លោកមូន ជែអ៊ីន មនុស្សដ៏សំខាន់ដែលជំរុញឲ្យមានជំនួបរវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន
ជំនួបជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានប្រព្រឹត្តិធ្វើទៅ នៅប្រទេសសិង្ហបុរី នឹងមិនអាចកើតចេញជារូបរាង្គបានទេ បើសិន ជាគ្មានការតាំងចិត្ត និងការប្រឹងប្រែង របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក មូន ជាអ៊ីន។ ក្នុងវ័យ៦៥ឆ្នាំ លោកមូន ជែអ៊ីន ដែលទើបតែឡើងមកកាន់តំណែង បានមួយឆ្នាំនេះ បានប្តេជ្ញាចិត្ត តាំងតែពីថ្ងៃដំបូង ដោយយកការផ្សះផ្សារសន្តិភាពជាមួយកូរ៉េខាងជើង ធ្វើជាបុព្វហេតុធំបំផុត សម្រាប់អាណត្តិប្រធានាធិបតីរបស់លោក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៩
កាលពីប៉ុន្មានខែមុន តើនរណាខ្លះ ដែលនឹកស្មានដល់ ថាប្រធានធិបតីអាមេរិក អាចនឹងជួបចាប់ដៃញញឹមក្អាកក្អាយ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង? បើគ្មានកូរ៉េខាងត្បូង ក៏ពុំមានការជួបចរចាគ្នា រវាងលោក ដូណាល់ ត្រាំ និងគីម ជុងអ៊ុនដែរ។ មនុស្សម្នាក់ ដែលនៅពីក្រោយដំណើរការឆ្ពោះទៅរកការផ្សះផ្សាសន្តិភាពនេះ គឺគ្មាននរណា ក្រៅពីលោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងទេ។
សម្រាប់អ្នកវិភាគនយោបាយនៅកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានជ្រើសយកគំរូ នយោបាយពន្លឺព្រះអាទិត្យ របស់លោកអតីតប្រធានាធិបតីកូរ៉េខាងត្បូង គីម ដេជុង។ គឺជាគោលនយោបាយ ដែលផ្តល់អាទិភាព ដល់ការជួបចរចា និយាយគ្នា ដោយមិនមែនជាការគំរាម កំញើញ សំឡុតគ្នា ឲ្យម្ខាងៗ បាក់ស្បាតនោះឡើយ។ គឺគោលនយោបាយនេះហើយ ដែលលោក មូន ជែអ៊ីន បានតាំងចិត្តអនុវត្ត ចាប់តាំងពីថ្ងៃទីមួយ នៃអាណត្តិរបស់គាត់។
នៅក្នុងសន្ទរកថា ចូលកាន់តំណែង កាលពីខែឧសភា ឆ្នាំ២០១៧ លោកមូន ជែអ៊ីន បានប្តេជ្ញាថា លោកត្រៀមខ្លួនរួចហើយ ចាប់ពីពេលនេះទៅ ទោះត្រូវជិះយន្តហោះ ទៅអាមេរិក ទៅជប៉ុន ទៅចិន ឬជិះទៅកូរ៉េខាងជើង ត្រឡប់ចុះត្រឡប់ឡើង យ៉ាងណាក៏ដោយ ក៏លោកសុខចិត្តដែរ ធ្វើយ៉ាងណា នាំគ្រប់ភាគីមកចរចា រកច្រកចេញដោយសន្តិភាព។
ខែកក្កដា ឆ្នាំ២០១៧ លោកមូន ជែអ៊ីន បានប្រកាសឲ្យដឹងថា លោកនឹងអញ្ជើញគណៈប្រតិភូកីឡារបស់កូរ៉េខាងជើង ឲ្យមកចូលរួមប្រកួត នៅក្នុងកម្មវិធីកីឡាអូឡាំពិករដូវរងារ ដែលនឹងរៀបចំនៅកូរ៉េខាងត្បូង។ ដូចការគ្រោងទុក គណប្រតិភូសិល្បៈ និងគណប្រតិភូកីឡា បានធ្វើដំណើរមកចូលរួមអបអរសាទរ និងចូលរួមការប្រកួត នៅខែកុម្ភៈ ដោយក្រុមកីឡាកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានដើរក្បួនរួមគ្នា ក្រោមទង់តែមួយទៀតផង។ នេះគឺជាឱកាសមាស ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើគ្រប់យ៉ាងដើម្បីសម្រេចឲ្យបាន គាប់ជួននឹងខណៈពេល ដែលគីម ជុងអ៊ុន ក៏ហាក់កំពុងតែបន្ទន់ជង្គង់។
ក្រោយចប់ការប្រកួតនេះ ច្រកទ្វារនៃការចរចា បានបើកចំហរ កូរ៉េខាងត្បូង បានបញ្ជូនគណៈប្រតិភូ ឲ្យទៅដល់ ក្រុងព្យុងយ៉ាង ដើម្បីស្ទាបស្ទង់ទឹកចិត្តរបស់កូរ៉េខាងជើង។ គឺគណៈប្រតិភូនេះហើយ ដែលបាននាំយកមកវិញនូវដំណឹងល្អ ដែលថាកូរ៉េខាងជើង សុខចិត្តចរចាជាមួយអាមេរិក ដើម្បីជំរុះកម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ថ្ងៃទី៨ មីនា ក្រោយពេលដែលលោកមូន ជែអ៊ីន បាននាំយកដំណឹងនេះទៅប្រាប់នៅវ៉ាស៊ីនតោន លោកដូណាល់ ត្រាំ បានប្រកាសថា លោកក៏សុខចិត្តជួបចរចាជាមួយគីម ជុងអ៊ុនដែរ។
ជំហានថ្មីមួយទៀតបានបោះទៅមុខ លោកមូន ជែអ៊ីន បានស្នើរទៅលោក គីម ជុងអ៊ុន ឲ្យជួបនិយាយគ្នា ក្នុងនាមជាបងប្អូន នៅតំបន់ចន្លោះព្រំដែន រវាងកូរ៉េទាំង២ នៅថ្ងៃទី២៧មេសា ២០១៨។ ស្នាមញញឹម និងភាពរាក់ទាក់ នៃមេដឹកនាំកូរ៉េទាំង២ នាពេលនោះ បានផ្តល់ក្តីសង្ឃឹមយ៉ាងច្រើន ជាពន្លឺដល់ជំហានបន្ទាប់ ដែលជាការជួបគ្នា រវាងគីម ជុងអ៊ុន និងដូណាល់ ត្រាំ។
លោក Lee Jong Seok អតីតរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េទាំង២ បានលើកឡើងថា គឺជំនួបរវាងលោក មូន ជែអ៊ីន និងលោកគីម ជុងអ៊ុន កាលពីចុងខែមេសានេះហើយ ដែលជាថ្មគ្រិះ អាចឲ្យលោកដូណាល់ ត្រាំ និងគីម ជុងអ៊ុន ឈរចាប់ដៃ និយាយគ្នា បាន នៅសិង្ហបុរីក្នុងពេលនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ