វិបត្តិរ៉ូហ៊ីងយ៉ា៖ ពលរដ្ឋភូមាអ្នកកាន់ពុទ្ធសាសនាខ្លះ អះអាងថាពិភពលោកកំពុងមួលបង្កាច់ បង្ខូចកិត្តិយសគេ
ជាមួយនឹងអំពើហិង្សា ដែលអាជ្ញធរភូមា បានធ្វើទៅលើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ប្រទេសភូមា កំពុងតែត្រូវសហគមអន្តរជាតិ បណ្តាញព័ត៌មាន ទូរទស្សន៍ វិទ្យុ និង អ៊ីនធើនែត នាំគ្នាចង្អុរមុខចោទប្រកាន់ប្រទេសភូមា ថាជាប្រទេសគ្មានមេត្តាធម៌ និងរើសអើងប្រកាន់សាសនា។ ប៉ុន្តែសម្រាប់ប្រជាជនភូមា អ្នកកាន់សាសនាព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួនមួយចំនួនវិញ បានអះអាងថា ការលើកឡើងទាំងអម្បាលម៉ាន ដែលចោទថាអាជ្ញាធរភូមា ធ្វើបាបប្រជាជនរ៉ូហ៊ីងយ៉ានោះ គឺគ្រាន់តែជាការផ្សាយព័ត៌មានមួលបង្កាច់ បង្ខូចកិត្តិយសភូមាតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤២
តើប្រជាជនភូមាទូទៅ យល់យ៉ាងណាដែរ ចំពោះការចោទប្រកាន់ យ៉ាងទូលំទូលាយ ពីសំណាក់បណ្តាញព័ត៌មានអន្តរជាតិ ថាអាជ្ញាធរភូមាកំពុងធ្វើការបោសសំអាត សំលាប់ និងបណ្តេញជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ា ឲ្យអស់ពីភូមានោះ?
លោក រ៉េមី ហ្វាបរ៍ (Rémi Fabre) អ្នកយកព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ ប្រចាំនៅភូមា បានធ្វើការសាកសួរ ទៅកាន់ពលរដ្ឋភូមា អ្នកកាន់សាសនាព្រះពុទ្ធជាច្រើននាក់ ហើយចំលើយ ជារួមគឺថា ព័ត៌មានដែលគេផ្សព្វផ្សាយ ថាអាជ្ញាធរភូមា ធ្វើបាបជនជាតិរ៉ូហ៊ីងយ៉ា គឺសុទ្ធតែជាព័ត៌មានមួលបង្កាច់ទាំងអស់។ ប្រជាជនភូមា មិនសុខចិត្តទេ ដែលកិត្តិយសដ៏ផូរផង់របស់ប្រទេសខ្លួន ត្រូវគេបង្កាច់បង្ខូច នៅលើឆាកអន្តរជាតិបែបនេះ។
ទោះជាអ្នកកាសែតបរទេសសួរសំណួរបែបណាក៏ដោយ ចំលើយតែមួយគត់ របស់អ្នកស្រុកភូមាទូទៅ គឺថា “មកពីពួករ៉ូហ៊ីងយ៉ា មកសម្លាប់ពួកយើង មករំលោភស្រីៗភូមាយើង”។ ប្រជាជនអ្នកកាន់សាសនាព្រះពុទ្ធនៅភូមា ចោទ ជនជាតិរ៉ូហ៊ីងយ៉ា ថាកំពុងបំផ្លើសបំភ្លៃការពិត ថាពួកគេវេទនា និងត្រូវនគរបាល ឬទាហានភូមាធ្វើបាប។
បុរសវ័យជាង៣០ឆ្នាំពីរនាក់ ជាអ្នកកាន់សាសនាព្រះពុទ្ធ រស់នៅក្រុងរ៉ង់ហ្គូន បានលើកឡើងជាអាទិ៍ថា ចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រត់ទៅបង់ក្លាដែស ដែលគេផ្សាយថាដល់ទៅជាង៤សែននាក់នោះ គឺជាតួលេខបំផ្លើសទាំងអស់។ ពួកគេយល់ថា តួលេខនេះ គឺអង្គការនានា បានមកពីពួករ៉ូហ៊ីងយ៉ា តែប៉ុណ្ណោះ មិនមែនជាតួលេខជាក់ស្តែងទេ។ បុរសទាំងពីរនេះលើកឡើងថា ប្រជាជនភូមាអ្នកកាន់សាសនាព្រះពុទ្ធ កំពុងតែរងគ្រោះ ដោយអកុសល ពីការចោទប្រកាន់បំភ្លៃការពិត របស់អង្គការអន្តរជាតិ និងបណ្តាញព័ត៌មាននានា។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២៥ សីហា មក អំពើហិង្សាបានផ្ទុះឡើងវិញនៅតំបន់ក្បែរព្រំដែនបង់ក្លាដែស ក្នុងរដ្ឋអារ៉ាខាន់។ យោងតាមរូបភាពផ្កាយរណប ភូមិជនជាតិរ៉ូហ៊ីងយ៉ា ចំនួនជាង៦០ភូមិ ត្រូវបានដុតបំផ្លាញទាំងស្រុង។ អង្គការ Humans Right Watch បានអះអាងថា មានជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ ៤សែន ២ម៉ឺន២ពាន់នាក់ ដែលបានរត់ភៀសខ្លួនទៅបង់ក្លាដែស បើគិតចាប់ពីថ្ងៃ២៥សីហាមក។ ការដែលប្រជាជនភូមាទូទៅ ប្រកែកមិនទទួលយកការពិត ពីការធ្វើទុក្ខបុកម្នេញ ទៅលើជនជាតិរ៉ូហ៊ីងយ៉ានេះ វាបានបង្ហាញឲ្យឃើញច្បាស់ ពីនយោបាយប្រជាភិថុត ដឹកនាំដោយកងទ័ពភូមា និងក្រុមពុទ្ធសាសនាជ្រុលនិយមភូមា ដែលតែងតែឃោសនា ពន្យុះឲ្យប្រជាជនពុទ្ធសាសនាភូមា ស្អប់ គុំគួនទៅលើជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ា។
អង្គការសិទ្ធិមនុស្ស នានាបានអំពាវនាវ ឲ្យមានការថ្កោលទោស ទៅលើរដ្ឋាភិបាលនិងកងទ័ពភូមា ដែលកំពុងតែធ្វើសកម្មភាពប្រល័យពូជសាសន៍។ យ៉ាងណាមិញ តាមការស្មាន លោកស្រីអ៊ុងសាន ស៊ូជី នឹងពុំមានវត្តមាននៅមហាសន្និបាតពេញអង្គ នៃអង្គការសហប្រជាជាតិ ក្នុងសប្តាហ៍នេះទេ ដោយសារតែលោកស្រីមិនហ៊ានប្រឈមមុខនឹងការរិះគន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ