ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT
អាស៊ី

វៀតណាម៖ ស្ត្រី​អ្នក​សរសេរ​អត្ថបទ​រិះគន់​ម្នាក់​ទៀត ​ត្រូវ​តុលាការ​កាត់ទោស​ជាប់​គុក​៩ឆ្នាំ​

media លោកស្រី ត្រាន់ ធីង៉ា ក្នុងពេលគេចាប់​ឃាត់​ខ្លួន @anhbasam

អ្នក​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​វៀតណាម ​តាម​បណ្តាញ​អ៊ីនធើនែត ​ម្នាក់​ទៀត ​ទើបតែ​ត្រូវ​បាន​តុលាការ​វៀតណាម ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៩ឆ្នាំ ​ពីបទ ​ធ្វើការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ស្ត្រី​ម្នាក់​នោះ​មាន​​ឈ្មោះ​ថា ​ត្រាន់ ធីង៉ា ​អាយុ​៣៩​ឆ្នាំ។ នេះគឺ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​វៀតណាម​ ទីពីរ​ហើយ ​ដែល​ត្រូវ​បាន​តុលាការ​វៀតណាម ​ចាប់​ដាក់​គុក ​ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែចុង​ក្រោយ​នេះ​ផង។

តុលាការ​វៀតណាម ​ខេត្ត​ហាណាម ​ បាន​បើក​សវនាកា​យ៉ាង​តក់​ក្រហល់ ​នៅ​ថ្ងៃ​អង្គារ​ទី​ ២៥​កក្កដា​ ​ដើម្បី​កាត់ទោស​ស្ត្រី​ឈ្មោះ ​ត្រាន់ ធីង៉ា ​ពីបទ ​ធ្វើ​សកម្មភាព​ឃោសនា​ប្រឆាំង​នឹង​រដ្ឋាភិបាល ​នៅតាម​បណ្តាញ​អ៊ីនធើនែត។ លោក ​ហា ហ៊ុយសុន​ ដែល​ជា​មេធាវី​ស្រ្តី​ជាប់ចោទ ​បាន​ថ្លែង​ថា ​ទោស​៩ឆ្នាំ ​ដែល​តុលាការ​បាន​សម្រេច​នេះ ​គឺ​ជា​ទោស​ដ៏​អយុតិ្តធម៌​បំផុត។ ស្រ្តី ​ត្រាន់ ធីង៉ា​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ចាប់​ឃាត់​ខ្លួន​ រយៈ​ពេល៦ខែ​មក​ហើយ។

ដោយឡែក​ កាល​ពីថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ​ អាជ្ញាធរ​វៀតណាម ​ទើបតែ​បាន​ចាប់​ឃាត់​ខ្លួន​ បុរស​ម្នាក់​ទៀត​ ឈ្មោះ ​ឌិញ លួង ​អាយុ​៥១ឆ្នាំ ​ ដោយ​ចោទ​ថា​បាន​ធ្វើ​សកម្មភាព​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ ការ​កាត់​ទោស​ស្ត្រី​ឈ្មោះ ​ត្រាន់ ធីង៉ា​ ព្រម​ជាមួយ​នឹង​ការ​ឃាត់ខ្លួន​លោក​ ឌិញ លួង​ ក្នុង​ពេល​ថ្មីៗ​នេះ ​ បាន​ធ្វើ​ឡើង​មិន​ដល់​មួយ​ខែ​ផង​ទេ ​ក្រោយ​ពេល​ដែល​តុលាការ វៀតណាម​​ ​បាន​កាត់​ទោស​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ​ង្វៀន ង៉ុក ញូគីញ ​ឲ្យ​ជាប់​គុក​១០​ឆ្នាំ។ ស្ត្រីម្នាក់​នេះ ​ក៏ជា​សកម្មជន​សរសេរ​អត្ថបទ​រិះគន់ ​អាជ្ញាធរ​វៀតណាម ​តាម​បណ្តាញ​សង្គម​ដែរ។

បើតាម​ការ​ឲ្យដឹង​​ ​ស្ត្រី​ឈ្មោះ ​ត្រាន់ ធីង៉ា​ និង​ ង្វៀន ង៉ុកញូគីញ ​សុទ្ធតែ​បាន​សរសេរ​លើ​ទំព័រ​ប្លុក​របស់​ពួកគេ ​ រិះគន់​ពី​ការ​ធ្វេស​ប្រហែស ​ភាព​អសកម្ម ​របស់​អាជ្ញាធរ​វៀតណាម ​ទាក់ទិន​ទៅ​នឹង​គ្រោះ​ថ្នាក់​មួយ​ដែល​បាន​កើតឡើង ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៦។ គ្រោះថ្នាក់​នោះ​ គឺ​រោងចក្រ​របស់​ចិន​តៃវ៉ាន់ ​ឈ្មោះ ​Formosa Plastics​ បាន​បង្ហូរ​កាក​សំណល់​សារធាតុ​ពុល​ ទៅក្នុង​ទឹក​សមុទ្រ​នៅ​ខេត្ត​ ហាទីញ ​ដែល​បាន​ធ្វើឲ្យ​ងាប់​ត្រី​ចិញ្ចឹម​រាប់ពាន់ក្បាល ​​នៅ​តាម​ឆ្នេរ​ ព្រម​ទាំង​បំពុល​ទឹក​សមុទ្រ ​ប្រវែង​ឆ្នេរ ​យ៉ាង​ហោច ​២០០​គីឡូម៉ែត្រ។

ក្រោយ​ការ​កាត់ទោស​ដ៏​ធ្ងន់​ និង​ការ​ចាប់​ឃាត់​ខ្លួន​ ផ្ទួនៗ​គ្នា​នេះ ​ ត្រូវបាន​​ក្រុម​អ្នក​តវ៉ា​រិះគន់​ នៅ​តាម​បណ្តាញ​សង្គម ​រឺតាម​ទំព័រ​ប្លុក​នានា ​បាន​បន្ត​សរសេរ​រិះគន់​រដ្ឋាភិបាល​វៀតណាម​កាន់​តែ​ខ្លាំង។ គួរ​កត់​សម្គាល់​ថា ​ ដោយសារ​តែ​ បណ្តាញ​ព័ត៌មាន​ផ្លូវកា​រទាំង​មូល ​មិន​ថា​កាសែត ​វិទ្យុ ​ទូរទស្សន៍ ​ត្រូវ​ស្ថិត​ក្នុង​ដៃ​របស់​បក្ស​កុម្មុយនីស្តិ​វៀតណាម​នោះ ​អ្នក​ដែល​ចង់​សម្តែង​មតិ​រិះគន់ ​បាន​ងៀក​ទៅ​ប្រើប្រាស់ ​អ៊ីនធើនែត ​ ​ Facebook​ Twitter Instagram ​និង​ទំព័រប្លុក ​ដើម្បី​សរសេរ​ សម្តែង​ការ​តវ៉ា​ រិះគន់​ ទៅ​លើ​អំពើ​ពុក​រលួយ ​ព្រមទាំង​សកម្មភាព​រំលោភ​បំពាន នានា​​ ​របស់​អាជ្ញាធរ​កុម្មុនីស្តិ​វៀតណាម។ រាល់​ការ​តវ៉ា​ រិះគន់ ​អាច​ត្រូវបាន​គេ​ចាត់ទុក​ថា​ ជា​សកម្មភាព​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ​ហើយ​ដែល​អាច​ប្រឈមមុខ​នឹង​ទោស​ជាប់​ ពន្ធនាគារ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ