អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ណាជីព រ៉ាហ្សាក់៖ ​ពីនាយករដ្ឋមន្រ្តី​ ក្លាយ​ជា​ជនជាប់ចោទពុក​រលួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកណាជីព រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានកាន់តំណែងអស់រយៈពេល៩ឆ្នាំ ពេល​នេះកំពុង​ជាប់សង្ស័យ ពីបទប្រព្រឹត្តិអំពើពុករលួយ ដ៏ធំមហាសាល។ កាលពីថ្ងៃអង្គារទី៣ កក្កដា លោកណាជីប រ៉ាហ្សាក់ ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ី ចាប់ឃាត់ខ្លួន ដើម្បី​ផ្តើម​នីតិវិធីសួរ​ចំលើយ​។ លោកណាជីព រ៉ាហ្សាក់ កំពុងស្ថិតនៅចំ​ចំណុចស្នូលនៃរឿងអាស្រូវពុករលួយនេះ ដែលបើ​តាមការសន្និដ្ឋាន​របស់ក្រសួងយុត្តិធម៌អាមេរិក គឺមានទឹកប្រាក់​ប្រមាណ​ជា​៤៥០០លានដុល្លារ​អាមេរិក។ រឿងអស្រូវពុករលួយ បង្វិលលុយរដ្ឋនេះ គឺជាមូលហេតុសំខាន់ ដែលទាញលោក ណាជីព រ៉ាហ្សាក់ ឲ្យចាញ់ឆ្នោតកាលពីពេលថ្មីៗនេះ។

លោក Najip Razak អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។
លោក Najip Razak អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។ REUTERS/Athit Perawongmetha/File Photo
ផ្សាយពាណិជ្ជកម្ម

លោកណាជីព រ៉ាហ្សាក់ ឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០៩។ គ្មានប្រជាជនម៉ាឡេស៊ី​ណាម្នាក់ នឹកស្មានថា ថ្ងៃនេះលោកណាជីព​ រ៉ាហ្សាក់ ត្រូវជាប់ចោទពីបទប្រព្រឹត្តិ​អំពើពុករលួយទេ។ វាមិនមែន​ជារឿងរ៉ាវ​ពុករលួយបន្តិចបន្តួចនោះទេ តែជារឿងអាស្រូវ​ដ៏ធំមហិមា ជាប់ទាក់ទងនិងអ្នកជំនួញធំៗ ធនគារ ថែមទាំងក្រុមហ៊ុនផលិតភាពយន្តហូលីវូដទៀតផង។ អាជ្ញាធរម៉ាឡេស៊ី អាជ្ញាធរសឹង្ហបុរី ស្វីស និងអាមេរិក កំពុងតែ​បើក​ការ​ស៊ើបអង្កេត​ដាច់ដោយឡែកពីគ្នា ទាក់ទឹងនឹងបក្សពួក របស់លោកណាជីព រ៉ាហ្សាក់។

1MDB មូលនិធីវិនិយោគក្លែងក្លាយ

អ្វីៗបានចាប់ផ្តើម ជាមួយនឹងមូលនិធិ 1MDB (1Malaysia Development Berhad) ដែលលោកណាជីព រ៉ាហ្សាក់ បានបង្កើតឡើង នៅឆ្នាំ២០០៩។1MDB គឺជាមូលនិធិ​វិនិយោគ​សាធារណៈ ដែលរដ្ឋាភិបាលលោកណាជីព រ៉ាហ្សាក់ កាលជំនាន់នោះ បានចាត់ទុកជាអទិភាព ក្នុងការពង្រឹងសេដ្ឋកិច្ចម៉ាឡេស៊ី។ ក្នុងឆ្នាំដំបូង​នោះ មូលនិធីនេះ បានប្រមូលប្រាក់​ចំនួន​១ពាន់លានដុល្លារអាមេរិក ដែលបានមកពីក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតមួយ  ដើម្បី​វិនិយោគក្នុងវិស័យប្រេងកាត។ បន្ទាប់មកទៀតនៅឆ្នាំ២០១៣ ដោយមានអន្តរាគមន៍​ពីធនាគារ Goldman Sachs មូលនិធិ1MDB នេះបានប្រមូលប្រាក់បាន​ លើក​ទី១ ១៤០០លានដុល្លារ​ និងលើកទី២ ១២០០លានដុល្លារ។

ក៏ប៉ុន្តែ ប្រាក់របស់មូលនិធិនេះ ត្រូវបានគេបញ្ជូនចេញ ទៅកាន់គណនីធនាគារមនុស្សសំខាន់ជាច្រើននាក់ នៅម៉ាឡេស៊ី ដែលក្នុងនោះគឺមានរូបលោក ណាជីប រ៉ាហ្សាក់ផងដែរ។ ប្រាក់ប្រមាណជា៦៨១លានដុល្លារអាមេរិក ត្រូវបានគេរកឃើញនៅក្នុងគណនីផ្ទាល់​ខ្លួន​របស់លោកណាជីព រ៉ាហ្សាក់។ ណាជីព រ៉ាហ្សាក់ តែងតែប្រកែកជានិច្ច ថាប្រាក់នេះ គឺជាអំណោយរាប់អានគ្នា របស់គ្រួសារស្តេចអារ៉ាប៊ីសាអូឌីត។

អ្នកដែលនៅពីក្រោយ ការរៀបចំបង្វិលសាច់ប្រាក់ទាំងនេះ គឺអ្នកជំនួញម៉ាឡេស៊ីម្នាក់ឈ្មោះ Low Toek Jho ឬដែលគេនិយមហៅថា Jho Low ។ ជនឈ្មោះJho Low នេះ ជាមនុស្សស្និទនឹងលោកណាជីពរ៉ាហ្សាក់ ហើយដែលបានផ្តួចផ្តើមគំនិត ឲ្យបង្កើតមូលនិធី ​1MDB នេះឡើង ប៉ុន្តែពុំមានមុខតំណែងអ្វីជាផ្លូវការទេ នៅក្នុងមូលនិធីនេះ។

៦៨១លានដុល្លារក្នុងគណនីលោកណាជីព រ៉ាហ្សាក់

រឿងអាស្រូវបានផ្ទុះឡើង នៅឆ្នាំ២០១៤ ក្រោយពេលដែលប្រាក់ក្នុងមូលនិធីនេះ បានបាត់ដល់ទៅជាង១ម៉ឺនលានដុល្លារ។ មតិសាធារណៈម៉ាឡេស៊ី ចាប់ផ្តើមងឿងឆ្ងល់ ចោទសួរថា ថាប្រាក់ទាំងនោះ ដុះស្លាបហោះទៅណាខ្លះ។ ខែកក្កដា ឆ្នាំ២០១៥ កាសែត The Wall Street Journal បានចុះផ្សាយ​ឯកសារសំងាត់មួយ ដែលបង្ហាញថា ប្រាក់ប្រមាណជា៦៨០លានដុល្លារ បានហោះចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួន របស់លោកណាជីព រ៉ាហ្សាក់។

សមត្ថកិច្ចទទួលបន្ទុកបទល្មើសហិរញ្ញវត្ថុ របស់អាមេរិក និងសឹង្ហបុរី បានចាប់ផ្តើមចាប់អារម្មណ៍ តាមដានទៅលើមនុស្សមួយចំនួនដែលស្និទនឹងមូលនិធិ របស់លោកណាជីព រ៉ាហ្សាក់។ ក្នុងនោះគឺមាន មហាសេដ្ឋីឈ្មោះ Jho Low នេះ រួមទាំងលោក Riza Azi កូនប្រសារសំណព្វរបស់លោកណាជីព រ៉ាហ្សាក់ផ្ទាល់តែម្តង។ ការស៊ើបអង្កេត បានឈានទៅតាមដានដឹងអំពី បណ្តុំទឹកប្រាក់ ប្រមាណ១៧០០លានដុល្លារ ដែលផ្ទេរចេញពីមូលនិធី1MDB ដើម្បីយកទៅទិញ អចលនទ្រព្យថ្លៃៗ នៅទីក្រុងញូយ៉ក និងនៅហូលីវូដជាដើម។

មហាសេដ្ឋីឈ្មោះ Jho Low ត្រូវគេសង្ស័យថាបានបង្វិលប្រាក់ទៅទិញផ្ទះនៅតំបន់ម៉ាន់ហាតាន់ ក្រុងញូយ៉ក ក្នុងទឹកប្រាក់៤០លានដុល្លារ ផ្ទះនៅហូលីវូដ ក្នុងតំលៃ​១០០​លាន​ដុល្លារ និងកប៉ាល់ទំនើប ដែលមានតំលៃ២៥០លានដុល្លារ។ មហាសេដ្ឋីម៉ាឡេរូបនេះ ត្រូវបានគេឃើញ រៀបចំពិធីជប់លៀងដ៏សំបើមអស្ចារ្យជាញឹកញាប់ ជាមួយតារាស្រីហូលីវូដ ជាច្រើននាក់។ កប៉ាក់ទំនើបតម្លៃ២៥០លានដុល្លារ របស់មហាសេដ្ឋីនេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ឃាត់ទុកនៅកោះបាលី ដោយមានការស្នើសុំពីអាជ្ញាធរអាមេរិក។

ចំណែកកូនប្រសារប្រុស របស់លោកណាជីព រ៉ាហ្សាក់ បានយកប្រាក់ទៅបង្កើតក្រុមផលិត​ភាពយន្តមួយ នៅហូលីវូដ ឈ្មោះ Red Granite។ ក្រោយផ្ទុះរឿងអាស្រូវនេះ មូលនិធី​របស់តារាហូលីវូដ Leonardo DiCaprio ដែលបានទទួលជំនួយហិរញ្ញវត្ថុ ក្នុងការផលិតភាពយន្ត បានសុខចិត្តប្រគល់វត្ថុសិល្បៈ ផ្ទាំងគំនូរ រូបចំលាក់ ដែលគិតជាទឹកប្រាក់ប្រមាណជាង៣លានដុល្លារ ទៅឲ្យអាជ្ញាធរអាមេរិក។ កូនប្រសារលោកណាជីព រ៉ាហ្សាក់ ក៏ត្រូវគេសង្ស័យ ថាយកប្រាក់បង្វិលរាប់រយលាន ចេញពីមូលនិធី 1MDB ទៅទិញអចលនទ្រព្យ​នៅ​ញូយ៉ក នៅBaverly Hills និងនៅទីក្រុងឡុងដ៍ជាដើម។

ព្រះរាជអាជ្ញារង ទទួលបន្ទុកអំពើពុករលួយ ត្រូវគេសំលាប់

ក្រោយផ្ទុះរឿងអាស្រូវទាំងនេះ នៅឆ្នាំ២០១៥ លោកណាជីព រ៉ាហ្សាក់ បានព្យាយាមធ្វើគ្រប់មធ្យោបាយ ដើម្បីបិទខ្ទប់រឿងនេះ។ គឺនៅក្នុងឆ្នាំ២០១៥នេះហើយ ដែលលោក ព្រះរាជអាជ្ញារងម៉ាឡេស៊ី ទទួលបន្ទុកអំពើពុករលួយ ឈ្មោះ Kevin Morais  ត្រូវបានគេប្រទះឃើញស្លាប់ ដោយគេយកសពទៅទុកក្នុងធុងសាំង ហើយចាក់ស៊ីម៉ង់ត៍បំពេញ នៅជាយក្រុងកូឡាឡំពួរ។

លោក Charles Morais ប្អូនប្រុសរបស់លោកព្រះរាជអាជ្ញារងនេះ បានអះអាងថា វាពិតណាស់ ដែលការស្លាប់របស់លោក Kevin Morais មានជាប់ព័ន្ធនឹងរឿងអាស្រូវពុករលួយ របស់លោកណាជីព រ៉ាហ្សាក់។ ប្អូនប្រុសរបស់លោកKevin Morais បានអះអាងថា គឺបងប្រុសលោក ដែលបានចាប់ផ្តើមស៊ើបអង្កេតរឿងនេះ ហើយបានប្រទះឃើញឯកសារ​សំងាត់​ធនាគារ​ជាច្រើន។ ក្រោយមកទៀត ដោយមិនអាចធ្វើអ្វីបាន លោកKevin Morais  បានសម្រេចចិត្តទម្លាយឯកសារទាំងនោះ ឲ្យបែកធ្លាយ ហើយចុះផ្សាយដោយកាសែត The Wall Street Journal

គឺជាមួយនឹងការត្រលប់មកចូលឆាកនយោបាយ របស់លោក ម៉ាហាធា ម៉ូហាម៉េដ ដែលការស៊ើបអង្កេតរឿងរ៉ាងពុករលួយ របស់បក្សពួកលោកណាជីព រ៉ាហ្សាក់នេះ បាន​បើក​ចំហរ និងមានសន្ទុះខ្លាំង។ លោកម៉ាហាធា ម៉ូហាម៉េដ បានប្រកាសថា អ្វីដែលជំរុញឲ្យគាត់​មក​ធ្វើ​នយោបាយវិញ គឺគាត់ចង់ចាប់ជនទុច្ចរិតដែលលួចលុយជាតិ បញ្ចូលគុក ហើយយកប្រាក់ទាំងនោះមកប្រគល់ជូនរដ្ឋវិញឲ្យបាន។

លុយសុទ្ធ និងគ្រឿងអលង្ការសរុប២៧០លានដុល្លារ នៅក្នុងផ្ទះណាជីព រ៉ាហ្សាក់

ដូចការសន្យា មួយសប្តាហ៍ក្រោយលោកម៉ាហាធា ម៉ូហាម៉េដ ជាប់ឆ្នោត គឺនៅថ្ងៃទី​១៧ឧសភា សមត្ថកិច្ចនគរបាលម៉ាឡេស៊ី បានចុះទៅឆែកឆេរ ដល់គេហដ្ឋានរបស់​លោក​ណាជីព រ៉ាហ្សាក់។ សមត្ថកិច្ចម៉ាឡេស៊ី បានរិបអូស​បាន ទ្រព្យសម្បតិ្ត និងសម្ភារៈមានតម្លៃ ​បើគិតជាទឹកប្រាក់ប្រមាណជា២៧០លានដុល្លារ។ ក្នុងនោះ មានក្រដាសប្រាក់សុទ្ធចំនួន ​១១៦លានរីងគីត ដែលស្មើនឹង២៨លានដុល្លារ។

ក្រៅ​ពី​ក្រដាសប្រាក់ នគរបាលបានរកឃើញ អល្លង្ការមានតំលៃមហាសាល ចំនួន​១២០០០​គ្រឿង។ ក្នុងនោះមានដូចជាខ្សែក ១៤០០ខ្សែ ចិញ្ចៀន២២០០វង់។ ក្នុងចំណោម​អល្លង្ការ ដែលថ្លៃបំផុត មានដូចជាខ្សែក មួយខ្សែដែលតាមការស្មាន អាចមានតំលៃ​ប្រហែល ជា១លាន៥សែនដុល្លារ។ បន្ថែមពីនេះ នៅមាននាឡិកាម៉ាកល្បីចំនួន​៤២៣គ្រឿង មានតំលៃសរុបប្រហែល២០លានដុល្លារ វែនតាថ្លៃៗចំនួន២៣៤ ព្រមទាំងកាបូបម៉ាកល្បីៗគ្រប់ធន រាប់រយសម្រាប់ទៀត។

តុលាការម៉ាឡេស៊ី បានចេញដីកា ហាមឃាត់មិនឲ្យលោកណាជីព រ៉ាហ្សាក់ ព្រមទាំងភរិយា ចាកចេញពីប្រទេសទេ ដើម្បីរងចាំនីតិវិធីបន្ទាប់។ តាមការសន្និដ្ឋាន ប្តីប្រពន្ធទាំង២រូបនេះ អាចប្រឈមមុខ នឹងទោសជាប់ពន្ធនាគារ ពីបទប្រព្រឹត្តិអំពើពុករលួយ កិបកេងបង្វិលប្រាក់រដ្ឋ និងបំពានអំណាច។ ក្រសួងយុត្តិធម៌អាមេរិក បានចាត់ទុករឿងរ៉ាងនេះ គឺជារឿងរ៉ាវពុករលួយប្រព្រឹត្តិដោយ​មេដឹកនាំរដ្ឋ ដែលធ្ងន់ធ្ងរជាងគេបំផុត។

ជាមួយនឹងជោគជ័យ ក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី១០ឧសភា របស់ក្រុមបក្សប្រឆាំងម៉ាឡេស៊ី ដែលនៅពីក្រោយបេក្ខភាពលោក ម៉ាហាធា ​ម៉ូហាម៉េដ ព្រមទាំងការ​ឈានទៅ​បើកការស៊ើបអង្កេត លើរូបអតីតនាយករដ្ឋមន្ត្រីណាជីព រ៉ាហ្សាក់នេះ ប្រទេស​ម៉ាឡេស៊ី បានបង្ហាញគំរូប្រជាធិបតេយ្យមួយដ៏ល្អ ជូនដល់ប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ