ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

លោកហ្វាំ មីញហួង ដែល​ត្រូវបាន​វៀតណាម​​​ដក​​​សញ្ជាតិ ត្រូវ​បាន​ចាប់​បញ្ជូន​មក​ដល់​បារាំង

media លោក Pham Minh Hoang Vietnam News Agency / AFP

លោក ហ្វាំ ​មីញហួង ​សាស្ត្រាចារ្យ ​និង​ជា​អ្នក​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​វៀតណាម ​ ដែល​ត្រូវ​រដ្ឋាភិបាល​កុម្មុយនីស្តិ​នេះ ​ ដក​សញ្ជាតិ​ចោល​នោះ ​នៅថ្ងៃ​អាទិត្យទី​ ២៥​មិថុនា​ ត្រូវបាន​គេ​ចាប់​បញ្ជូន ​មក​ដល់​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ហើយ។ លោក ហ្វាំ មីញហួង ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង​ ​ថា ​កន្លង​មក​ លោក​ខិតខំ ​តស៊ូ​មតិ ​ទៅ​តាម​លទ្ធភាព​លោក ​តែពេល​នេះ ​ការ​តស៊ូ​របស់​លោក​ ប្រឆាំង​ជាមួយ​នឹង​អំណាច​ផ្តាច់ការ​កុម្មុយនីស្ត​វៀតណាម ​បាន​បរាជ័យ​ហើយ។ លោក ​អស់​សង្ឃឹ​មខ្លាំ​ងណាស់!

“គេចោទខ្ញុំ​ ថាមាន​បំណង​ផ្តួល​រំលំ​របប​គ្រប់គ្រង ​ដោយសារ​តែ​ខ្ញុំ​បាន​សរសេរ​អត្ថបទ​ជាច្រើន​ រិះគន់​គេ។ អត្ថបទ​ខ្ញុំ ​​គឺ​ខ្ញុំ​លើកឡើង​អំពី​ការ​ធ្វើ​យ៉ាងណា ​ដើម្បី​លើក​កំពស់ ​ការ​គោរព​សិទ្ធិ​សេរីភាព ​និង​លទ្ធិ​ប្រជាធិបតេយ្យ។ ខ្ញុំ​សរសេរ​រិះគន់​ អំពី​សកម្មភាព​ពុករលួយ។ ខ្ញុំ​បាន​បរិហារ​ អំពី​សកម្មភាព​ ដែល​ចិន​ ចូល​លុកលុយ ​និង​ប្រើ​ឥទ្ធិពល​ ទៅលើ​គ្រប់​វិស័យ​នៅ​វៀតណាម ​មិន​ថា​វិស័យ​សេដ្ឋកិច្ច ​វិស័យ​នយោបាយ ​ឬក៏​វិស័យ​យោធា។

ខ្ញុំសរសេរ ​ដើម្បី​ផ្តល់​យោបល់​របស់​ខ្ញុំ ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​លើ​វិស័យ​អប់រំ។ ខ្ញុំ​គឺ​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ ​ ដូច្នេះ ​វា​គឺ​ជា​កាតព្វកិច្ច​របស់​ខ្ញុំ ​ដែល​ត្រូវ​ចូលរួម​ផ្តល់​យោបល់​ជួយជាតិ។ វា​គឺ​ជា​រឿង​ធម្មតា​បំផុត។ ក៏​ប៉ុន្តែ​ ​នៅ​វៀតណាម ​ក្រោម​របប​ផ្តាច់ការ​កុម្មុយនីស្តិ ​​អ្វីដែល​ខ្ញុំ​ធ្វើ​ទាំង​នេះ ​មិនមែន​ជា​រឿង​ធម្មតា​ទេ ​ក្នុង​ក្រសែរ​ភ្នែក​គេ។”

គួររំលឹក​ថា ​កាល​ពី​ថ្ងៃទី​ ១១ ​មិថុនា​ ២០១៧ ​លោក ​ហ្វាំ មីញហួង ​បាន​ទទួល​លិខិត​មួយ ​របស់​រដ្ឋាភិបាល​វៀតណាម ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​ ១៧​ ឧសភា​ ដែល​ លិខិ​ត​នោះ​ ​គឺ​ជា​ការ​សម្រេច ​ដក​សញ្ជាតិ​វៀតណាម​​ពី​លោក​។ រដ្ឋាភិបាលវៀតណាម បាន​បញ្ជារ​ឲ្យ​លោក ​ចាកចេញ​ពី​វៀតណាម ​ជា​បន្ទាន់។

កាលពីថ្ងៃ​សុក្រ ​ទី​ ២៣​ មិថុនា​ កម្លាំង​សមត្ថកិច្ច​ បាន​ចុះ​ទៅ​ចាប់​ខ្លួន​លោក​ ហ្វាំ មីញហួង ​ដល់ផ្ទះ​ក្នុង​សម្លៀក​បំពាក់​ខោ​ជើង​ខ្លី ​ដើម្បី​បញ្ជូន​លោក ​ឲ្យ​ឡើង​យន្តហោះ ​ត្រលប់​មក​ប្រទេស​បារាំង។​ លោក ​ហ្វាំ មីញហួង ​បាន​បញ្ជាក់​ថា ​លោក​មិន​បាន​មាន​ពេល​និយាយ​លាគ្នា ​ជាមួយ​ភរិយា​លោក​ទេ។ គេ​បាន​អនុញ្ញាតិ ​ឲ្យ​លោក​ជួប​មន្ត្រី​នៅ​ស្ថានទូត​បារាំង ​និង​មេធាវី​ម្នាក់​ តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ លោក​បាន​មក​ដល់​ទីក្រុង​ប៉ារីស ​នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី ​២៥ ​មិថុនា។

សូមបញ្ជាក់ថា លោក​ ហ្វាំ មីញហួង ​(Pham Minh Hoang)​ អាយុ​៦២​ឆ្នាំ ​មាន​សញ្ញាតិពីរ ​ វៀតណាម​ផង​ បារាំង​ផង។ លោក ​បាន​រត់​ភៀស​ខ្លួន​មក​រស់​នៅ​ប្រទេស​បារាំង​ នៅ​ឆ្នាំ​១៩៧៣ ​ជា​ទី​ដែល​លោក​ បាន​សិក្សា​ផ្នែក​គណិតវិទ្យា ​ហើយ​បាន​ក្លាយ​ជា​​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ។ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០០០​ លោក​បាន​សម្រេច​ចិត្តត្រលប់​ទៅ​វៀតណាម​វិញ ​ ដើម្បី​ធ្វើការ​ជា​សាស្ត្រាចារ្យ​ ​ ​នៅ​សកលវិទ្យាល័យ ​ពហុ​បច្ចេកទេស​ក្រុង​ហូជីមីញ។

លោក​បាន​សរសេរ​អត្ថបទ​ជាច្រើន ​ ដែល​មាន​ខ្លឹមសារ​រិះគន់​ ពី​បញ្ហាសង្គម​ ពី​ការ​រិត​បន្តឹង​សេរីភាព​នៅ​វៀតណាម ​ ដោយ​ប្រើ​នាម​ជាអ្នក​និពន្ធ​ថា​ ហ្វាំង កៀនកួក។ កាលពី​ឆ្នាំ​២០១១ ​លោក​ត្រូវ​បាន​តុលាការ​វៀតណាម ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ​តែក៏ត្រូវ​បាន​ដោះលែង​មក​វិញ ​ក្រោយ​ជាប់​គុក​រយៈ​ពេល​១៧​ខែ ​ តែត្រូវ​គេ​កំណត់​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈពេល​៣ឆ្នាំ។ តែ​យ៉ាងណា ​លោក​បាន​បន្ត​សរសេរ​អត្ថបទ​រិះគន់​ ការដឹកនាំ​ផ្តាច់ការ​របស់​រដ្ឋាភិបាល​វៀតណាម ​ដែល​ជា​ការ​រិះគន់​ដើម្បី​ការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ