អានតួអត្ថបទ
ភូមា-ចិន

ប្រជាជន​ភូមា​តាម​ព្រំដែន ២ម៉ឺន​នាក់ ភៀស​ខ្លួន​ទៅ​ចិន

កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៩ ​មីនា​ម្សិលមិញ ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​ប្រកាស​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​ចិន​ នៅ​តាម​ខេត្ត​ជាប់​នឹង​ព្រំដែន​ភូមា ​បាន​ជួយ​ទទួល​ប្រជាជន​ភូមា​ប្រមាណ​ជា​២ម៉ឺន​នាក់។ ជនភៀសខ្លួន​ភូមា​ទាំង​នោះ ​បាន​រត់​គេច​ពី​ភូមា ​ក្រោយ​ផ្ទុះ​ហេតុការណ៍​ប្រយុទ្ធ​គ្នា​ រវាង​ទាហាន​ភូមា ​និងក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច ​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ជនភៀសខ្ឡួនភូមា នៅតំបន់ Kokeng ភាគខាង​ជើង​រដ្ឋហ្សាន នៅ​តាម​ផ្លូវ​​ឆ្លង​ទៅ​​ខេត្ត​យូណាន​ ប្រទេសចិន
ជនភៀសខ្ឡួនភូមា នៅតំបន់ Kokeng ភាគខាង​ជើង​រដ្ឋហ្សាន នៅ​តាម​ផ្លូវ​​ឆ្លង​ទៅ​​ខេត្ត​យូណាន​ ប្រទេសចិន REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

លោក កេង ហ្សួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ចាប់​ផ្តើម​ មាន​ការ​ផ្ទុះឡើង​វិញ​នូវ​ការ​ប្រយុទ្ធ​គ្នា ​ក្នុង​ខេត្ត​ភាគ​ខាង​ជើង​ រវាង​កងទ័ព​ភូមា ​និង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច ​ យ៉ាងហោច​ណាស់ ​មាន​ប្រជាជន​ភូមា ​២ម៉ឺន​នាក់ ​ដែល​បាន​រត់​ភៀស​ខ្លួន​ ចូល​មក​ក្នុង​ទឹកដី​ចិន។ មន្ត្រី​ចិន​រូប​នេះ ​បាន​បន្ត​ថា ​ “ដោយ​មាន​ការ​អាណិត​អាសូរ​ អាជ្ញាធរចិន ​បាន​រៀបចំ​គ្រប់​យ៉ាង​ ទៅ​តាម​លទ្ធភាព​ ដើម្បី​ទទួល​​ជនភៀសខ្លួន​ភូមា​ទាំងនោះ។

 
ទោះ​បី​ជា​យ៉ាងណា ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ មិន​បាន​បញ្ជាក់ ​ឲ្យបាន​ល្អិតល្អន់​ អំពី​លក្ខខណ្ឌ​ទទួល ​ ព្រមទាំង​ស្ថានភាព​របស់​ជន​ភៀសខ្លួន​ភូមា ​ទាំង​នោះ​ទេ។ តែ​ក្រសួង​ការបរទេស​ចិន​ បាន​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​សងខាង​ ទាហាន​រដ្ឋាភិបាល​ភូមា ​និង​ក្រុម​ឧទ្ទាម​ ធ្វើការ​ទំលាក់​អាវុធ​បណ្តោះ​អាសន្ន​​ ហើយ​ចរចា​គ្នា​ដោយ​សន្តិវិធី​ ដើម្បី​ធានា​សន្តិសុខ​ដល់​តំបន់​ព្រំដែន​ឡើងវិញ។

ជាការពិត​ ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ​ការ​ប្រយុទ្ធ​បាន​ផ្ទុះឡើង​វិញ​នៅ​តំបន់ ​Kokang ​ភាគ​ខាង​ជើង​បង្អស់​ នៃ​រដ្ឋ​ហ្សាន ​របស់​ភូមា ​ហើយ​ដែល​មាន​ព្រំប្រទល់​ ជាប់​ជាមួយ​ខេត្ត​យូណាន ​របស់​ចិន។ ការ​បាញ់​ផ្លោង​ដាក់​គ្នា ​រវាង​កង​ឧទ្ទាម ​និង​ទាហាន​ភូមា​ ២ថ្ងៃ​កន្លង​មក​នេះ ​ បាន​ប្រល័យ​ជីវិត​មនុស្ស ​យ៉ាង​ហោច​ណាស់​ប្រមាណ​៣០​នាក់។ អាជ្ញាធរ​ចិន​ បាន​បញ្ជាក់​ថា ​មាន​ប្រជាជន​ចិន​ម្នាក់​ បាន​រង​របួស ​ដោយសារ​គ្រាប់​ផ្លាត​ពី​ខាង​ភូមា។

សូម​បញ្ជាក់​ថា ​តំបន់ Kokeng​ នៃ​រដ្ឋ​ហ្សាន​នេះ ​ គឺ​ជា​តំបន់​ក្តៅបំផុត ​ ដែល​កន្លង​មក​កើត​មាន​ការ​ប្រយុទ្ធ​ជា​ច្រើន​លើក។ ជាក់ស្តែង​កាល​ពី​ឆ្នាំ​២០១៥ ​ មនុស្ស​រាប់ពាន់​នាក់​បាន​រត់​ទៅ​ជ្រក​នៅ​ខាង​ចិន ​ដោយសារ​តែ​សង្រ្គាម។ តំបន់​នេះ ​ក៏​សំបូរ​ទៅ​ដោយ​ជនជាតិ​ភាគ​តិច​ ដែល​មាន​ដើម​កំណើត​ចិន​ដែរ។

រហូត​មក​ទល់​ពេល​នេះ ​គេ​នៅ​មិន​ទាន់​បាន​ទទួល​ប្រតិកម្ម​អ្វី​ទាំង​អស់ ​ពី​លោកស្រី​អ៊ុងសាន ស៊ូជី ​រឺ​ក៏​មន្ត្រី​រដ្ឋាភិបាល​ភូមា​ផ្សេង​ទៀត ​ទាក់ទិន​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ​ទេ។ ចាប់តាំង​ពី​ឆ្នាំ​១៩៤៨​មក ​ ជនជាតិ​ភាគតិច​ភូមា ​ បាន​តស៊ូ ​រើ​បំរាស់​ ទាមទារ​ឲ្យ​អំណាច​កណ្តាល ​ប្រគល់​អភ័យ​ឯកសិទ្ធិ​ឲ្យ​ខ្លួន ​ឲ្យ​បាន​ច្រើន។ លោកស្រី​អ៊ុងសាន ស៊ូជី ​ដែល​បាន​សន្យា​ថា​នឹង​នាំ​សន្តិភាព ​និង​ការ​បង្រួបបង្រួម​ជាតិ​ភូមា​នោះ ​កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ថា ​លោកស្រី​មិន​អាច​ធ្វើ​អ្វី​បាន​ជា​ដុំ​កំភួន​ទេ ​ ដោយសារ​តែ​អំណាច​យោធា​ភូមា​ទាំង​ស្រុង​ នៅតែ​មាន​ឥទ្ធិពល​ខ្លាំង។ ផ្ទុយ​ទៅ​វិញ ​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ អំពើ​ហិង្សា ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​ឧទ្ទាម​ និង​ទាហាន​ភូមា ​ បាន​រើ​ឡើង​វិញ​កាន់​តែ​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ