អានតួអត្ថបទ
វៀតណាម

វៀតណាម៖ ស្ត្រី​សកម្មជន​រិះគន់​រដ្ឋាភិបាល​ម្នាក់ ត្រូវ​កាត់ទោស​ជាប់​គុក​១០​ឆ្នាំ

កាល​ពីថ្ងៃ​ ព្រហស្បតិ៍​ទី​ ២៩​ មិថុនា ​តុលាការ​វៀតណាម​ ទើប​បាន​សម្រេច​សាល​ក្រម ​កាត់​ទោស​ស្ត្រី​ម្នាក់​ ដែល​គេ​ស្គាល់​ថា ​ជា​សកម្មជន​រិះគន់​រដ្ឋាភិបាល ​ឲ្យ​ជាប់​ពន្ធ​ធនាគារ​១០​ឆ្នាំ។ ស្រ្តីឈ្មោះ​ ង្វៀន​ ង៉ុកញូគីញ ​អាយុ ​៣៧ ​ឆ្នាំ ​ជា​អ្នក​សរសេរ​អត្ថបទ​រិះគន់ ​នៅតាម​បណ្តាញ​អ៊ីនធើនែត ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ចាប់​ឃាត់​ខ្លួន​ នៅ​ចុង​ឆ្នាំ​២០១៦។ ការ​កាត់ទោស​ដ៏​ធ្ងន់ធ្ងរ​នេះ​ ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​នានា ​ថ្កោល​ទោស​រដ្ឋាភិបាល​វៀតណាម ​ជាខ្លាំង។

លោកស្រី Nguyen Ngoc Nhu Quynh នៅក្នុងអង្គសវនាកា ថ្ងៃទី​២៩ មិថុនា ២០១៧
លោកស្រី Nguyen Ngoc Nhu Quynh នៅក្នុងអង្គសវនាកា ថ្ងៃទី​២៩ មិថុនា ២០១៧ STR / Vietnam News Agency / AFP
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើក​ទីមួយ ​ហើយ​គេ​ជឿថា​ វា​ក៏​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែរ ​ដែល​រដ្ឋាភិបាល​វៀតណាម ​ចាប់​អ្នក​រិះគន់​ខ្លួន​ ដាក់​គុក។ លោកស្រី ​ ង្វៀន ង៉ុកញូគីញ ​អាយុ ​៣៧​ឆ្នាំ ​ ត្រូវ​គេ​ស្គាល់​តាម​រយៈ​អត្ថបទ​រិះគន់​ជាច្រើន ​ដែល​លោកស្រី​ប្រើ​រហ័ស​នាម​​ថា ​មេណាម​​។​ ភាគ​ច្រើន​នៃ​សំណេរ​រិះគន់​របស់​លោកស្រី ​គឺ​ផ្តោត​សំខាន់ ​ទៅ​លើ​សកម្មភាព ​បំផ្លិចបំផ្លាញ​ព្រៃឈើ ​ធនធាន​ធម្មជាតិ​ ដែល​រដ្ឋាភិបាល​វៀតណាម ​បាន​បើក​ដៃ​ឲ្យ​ពួក​ឈ្មួញ។ កាលពី​ខែ​​មីនា ​លោកស្រី​ ង្វៀន ង៉ុកញូគីញ ​បាន​ទទួល​ពាន​រង្វាន់​ ស្ត្រី​ក្លាហាន​ប្រចាំ​ឆ្នាំ « Woman of Courage Award »​ របស់​ក្រសួង​ការបរទេស​អាមេរិក ​ខណៈ​ដែល​លោក​ស្រី​កំពុង​ជាប់​ក្នុង​ឃុំ។

ត្រូវ​គេ​ចាប់​ឃាត់​ខ្លួន ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៦ ​លោកស្រី ​ទើបតែ​ត្រូវ​បាន​តុលាការ​ខេត្ត​ ខាញ់ហ័រ ​ភាគ​កណ្តាល​វៀតណាម ​កាត់ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​ ១០​ឆ្នាំ ​កាល​ពី​ថ្ងៃ​​ទី​២៩​មិថុនា​ ពីបទ​ធ្វើ​សកម្មភាព ​ប៉ះពាល់​ដល់​ស្ថិរភាព​ជាតិ​ ព្រមទាំង​ញុះញង់​ ឲ្យ​ប្រជាជន​បាត់បង់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល។ លោក ​ង្វៀន ​ខាថាញ់ ​មេធាវី​របស់​លោកស្រី ​បាន​បញ្ជាក់​ថា ​នេះ​ជា​ទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត ​មិន​អាច​ទទួល​យក​បាន​ទេ ​ ហើយ​កូនក្តី​លោក ​កំពុង​ពិចារណា ​ដើម្បី​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍។

ដោយ​ហេតុថា ​ជា​សវនាកា​បិទ​ទ្វារ​ជិត​ អ្នក​យក​ព័ត៌មាន​មិនអាច​ ចូល​រួម​ស្តាប់​សាវនាកា​បាន​ទេ។ តែ​បើ​យោង​តាម​រូបថត​ ដែល​ត្រូវ​បាន​បង្ហោះ​ចែកចាយ​ តាម​បណ្តាញ​សង្គម​ គេ​ឃើញ​មាន​វត្តមាន​កម្លាំង​នគរបាល ​យាម​ស្អេកស្កះ ​ក្នុង​អង្គ​សវនាកា។ នៅ​មុន​ពេល​ចូល​សវនាការ​ លោកស្រី ​ង្វៀន ​ង៉ុកញូគីញ​ បាន​សរសេរ​លិខិត​មួយ​ ផ្ញើរ​ទៅ​កាន់​ម្តាយ ​និង​កូន​ទាំង​ពីរ​នាក់​របស់​លោកស្រី​ថា​ លោកស្រី​សុំទោស ​ដែល​បាន​បង្ក​បញ្ហា​លំបាក​ឲ្យ​ក្រុម​គ្រួសារ។ តែ​យ៉ាងណា ​លោកស្រី ​សំណូមពរ​ឲ្យ​គ្រប់គ្នា ​ត្រូវ​តាំង​ចិត្ត​រីករាយ​ មាន​មោទនភាព​ឡើង​ ​ចំពោះ​ការ​ដែល​លោក​ស្រី​បាន​លះបង់ ​ដើម្បី​សង្គម​វៀតណាម។

លោក​ Phil Robertson ​ប្រធាន​អង្គការ​ Human Rights Watch ​ប្រចាំ​អាស៊ី​បាន​និយាយ​ថា ​ការ​កាត់ទោស​សកម្មជន​តវ៉ា​ដោយ​សន្តិវិធី​នេះ​ គឺ​ជា​រឿង​អាម៉ាស​ណាស់ ​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​វៀតណាម។ ក្នុង​នាម​អង្គការ​លោក ​លោក​អំពាវនាវ​ ឲ្យ​វៀតណាម​ លប់​ចោល​ច្បាប់​ ដែល​បង្កើត​ឡើង​ ដើម្បី​រារាំង​ ចាប់​ទោស​អ្នក​រិះគន់​រដ្ឋាភិបាល។ ដោយឡែក ​សហរដ្ឋ​អាមេរិក​ អង់គ្លេស ​និង​សហភាព​អឺរ៉ុប​ បាន​អំពាវនាវ​ជា​ច្រើន​ខែ​មក​ហើយ ​ថា​វៀតណាម ​ត្រូវតែ​ដោះលែង​លោកស្រី ​ង្វៀន ង៉ុកញូគីញ។

សូម​បញ្ជាក់​ថា ​លោកស្រី​ង្វៀន ង៉ុកញូគីញ ​មិនមែន​ជា​មនុស្ស​ទីមួយ​ទេ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម ​ចាប់​កាត់​ទោស។ យ៉ាងណា​មិញ ​សកម្មជន​ប្រឆាំង​ដ៏​ល្បី​ម្នាក់​ទៀត​ ឈ្មោះ​លោក​ ហ្វាំ មីញហួង ​អាយុ​៦២​ឆ្នាំ ​ត្រូវ​បាន​វៀតណាម​ដក​សញ្ជាតិ​ចោល ​ហើយ​បាន​ចាប់​បញ្ជូន​ខ្លួន​ ឲ្យ​ត្រលប់​មក​បារាំង​វិញ ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ២៥​ មិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ