត​ចូល​ប្រយុទ្ធ​សងសឹក​និង​កង​កម្លាំង​ភូមា។

ក្តីអស់សង្ឃឹម ​លាយឡំ​នឹង​កំហឹង​ ក្លាយជា​ការ​សងសឹក​ដោយ​ហិង្សា

បន្តិច​ម្តងៗ ​ការ​តស៊ូ​រើ​បំរាស់ ​ដើម្បី​បាន​សិទ្ធិ​សេរីភាព ​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា ​បាន​ក្លាយ​ជា​ការ​ដង្ហើយ​ហៅ​ចង់​បាន​ឯករាជ្យ។ សម្លេង​អំពាវនាវ​ របស់​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​នេះ ​បាន​ឮ​រំពង​ទៅ​ដល់​ជំរំ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ​នៅ​ឯ​បង់ក្លាដែស។ មនុស្ស​ប្រុស ​ឬ​យុវជន ​ដែល​បាន​ទៅ​ដល់​ទី​នោះ ​បាន​នាំ​​គ្នា​ត្រលប់​មក​ភូមា​វិញ ​ដើម្បី​ចូលរួម​ជាមួយ​នឺង​ចលនា​នេះ។

សួរថា ​តើ​ពួក​គេ​មាន​ជំរើស​ដែរ​ឬ​ទេ? បុរស​ចំណាស់​រ៉ូហ៊ីងយ៉ា​ម្នាក់​ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង​ថា ​ គឺ​អាជ្ញាធរ​ភូមា ​ដែល​បាន​រុញ​ច្រាន​ពួកគេ​ ឲ្យ​ខ្នង​ដល់​ជញ្ជាំង ​គ្មាន​ជំរើស​អ្វី​ផ្សេង ​ក្រៅ​ពី​ប្រើ​ដៃ​វាយ​តប​វិញ​ឡើយ។ យុវជន​រ៉ូហ៊ីងយ៉ា ​ធំ​ដឹង​ក្តី​ឡើង​ មិន​ដែល​ស្គាល់​អ្វី​ហៅ​ថា​ក្តី​សង្ឃឹម​ឡើយ ​ ក្រៅតែ​ពី​វិច​បង្វេច​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើបាប​របស់​ភូមា។ បុរស​ម្នាក់​នេះ​និយាយ​បន្ត​ថា ​គេ​មិន​ឲ្យ​សិទ្ធិ​សេរីភាព​យើង។ គេ​ធ្វើ​បាប​ ជាន់​ឈ្លី​យើង ​ប្រៀប​បាន​នឹង​ស្មៅ​ ដែល​ដុះនៅ​តាម​ផ្លូវ។ នៅ​ឯ​ជំរំ ​ក្នុង​ប្រទេស​បង់ក្លាដែស​ទៀតសោត ​ គឺ​ពោរពេញ​ដោយ​ភាព​ក្រីក្រ​លំបាក​ជា​ទី​បំផុត។ ​នៅ​ទីនោះ ​យុវជន​រ៉ូហ៊ីងយ៉ា ​ដូច​ស្ថិត​ក្នុង​ឋាន​នរក​ខ្មៅ​ងងឹត​ គ្មាន​ពន្លឺ​អ្វី​ទាល់​តែ​សោះ។ មនុស្ស​ប្រុស​រ៉ូហ៊ីងយ៉ា ​ទាំង​ក្មេង​ទាំង​ចាស់ ​ពុំមាន​អ្វី​ឲ្យ​បាត់បង់​លើស​នេះ​ទៀត​ទេ ​ហើយ​សេចក្តី​ស្លាប់​ ក៏​លែង​មាន​តម្លៃ ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ទៀត​ឡើយ។

ជាការពិត ​ អំពើ​ហិង្សា​ដែល​បាន​កើតឡើង​ក្នុង​ពេល​ចុង​ក្រោយ​នេះ ​គឺ​ស្តែង​ឲ្យ​ឃើញ​ច្បាស់ ​ពី​កំហឹង​ទ័លច្រក​ ទប់លែង​បាន​របស់​ក្រុម​រ៉ូហ៊ីងយ៉ា។ ពួកគេ​បាន​ចេញ​មក​ដុត​បំផ្លាញ​ប៉ុស្តិ​នគរបាល ​ជា​ច្រើន​កន្លែង។ សកម្មភាព​ទាំងនេះ ​ត្រូវ​បាន​វាយ​តបត​វិញ ​ពី​សំណាក់​អាជ្ញាធរ​ភូមា ​តាម​រយៈ​ការ​ចុះ​ទៅ​តាម​ចាប់​មនុស្ស​តាម​ភូមិ ​ហើយ​នឹង​ឈាន​ទៅ​ដល់​ការ​ដុត​បំផ្លាញ​ផ្ទះ​ប្រជាជន។

គ្មាន​អំពើ​ហិង្សា​ណាមួយ​ដែល​ត្រឹមត្រូវ​ឡើយ ​តែ​អ្វី​ដែល​គេ​បន្ទោស​អាជ្ញាធរ​ភូមា ​គឺ​ចំណាត់​ការ ​ដែល​មិន​យុត្តិធម៌ ​ធ្វើឡើង​ទៅ​លើ​មនុស្ស​ស្លូតត្រង់​ទាំង​អស់​តែម្តង។ រដ្ឋាភិបាល​ភូមា ​បាន​ហៅ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​ថាជា​ក្រុម​ ភេរវកម្ម។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​ភូមា ​ថែមទាំង​បាន​ចោទ​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន ​ដែល​ធ្វើការ​នៅ​តាម​មូលដ្ឋាន ​ថា​បាន​ជួយ​លាក់​បំពួន​ នឹង​ទំនុក​បំរុង​ក្រុម​នេះ។ រដ្ឋាភិបាល​ភូមា ​មិន​បាន​ធ្វើការ​បែងចែក​ថា​ ក្រុម​ណា​ជា​ជន​ដៃដល់ ​ក្រុម​ណា​ជា​ជន​ស្លូត​ត្រង់​ទេ។

“មិនយល់​ថា ​រដ្ឋាភិបាល​ភូមា ​ចង់គិត​ដោះស្រាយ​យ៉ាងណា!”

ស្ត្រី និងកុមាររ៉ូហ៊ីងយ៉ា កំពុង​ធ្វើដំណើរ​​តាម​ព្រៃ​​ឆ្ពោះ​​ទៅ​​ព្រំដែន​​បង់ក្លាដែស។ ថ្ងៃទី​២៨ សីហា ២០១៧
ស្ត្រី និងកុមាររ៉ូហ៊ីងយ៉ា កំពុង​ធ្វើដំណើរ​​តាម​ព្រៃ​​ឆ្ពោះ​​ទៅ​​ព្រំដែន​​បង់ក្លាដែស។ ថ្ងៃទី​២៨ សីហា ២០១៧ REUTERS/Mohammad Ponir Hossain

លោក ​Phil Robertson ​ប្រធាន​អង្គការ​Human Rights Watch ​ប្រចាំ​នៅ​អាស៊ី ​បាន​លើក​ឡើង​ថា ​លោក​មាន​អារម្មណ៍​ថា ​លោកស្រី​អ៊ុងសាន ​ស៊ូជី​ ហាក់​ពុំដឹង​ថា​ស្ថានភាព​ជាក់​ស្តែង​ទេ។ វា​អាច​មក​ពី​លោកស្រី ​បាន​ទទួល​ដំណឹង​តែ​ពី​ខាង​កងទ័ព​ភូមា ​ ឬពី​ទីប្រឹក្សា​មួយ​ចំនួន​តូច ​ដែល​ពុំស្គាល់​ការពិត​ជាក់​ស្តែង​យ៉ាង​ណា​នៅ​ឯ​រដ្ឋ​រ៉ាឃីន។ អ្នក​សង្កេត​ការ​សិទ្ធិ​មនុស្ស​រូបនេះ ​បាន​បន្ត​ថា ​លោក​មិន​យល់​ថា​លោកស្រី​អ៊ុងសាន ​ស៊ូជី ​ក៏ដូច​ជា​រដ្ឋាភិបាល​ភូមា ​គិត​ចង់​ធ្វើ​យ៉ាង​ណា ​មាន​គោលនយោបាយ​ដោះស្រាយ​យ៉ាង​ណា​ឡើយ!

មិនត្រឹម​តែ​មិន​មាន​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់​លាស់ ​យូរ​អង្វែង ​រដ្ឋាភិបាល​ភូមា ​បែរ​ជា​បើក​ដៃ ​ឲ្យ​​កងទ័ព​ធ្វើ​សកម្មភាព​ហិង្សា​ ទៅ​លើ​សហគម​ប្រជាជន​រ៉ូហ៊ីងយ៉ា​ទៅវិញ។ ការ​ដុត​បំផ្លាញ​ភូមិ​ស្រុក ​ដេញ​ចាប់​មនុស្ស​យ៉ាង​អាណាធិបតេយ្យ ​គឺ​ប្រៀបបាន​ដូច​ជា​រដ្ឋាភិបាល​ភូមា ​មាន​បំណង​បណ្តេញ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ឲ្យ​ចេញ​អស់​ពី​ទឹក​ដី​ខ្លួន។ តើនេះ​ឬ​ជា​ដំណោះស្រាយ ​ដែល​រដ្ឋាភិបាល​ភូមា​ចង់​បាន?

ភូមាកំពុង​រុញ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​ឲ្យក្លាយ​ជា​ជនអ៊ីស្លាម​ជ្រុល​និយម

រដ្ឋាភិបាលភូមា​ កំពុង​ត្រូវ​សហគម​អន្តរជាតិ​ចង្អុរ​មុខ​ ថា​បាន​បិទភ្នែក ​បណ្តោយ​ឲ្យ​កងទ័ព​ធ្វើបាប​ប្រជាជន​រ៉ូហ៊ីងយ៉ា។ គណកម្មការ​អន្តរជាតិ​មួយ​ ដែល​ផ្តួចផ្តើម​ឡើង ​ដោយ​លោក​ កូហ្វ៊ី អាណាន់ ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ អំពាវនាវ​ឲ្យ​ភូមា​បញ្ឈប់​សកម្មភាព​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ទៅលើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ​ជា​បន្ទាន់ ​មុន​នឹង​អ្វីៗ​ហួស​ពេល។

ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​នឹងអាច​ក្លាយ​ជា​ជន​អ៊ីស្លាម​ជ្រុល​និយម ​បាន​យ៉ាង​ងាយ ​ដោយសារ​ចិត្ត​ស្អប់​គុំគួន​របស់​ពួក​គេ។ ចលនា​ភេរវកម្ម​អ៊ីស្លាម ​អន្តរជាតិ ​ដូចជា​ក្រុម​អាល់កាយដា ​ឬ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ អាច​នឹង​ឆក់​ឱកាស ​ប្រើប្រាស់​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ​ដើម្បី​ពង្រីក​ឥទ្ធិពល។ ហើយ​ប្រទេស​អ៊ីស្លាម​ផ្សេង​ទៀត ​នឹង​ប្រាកដ​ជា​ចង​ក្រង​គ្នា ​ដើម្បី​ផ្តល់​ជំនួយ​ជា​អាវុធ​ ឬ​ជា​ថវិកា ​ឲ្យ​ដល់​ក្រុម​រ៉ូហ៊ីងយ៉ា ​ដើម្បី​ប្រយុទ្ធ​​តស៊ូ។

ទង្វើ​របស់​រដ្ឋាភិបាល​ភូមា​នា​ពេល​នេះ ​​គឺ​មិន​ខុស​ពី​ដាក់​បង្កៃ ​គ្រាប់បែក​នៅ​ផ្ទះ​ខ្លួន​ឯង​ឡើយ។ រដ្ឋាភិបាល​ភូមា ​ត្រូវតែ​ចាត់​វិធានការ ​បញ្ចប់​រាល់​សកម្មភាព​រើសអើស ​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ក្នុង​នាម​ជា​មនុស្ស​ដូចគ្នា ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​ត្រូវតែ​ទទួល​បាន​សិទ្ធិ​សេរីភាព ​និង​ការ​គោរព​ ដូច​គ្នា​ទៅនឹង​​ប្រជាជន​ភូមា​ឯទៀត។​ ក្នុង​នាម​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ​រដ្ឋាភិបាល​ភូមា ​គួរ​ធ្វើការ​បង្រ្កាប​លើ​ចលនា​រើសអើង​ប្រកាន់​ពូជសាសន៍ ​ដែល​ព្រះ​សង្ឃ​ជ្រុល​និយម​មួយ​ចំនួន​ បាន​ផ្សព្វផ្សាយ​បំផុស​បំផុល។ រាល់​ទង្វើ​អយុត្តិធម៌​ បៀតបៀន​ធ្វើបាប​អ្នក​ដ៏ទៃ ​គឺ​ជា​អំពើបាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ