ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

រ៉ូហ៊ីងយ៉ា៖ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ​ទៅ​រដ្ឋរ៉ាឃីន និង​​ជួប​លោកស្រី​អ៊ុងសាន ស៊ូជី

media  
លោក Jeremy Hunt រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​​ពេល​ទៅដល់​ព្រលាន​​​យន្តហោះ​​ក្នុង​​រដ្ឋ​រ៉ាឃីន ​ថ្ងៃទី២០កញ្ញា ២០១៨ Ye Aung Thu/Pool via REUTERS

លោក រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានទៅដល់ប្រទេសភូមា កាលពីថ្ងៃព្រហស្បតិ៍ ទី២០ កញ្ញា ​ដើម្បីជួបនិយាយជាមួយលោកស្រីអ៊ុងសាន ស៊ូជី ស្តីពីបញ្ហាវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។ លោករដ្ឋមន្ត្រី ក៏បានទៅដល់រដ្ឋរ៉ាឃីន ភាគខាងលិចភូមាដែរ ដើម្បីស្វែងយល់ពីស្ថានភាពនៅទីនោះ មុននឹងជំរុញរដ្ឋាភិបាលភូមា ឲ្យគិតគូរឲ្យបានឆាប់​ក្នុងការទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឲ្យត្រលប់មកក្នុងរដ្ឋរ៉ាឃីនវិញ។

លោក​ Jeremy Hunt រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស បានជួបជាមួយលោកស្រីអ៊ុងសាន ស៊ូជី នៅឯទីក្រុងណៃភីដាវ កាលពីថ្ងៃព្រហស្បតិ៍ទី ២០កញ្ញា។ ក្រោយជំនួបនេះ លោករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា កំឡុងពេលនេះ គឺជាកាលៈទេសៈសំខាន់បំផុត សម្រាប់ភូមា ព្រោះថាក្រសែរភ្នែកអន្តរជាតិគ្រាប់គ្នា នាំគ្នាសំឡឹងមកមើលភូមា ទាក់ទិននឹងវិបត្តិប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ លោកបន្ថែមថា ពិភពលោកកំពុងតាមដាន ចង់ដឹងថា ពេលណា រដ្ឋាភិបាលភូមា​ នឹងស្វែងរកយុត្តិធម៌ជូនប្រជាជនរ៉ូហ៊ីងយ៉ា ដែលបានរងទុក្ខលំបាក បាត់បង់ជីវិត បាត់បង់ផ្ទះសំបែងភូមិស្រុក និងរងទារុណកម្មអមនុស្សធម៌ជាដើមនោះ?

លោករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បន្តថា សហគមអន្តរជាតិ មិនឈរឱបដៃមើល ទុកឲ្យស្ថានការណ៍អយុត្តិធម៌ អមនុស្សធម៌នេះ បន្តទៀតបានទេ។ បើសិនជាគ្មានអ្វីប្រសើរឡើងទេ ហើយបើគ្មានចំណាត់ការណាមួយ ពីសំណាក់ភូមាទេនោះ នោះសហគមអន្តរជាតិ នឹងរិះរកវិធី ទៅតាមលទ្ធភាពរបស់ខ្លួន។

បើតាមការសន្និដ្ឋាន លទ្ធភាពនោះ គឺអាចធ្វើតាមរយៈការចេញសេចក្តីសម្រេចចិត្តរួម ផ្តន្ទាទោសដាក់ទណ្ឌកម្មលើភូមា នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ តែយ៉ាងណាក៏ដោយ​ មានអ្នកវិភាគខ្លះ លើកឡើងថា​ក្រុមប្រឹក្សាសន្តិសុខ អាចនឹងជាប់គាំង ដោយសារតែចិន និងរុស្ស៊ី អាចចេញមុខរារាំង មិនឲ្យគេដាក់ទណ្ឌកម្មលើភូមា ឬដាក់ពាក្យពាក្យប្តឹងកងទ័ពភូមា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។

ក្រៅពីបានជួបលោកស្រីអ៊ុងសាន ស៊ូជី លោក Jeremy Hunt បានធ្វើដំណើរទៅរដ្ឋរ៉ាឃីន​។ លោក រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានប្រាប់ទៅលោកស្រីអ៊ុងសាន ស៊ូជី ថាការទទួលយកប្រជាជនរ៉ូហ៊ីងយ៉ា ឲ្យត្រលប់មកភូមិស្រុកគេវិញ គឺជារឿងមួយសំខាន់ណាស់។ ចំណែកបញ្ហាទាក់ទងនឹងអ្នកកាសែត២នាក់ ដែលត្រូវតុលាការកាត់ទោស លោកបានអះអាងថា លោកស្រីអ៊ុងសាន ស៊ូជី បានសន្យានឹងលោក ថានឹងយកចំណុចនេះទៅពិចារណា។

សូមរំលឹកថា បច្ចុប្បន្ន មានប្រជាជនរ៉ូហ៊ីងយ៉ា ប្រមាណជិត១លាននាក់ ដែលរស់នៅយ៉ាងលំបាកវេទនាបំផុត នៅតាមជំរុំនានា ក្នុងទឹកដីបង់ក្លាដែស។ កាលពីចុងឆ្នាំ២០១៧ បង់ក្លាដែស និងភូមា បានចុះកិច្ចព្រមព្រៀងនឹងគ្នា ថានឹងបញ្ជូនជនរ៉ូហ៊ីងយ៉ា ឲ្យត្រលប់មករដ្ឋរ៉ាឃីនវិញ។ ក៏ប៉ុន្តែជាច្រើនខែមកនេះ គំរោងការនេះ នៅជាប់គាំង ដោយប្រទេសទាំងពីរមិនចុះសម្រុងគ្នា ហើយបន្ទោសគ្នាទៅវិញទៅមក រីឯប្រជាជនរ៉ូហ៊ីងយ៉ា មិនចង់ត្រលប់ទៅភូមាវិញ ដរាបណា អាជ្ញាធរភូមា មិនអាចធានាសន្តិសុខសុវត្ថិភាពឲ្យពួកគេ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ