អានតួអត្ថបទ
វៀតណាម-សហរដ្ឋអាមេរិក

នាយករដ្ឋមន្ត្រី​វៀតណាម​ទៅ​អាមេរិក​ ចុះ​កិច្ច​សន្យា​ពាណិជ្ជកម្ម​តម្លៃ​៨ពាន់​លាន​ដុល្លារ

លោក​ នាយករដ្ឋមន្ត្រី​វៀតណាម ​បាន​អញ្ជើញ​ទៅ​សេតមាន​សហរដ្ឋ​អាមេរិក​ ជួប​ជាមួយ​ លោក​ដូណាល់ ​ត្រាំ ​កាល​ពី​ថ្ងៃ​ពុធ​ ទី​៣១​ឧសភា។ កម្មវត្ថុ​នៃ​ដំណើរ​ទៅ​ដល់​ដ៏​ស្ងាត់ៗ​នេះ ​គឺ​ដើម្បី​ចុះ​ហត្ថលេខា ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​សហរដ្ឋ​អាមេរិក ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជា​ ៨ពាន់​លាន​ដុល្លារ។​ ក្នុង​នោះ ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​Vietjet​ របស់​វៀតណាម ​បាន​ចុះ​ហត្ថលេខា​ទិញ​ម៉ាស៊ីន​យន្តហោះ​ក្នុង​តំលៃ ​៣៥៨០​លាន​ដុល្លារ។

លោក ង្វៀន ស៊ាន់ភុក នាយករដ្ឋមន្ត្រី​វៀតណាម ចាប់​ដៃ​ជាមួយ​លោក​ដូណាល់ ត្រាំ​ ​នៅសេតវិមាន​ថ្ងៃទី​៣១ ឧសភា ២០១៧
លោក ង្វៀន ស៊ាន់ភុក នាយករដ្ឋមន្ត្រី​វៀតណាម ចាប់​ដៃ​ជាមួយ​លោក​ដូណាល់ ត្រាំ​ ​នៅសេតវិមាន​ថ្ងៃទី​៣១ ឧសភា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

លោក ​ង្វៀន ស៊ាន់ភុក ​នាយក​រដ្ឋមន្ត្រី​វៀតណាម ​បាន​ទៅ​ដល់​សេតវិមាន ​ជួប​នឹង​លោក​ដូណាល់ ត្រាំ ​ក្នុង​គោល​បំណង​រឹត​ចំនង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ​ជាមួយ​សហរដ្ឋ​អាមេរិក។ កិច្ច​សន្យា​ពាណិជ្ជកម្ម​ជាច្រើន ​ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​ ៨ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​ចុះហត្ថលេខា​នា​ពេល​នោះ។

 

លោក​នាយករដ្ឋមន្ត្រី​វៀតណាម ​ត្រូវ​បាន​អម​ដំណើរ​ដោយ ​អ្នក​ជំនួញ​វៀតណាម ​ជាច្រើន​នាក់។ ក្នុង​នោះ ​មាន​លោកស្រី ​ង្វៀន ធីភឿងថាវ ​ដែល​ជា​ស្ត្រី​មហាសេដ្ឋី​តែ​ម្នាក់​គត់​នៅ​វៀតណាម ​និង​ជា​ថៅកែ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​វៀតណាម ​ ឈ្មោះ ​Vietjet។ ក្នុង​ឱកាស​នោះដែរ​ ក្រុមហ៊ុន​ Vietjet ​បាន​ចុះ​ហត្ថលេខា​ទិញ​ម៉ាស៊ីន​រ៉េអាក់ទ័រ​យន្តហោះ ​ពី​ក្រុមហ៊ុន​General Electric ​ចំនួន​២១៥​គ្រឿង ​ដែល​គិត​ជា​ទឹក​ប្រាក់​ ប្រមាណជា​ ៣៥៨០​លាន​ដុល្លារ។ នៅមាន​កិច្ច​សន្យា ​១ពាន់​លាន​ដុល្លារ​ ដាច់​ដោយ​ឡែក​មួយ​ទៀត​ ជាមួយ​នឹង​​General Electric Capital Aviation ​Services។

 

សូម​បញ្ជាក់​ថា ​ក្រុមហ៊ុន​Vietjet ​របស់​វៀតណាម​ ត្រូវបាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១១ ​ដោយ​បាន​ដណ្តើម​យក​ទីផ្សារ ​ជើង​ហោះហើរ​ក្នុង​ស្រុក​វៀតណាម ​ចំនួន​២៥% ​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​រដ្ឋ ​គឺ​ក្រុម​ហ៊ុន​Vietnam Airlines។ កាលពី​ឆ្នាំ​២០១៦ ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ Vietjet ​នេះ ​បាន​ចុះ​កិច្ចសន្យា​ទិញ ​យន្តហោះ​Boeing​ 737 Max ​ចំនួន​១០០​គ្រឿង។

 

គួរកត់​សម្គាល់​ដែរ​ថា ​វៀតណាម ​បាន​តំរង់​ទិស​លើ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ ផ្តល់​អទិភាព​ដល់​ការ​នាំចេញ ​ហើយ​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ លើសពី​ ៥% ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាមួយ​នឹង​ប្រជាជន​ជិត​១០០​លាន​នាក់​ វៀតណាម ​គឺ​ជា​ទី​ផ្សារ ​ដ៏​ធំ​នៅ​អាស៊ី​អាគ្នេយ៍។ វៀតណាម ​បាន​សង្ឃឹម​យ៉ាង​មុតមាំ ​ថានឹង​ស្រូប​យក​ផល​ប្រយោជន៍​សេដ្ឋកិច្ច ​ដែល​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ អន្តរ​ប៉ាស៊ីហ្វិក (TPP) ។ ក៏​ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល ​នៅពេល​លោក​ដូណាល់ ត្រាំ ​បាន​សម្រេច​ដក​ខ្លួន​អាមេរិក​ ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ។

 

តែយ៉ាងណា ​រដ្ឋាភិបាល​វៀតណាម ​មិន​បាន​បង្អង់​ដៃ​ ឬ​កាត់​បន្ថយ​ទំនាក់​ទំនង​ពាណិជ្ជកម្ម ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ទេ។ យ៉ាងណា​មិញ​ លោក​នាយករដ្ឋមន្រ្តី​វៀតណាម ​គឺ​ជា​មេដឹកនាំ​ប្រទេស​អាស៊ី​អាគ្នេយ៍​តំបូង​គេ​បង្អស់ ​​ដែល​បាន​អញ្ជើញ​ទៅ​ជួប​លោក​ដូណាល់ ត្រាំ ​ដល់​សេតវិមាន។ ចំណែក​លោក ​ដូណាល់ ត្រាំ ​វិញ ​មាន​គំរោង​ទៅ​វៀតណាម ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ក្នុង​ឱកាស ​វេទិការ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​អាស៊ី-​ប៉ាស៊ីហ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ