អានតួអត្ថបទ
ម៉ាឡេស៊ី

បោះឆ្នោត​សភា​ម៉ាឡេស៊ី៖ បក្ស​កាន់​អំណាច​អាច​នឹង​ឈ្នះ​ តែ​សម្លេងឆ្នោត​ ប្រាដក​ជា​ថយ​ចុះខ្លាំង

ប្រជាជនម៉ាឡេស៊ី បានទៅបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃពុធ ទី៩ ឧសភានេះ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ អ្វីដែលពិសេសនៅលើកនេះ គឺវត្តមានលោក ម៉ាហាធា ម៉ូហាម៉េដ អតីតនាយករដ្ឋមន្ត្រី ដែលមានវ័យ៩២ឆ្នាំហើយនោះ បានសម្រេចចិត្តហក់ចូលឆាកនយោបាយវិញ ដោយបានកសាងសម្ព័ន្ធភាពនយោបាយ ជាមួយក្រុមប្រឆាំង ប្រជែងជាមួយ លោកណាជីប រ៉ាហ្សាក់ តំណាងឲ្យបក្សរដ្ឋាភិបាលចំរុះបច្ចុប្បន្ន។ តែយ៉ាងណា បើតាមការវិភាគ គណបក្សលោក ណាជីប​ រ៉ាហ្សាក់ អាចនឹងឈ្នះសម្លេងភាគច្រើនក្នុងសភា បើទោះបីជាបក្សនេះ កំពុងប្រឈមនឹងការបាត់សម្លេងឆ្នោត ដ៏ច្រើនក៏ដោយ។

លោក Najib Razak ប្រធានបក្ស Barisan Nasional និង​ភរិយា Rosmah Mansor នៅថ្ងៃបោះឆ្នោត ក្រុង​Pekan ថ្ងៃទី​៩ ឧសភា ២០១៨
លោក Najib Razak ប្រធានបក្ស Barisan Nasional និង​ភរិយា Rosmah Mansor នៅថ្ងៃបោះឆ្នោត ក្រុង​Pekan ថ្ងៃទី​៩ ឧសភា ២០១៨ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

បើតាមការទាយទុក លទ្ធផលបោះឆ្នោតសភា នៅម៉ាឡេស៊ី ក្នុងថ្ងៃនេះ នឹងមានភាពប្រកៀកប្រកិតជាទីបំផុត ខណៈដែល គណបក្សកាន់អំណាចប​ច្ចុប្បន្ន កំពុងបាត់បង់ប្រជាប្រិយភាព រីឯគណបក្សប្រឆាំង បានឡើងសន្ទុះយ៉ាងខ្លាំង ដោយសារតែបេក្ខភាព របស់លោក ម៉ាហាធា ម៉ូហាម៉េដ អតីតនាយករដ្ឋមន្ត្រី ដ៏មាន ជាទីគោរពរបស់ប្រជាជនម៉ាឡេស៊ី។

គួរបញ្ជាក់ថានៅម៉ាឡេស៊ី គេត្រូវការសម្លេងភាគច្រើនសាមញ្ញ ៥០+១ តែប៉ុណ្ណោះ ដើម្បីអាចឈានទៅបង្កើតរដ្ឋាភិបាលបាន។ ប្រព័ន្ធបោះឆ្នោតម៉ាឡេស៊ី មានលក្ខណៈជាប្រព័ន្ធ​បែប​ឯកត្តនាម ដែលមានន័យថា ក្នុងមណ្ឌលមួយ អ្នកឈ្នះបានកៅអីសភា គឺមានតែ​ម្នាក់​ប៉ុណ្ណោះ។ មណ្ឌល់បោះឆ្នោត ទាំង២១៩ ចំនួនអាសនៈក្នុងសភា ក៏មាន​២១៩​ដែរ។ ការនេះ មានន័យថា គណបក្សមួយ អាចឈ្នះចំនួនកៅអីបានច្រើនក្នុងសភា តែបើរាប់សន្លឹកឆ្នោតទូទាំងប្រទេស អាចចាញ់បក្សផ្សេងក៏ថាបាន។

យ៉ាងណាមិញ យោងតាមការស្ទាបស្ទង់មតិ គណបក្សលោក ណាជីប​ រ៉ាហ្សាក់ អាចនឹងឈ្នះកៅអីក្នុងសភាភាគច្រើន តែបានសម្លេងឆ្នោតសរុបប្រមាណតែ៣៧%ប៉ុណ្ណោះ ​ខណៈដែលគណបក្សប្រឆាំង របស់លោក ម៉ាហាធា ម៉ូហាម៉េដ អាចបានសម្លេងឆ្នោតសរុបដល់ទៅជាង៤៣%។ សម្លេងសន្លឹកឆ្នោតសរុប របស់​បក្សលោក ណាជីប រ៉ាហ្សាក់ អាចនឹងចុះថយខ្លាំង ជាងកាលពីបោះឆ្នោតឆ្នាំ២០១៣ទៅទៀត។

ដោយឡែក អង្គការសង្គមស៊ីវីល ជាច្រើន​ បានលើកឡើងពីករណី និងចេតនា កេងបន្លំសន្លឹកឆ្នោត ពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ ករណីមិនប្រក្រតីមានដូចជា អ្នកបោះឆ្នោតរាប់លានអ្នក ដែលពុំមានចុះអាស័យដ្ឋានពិតប្រាកដ ក្នុងបញ្ជីឈ្មោះ ហើយអ្នកខ្លះស្លាប់បាត់ទៅហើយ ក៏មានឈ្មោះក្នុងបញ្ជី។ ករណីមិនប្រក្រតីទាំងនេះ គឺកើតឡើង ក្រោយពេលរដ្ឋាភិបាល បានរៀបចំកាត់កង ពុះចែកមណ្ឌលបោះឆ្នោតសារជាថ្មី កាលពីខែមីនាកន្លងទៅ។

គួររំលឹកថា លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ​ជាពិសេស ក្នុងចំណោមប្រជាជនដើមកំណើតម៉ាឡេ ដែលជាទំលាប់ តែងតែបោះឆ្នោតឲ្យបក្សលោក។ ការធ្លាក់ចុះប្រជាប្រិយភាពនេះ ក៏ដោយសារតែរឿងអាស្រូវ​ពុករលួយ ការបង្វិលប្រាក់ ផ្លូវងងេត ប្រមាណជា១០ពាន់លានដុល្លារ ដែលបានផ្ទុះឡើង​កាលពីឆ្នាំ២០១៥។ បច្ចុប្បន្នអាជ្ញាធរអាមេរិក ស្វីស និងសឹង្ហបុរី កំពុងស៊ើបអង្កេតលើមូលនិធិ 1MDB ដែលបង្កើតឡើងដោយលោក ណាជីប រ៉ាហ្សាក់។ អ្នកវិភាគខ្លះលើកឡើងថា បើទោះជាបក្សកាន់អំណាចអាចឈ្នះមែន តែដោយយោងលើលទ្ធផលសន្លឹកឆ្នោតសរុប ទូទាំងប្រទេសធ្លាក់ចុះខ្លាំងបែបនេះ នោះមានន័យថា បេក្ខភាពលោក​ណាជីប រ៉ាហ្សាក់ ជានាយករដ្ឋមន្ត្រី អាចត្រូវបក្សនេះ ពិចារណាឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ