អានតួអត្ថបទ
ម៉ាឡេស៊ី-កូរ៉េខាងជើង

ម៉ាឡេស៊ី ​បណ្តេញ​ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ខាងជើង ចេញ​ពី​ម៉ាឡេស៊ី

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ​បាន​ប្រកាស​ឲ្យដឹង ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី៤ ​មីនា​ ថា ​ម៉ាឡេស៊ី ​នឹង​ធ្វើការ​បណ្តេញ​ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េ​ខាងជើង​ ប្រចាំ​នៅ​ក្រុង​កូឡាឡំពួរ​ ចេញ​ពី​ម៉ាឡេស៊ី។ ការ​ប្រកាស​នេះ ​ត្រូវ​បាន​ធ្វើឡើង ​បន្ទាប់​ពី​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ បាន​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ នៅ​ក្រោយ​ការ​ធ្វើឃាត ​លើ​រូបលោក ​គីម ជុងណាំ ​បង​ប្រុស​ឪពុក​តែមួយ​ ម្តាយ​ទីទៃ ​របស់​មេដឹកនាំ​ផ្តាច់ការ ​គីម ជុងអ៊ុន ​ដែល​បាន​កើតឡើង ​នៅ​ព្រលាន​យន្តហោះ​កូឡាឡំពួរ។

ស្ថានទូតកូរ៉េខាងជើង នៅទីក្រុងកូឡាឡំពួរ
ស្ថានទូតកូរ៉េខាងជើង នៅទីក្រុងកូឡាឡំពួរ Reuters
ផ្សាយពាណិជ្ជកម្ម

“ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ ប្រចាំ​នៅ​ម៉ាឡេស៊ី ​ត្រូវ​បាន​ប្រកាស​ថា​ពុំ​មាន​ឋានន្តរសក្តិ​អ្វី​ទាំងអស់ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី”។ នេះ​គឺ​ ​ជា​សម្តី​ប្រកាស​ របស់​លោក ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី​ ៤​មីនា។ លោក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ ​បាន​បន្ត​ថា ​ម៉ាឡេស៊ី ​នឹង​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ ឲ្យ​ចាកចេញ​ពី​ម៉ាឡេស៊ី ​ព្រោះ​ម៉ាឡេស៊ី ​បាន​ស្នើ​សុំ​ឲ្យ​កូរ៉េ​ខាងជើង ​ធ្វើ​ការ​សុំទោស​ជា​ផ្លូវការ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​ របស់​ខ្លួន ​មក​លើ​ម៉ាឡេស៊ី ​តែ​កូរ៉េ​ខាង​ជើង​មិន​បាន​ធ្វើ។

 
លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ​ការ​សម្រេចចិត្ត​បណ្តេញ​ទូត​កូរ៉េ​ខាងជើង ​គឺ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​មាន​បំណង​អះអាង​ថា​ ម៉ាឡេស៊ី ​ជា​ប្រទេស​ស្អាតស្អំ ​ហើយ​ម៉ាឡេស៊ី ​មិន​ចង់​​ឲ្យ​ប្រទេស​ខ្លួន​ ត្រូវ​បាន​កូរ៉េ​ខាង​ជើង ​យកជា​ទី​កន្លែង​ដើម្បី​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​ខុស​ច្បាប់​នោះ​ទេ។

សូម​រំលឹក​ថា ​លោក​ គីម ជុងណាំ ​បង​ប្រុស​ឪពុក​តែមួយ ​ម្តាយ​ទីទៃ ​ជាមួយ​នឹង​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ព្រលាន​យន្តហោះ​ក្រុង​កូឡាឡំពួរ​ កាល​ពី​ថ្ងៃ​ទី​ ​១៣​ កុម្ភៈ។ សមត្ថកិច្ច​ម៉ាឡេស៊ី ​បាន​សន្និដ្ឋាន​យ៉ាង​ច្បាស់​ថា ​លោក​ គីម ជុងណាំ ​ត្រូវ​បាន​ស្រ្តី​ពីរនាក់ ​សម្លាប់​ ដោយ​ប្រើប្រាស់ ​សារធាតុ​ពុល​ម្យ៉ាង​ដ៏​សាហាវ​បំផុត ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អាវុធ​សម្លាប់​រង្គាល។

យ៉ាងណា​ក៏ដោយ ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ​បាន​ច្រាន​ចោល ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ម៉ាឡេស៊ី​ទាំងស្រុង។​ ក្រុង​ព្យុងយ៉ាង​បាន​អះអាង​ថា ​លោក​ គីម ជុងណាំ​ បាន​ស្លាប់​ដោយ​គាំង​បេះដូង ​តែ​ម៉ាឡេស៊ី ​បាន​ឃុបឃិត ​ជាមួយ​ប្រទេស​ពួក​ខ្មាំង​ផ្សេង​ទៀត ​ទំលាក់​កំហុស ​មក​លើ​រដ្ឋាភិបាល ​កូរ៉េ​ខាង​ជើង។

លោក​មេ​បញ្ជាការ​នគរបាល​ស៊ើប​អង្កេត​របស់​ម៉ាឡេស៊ី ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ​ទោះ​កូរ៉េ​ខាង​ជើង​ចង់​និយាយ​ថា​យ៉ាងម៉េច​ក៏បាន ​តែ​ការពិត​នៅ​តែ​ជា​ការ​ពិត។ លោក គីម ជុងណាំ ​ត្រូវ​បាន​ស្រ្តី​ពីរនាក់ ​សម្លាប់​ដោយ​សារធាតុ​ពុល ​ហើយ​រូបភាព​វីដេអូ ​ព្រម​ទាំង​កោសល្យវិច្ច័យ​របស់​អ្នក​ជំនាញ ​ប្រកប​ដោយ​សមត្ថភាព​ អាច​អះអាង​បាន​គ្រប់គ្រាន់។

សូម​បញ្ជាក់​ថា ​ក្រោយ​ឃាតកម្ម​នេះ ​ម៉ាឡេស៊ី ​និង​កូរ៉េ​ខាងជើង​ បាន​ឈ្លោះ​ប្រកែក​គ្នា​ តាម​ផ្លូវ​ការទូត​ យ៉ាង​ចំហរ។ កន្លង​មក​ ម៉ាឡេស៊ី ​គឺជា​ប្រទេស​មួយ​ដ៏​កម្រ ​ដែល​បាន​រក្សា​ទំនាក់ទំនង​ល្អ​ស្និទស្នាល​នឹង​កូរ៉េ​ខាងជើង​ ដោយ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេរភាគី ​ជាមួយ​កូរ៉េ​ខាង​ជើង​ អនុញ្ញាតិ​ឲ្យ​ប្រជាជន​ទាំង​សងខាង​ អាច​ធ្វើ​ដំណើរ​ចេញចូល ​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ។ ប៉ុន្តែ​ក្រោយ​ហេតុការណ៍​ឃាតកម្ម​នេះ ​ម៉ាឡេស៊ី ​បាន​ប្រកាស​លប់​ចោល​កិច្ច​ព្រមព្រាង​នេះ ​ចាប់​ពី​ថ្ងៃ​ចន្ទ​ ទី​៦ មីនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ