ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាស៊ី

សម្តេច​ប៉ាប ជួប​លោកស្រី​អ៊ុងសាន ស៊ូជី ​និង​មេទ័ព​ភូមា​ និយាយ​ពី​រឿង​រ៉ូហ៊ីងយ៉ា

media  
សម្តេចប៉ាប និង លោកស្រីអ៊ុងសាន ស៊ូជី ក្នុងជំនួប​ជាមួយ​​អង្គការ អ្នក​ការទូត ​និង​អ្នក​កាសែត​​នៅ ក្រុង​​ណៃពីដាវ​ ថ្ងៃ​ទី​​២៨ ​វិច្ឆិកា​​២០១៧ REUTERS/Soe Zeya Tun

សម្តេចប៉ាប ប្រមុខសង្ឃកាតូលិក ដែលកំពុងបំពេញទស្សនកិច្ច នៅឯប្រទេសភូមា ទើបតែបាន ជួបនិយាយដោយផ្ទាល់ ជាមួយ លោកស្រី​ អ៊ុងសាន ស៊ូជី នៅទីក្រុង ណៃពីដាវ នៅថ្ងៃអង្គារទី២៨ វិច្ឆិកា នេះ។ បញ្ហាអាយុជីវិត និងសិទ្ធិរបស់ប្រជាជនរ៉ូហ៊ីងយ៉ា គឺជាកម្មវត្ថុចំបង នៃដំណើរទស្សនកិច្ចរបស់សម្តេ​ចប៉ាប។ ក្រោយជំនួបនេះ សម្តេចបាប និងលោកស្រី អ៊ុងសាន​ ស៊ូជី បានថ្លែងសន្ទរកថាជាសាធារណៈ ចំពោះមុខអ្នកកាសែត និងអង្គការមនុស្សធម៌នានា។

ពេលវេលាដ៏សំខាន់បំផុត របស់សម្តេចប៉ាប ហ្វ្រង់ស័រ ដែលកំពុងតែមានវត្តមាននៅភូមា បានមកដល់ហើយ។ គឺជំនួបដោយផ្ទាល់ រវាងព្រះអង្គ ជាមួយនិងលោកស្រី អ៊ុងសាន ស៊ូជី និងតំណាងម្នាក់ទៀត របស់កងទ័ពភូមា នៅឯទីក្រុង ណៃពីដាវ នៅរសៀលថ្ងៃអង្គារទី ២៨​វិច្ឆិកានេះ។

ក្រោយជួយនិយាយគ្នា អស់រយៈពេល៤៥នាទី  សម្តេចប៉ាប ប្រមុខសង្ឃ​កាតូលិក និងលោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងសន្ទរកថា រួមគ្នា នៅចំពោះមុងអង្គការមនុស្ស អង្គការអន្តរជាតិ និងអ្នកកាសែតជាច្រើន។ យោងតាមអ្នករាយការណ៍ ព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានបារាំង ដែលនៅទីនោះផ្ទាល់ បានឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងថា រដ្ឋាភិបាលភូមា បានព្យាយាម ការពារសិទ្ធិរបស់គ្រប់គ្នា។តែយ៉ាងណា លោកស្រី តាងនាមឲ្យរដ្ឋាភិបាលភូមា សូមសន្យាថា នឹងខិតខំធ្វើយ៉ាងណា ការពារសិទ្ធិ ការពារសន្តិសុខសុវត្ថិភាព និងជំរុញការសណ្តោសអត់ឱនឲ្យគ្នា រវាងប្រជាជនទាំងអស់នៅភូមា។

ដោយឡែក អ្វីដែលធ្វើឲ្យ មនុស្សមួយចំនួនខកចិត្តនោះ គឺ ក្នុងសន្ទរកថា របស់សម្តេចប៉ាប ហ្វ្រង់ស័រ  គេសង្កេតឃើញថា សម្តេចប៉ាប មិនបានប្រើប្រាស់ ពាក្យរ៉ូហ៊ីងយ៉ា ទេ។ នេះគឺជារឿងមួយកម្រណាស់ ដែលហាក់មានន័យថា សម្តេចប្រមុខសង្ឃកាតូលិក មិនចង់ធ្វើឲ្យរដ្ឋភិបាលភូមា មានការអាក់អន់ចិត្ត។ ទោះជាយ៉ាងនេះក្តី សម្តេចប៉ាប បានថ្លែងដោយប្រយោលថា សន្តិភាពមិនអាចកើតឡើងបានទេ បើសិនជាគ្មានការគោរពសិទ្ធិសេរីភាព គ្មានយុត្តិធម៌ គ្មានសមភាព រវាងប្រជាជនទាំងអស់ ដោយឥតប្រកាន់រើសអើង។

គួរបញ្ជាក់ថា ចាប់តាំងពីខែសីហាមក មានប្រជាជនរ៉ូហ៊ីងយ៉ា ប្រមាណ៦២០០០០នាក់ បានរត់ភៀសខ្លួនទៅបង់ក្លាដែស ដើម្បីគេចចេញ ពីការធ្វើបាបពីសំណាក់នគរបាល និងទាហានភូមា នៅរដ្ឋរ៉ាឃីន។ ប្រឈមមុខនឹងសេចក្តីទុក្ខវេទនារបស់ជនជាតិរ៉ូហ៊ីងយ៉ានេះ សម្តេចប៉ាបប្រមុខសង្ឃកាតូលិក ធ្លាប់បានសម្តែងការសោកសង្រេង មានទុក្ខក្រៀមក្រមជាច្រើនលើក ហើយបានអំពាវនាវឲ្យជួយ ដល់ប្រជាជនរ៉ូហ៊ីងយ៉ា។ ដំណើរទស្សនកិច្ចនៅភូមានាពេលនេះ គឺជាចេតនារបស់សម្តេចប៉ាប ដែលចង់ជួយធ្វើអន្តរាគមន៍ និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់សហគមអន្តរជាតិ ទាក់ទិននឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានេះ។ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ សម្តេចប៉ាប នឹងបន្តដំណើរទៅកាន់ប្រទេសបង់ក្លាដែស ដែលជាប្រទេសក្រីក្របំផុត តែបានសុខចិត្តជួយសង្រ្គោះទទួលប្រជាជនរ៉ូហ៊ីងយ៉ារាប់សែននាក់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ