អានតួអត្ថបទ

ម៉ាឡេស៊ី​គ្រោង​ប្តឹង​អឺរ៉ុប ដែល​ឈប់​ទទួល​ស្គាល់​ប្រេងដូង ជា​ប្រេងឥទ្ធនៈ​ជីវសាស្ត្រ

នៅថ្ងៃអង្គារទី​១៦កក្កដានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មម៉ាឡេស៊ី បាន​បញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាល​ម៉ាឡេស៊ី នឹងរៀបចំដាក់ពាក្យប្តឹងសហភាពអឺរ៉ុប ទៅកាន់អង្គការ​ពាណិជ្ជកម្មពិភពលោក ទាក់ទិននឹងបញ្ហា ប្រេងដូង​។ ម៉ាឡេស៊ី ចាត់ទុកការ​សម្រេច ដកប្រេងដូង ពីបញ្ជីនៃ​ប្រេងឥទ្ធនៈជីវសាស្ត្ររបស់អឺរ៉ុប ថាគឺជា​ការ​សម្រេចដោយអយុត្តិធម៌ ហើយវានឹងពិន័យដល់ការនាំចេញ​ផលិត​ផលប្រេងដូង របស់ម៉ាឡេស៊ី។

ព្រៃឈើ នៅលើកោះបកណេអូ ត្រូវ​កាប់បំផ្លាញ​មួយ​ភាគធំ​​ ដើម្បី​ដាំដូងប្រេង​
ព្រៃឈើ នៅលើកោះបកណេអូ ត្រូវ​កាប់បំផ្លាញ​មួយ​ភាគធំ​​ ដើម្បី​ដាំដូងប្រេង​ BAY ISMOYO / AFP
ផ្សាយពាណិជ្ជកម្ម

ម៉ាឡេស៊ី និងដាក់ពាក្យប្តឹងសហភាព​អឺរ៉ុប ឲ្យបាន​មុន​ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នេះគឺជាប្រសាសន៍របស់​លោកស្រី Teresa Kok រដ្ឋមន្ត្រី​ឧស្សាហកម្ម​ម៉ាឡេស៊ី។ លោកស្រីបន្ថែមទៀតថា ម៉ាឡេស៊ី និងនិយាយ​ជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី ដើ​ម្បី​រួមគ្នា សហការ​ធ្វើពាក្យ​បណ្តឹង ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។

គួររំលឹកថា សហភាពអឺរ៉ុប បានអនុម័តសម្រេចដក​ ផលិតផល​ប្រេងដូង​ ចេញពីបញ្ជីប្រេងឥទ្ធនៈជីវសាស្ត្រ ដែលគោរព​​ក្រិត្យក្រមបរិស្ថានធម្មជាតិ។ យោងតាមការសម្រេចចិត្តនេះ សហភាព​អឺរ៉ុប និងកាត់បន្ថយការប្រើប្រាស់ប្រេងដូង បន្តិចម្តងៗ ឲ្យដល់ចំណុចសូន្យ ពីនេះរហូតដល់ឆ្នាំ២០៣០។ ដោយផ្អែក លើឯកសារស្រាវជ្រាវរបស់អ្នកជំនាញអឺរ៉ុប ព្រមទាំងអ្នកជំនាញអង្គការបរិស្ថានផង ដំណាំងដូងប្រេង បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់បរិស្ថានធម្មជាតិ។

សហភាព​អឺរ៉ុប​​ យល់ឃើញថា ឧស្សាហកម្មដំណាំដូងប្រេងនេះ បាន​បំផ្លាញព្រៃឈើធម្មជាតិរាប់ម៉ឺនហិកតា បំផ្លាញជំរក​សត្វ និងប្រព័ន្ធជីវចម្រុះ ហើយប្រការនេះ បានចូលរួមជំរុញការកើនឡើង នូវកំដៅផែនដី។ ឧស្សាហកម្មដំណាំដូងប្រេង ក៏បាន​បង្កើតឲ្យមាន​ជម្លោះដីធ្លី ភាពតានតឹងក្នុងសង្គម និងជាពិសេសដល់ជីវភាព​របស់ប្រជាជន​ម្ចាស់ស្រុក ដែលរស់រំពឹងលើ​ផលិត​ផលរបស់ព្រៃឈើធម្មជាតិ។

គួរកត់សម្គាល់ថា ឧស្សាហកម្មដូងប្រេង គឺជាវិស័យផលិតវត្ថុធាតុដើមយុទ្ធសាស្ត្រ មិនថាសម្រាប់ ម៉ាឡេស៊ី ឬ ឥណ្ឌូណេស៊ី។ ប្រទេសទាំង២នេះ បាន​ផលិតនឹងនាំចេញផលិតផល​​ប្រេងដូង ប្រមាណ​ជា​៨៥% នៃតម្រូវ​ការសរុបទូទាំងសកលលោក។ ជាមួយ​នឹង​របាយការណ៍លើកឡើង ពី​ផលប៉ះពាល់ នៃឧស្សាហកម្ម​នេះ ការនាំចេញដូងប្រេង​របស់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានចុះថយចំនួន​១៥% កាលពីឆ្នាំ​២០១៨។

កាលពីខែមីនាកន្លងទៅ លោក ម៉ាហាធា ម៉ូហាម៉េដ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយ​តវ៉ា ចំពោះ​ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដោយលើកឡើងថា បញ្ហានេះ នឹងបង្កឲ្យមានជម្លោះពាណិជ្ជកម្ម​។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថែមទាំងបានគំរាមថា ម៉ាឡេស៊ី នឹងឈប់ទិញយន្តហោះចម្បាំងរបស់បារាំង ហើយងាកទៅទិញយន្តហោះចម្បាំងរបស់ចិនវិញ។

ដូចគ្នាដែរ កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានអះអាងថា លោកនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីតតាំងជាមួយសហភាពអឺរ៉ុប ដែលបានសម្រេចដោយអយុត្តិធម៌ មកលើផលិតផលប្រេងដូង។ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី លើកឡើងថា ឧស្សាហកម្មដំណាំដូងប្រេង បានជួយស្រោចស្រង់ជីវភាពប្រជាជនក្រីក្រឥណ្ឌូណេស៊ី ហើយមនុស្ស​១៦លាននាក់ ដែលរស់រំពឹងលើវិស័យនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ