ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
អាស៊ី

សង្រ្គាម​ពាណិជ្ជកម្ម៖ ចិន​ និង ​អាមេរិក ​បើក​ការ​ចរចា​សាជាថ្មី ​អម​ដោយ​ពាក្យ​គំរាមគ្នា

media  
លោក Liu He (កណ្តាល) ឧបនាយករដ្ឋមន្ត្រីចិន អមដោយ​លោក Steven Mnuchin (ឆ្វេង) រដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក​ និងលោក Robert Lighthizer។ ប៉េកាំង ថ្ងៃទី​​១ឧសភា ២០១៩ Andy Wong/Pool via REUTERS

សង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង ចិន ដែលបានអូសបន្លាយ មកជាច្រើនខែ នៅតែមិនទាន់មានពន្លឺ ថាអាចបិទបញ្ចប់នោះទេ។ នៅថ្ងៃព្រហស្បតិ៍ទី ៩ឧសភានេះ ភាគីទាំង២ កំពុងបើកការចរចាគ្នា ដំណាក់កាលថ្មីមួយទៀត នៅឯក្រុងវ៉ាស៊ីនតោន។ តែយ៉ាងណា មានការសង្ឃឹមតិចណាស់ ថាភាគីទាំងពីរ នឹងនិយាយត្រូវគ្នា ព្រោះថាភាគីទាំង២ នៅតែបន្តនិយាយគំរាមគ្នាទៅវិញទៅមក។ លោកដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃពុធទី៨ឧសភា ថា ចិនបានក្បត់សន្យាលេបសម្តីខ្លួនឯង ដូច្នេះ អាមេរិក នឹងធ្វើឲ្យចិនស្គាល់ថ្នាំខ្លាំង។

ការចរចា នឹងប្រព្រឹត្តិធ្វើទៅនៅក្រុងវ៉ាស៊ីនតោន រវាងគណៈប្រតិភូពាណិជ្ជកម្ម អាមេរិក ដែលដឹកនាំដោយលោក Robert Lighthizer និងភាគីចិន ដឹកនាំដោយលោក Liu He អនុនាយករដ្ឋមន្ត្រីចិន ហើយដែលគេដឹងថា ស្និទនឹងលោកស៊ី ជីនពីងណាស់។

ដូចសព្វមួយដង លោកដូណាល់ ត្រាំ ម្តងក្តៅម្តងត្រជាក់។ នៅលើទំព័រ Twitter ប៉ុន្មានថ្ងៃមុន គាត់សរសេរ ​បែបអបអរ ថាភាគីចិន បានព្រមព្រៀងបញ្ជូនគណៈប្រតិភូខ្លួន មកចរចា ហើយលោកដូណាល់ត្រាំ អះអាងទៀតថា គាត់ជឿថាចិនមានចេតនាចង់សម្រេចកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្មនេះ។

ចរចាផង គំរាមដំឡើងពន្ធផង

កាលពីថ្ងៃពុធ ទី៨ឧសភា លោកដូណាល់ ត្រាំ បាន​ប្រកាសគំរាមចិន។ លោកដូណាល់ ត្រាំ បានអះអាងថា ចាប់ពីថ្ងៃសុក្រ ទី​១០ឧសភា អត្រាពន្ធថ្មី នឹងចាប់ផ្តើមអនុវត្តទៅលើផលិតផលចិន ដែលគិតជាទឹកប្រាក់សរុប ប្រមាណ២០ម៉ឺនលានដុល្លារ។ កម្រិតពន្ធដែលធ្លាប់មានត្រឹម១០%​ នឹងឡើងដល់២៥% សម្រាប់ផលិតផលមួយចំនួនរបស់ចិន មានដូចជា ផលិតផលសារធាតុគីមី សម្ភារៈសំណង់ គ្រឿងចលនទ្រព្យ និងផលិតផលអេឡិចត្រូនិចទូទៅ។

លោក ដូណាល់ ត្រាំ បានអះអាងថា អាមេរិក​សម្រេចដំឡើងពន្ធ ដែលចូលជាធរមានចាប់ពីថ្ងៃសុក្រនេះ ក៏ដោយសារតែចិន បាន​ក្បត់សន្យា លេបសម្តីខ្លួនឯង។ នៅចំពោះមុខមហាជននៅរដ្ឋហ្វ្ល័ររីដា លោកដូណាល់ ត្រាំ បានប្រកាសថា បើចិនមិនឈប់លេងខ្សែលើ ដាក់អាមេរិកទេ អាមេរិកនឹងធ្វើឲ្យចិនស្គាក់ថ្នាំខ្លាំង។

តែយ៉ាងណា ទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក​ ទាំងអ្នកតំណាងគណៈប្រតិភូចរចារបស់អាមេរិក មិនមាននរណា អាចបង្ហើបឲ្យដឹងទេ ថា ចិនបានក្បត់សន្យា លើចំណុចអ្វីខ្លះទេ។ គេគ្រាន់តែដឹងថា ចិនបានថយក្រោយវិញ ទាក់ទិននឹងចំណុចមួយចំនួន ដែលបាននិយាយត្រូវរូវគ្នារួចហើយ កាលពីពេលចរចា ដំណាក់កាលមុន។ ដូច្នេះ ការចរចាដែលបើកទ្វានៅថ្ងៃនេះ ឃើញថាមានភាពតាមតឹងសម្បើមណាស់ ដោយសារភាគីអាមេរិក បន្តគំរាមសំឡុតលើភាគីចិន។

“ចិនមិនខ្វះមធ្យោបាយ​វាយបកវិញទេ តែចិនផ្តល់អាទិភាពដល់ការចរចា”

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ឧសភា រដ្ឋមន្តី្រក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបថា៖ ចិនសូមច្រានចោល នូវវិធានការ ដំឡើងពន្ធជា​ឯកតោភាគី ដោយអត្តនោម័តតែម្នាក់ឯង របស់អាមេរិក។ នៅក្នុងបរិបទសង្រ្គាមពាណិជ្ជកម្មនេះ ចិន ផ្តល់សារៈសំខាន់ ទៅដល់ការចរចាស្រុះស្រួលគ្នា សហការគ្នា មិនមែនប្រើការដំឡើងពន្ធ សំឡុតគ្នានោះទេ។”

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានអះអាងថា៖ គណៈប្រតិភូចិន ដែលដឹកនាំដោយលោក Lui He នឹងធ្វើដំណើរទៅចរចានៅវ៉ាស៊ីនតោន ដើម្បីបង្ហាញភាពសុចរិត ទៀងត្រង់របស់ចិន ក្នុងការសម្រេចឲ្យបាន​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មមួយ។ មន្ត្រីចិនរូបនេះ អះអាងថា៖ ការចរចាគ្នា ទាល់តែម្ខាងៗ ហ៊ានដើរម្នាក់មួយជំហាន ទើបអាចជួបគ្នានៅគោលដៅរូមបាន

តែទន្ទឹមនឹងនេះ ចិន ក៏ត្រៀមខ្លួនជាស្រេច ក្នុងការដាក់វិធានការឆ្លើយតប ទៅអាមេរិកវិញដែរ បើសិនជាអាមេរិក ចង់លេងផ្លូវនេះ។ កាសែត Global Times របស់ចិន បានចុះផ្សាយថា៖ ជម្រើសធម៌ក្តៅ ដាក់ទៅលើអាមេរិកវិញ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធលើផលិតផលចិន គឺចិនមានមិនខ្វះទេ ចាំតែថ្នាក់លើ​សម្រេច​ឲ្យអនុវត្តតែប៉ុណ្ណោះ

ចង់ឲ្យចិនកាត់បន្ថយមហិច្ឆិតាសេដ្ឋកិច្ច មិនមែនជាការងាយ

ការជ្រើសរើស ប្រើពាក្យធ្ងន់ធ្ងន់ គំរាមគ្នាទៅវិញទៅមកនេះ មិនមែនជារឿងល្អទេ សម្រាប់ការចរ​ចា។ ប្រទេសទាំង២ គឺជាមហាអំណាចសេដ្ឋកិច្ចសកលលោក។ អ្នកជំនាញសេដកិច្ចអន្តរជាតិ បានក្រឿនរំលឹកថា សង្រ្គាមពាណិជ្ជកម្មអូសបន្លាយយូរ និងជះផលអវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ចសកល ព្រមទាំងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ​។

រដ្ឋាភិបាលអាមេរិក មានបំណង ឲ្យចិន ផ្លាក់ប្តូរគំរូនៃការធ្វើពាណិជ្ជកម្ម ដែលអាមេរិកគិតថា ចិន ដើរខ្សែលើ។ តែសម្រាប់អ្នករិះគន់ខ្លះ គេថា អាមេរិក ធ្លាប់តែដើរខ្សែលើគេបាន ដល់ទៅពេលចិន ចាប់ផ្តើមដើរផ្លូវនេះម្តង បែរជាមកខឹងចិន។

អាមេរិក ចង់ឲ្យចិន ធ្វើកំណែទម្រង់ស៊ីជំរៅ ហើយបិទបញ្ចប់វប្បធម៌ធ្វើជំនួញ ដែលមិនស្មោះត្រង់។ ក្នុងន័យនេះ គឺ ចិន ត្រូវឈប់ប្រើយុទ្ធសាស្ត្រ បូមប្រមូលយកបច្ចេកវិទ្យារបស់អាមេរិក ហើយព្រមទាំងគ្មានគោរពនូវច្បាប់កម្មសិទ្ធិបញ្ញា។ តាមពិតទៅ ទាក់ទិននឹងចំណុចទាំងអស់នេះ គឺមិនមែន​មាន​តែ​អាមេរិក​មួយទេ ដែល​រករឿងចិន សូម្បីសហភាពអឺរ៉ុប ក៏បារម្ភដែរ ហើយគេក៏កំពុងចាត់វិធានការ ការពារសេដ្ឋកិច្ចគេដែរ។

ពីមុនអាមេរិក ឈានមុខគេគ្រប់វិស័យ មិនថាបច្ចេកវិទ្យាជាន់ខ្ពស់ ឧស្សហកម្មធនធ្ងន់ ឬ វិស័យកម្មន់សាល សហគ្រាសធន់តូចនោះទេ។ តែបច្ចុប្បន្ននេះ វិស័យកុម្មន់សាល សហគ្រាសធន់តូច គឺចិនបូមយកទាំងស្រុង។ មិនត្រឹមតែប៉ុណ្ណោះ ចិនកំពុងតែសម្រុក ដណ្តើមជាជើងឯក ក្នុងវិស័យបច្ចេកវិទ្យាទំនើបទៀត។ ក្នុងផែនការ “Made in China​ 2025” លោក ស៊ី ជីនពីង មានបំណងផ្លាស់ប្តូរចិន ដែលធ្លាប់ជាជង្រុក​រោងចក្រផលិតទំនិញ​កំប៉ឹកកំប៉ុក ឲ្យក្លាយទៅជា អ្នកឈានមុខគេ ក្នុងវិស័យបច្ចេកវិទ្យា ដូចជាក្នុងវិស័យ “ប្រាជ្ញាសិប្បនិម្មិតជាដើម”។

ដូច្នេះ ចំណុចរួមធំ ដែលជាការលំបាក ក្នុងការចរចាពាណិជ្ជកម្មនេះ គឺថា អាមេរិក ចង់ចរចាឲ្យចិន​ កាត់បន្ថយ​នូវ​មហិច្ឆិតា​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម របស់ខ្លួន​។ វាមិនមែនជារឿងងាយទេ បើយើងក្រឡេកមើលគោលនយោបាយ​វាទទី ប្រកប​ដោយ​ឆន្ទៈមុះមុត របស់លោកប្រធានាធិបតីចិន។ ចិនបច្ចុប្បន្ន​ មានសាច់ដុំសេដ្ឋកិច្ច ធំគ្រប់គ្រាន់ អាចប្រកួតជាមួយអាមេរិកបាន។ ជាងនេះទៀត បើនិយាយពីទ្រឹស្តីមនោគមវិជ្ជានយោបាយ​ ក្នុងនាមចិន ជាមហាអំណាច​កុម្មុយនីស្ត បើឱនក្បាលខ្លាចប្រទេស​ចក្រព័ត្រដូចអាមេរិក គឺវាហាក់ដូចជាមិនគោរពវិញ្ញាណក្ខន្ធ របស់លោកសេនាប្រមុខ ម៉ៅ សេទុង បិតាបដិវដ្តន៍កុម្មុយនីស្តចិន​ ដូច្នោះដែរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ