ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/01 12h00 GMT
អាស៊ី

កងទ័ពភូមា ទទួល​ស្គាល់ថា​ទាហាន​បាន​សម្លាប់ “​ភេរវជន​អ៊ីស្លាម” ​១០នាក់​

media  
ស្ត្រី​រ៉ូហ៊ីងយ៉ា​អង្គុយ​​ក្នុង​ក្តី​អស់សង្ឃឹម នៅភូមិ​Maughpara​ ក្បែរ​​ជំរំ Cox's Bazar ប្រទេស​បង់ក្លាដែស។ ថ្ងៃទី​២៥ ធ្នូ ​២០១៧ REUTERS/Marko Djurica Download Picture

នៅថ្ងៃព្រហស្បតិ៍ទី ១១មករានេះ តំណាងកងទ័ពភូមា បានប្រកាសទទួលស្គាល់ថា ឆ្លងកាត់ការស៊ើបអង្កេត មន្ត្រីទាហានភូមាមួយចំនួន ពិតជាបានសម្លាប់ "ភេរវជនអ៊ីស្លាម" ១០នាក់។ គួរបញ្ជាក់ថា កាលពីដើមខែធ្នូកន្លងទៅនេះ គេបានរកឃើញ រណ្តៅកប់ខ្មោចរួមមួយ ដែលមានសាកសពប្រមាណ១០នាក់ នៅក្នុងភូមិជនជាតិរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋរ៉ាឃីន។ ការប្រកាសទទួលស្គាល់ថាទាហានភូមា ជាអ្នកសម្លាប់នេះ គឺជារឿងកម្រណាស់ ព្រោះកន្លងមកអាជ្ញាធរភូមា តែងតែប្រកែកជានិច្ច។

កងទ័ពភូមាបានអះអាងថា ប្រជាជនមូលដ្ឋាន រួមទាំងមន្តី្រយោធាខ្លះផង បានទទួលសារភាពថា ពួកគេ ពិតជាបានសម្លាប់អ្នកភូមិជនជាតិរ៉ូហ៊ីងយ៉ា ទាំង១០នាក់ ដែលនៅក្នុងរណ្តៅកប់ខ្មោចនោះមែន។ ក្នុងលិខិតប្រកាសរបស់កងទ័ពភូមានេះ បន្តថា អាជ្ញាធរភូមា បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយត្រឹមត្រូវ ហើយមន្ត្រីយោធា ដែលបានចូលរួមប្រព្រឹត្តិអំពើនេះ នឹងត្រូវដាក់ពិន័យទៅតាមច្បាប់កងទ័ព។

គួររំលឹកថា កាលពីដើមខែធ្នូ រណ្តៅកប់ខ្មោចរួមមួយ ត្រូវបានគេរកឃើញនៅក្នុងភូមិជនជាតិរ៉ូហ៊ីងយ៉ាមួយ ក្នុងរដ្ឋរ៉ាឃីន។ បន្ទាប់ពីមានការចុះផ្សាយ ខ្ទរខ្ទារពីសំណាក់បណ្តាញសារព័ត៌មានបរទេសនានា អាជ្ញាធរភូមា បានចេញមុខមកធានា ថានឹងស៊ើបអង្កេងរឿងនេះ។ ដោយឡែក អ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មាន Reuters ចំនួន២នាក់ ត្រូវបានតុលាការភូមាចោទប្រកាន់ ពីបទទំលាយអាថកំបាំង នៃសន្តិសុខជាតិភូមា។ អ្នកកាសែតទាំង២នាក់នេះ គឺជាអ្នកដែលបានធ្វើការស៊ើបអង្កេត ស្តីពីសកម្មភាព កាប់សម្លាប់ ទៅលើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។

គួរបញ្ជាក់ដែរថា ចាប់តាំងពីចុងខែសីហា ឆ្នាំ២០១៧មក មានប្រជាជនរ៉ូហ៊ីងយ៉ា ប្រមាណ​​៦៥ម៉ឺននាក់ ដែលបានរត់គេចពីរដ្ឋរ៉ាឃីន ភៀសខ្លួនទៅបង់ក្លាដែស។ ក្រុមអង្គការ​​សិទ្ធិ​មនុស្ស និងតំណាងអង្គការសហប្រជាជាតិ បានលើកឡើង អំពីវិធានការព្រៃផ្សៃ របស់កងទ័ពភូមា ឃុបឃិតគ្នា ជាមួយនឹងអាជ្ញាធររដ្ឋរ៉ាឃីន។ សកម្មភាពទាំងនោះ មានដូចជាការដុតផ្ទះ ទាំងភូមិ ចាប់មនុស្សយកទៅសម្លាប់ និង អំពើរំលោភសេពសន្ទវៈ ជាដើម។ បើតាមការអះអាងរបស់ស្ត្រីជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងជំរះនៅឯបង់ក្លាដែស បានលើកឡើងថា នៅតាមផ្លូវធ្វើដំណើរមក ពួកគេឃើញសាកសពមនុស្សស្លាប់ទាំងគ្រួសារៗ ក្រោមស្នាដៃរបស់កងទ័ពភូមា។

យ៉ាងណាមិញ អង្គការសហប្រជាជាតិ បានចាត់ទុកថា អំពើទាំងនេះ គឺជាសកម្មភាពឧក្រិដ្ឋកម្ម បោសសំអាតជាតិសាសន៍។ ការដែលកងទ័ពភូមា ប្រកាសទទួលស្គាល់ លើ​ការ​​សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា ១០នាក់ នាពេលនេះ គឺវាគ្រាន់តែជាការចង់យកមុខ ដើម្បីបង្ហាញថាខ្លួនស្អាតស្អំប៉ុណ្ណោះ។ តែការពិត​ជាក់ស្តែង មិនមែនមានជនជាតិរ៉ូហ៊ីងយ៉ា តែ១០នាក់ទេ ដែលត្រូវក្រុមកងទ័ពភូមា កាប់សម្លាប់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ