អានតួអត្ថបទ
វៀតណាម

វៀតណាម​ដក​សញ្ជាតិ សកម្មជន​ប្រឆាំង​ម្នាក់ ដើម្បី​បណ្តេញ​ចេញ​ពី​ស្រុក

រដ្ឋាភិបាល​វៀតណាម​ ទើបតែ​បាន​ដក​សញ្ជាតិ​វៀតណាម​ ពី​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​អ្នក​សរសេរ​អត្ថបទ ​រិះគន់​លើ​រដ្ឋាភិបាល​កុម្មុយនីស្តិ​វៀតណាម។ លោក ​ហ្វាំ​ មីញហួង ​អាយុ​៦២​ឆ្នាំ ​ដែល​ជា​សាស្ត្រាចារ្យ​គណិតវិទ្យា ​នៅ​មហាវិទ្យាល័យ ​ហើយ​ដែល​មាន​សញ្ជាតិ​បារាំង​ផង​នោះ ​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ចាប់​ដាក់​ឃុំ​ជា​ច្រើន​ដង​ ​ពី​បទ​សរសេរ​អត្ថបទ​ ធ្វើ​ឲ្យ​ខូច​មុខ​មាត់​រដ្ឋាភិបាល​ និង​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក Pham Minh Hoang ត្រូវ​អាជ្ញាធរ​វៀតណាម​​បញ្ជូុន​ដាក់​ឃុំ កាលពី​ថ្ងៃទី​ ១០ សីហា ២០១១
លោក Pham Minh Hoang ត្រូវ​អាជ្ញាធរ​វៀតណាម​​បញ្ជូុន​ដាក់​ឃុំ កាលពី​ថ្ងៃទី​ ១០ សីហា ២០១១ Vietnam News Agency / AFP
ផ្សាយពាណិជ្ជកម្ម

វាមិនមែន​ជា​លើក​ដំបូង​ទេ ​ ដែល​រដ្ឋាភិបាល​កុម្មុនីស្តិ​ផ្តាច់ការ​វៀតណាម ​ចាប់​អ្នក​ប្រឆាំង ​អ្នក​រិះគន់​ខ្លួន​ដាក់គុក។ តែនេះ​គឺ​ជា​លើក​ទីមួយ​ហើយ ​ ដែល​រដ្ឋាភិបាល​កុម្មុនីស្តិ​នេះ ​បាន​ដក​សញ្ជាតិ​វៀតណាម ​ ចេញ​ពី​ប្រជាជន​ខ្លួន ​ដោយសារ​តែ​មនុស្ស​នោះ​មាន​និន្នកា​រិះគន់​ប្រឆាំង​ខ្លួន។

លោក​ ហ្វាំ មីញហួង ​(Pham Minh Hoang)​ អាយុ​៦២​ឆ្នាំ ​មាន​សញ្ញាតិពីរ ​ វៀតណាម​ផង​ បារាំង​ផង។ លោក ​បាន​រត់​ភៀស​ខ្លួន​មក​រស់​នៅ​ប្រទេស​បារាំង​ នៅ​ឆ្នាំ​១៩៧៣ ​ជា​ទី​ដែល​លោក​ បាន​សិក្សា​ផ្នែក​គណិតវិទ្យា ​ហើយ​បាន​ក្លាយ​ជា​​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ។ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០០០​ លោក​បាន​សម្រេច​ចិត្តត្រលប់​ទៅ​វៀតណាម​វិញ ​ ដើម្បី​ធ្វើការ​ជា​សាស្ត្រាចារ្យ​ ​ ​នៅ​សកលវិទ្យាល័យ ​ពហុបច្ចេកទេស​ក្រុង​ហូជីមីញ។

លោក​បាន​សរសេរ​អត្ថបទ​ជាច្រើន ​ ដែល​មាន​ខ្លឹមសារ​រិះគន់​ ពី​បញ្ហាសង្គម​ ពី​ការ​រិត​បន្តឹង​សេរីភាព​នៅ​វៀតណាម ​ ដោយ​ប្រើ​នាម​ជាអ្នក​និពន្ធ​ថា​ ហ្វាំង កៀនកួក(Phan Kien Quoc)។ កាលពី​ឆ្នាំ​២០១១ ​លោក​ត្រូវ​បាន​តុលាការ​វៀតណាម ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ​តែក៏ត្រូវ​បាន​ដោះលែង​មក​វិញ ​ក្រោយ​ជាប់​គុក​រយៈ​ពេល​១៧​ខែ ​ តែត្រូវ​គេ​កំណត់​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈពេល​៣ឆ្នាំ។ តែ​យ៉ាងណា ​លោក​បាន​បន្ត​សរសេរ​អត្ថបទ​រិះគន់​ ការដឹកនាំ​ផ្តាច់ការ​របស់​រដ្ឋាភិបាល​វៀតណាម ​ដែល​ជា​ការ​រិះគន់​ដើម្បី​ការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី។

លើកនេះ​ រដ្ឋាភិបាល​វៀតណាម ​បាន​សម្រេច​ដក​សញ្ជាតិ​វៀតណាម​ពី​លោក​ ហ្វាំ មីញហួង ​ដោយ​ចោទ​ពី​បទ​សរសេរ​អត្ថបទ​បំផ្លាញ​មុខមាត់​កិត្តិយស​របស់​រដ្ឋា​ភិបាល​វៀតណាម ​ ហើយ​និង​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ក្នុង​លិខិត​ ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​វៀតណាម ​នៅ​ថ្ងៃ​ទី​១៧ ​ឧសភា ​ការ​សម្រេចដក​ហូត​សញ្ជាតិ ​គឺ​បាន​សំអាង​លើ​មាត្រា ​៨៨ ​និង​មាត្រា ​៩១ ​នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។ មាន​ន័យ​ថា​ ចាប់ពី​ពេល​នេះ​ទៅ ​លោក​លែង​មាន​សិទ្ធិ​ស្នាក់នៅ​ក្នុង​ប្រទេស​វៀតណាម​ ទៀត​ហើយ។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង​តាម​ទូរស័ព្ទ ​លោក​ហ្វាំ មីញហួង ​បាន​បញ្ជាក់​ថា ​លោក​មិនអាច​ចាកចេញ​ពី​វៀតណាម​បាន​ទេ​ ព្រោះ​លោក​ ត្រូវ​មើលថែរ​បង​ប្រុស​ដែល​ពិកា ​និង​ម្តាយ​ក្មេក​ដែល​ចាស់​ជរា​ម្នាក់​ទៀត។ លោក​បាន​សរសេរ​លិខិត​ទៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​វៀតណាម ​ដើម្បី​សុំ​ឲ្យ​បារាំង​ ដក​សញ្ជាតិ​ពី​លោក។ ធ្វើ​បែប​នេះ ​លោក​សង្ឃឹម​ថា​អាជ្ញាធរ​វៀតណាម​អាច​ប្តូរ​ចិត្ត ​ រក្សា​សញ្ជាតិ​វៀត​ណាម​ឲ្យ​លោក។

សូម​បញ្ជាក់ថា​ រដ្ឋាភិបាល​វៀតណាម ​បាន​ចាប់​សកម្មជន​ប្រឆាំង​ដាក់ឃុំ​ជា​ប្រចាំ។ បណ្តាញ​ព័ត៌មាន​ទាំងអស់​នៅ​វៀតណាម ​គឺ​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​រដ្ឋាភិបាល​កុម្មុយនីស្តិ។ ក៏​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សកម្មជន​រិះគន់ ​មាន​អ្នក​ច្បាប់ ​ឬអ្នក​សរសរ​អត្ថបទ​ជាដើម​ បាន​ប្រើប្រាស់​អ៊ីនធើនែត ​និង​បណ្តាញ​សង្គម​ ដើម្បី​ផ្សព្វផ្សាយ​ ពី​ការ​តវ៉ា​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ