ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/03 12h00 GMT

រវាងឥណ្ឌា និង​ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត​ព្យាយាម​នៅ​កណ្តាល​ទាំង​លំបាក

រវាងឥណ្ឌា និង​ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត​ព្យាយាម​នៅ​កណ្តាល​ទាំង​លំបាក
 
ព្រះអង្គម្ចាស់រាជទាយាទ​អារ៉ាប៊ីសាអូឌីត ទទួលដោយ​លោក​ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា។ វិមាន Hyderabad ក្រុង New Delhi ថ្ងៃ២០​កុម្ភៈ​២០១៩​ REUTERS/Adnan Abidi

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប៉ាគីស្ថាន ព្រះអង្គម្ចាស់ អនាគតក្សត្រ​អារ៉ាប៊ីសាអូឌីត បានទៅដល់ឥណ្ឌា នៅយប់ថ្ងៃអង្គារ។ ជាដំណើរទស្សនកិច្ច ដើម្បី​រិតបន្តឹងចំណងសម្ព័ន្ធភាពសេដ្ឋកិច្ច ដែលអារ៉ាប៊ីសាអូឌីត កំពុងព្យាយាមស្វែងរកទីផ្សារថ្មី នៅប៉ាគីស្ថាន និងឥណ្ឌា។ តែយ៉ាងណា រវាងឥណ្ឌា​និងប៉ាគីស្ថាន ដែលជាគូសត្រូវនឹងគ្នានេះ អារ៉ាប៊ីសាអូឌីត ហាក់ដូចជាស្ថិតនៅចំចំណុចកណ្តាលមួយ ដ៏លំបាកបំផុត ព្រោះម្ខាងគឺ​ប៉ាគីស្ថាន ​ជាប្រទេសឥស្លាមដូចគ្នា ឯម្ខាងទៀត គឺឥណ្ឌា ដែលជាទីផ្សារ ដ៏ធំមហិមា​ សម្រាប់​អារ៉ាប៊ីសាអូឌីត។ ភាពច្រណែន ការប្រកួតប្រជែង និងជម្លោះដែនដី រវាងប៉ាគីស្ថាន និងឥណ្ឌានេះ ពិតជាអាចបង្កភាពហ្មង​សៅ ដល់មហិច្ឆិតា វិនិយោគ របស់អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេស​មហាអំណាច​​នុយក្លេអ៊ែរ​ទាំង​២នេះ។

ឥណ្ឌា៖ ទីផ្សារ ១៣០០លាននាក់

ជាមួយនឹងប្រជាជនជាង១៣០០លាននាក់ ឥណ្ឌាគឺជាទីផ្សារដ៏ធំ សម្រាប់អារ៉ាប៊ីសាអូឌីត​។ ជារៀងរាល់ឆ្នាំ ឥណ្ឌានាំចូលប្រេងពីអារ៉ាប៊ីសាអូឌីត ប្រមាណជា១៧% និងឧស្ម័នប្រមាណ​ជា​៣២% នៃតម្រូវការសរុប របស់ឥណ្ឌា។ ប្រជាជនឥណ្ឌា ប្រហែល​២លាន​៧សែន​នាក់ ដែលចេញទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត ហើយដែលនាំចំណូលមកឥណ្ឌាវិញ គិតជាទឹកប្រាក់ មិនតិចជាង១ម៉ឺន១ពាន់លានដុល្លារទេ ជារៀងរាល់ឆ្នាំ។ ដូច្នេះ ប្រទេស​ពីរនេះ ត្រូវការគ្នាទៅវិញទៅមកខ្លាំងគួរសម។

តាមការរំពឹងទុក ក្នុងដំណើរទស្សនកិច្ចនាពេលនេះ ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ និងលោកណារិន្ទ្រ ម៉ូឌី នឹងនិយាយគ្នា អំពីគម្រោងវិនិយោគធំៗ ក្នុងវិស័យថាមពល វិស័យកសិកម្ម និងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ។ គម្រោង Joint-Venture រវាងក្រុមហ៊ុនប្រេងជាតិ របសឮអារ៉ាប៊ីសាអូឌីត Aramco និងក្រុមហ៊ុនឥណ្ឌា ដើម្បីសាងសង់ទីតាំងចម្រាញ់ប្រេង ក៏គេសង្ឃឹមថានឹងអនុម័តក្នុងពេលនេះដែរ។

គំរោងវិនិយោគទាំងអស់នេះ បើសិនជាមានការចុះហត្ថលេខាក្នុងពេលនេះមែន គឺវាមានសារៈសំខាន់ណាស់ សម្រាប់លោកណារិន្ទ្រ ម៉ូឌី ព្រោះថាការបោះឆ្នោតសភាជិតមកដល់ហើយ ហើយលោកម៉ូឌី ត្រូវការចំណុចទាំងអស់នេះ ដើម្បីយកទៅឃោសនាអួត យកសម្លេងឆ្នោត។

២ម៉ឺនលានដុល្លារនៅប៉ាគីស្ថាន ១ពាន់លានដុល្លារនៅឥណ្ឌា

មុននឹងមកដល់ឥណ្ឌា ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ បានទៅប៉ាគីស្ថាន។ ទស្សនកិច្ចរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត នៅប៉ាគីស្ថាន និងឥណ្ឌានាពេលនេះ គឺ​វា​ជួន​ចំពេលដែល ប្រទេសទាំង២នេះ កំពុងគម្រោងប្រើកម្លាំងដាក់គ្នា នៅក្រោយហេតុការណ៍ភេរវកម្មនៅតំបន់កាស្មៀរ។ បើទោះបី វាជារឿងចៃដន្យទេ តែយ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើន បានលើកឡើងថា វាជាកំហុស ឬ កង្វះការប្រុងប្រយត្ន័មួយ របស់អារ៉ាប៊ីសាអូឌីត ដែលធ្វើទស្សនកិច្ច ជាប់គ្នា តពីប៉ាគីស្ថាន ហើយបានមកឥណ្ឌា។ តាមទំលាប់ ដើម្បីចៀសវាងការច្រណែនអន់ចិត្ត ប្រមុខដឹកនាំបរទេស កម្រធ្វើបែបនេះណាស់​ ព្រោះគេដឹងថា ឥណ្ឌានិងប៉ាគីស្ថាន មិនត្រូវគ្នាទេ។

ជាក់ស្តែង តាមប្រភពច្បាស់ការបានឲ្យដឹង ឥណ្ឌា បានសំណូមពរឲ្យព្រះអង្គម្ចាស់ បេនសាល់ម៉ាន់ ត្រូវត្រលប់ទៅអារ៉ាប៊ីសាអូឌីតសិន ហើយចាំជិះយន្តហោះពីនោះមកឥណ្ឌា ដើម្បីចៀស កុំចេញពីក្រុងអ៊ីស្លាម៉ាបាដ មកក្រុងញូដេលីដោយផ្ទាល់។ ធ្វើបែបនេះ ដើម្បីកុំឲ្យមតិអ្នកជាតិនិយមជ្រុល​ របស់ឥណ្ឌា​ មានការខឹងសម្បារ។ ហេតុដូច្នេះហើយ បានកាលល្ងាចថ្ងៃអង្គារ យន្តហោះរបស់ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ បានត្រលប់ទៅក្រុងរីយាដវិញសិន មុននឹងហោះមកកាន់ញូដេលី។

តែយ៉ាងណាក៏ដោយ វានៅតែមានមតិនិយាយលើកឡើង មិនសប្បាយចិត្ត ព្រោះថាព្រះអង្គម្ចាស់បេនសាល់ម៉ាន់ ទៅប៉ាគីស្ថាន បានចុះហត្ថលេខាលើគំរោងធំៗ ក្នុងទឹកសរុបប្រមាណ​២ម៉ឺនលានដុល្លារ។​ ក្នុងនោះគឺមានគំរោងសាងសង់ រោងចក្រចម្រាញ់ប្រេង​កាត នៅកំពង់ផែ Gwadar ភាគខាងលិចប៉ាគីស្ថាន ដែលមានតម្លៃប្រមាណ១ម៉ឺនលានដុល្លារ។

ទោះបីជាគម្រោងមហាសាលទាំងនេះ មានតែលើក្រដាស តែវាបានបង្កឲ្យមានគំនិតច្រណែនខ្លះពីឥណ្ឌាទៅហើយ។ សម្រាប់ឥណ្ឌាវិញ ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ ប្រហែលជាអាចចុះហត្ថលេខា លើកិច្ចសន្យាតូចៗមួយ៥ ក្នុងវិស័យកសិកម្ម ទេសចរណ៍ ផ្នែកសំណង់ផ្លូវដែក និងផ្លូវថ្នល់។ កិច្ចសន្យាតូចទាំង៥ នេះ បើគិតជាទឹកប្រាក់សរុប មានប្រហែលតែ១ពាន់លានដុល្លារប៉ុណ្ណោះ។ អញ្ចឹង យើងឃើញថា ឥណ្ឌាបានផលតិចជាងប៉ាគីស្ថាន។

អព្យាក្រិត្យភាពបែបលំអៀង

តែយ៉ាងណា កាលពីនៅប៉ាគីស្ថាន ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ បានព្យាយាមធ្វើខ្លួន ឲ្យនៅកណ្តាល ហើយបានអំពាវនាវឲ្យឥណ្ឌា និងប៉ាគីស្ថាន ត្រូវដោះស្រាយគ្នា ដោយសន្តិវិធី ទាក់ទិននឹងបញ្ហាតំបន់កាស្មៀរ។ តើអាចទៅរួចទេ ដែល អារ៉ាប៊ីសាអូឌីត អាចនៅអព្យាក្រិត្យ រវាងឥណ្ឌា និងប៉ាគីស្ថាន?

ភាពអព្យាក្រិត្យនេះ វាជារឿងលំបាករក្សាណាស់។ ប៉ាគីស្ថាន គឺជាសម្ព័ន្ធមិត្តរបស់អាមេរិក និងអារ៉ាប៊ីសាអូឌីត ជាយូរមកហើយ។ ជាងនេះទៅទៀត ប៉ាគីស្ថាន ជាប្រទេសឥស្លាមស៊ូនីត ដូចអារ៉ាប៊ីសាអូឌីតដែរ។ ចង់មិនចង់ ប៉ាគីស្ថានមានប្រៀបជាងឥណ្ឌារួចទៅហើយ ក្នុងក្រសែរភ្នែកអារ៉ាប៊ីសាអូឌីត។

ទាក់ទិននឹងសំណុំរឿងតំបន់កាស្មៀរ ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ បាននិយាយបែបកណ្តាលថា ចង់ឲ្យឥណ្ឌានិងប៉ាគីស្ថាន ដោះស្រាយគ្នាដោយសន្តិវិធីក៏ដោយ តែទន្ទឹមនឹងនេះ ព្រះអង្គម្ចាស់រូបនេះ បានរិះគន់ឥណ្ឌា ទាក់ទិននឹងការដែលឥណ្ឌា ចង់ស្នើរទៅអង្គការសហប្រជាជាតិ ឲ្យដាក់ទណ្ឌកម្មលើក្រុម Jaish-e-Mohammed។ គឺក្រុមនេះហើយ ដែលជាអ្នកធ្វើភេរវកម្មនៅកាស្មៀរ កាលពីថ្ងៃ​ទី១៤កុម្ភៈ សម្លាប់ទាហានឥណ្ឌាជាង៤០នាក់។ ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ ចេញមុខរិះគន់ការទាមទាររបស់ឥណ្ឌានេះ សម្រាប់ឥណ្ឌាគឺអារ៉ាប៊ីសាអូឌីត កាន់ជើងក្រុមនេះ និងប៉ាគីស្ថានរួចទៅហើយ។

រវាងឥណ្ឌា និងប៉ាគីស្ថាន បើទោះប៉ាគីស្ថាន មានប្រជាជនតែជាង២០០លាននាក់ តិងជាងឆ្ងាយពីឥណ្ឌាក្តី តែអ្នកវិភាគភាគច្រើន យល់ឃើញថា អារ៉ាប៊ីសាអូឌីត ផ្តោតការយកចិត្តទុកដាក់លើប៉ាគីស្ថានជាងឥណ្ឌា។ កក្តាសាសនាជារឿងមួយ។ កត្តាមួយទៀត គឺអាចមកពីទីផ្សារនៅឥណ្ឌា​ មានលក្ខណៈចង្អៀត។ ឥណ្ឌាក៏បានចាប់ដៃជាមួយអ៊ីរ៉ង់ដែរ។ ក្រៅពីទិញប្រេងពីអ៊ីរ៉ង់ ឥណ្ឌាបានវិនិយោគធ្វើរោងចក្រចម្រាញ់ប្រេង នៅកំពង់ផែ Chabahar របស់អ៊ីរ៉ង់។

អារ៉ាប៊ីសាអូឌីត ស្អប់អ៊ីរ៉ង់ណាស់ ដូច្នេះ ការដែលឥណ្ឌារកស៊ីជាមួយអ៊ីរ៉ង់ ក៏អាចធ្វើឲ្យអារ៉ាប៊ីសាអូឌីត ស្អប់ឥណ្ឌាដែរ។ តែយ៉ាងណា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច អារ៉ាប៊ីសាអូឌីត មិនអាចបែរខ្នងដាក់ឥណ្ឌាទេ ទោះដឹងថាទីផ្សារឥណ្ឌាចង្អៀត ហើយ​មតិ​សាធារណៈ ក៏ដូចអ្នកនយោបាយជាតិនិយមឥណ្ឌាខ្លះ មិនសូវចង់រាប់រកអារ៉ាប៊ីសាអូឌីតក៏ដោយ។ ចង់រាប់អានជាមួយឥណ្ឌា ហើយចង់ស្និទជាមួយប៉ាគីស្ថានផងនោះ គឺមិនមែនជារឿងងាយធ្វើទេ សម្រាប់អារ៉ាប៊ីសាអូឌីត។ បើទោះម្នាក់ៗអះអាងថា សេដ្ឋកិច្ចជាធំក្តី តែបញ្ហាសាសនា មានឥទ្ធិពលខ្លាំងណាស់ នៅតាមប្រទេសទាំង៣នេះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    សេដ្ឋកិច្ច និង​ឥទ្ធិពល​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​មួយជុំ​តំបន់អាស៊ី​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន

    ស្វែងយល់បន្ថែម

  • ព្រះអង្គម្ចាស់​បេនសាល់ម៉ាន់ ទៅ​អាស៊ី​ដើម្បី​ពង្រឹង​សម្ព័ន្ធមិត្ត​សេដ្ឋកិច្ច និង​ការបរទេស

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    អារ៉ាប៊ីសាអូឌីតជួយប៉ាគីស្ថាន​ដើម្បី​បំពេញ​កម្មវត្ថុ​យុទ្ធសាស្ត្រ​ខ្លួនឯង ?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ