ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អាស៊ី

រុស្ស៊ី​ ច្រានចោល​សេចក្តី​ប្រកាស​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង របស់​អង្គការ​សហ​ប្រជាជាតិ

media ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ REUTERS/Shannon Stapleton

នៅ​មួយ​សប្តាហ៍​មុន​ការ​ប្រជុំ ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ ស្តីពី​បញ្ហា​កូរ៉េ​ខាង​ជើង ​ ស្រាប់តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ តំណាង​របស់​រដ្ឋាភិបាល​រុស្ស៊ី​ បាន​បដិសេធ​ ​មិន​ទទួល​យក​សេចក្តី​ប្រកាស​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង​ ដែល​សហរដ្ឋ​អាមេរិក​បាន​ស្នើ។ មន្ត្រី​ទូត​នានា​នៅ​អង្គការ​សហ​ប្រជាជាតិ ​ មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ​ ដោយ​ឃើញ​គោល​ជំហរ​បែប​នេះ ​របស់​រុស្ស៊ី ​ព្រោះ​សូម្បី​តែ​ចិន​​ ដែល​កន្លង​មក​ តែងតែ​ការពារ​កូរ៉េ​ខាងជើង​រហូត​នោះ ​ក៏​បាន​គាំទ្រ​សេចក្តី​ប្រកាស​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ​នៅ​លើក​នេះដែរ។

ជាមួយ​នឹង​ភាព​តានតឹង​កាន់តែ​ខ្លាំង ​នៅ​ក្រោយ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ ​បើ​ទោះ​បី​ជា​មិន​បាន​សម្រេច ​ក្រុម​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ​អង្គការ​សហប្រជាជាតិ​ មាន​គម្រោង​ជួប​ប្រជុំ​គ្នា ​នៅ​សប្តាហ៍​ក្រោយ ​ ដើម្បី​លើក​ដំណោះស្រាយ ​ពី​បញ្ហា​កូរ៉េ​ខាងជើង។ សហរដ្ឋ​អាមេរិក ​បាន​ដាក់​ស្នើរ​នូវ​សេចក្តី​ប្រកាស​ទណ្ឌកម្ម​មួយ ​ដោយ​ក្នុង​នោះ​មាន​ខ្លឹមសារ​ ចាប់​បង្ខំ​ឲ្យ​កូរ៉េ​ខាងជើង ​ ត្រូវតែ​បញ្ឈប់​រាល់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​និង​កាំជ្រួច​បាលីស្ទីក ​ចាប់​ពី​ពេល​នេះ​ទៅ ​ ពុំ​នោះ​ទេ​ គេនឹង​មាន​វិធានការ​តបវិញ​ឲ្យ​សម​ស្រប។

 
ក៏ប៉ុន្តែ​ រុស្ស៊ី​បាន​ច្រាន​ចោល ​មិន​ទទួល​យក​សំណើរ​របស់​សហរដ្ឋ​អាមេរិក។ មន្ត្រី​ទូត​នៃ​អង្គការ​សហ​ប្រជាជាតិ​មួយ​ចំនួន​ បាន​បញ្ជាក់​ថា​ រុស្ស៊ី​មិន​ពេញចិត្ត​នឹង​ខ្លឹមសារ ​នៃ​សេចក្តី​ប្រកាស​នេះ ​ ហើយ​ទាមទារ​ឲ្យដាក់​បញ្ជូល​នូវ​ខ្លឹមសារ​ខ្លះ ​ដែល​សំដៅ​ផ្តល់​អាទិភាព​ដល់​ការ​ចរចា​ដោយ​សន្តិវិធី ​ដូច​ដែល​ធ្លាប់​ធ្វើ​កន្លង​មក។
 
សូម​បញ្ជាក់​ថា ​ក្រុមប្រឹក្សា​សន្តិសុខ ​មាន​គម្រោង ​ចេញ​សេចក្តី​ប្រកាស​នេះ ​ ​ដែល​មាន​ខ្លឹមសារ​សម្តែង​ពី​ការ​ព្រួយ​បារម្ភ​ ពី​​អាកប្បកិរិយា ​កាន់តែ​ព្រហើន​កោង​កាច ​ ទប់​មិន​ឈ្នះ​របស់​ មេដឹកនាំ​កូរ៉េ​ខាង​ជើង ​គីម ជុងអ៊ុន។ ប៉ុន្តែ ​គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដែល​រុស្ស៊ី ​បដិសេធ​សេចក្តី​ប្រកាស​ទណ្ឌកម្ម​នេះ ​ ព្រោះ​សូម្បី​តែ​ចិន​​ ដែល​កន្លង​មក​ តែងតែ​ចេញ​មុខ​ការពារ​របប​ផ្តាច់ការ​ព្យុងយ៉ាង ​ក៏​បាន​គាំទ្រ​សេចក្តី​ប្រកាស​ទណ្ឌកម្ម​នេះ​ដែរ។ គេ​កំពុង​ចោទសួរ​ ថា​តើ​រស្ស៊ី​ចង់​ដើរ​តួ​របៀប​ណា ​ក្នុង​សំណុំ​រឿង​នេះ។
 
លោកស្រី​ Nikki Haley ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​អង្គការ​សហប្រជាជាតិ ​បាន​លើកឡើង​ថា ​​ វាជា​រឿង​ចាំបាច់ ​ដែល​របប​កូរ៉េ​ខាងជើង ​ត្រូវ​យល់​ថា ​គ្រប់​គ្នា ​គ្មាន​នរណា​ចង់​ឲ្យ​​មាន​ការ​ប្រឈមមុខ​ដាក់គ្នា ​តាម​រយៈ​ការ​ប្រើ​កំលាំង​ទល់​កំលាំង​ទេ ​ក៏​ប៉ុន្តែ ​កូរ៉េ​ខាងជើង ​ក៏​ត្រូវ​ដឹង​ថា ​គេ​នឹង​បង្ខំ​ចិត្ត ​ប្រើ​កំលាំង​ បើ​សិន​ជា​កូរ៉េ​ខាង​ជើង ​មិន​ទុក​ជំរើស​ឲ្យ​គេ​ទេ​នោះ។​ ដូច្នេះ ​អ្វីៗ ​​គឺវា​អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត ​របស់​កូរ៉េ​ខាង​ជើង។
 
ដោយឡែក ​ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​អំពាវនាវ ​សុំ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​ មាន​សហរដ្ឋ​អាមេរិក ​ រុស្ស៊ី ​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ លៃលក​ធ្វើ​យ៉ាងណា ​រក​ច្រកចេញ ​តាម​រយៈ​ការ​ចរចា​ស្រុះស្រួល​គ្នា​ គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឲ្យ​បាន។ វា​ជា​រឿង​ចាំបាច់​បំផុត ​ដែល​ត្រូវ​ទប់​កូរ៉េ​ខាង​ជើង​ មិន​ឲ្យ​យក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នេះ ​មក​ច្នៃ​ដើម្បី​ផលិត​អាវុធ​ប្រល័យ​លោក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ