អានតួអត្ថបទ
ចិន-ម៉ាឡេស៊ី

ម៉ាឡេស៊ី​ទិញនាវា​ល្បាត​សមុទ្រ អាច​ផ្ទុក​គ្រាប់​មីស៊ីល​ពី​ចិន​៤គ្រឿង

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​លោក​ណាជីប រ៉ាហ្សាក់ ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នោះ ​ទើប​បាន​ចុះ​ហត្ថលេខា​ទិញ​នាវា​ល្បាត​សមុទ្រ​ ចំនួន​៤គ្រឿង ​របស់ចិន​ ដែល​នាវា​នោះ​អាច​បំពាក់​គ្រាប់​មីស៊ីល​ផងដែរ។ ​នេះ​ជា​លើក​ទីមួយ​ហើយ​ដែល ​ម៉ាឡេស៊ី​ ប្រទេស​សម្ព័ន្ធមិត្ត​ស្និតស្នាល​របស់​អាមេរិក​និង​អង់គ្លេស ​បែរ​ជា​ទៅ​ទិញ​សម្ភារៈ​យោធា​ពី​ចិន​ទៅវិញ។ អ្នក​វិភាគ​ជា​ច្រើន​យល់​ថា ​ របត់​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ដែល​ងាក​ទៅ​រក​ចិន​នេះ គឺ​ដោយសារ​ម៉ាឡេស៊ី ​យល់​ប្រយោជន៍​ដែល​បាន​មក​ពីចិន ​ហើយ​ដែល​ជា​ប្រយោជន៍​ដែល​អាមេរិក ​មិន​អាច​ផ្តល់​ឲ្យ​បាន។

លោកណាជីប រ៉ាហ្សាក់ (ខាងឆ្វេង) និង​លោក​លី កឺឈាំង នៅ​​ទីក្រុង​​ប៉េកាំង
លោកណាជីប រ៉ាហ្សាក់ (ខាងឆ្វេង) និង​លោក​លី កឺឈាំង នៅ​​ទីក្រុង​​ប៉េកាំង REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ដោយ​មិនបាន​ប្រាប់​ពី​តំលៃ ​ លោក​ណាជីប រ៉ាហ្សាក់ ​បាន​ប្រកាស​នៅ​ទីក្រុង​ប៉េកាំង​ថា ​ម៉ាឡេស៊ី​ទើប​បាន​ចុះ​ហត្ថលេខា​ទិញ​នាវា​ល្បាត​សមុទ្រ​៤គ្រឿង​ពី​ចិន។ កិច្ចសន្យា​ទិញ​នេះ ​ គឺ​មាន​ភ្ជាប់​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​យោធា ​រវាង​ចិន​ និង​ម៉ាឡេស៊ី។ នាវា​ពីរ​គ្រឿង​ដំបូង​ នឹង​ត្រូវ​ផលិត​នៅ​ចិន ​ ហើយ​បន្ទាប់​មក​ពីរ​គ្រឿង​ទៀត ​ ត្រូវ​យក​ទៅ​ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី។ លោក​ណាជីប រ៉ាហ្សាក់ ​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ​នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ ​ដែល​បាន​ចង​ចំណង​មេត្រី​ រវាង​ម៉ាឡេស៊ី ​និង​ចិន ​ក្នុង​វិស័យ​ការពារ​ជាតិ។

 
ជា​ប្រវត្តិសាស្ត្រ​មែនហើយ​ ព្រោះថា​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ​ ដែល​ម៉ាឡេស៊ី ​បាន​ទិញ​សម្ភារៈ​យោធា​ពីចិន។ ជា​ប្រវត្តិសាស្ត្រ​មួយទៀត ​ គឺ​ថា​ម៉ាឡេស៊ី​ធ្លាប់​ស្ថិត​ក្រោម​អនានិគម​អង់គ្លេស ​ហើយ​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លិច​របស់​សហរដ្ឋ​អាមេរិក។ ការ​កាច់​ចង្កូត​បែរ​ទៅ​រក​ប៉េកាំង​ក្នុង​ពេល​នេះ ​ត្រូវ​បាន​អ្នក​វិភាគ​ជាច្រើន ​យល់​អំពី​ចេតនា​របស់​លោក​ណាជីព រ៉ាហ្សាក់ ​ដែល​ចង់​ដោះដៃ​ចោល​អាមេរិក​ ដោយសារ​តែ​ចិន​បាន​ហុច​ប្រយោជន៍​ឲ្យ​ខ្លួន​បាន​ច្រើន​ជាង ​ មិន​ថា​ប្រយោជន៍​សម្រាប់​ម៉ាឡេស៊ី ​ ​រឺប្រយោជន៍​ផ្ទាល់ខ្លួន​ សម្រាប់​លោក​ណាជីប រ៉ាហ្សាក់​ផ្ទាល់។

ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ​China Daily ​លោក​ណាជីប រ៉ាហ្សាក់ ​បាន​បញ្ជាក់​ថា ​ ប្រទេស​លោក​ជា​ប្រទេស​ធ្លាប់​នៅ​ក្រោម​អនានិគម​អង់គ្លេស​មែនពិត ​តែ​មិនមែន​មាន​ន័យ​ថា​ប្រទេស​លោក​ត្រូវតែ​ស្តាប់​បង្គាប់ ​រឺ​សួរ​យោបល់ពី​ប្រទេស​អតីត​ចៅហ្វាយ​ខ្លួន​នោះ​ទេ។ ទាក់ទិន​ទៅនឹង​បញ្ហា​ជម្លោះ​រវាង​ចិន ​និង​ម៉ាឡេស៊ី ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ឆ្លើយ​ថា ​រឿង​ជម្លោះ​នេះ​ជា​រឿង​ផ្សេង ​ដែល​យើង​ត្រូវ​ការ​ដោះស្រាយ​ តាម​ការ​និយាយ​ស្រុះស្រួល​គ្នា​តាម​សម្រួល ​ ក្នុង​ភាព​ស្ងប់​ស្ងាត់។

ដោយឡែក ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី ​បាន​ឆ្លើយ​ទៅ​កាន់​អ្នក​យកព័ត៌មាន​Bernama​ថា ​ការ​ដែល​ម៉ាឡេស៊ី​ទិញ​សម្ភារៈ​យោធា​ពី​ចិន ​ គឺ​វា​គ្មាន​ហេតុផល​អ្វីផ្សេង ​ក្រៅ​តែពី​ថា​ផលិតផល​ចិន​វា​មាន​តំលៃ​ថោក​សមរម្យ​នោះទេ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​Bernama ​ដដែល​បាន​ឲ្យ​ដឹង​ថា ​លោក​ណាជីប រ៉ាហ្សាក់ ​មាន​បំណង​ទិញ​សម្ភារៈ​យោធា​ពី​ចិន​បន្ថែម​ទៀត ​ ទៅ​ថ្ងៃ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ