អានតួអត្ថបទ
ម៉ាឡេស៊ី-បារាំង

ម៉ាឡាស៊ី កំពុង​ពិចារណា រឿង​ទិញ​យន្តហោះ​ចម្បាំង​បារាំង ​Rafale

លោក​ប្រធានាធិបតី​បារាំង ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ទៅ​ដល់​ម៉ាឡេស៊ី ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​មីនា​នេះ ​លោក​ប្រធានាធិបតី​បារាំង​ ត្រូវ​បាន​ទទួល​ដោយ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ណាជីប ​រ៉ាហ្សាក់។ ថ្នាក់​ដឹកនាំ​ទាំងពីរ ​បាន​ពិភាក្សាគ្នា​ ពី​ចំណង​សហប្រតិបត្តិការ ​ក្នុង​វិស័យ​ការពារជាតិ។ លោក​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​កំពុង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ ទាក់​ទិន​ទៅ​នឹង​ការ​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង ​Rafale​ របស់​បារាំង។

ប្រធានាធិបតីបារាំង ចាប់ដៃ​នឹង​​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​កូឡាឡំពួរ ថ្ងៃទី​​២៨​​មីនា​ ២០១៧
ប្រធានាធិបតីបារាំង ចាប់ដៃ​នឹង​​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​កូឡាឡំពួរ ថ្ងៃទី​​២៨​​មីនា​ ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ណាជីប រ៉ាហ្សាក់​ បាន​ប្រកាស​ក្រោយ​ពេល​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ថា ​ ម៉ាឡេស៊ី ​អាច​នឹង​ទិញ​យន្តហោះ​ចម្បាំង​ថ្មីៗ​ ម៉ាក​Rafale​ របស់​បារាំង ​តែ​ដោយ​មិន​បាន​បញ្ជាក់​ថា ​ចំនួន​ប៉ុន្មាន​គ្រឿង​ទេ។ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បន្ត​ថា ​ប៉ុន្តែ​សម្រាប់​ដំណាក់កាល​នេះ ​ ភាគី​ម៉ាឡេស៊ី ​មិន​ទាន់​អាច​សម្រេចចិត្ត​បាន​ទេ ​ព្រោះ​ត្រូវ​ពិចារណា ​ពី​តំលៃ ​ពី​របៀប​វារៈ​ ជុំវិញ​ការ​ប្រគល់​ទំនិញ ​និង​ការ​អនុវត្ត​នូវ​កិច្ចសន្យា។ តែ​យ៉ាងណា ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​មិន​បាន​ភ្លេច​លើក​អួតសរសើរ ​អំពី​គុណភាព ​និង​ភាព​ល្បីល្បាញ ​របស់​យន្តហោះ​Rafale ​បារាំង​ទេ។

 
លោក​ ហ្វ្រង់ស័រ ហូឡង់​ ប្រធានាធិបតី​បារាំង​ បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​បារាំង ​ចាំ​នៅ​ពីក្រោយ​ម៉ាឡេស៊ី ​ដើម្បី​ជួយ​ជ្រោមជ្រែង ​ការ​សម្រេច​ចិត្ត​របស់​ម៉ាឡេស៊ី។ លោក​ហូឡង់ ​បន្ថែម​ថា ​លោក​ជឿ​ថា​ម៉ាឡេស៊ី ​នឹង​ធ្វើការ​ជ្រើសរើស​យក​យន្តហោះ​Rafale​បារាំង​ ព្រោះវា​ជា​យន្តហោះ​ចម្បាំង ​ដែល​ផលិត​ឡើង​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​បំផុត​លើ​លោក។

អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​ទាំង​សងខាង​ ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ បាន​អញើញ​ទៅ​មើល​ ការហោះហើរ​បង្ហាញ​ខ្លួន ​របស់​យន្តហោះ​Rafale  ​នៅ​មូលដ្ឋាន​ទ័ព​អាកាស ​Subang  ​ខាង​លិច​ក្រុង​កូឡា​ឡំពួរ។

សូម​បញ្ជាក់​ថា ​វិស័យ​ការពារជាតិ​ បារាំង​និង​ម៉ាឡេស៊ី ​មាន​ចំណង​សហប្រតិបត្តិការ​នឹង​គ្នា ​ល្អ​គួរសម។ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បាន​រំលឹក​ថា ​ម៉ាឡេស៊ី ​ធ្លាប់​បាន​ទិញ​សម្ភារៈ​បរិក្ខា​កងទ័ព​ របស់​បារាំង​ជា​ច្រើន​រួច​មកហើយ។ ក្រៅពីនេះ​ ម៉ាឡេស៊ី ​ក៏​បាន​ទិញ​នាវា​មុជ​ទឹក​បាត​សមុទ្រ ​និង​យន្តហោះ​ដឹក​ជញ្ជូន​កងទ័ព​ A400M ​របស់​បារាំង​ដែរ។

យន្តហោះ​Rafale ​បារាំង​កំពុង​តែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ ឆ្នាំ​២០១៥ ​កាតា ​និង​អេហ្ស៊ីប ​បាន​កុម្មង់​ទិញ​ម្នាក់​ ២៤​គ្រឿង។ បន្ទាប់​មក​នៅខែ​កញ្ញា ​ឆ្នាំ​២០១៦ ​ឥណ្ឌា ​បាន​សម្រេច​ចិត្ត​ទិញ​ចំនួន​៣៦​គ្រឿង។ បើសិន​ជា​រដ្ឋាភិបាល​ម៉ាឡេស៊ី ​សម្រេច​ចិត្ត​ថា​នឹង​ទិញ​មែន ​ នោះ​ម៉ាឡេស៊ី ​នឹង​ក្លាយ​ជា​ប្រទេស​អាស៊ាន​ដំបូង​គេ​បង្អស់ ​ដែល​មាន​យន្តហោះ​ចម្បាំង​Rafaleបារាំង​ ប្រើប្រាស់​ក្នុង​កង​ទ័ព​អាកាស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ