អានតួអត្ថបទ
កូរ៉េខាងជើង-ម៉ាឡេស៊ី

មុននឹង​ចាកចេញ​ពី​ម៉ាឡេស៊ី លោក​ទូត​កូរ៉េ​ខាងជើង ឆ្លៀត​និយាយ​រិះគន់​ម៉ាឡេស៊ី​ទៀត

ក្នុង​សំណុំរឿង​វិបត្តិ​ការទូត​រវាង​កូរ៉េ​ខាងជើង ​និង​ម៉ាឡេស៊ី ​ក្រោយ​ហេតុការណ៍​ឃាតកម្ម​លោក​គីម​ជុងណាំ ​ បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ ចេញ​ពី​ទឹកដី​ខ្លួន។ កាល​ពីល្ងាច​ថ្ងៃ​ទី៦ ​មីនា​ម្សិលមិញ ​មុន​នឹង​ចាកចេញ​ពី​ទីក្រុង​កូឡាឡំពួរ ​ នៅ​ព្រលាន​យន្តហោះ ​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ បាន​ឆ្លៀត​និយាយ​រិះគន់​ម៉ាឡេស៊ី​ទៀត ​ថា​បាន​ដឹកនាំ​ការ​ស៊ើបអង្កេត ​លើសំណុំ​រឿង​ឃាតកម្ម​លោកគីម ជុងណាំ ​នេះ​​ដោយ​លំអៀង ​នឹង​មាន​បំណង​ទំលាក់​កំហុស​លើ​កូរ៉េ​ខាង​ជើង។

លោក កាង ឆុល អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំ​​នៅ​ម៉ាឡេស៊ី ដែល​ត្រុវ​​គេ​បណ្តេញចេញ
លោក កាង ឆុល អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំ​​នៅ​ម៉ាឡេស៊ី ដែល​ត្រុវ​​គេ​បណ្តេញចេញ REUTERS/Lai Seng Sin
ផ្សាយពាណិជ្ជកម្ម

មុននឹង​ឡើង​យន្តហោះ ​ចេញ​ពី​កូឡាឡំពួរ ​លោក​ កាង ឆុល​ ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ខាងជើង ​ បាន​ឆ្លៀត​និយាយ​បន្ថែម​ថា ​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​សន្និដ្ឋាន​ ក្នុង​សំណុំ​រឿង​ឃាតកម្ម​ លោក​គីម ជុងណាំ ​ដោយ​លំអៀង​បំផុត។

 
ក្នុង​នាម​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ​ លោក​ទូត​រូប​នេះ ​បាន​បដិសេធ​ លទ្ធផល​កោសល្យវិច្ច័យ ​និង​ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ​ដែល​លោក​បាន​ចោទ​ថា​ ​ធ្វើ​ដោយ​អត្តនោម័ត​តែ​ម្នាក់ឯង ​ គ្មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​របស់​កូរ៉េ​ខាង​ជើង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក​ទូត​កូរ៉េ​ខាងជើង ​បាន​ឆ្លៀត​រិះគន់​ថា ​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ធ្វើការ​ឃាត់ខ្លួន​ បុរស​ជនជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​ ដោយ​គ្មាន​ភស្តុតាង​ អ្វី​ទាំង​អស់។

ភ្លាមៗ​ ក្រោយ​លោក​ទូត​កូរ៉េ​ខាង​ជើង​ចេញ​ផុត​ពី​កូឡាឡំពួរ ​ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង ​បាន​ប្រកាស​ថា ​គេ​ក៏បាន​សម្រេច​ បណ្តេញ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ​ប្រចាំ​នៅ​ក្រុង​ព្យុងយ៉ាង​ដែរ។

សូម​បញ្ជាក់​ថា ​ម៉ាឡេស៊ី ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ និង​បុគ្គលិក​ទូត​ទាំងអស់ ​នៅក្រុង​ព្យុង​យ៉ាង ​ឲ្យ​ចូល​ស្រុក​វិញ​ តាំងតែ​ពី​ក្រោយ​ឃាតុកម្ម​ភ្លាម​ម្លេះ។ រដ្ឋាភិបាល​ម៉ាឡេស៊ី ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ​សុំទោស​ខ្លួន​ជា​សាធារណៈ ​ ចំពោះ​សម្តី​ដែល​ចោទ​ប្រកាន់​មក​លើ​សមត្ថកិច្ច​ម៉ាឡេស៊ី។

យោង​តាម​សមត្ថកិច្ច​ម៉ាឡេស៊ី ​លោក​ គីម ជុងណាំ ​បង​ប្រុស​ឪពុក​តែមួយ​ម្តាយ​ទីទៃ​ ជាមួយ​នឹង​លោក​ គីម ជុងអ៊ុន ​បាន​ស្លាប់​ប្រមាណ​តែ​២០​នាទី​ប៉ុណ្ណោះ ​ក្រោយ​ពេល​ដែល​ស្ត្រី​ពីរនាក់ ​បាន​យក​សារធាតុពុល​ទៅ​លាប​លើ​មុខ​ជន​រងគ្រោះ។ បច្ចុប្បន្ន​នេះ ​​ស្ត្រី​ពីរនាក់​ កំពុង​ជាប់​ឃុំឃាំង​ ម្នាក់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី ​និង​ម្នាក់​ទៀត​ជា​ជនជាតិ​វៀតណាម។ ស្ត្រី​ទាំងពីរ ​អាច​ប្រឈម​មុខ​នឹង​ទោស​ប្រហារ​ជីវិត។

ក្រុម​ស៊ើប​អង្កេត​ ម៉ាឡេស៊ី​ សន្និដ្ឋាន​ថា ​យ៉ាងហោច​ណាស់ ​មាន​មនុស្ស​ជនជាតិ​កូរ៉េ​ខាង​ជើង​៨នាក់​ ដែល​បាន​ចូល​រួម​រៀប​ចំ​ឃាតកម្ម​ដ៏​សាហាវ​នេះ ​នៅ​លើ​ទឹកដី​ម៉ាឡេស៊ី។ ក្នុង​នោះ​៤នាក់ ​បាន​រត់​គេច​ចេញ​ពី​ម៉ាឡេស៊ី​ហើយ ​ក្រោយ​ពេល​សម្រេច​ឃាតកម្ម​រួចរាល់។ អាជ្ញាធរ​ម៉ាឡេស៊ី ​ទើប​បាន​ដោះលែង​បុរស​ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់ ​ដោយសារ​តែ​ពុំមាន​ភស្តុតាង​ដាក់​បន្ទុក។

ដោយឡែក ​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ​ បាន​រាលដាល ​ទៅដល់​ការ​ប្រកួត​កីឡា​បាល់ទាត់ ​ជម្រុះ​ពាន​រង្វាន់​អាស៊ី។ រដ្ឋាភិបាល​ម៉ាឡេស៊ី​ទើប​បាន​សម្រេច​ហាមឃាត់ ​មិន​ឲ្យ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​ខ្លួន ​ទៅ​ជួប​ប្រកួត​ជាមួយ​នឹង​ក្រុម​ជំរើស​ជាតិ​កូរ៉េ​ខាងជើង ​នៅ​ក្រុង​ព្យុងយ៉ាង​ នៅថ្ងៃ​ទី ​២៨​ មីនា​ ខាងមុខ​នេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ