ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

យុវជនថៃ៦នាក់ ដែល​ដុត​ព្រះ​ឆាយាលក្ខណ៍​មហាក្សត្រ នឹង​មិនជាប់​ទោស​ពី​បទ​មើលងាយ​ព្រះ​ចេស្តា​ទេ

media  
ព្រះឆាយាលក្ខណ៍ ព្រះមហាក្សត្រថៃ AFP

យុ​វជនថៃ៦នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន កាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីពួកគេ បានដើរដុតរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រថៃ ជាច្រើនកន្លែងនោះ ទើបតែត្រូវបានតុលាការឧទ្ធរណ៍ថៃ សម្រេច មិនចោទប្រកាន់ ពីបទមើលងាយព្រះចេស្តាព្រះមហាក្សត្រទេ។ ប៉ុន្តែ តុលាការបានចោទប្រកាន់ យុវជន​ទាំង៦នាក់ ពីបទបំផ្លិចបំផ្លាញ​ ទ្រព្យសម្បត្តិ​សាធារណៈ។ យ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលប្រព័ន្ធយុត្តិធម៌ថៃ មានការអត់ឱនយ៉ាងចំលែក​ ទៅលើសកម្មភាព ដែលមានទ្រង់ទ្រាយ​​ ជាការមើលងាយដល់ស្ថាប័នព្រះមហាក្សត្រថៃ។

រឿងរ៉ាវសកម្មភាពដើរដុតព្រះឆាយាលក្ខណ៍មហាក្សត្រថៃ នៅក្នុងខេត្តខនគែន នៅរវាងចុងឆ្នាំ២០១៧។ យុវជន៦នាក់ អាយុចន្លោះពី១៨ ទៅ២០ឆ្នាំ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននិងដាក់ឃុំបណ្តោះអាសន្ន។ សវនាកាជំនំជំរះនៅតុលាការដំបូង បានប្រព្រឹត្តិធ្វើទៅ កាលពីខែមករា ដើមឆ្នាំ២០១៨ ដោយយុវជនទាំង៦នាក់ បានសារភាពពីសកម្មភាពរបស់ខ្លួន ហើយពួកគេ អាចប្រឈមមុខ នឹងទោសជាប់គុក១៥ឆ្នាំ ពីបទមើលងាយព្រះចេស្តានៃព្រះមហាក្សត្រ។

យុវជនទាំង៦នាក់ បានធ្វើការប្តឹងទាស់ នៅសាលាឧទ្ធរណ៍ថៃ។ ជាការគួរឲ្យភ្ញាល់ផ្អើល តុលាការឧទ្ធរណ៍ បានសម្រេចបោះបង់ចោល ការចោទប្រកាន់ពីបទមើលងាយព្រះចេស្តាព្រះមហាក្សត្រ។ តែបើយោងតាម ក្រុមមេធាវី Thai Lawyers for Human Rights ដែលជាអ្នកការពារក្តី ឲ្យយុវជនទាំង៦ បានឲ្យដឹងថា យុវជនទាំង៦នាក់ អាចប្រឈមមុខនឹងទោសជាប់ពន្ធនាគារពី ៣ទៅ​៩ឆ្នាំ ពីបទបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ​សាធារណៈ។

សូមរំលឹកថា យុវជនទាំង៦នាក់ ធ្លាប់បានសារភាព ថាខ្លួន ត្រូវបានមនុស្សម្នាក់ ជួលពួក​គេ ឲ្យដើរដុតរូបព្រះឆាយាលក្ខណ៍ របស់អតីតព្រះមហាក្សត្រ ដែលបានសោយ​ទីវង្គត់ និង​ឆាយាលក្ខណ៍​របស់ព្រះមហាក្សត្រថ្មី ដែលគេដាក់តាំងតាមទីសួនសាធារណៈ និងមុខ​ស្ថាប័ន​រដ្ឋនានា ក្នុងខេត្តខនគែន។

ការចាប់ខ្លួនមនុស្ស ដោយចោទពីបទមើលងាយស្ថាប័នព្រះមហាក្សត្រ តែងតែកើតមានជាញឹកញាប់។តែយ៉ាងណា គេសង្កេតឃើញថា ចាប់តាំងពីព្រះមហាក្សត្រថ្មីឡើងគ្រង​រាជ្យ ការចោទប្រកាន់មនុស្សដោយប្រើច្បាប់លេខ១១២នេះ ហាក់បានថយចុះ ខ្លាំងក្នុងឆ្នាំ​២០១៨​នេះ។ នេះបើតាមការបញ្ជក់ ពីលោកស្រី Pewanee Chumsri មេធាវីរបស់អង្គការ Thai Lawyers for Human Rights។ ជាក់ស្តែង កាលពីខែមករាដើមឆ្នាំ​២០១៨​នេះ សាស្ត្រាចារ្យប្រវត្តិសាស្ត្រថៃមួយរូប ដែលជាប់ចោទមើលងាយព្រះចេស្តាព្រះ​មហាក្សត្រ ត្រូវបានតុលាការដោះលែង បោះបង់ចោល ការចោទប្រកាន់នេះ។ លោកសាស្ត្រាចារ្យ​ប្រវត្តិសាស្ត្ររូបនោះ ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីគាត់ហ៊ាននិយាយ​វែកញែក​ ថាអាចជាការមិនពិតទាំងស្រុង​ នូវខ្លឹមសារប្រវត្តិសាស្ត្រ ស្តីពីមហាជោគជ័យនៃសង្រ្គាមទ័ពដំរី របស់ស្តេចថៃក្នុងសតវត្សទី១៦៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ