អានតួអត្ថបទ
ចិន

សភាចិន​បោះឆ្នោត​តែងតាំង​ជា​ផ្លូវការ លោក​ស៊ី ជីងពីន ​ជា​ប្រធានាធិបតី​អាណត្តិ​ថ្មី

មួយសប្តាហ៍ បន្ទាប់ពីសភាប្រជាមានិតចិនបានអនុម័ត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបានលប់ចោល នូវការកំណត់អាណត្តិប្រធានាធិបតីតែ២អាណត្តិនោះ  នៅថ្ងៃសៅរ៍ទី ១៧មីនានេះ សភាប្រជាមានិតចិន បានបោះឆ្នោតតែងតាំង លោកស៊ី ជីនពីង ឲ្យបន្តតំណែង ជាប្រធានាធិបតីចិន អាណត្តិថ្មីទៀត។ ព្រមពេលជាមួយគ្នានេះដែរ សភាប្រជាមានិតចិន ក៏បានបោះឆ្នោតតែងតាំង មនុស្សដ៏ជំនិតម្នាក់ របស់លោកស៊ី ជីនពីង ឲ្យកាន់មុខតំណែង ជាអនុប្រធានាធិបតី។

លោក Xi Jinping ចាប់ដៃជាមួយ​លោក Wang Qishan អនុ​ប្រធានាធិបតី​​ ក្រោយ​​ត្រូវបាន​​តែងតាំង​​ជាផ្លូវការ
លោក Xi Jinping ចាប់ដៃជាមួយ​លោក Wang Qishan អនុ​ប្រធានាធិបតី​​ ក្រោយ​​ត្រូវបាន​​តែងតាំង​​ជាផ្លូវការ Reuters
ផ្សាយពាណិជ្ជកម្ម

ដូចអ្វីដែលគេបានសម្លឹងឃើញ និងដោយគ្មានការភ្ញាក់ផ្អើល គឺលោក ស៊ី ជីងពីង ត្រូវបានសមាជិកសភាប្រជាមានិតចិន បោះឆ្នោតតែងតាំងជាប្រធានាធិបតីអាណត្តិថ្មី។ ក្នុងចំណោមសម្លេងឆ្នោត ២៩៧០សម្លេង គឺបេក្ខភាព​លោកស៊ី ជីនពីង បានទទួលការគាំទ្រ ជាឯកច្ឆ័នទាំងស្រុងតែម្តង។ ក្នុងឱកាស ជាមួយគ្នានោះដែរ សភាប្រជាមានិតចិន ក៏បានបោះឆ្នោតតែងតាំងលោក Wang Qishan ឲ្យកាន់តំណែង ជាអនុប្រធានាធិបតី។ សម្លេងឆ្នោតបដិសេធនឹងបេក្ខភាពលោក Wang Qishan គឺមានតែមួយសម្លេងតែប៉ុណ្ណោះ។

គួររំលឹកថា កាលពីឆ្នាំ១៩៨២ លោក Deng Xiaoping បានបញ្ចូលមាត្រាមួយក្នុងរដ្ឋធម្មនុញ្ញចិន ដោយបានកំណត់ មិនឲ្យប្រធានាធិបតីម្នាក់ កាន់តំណែង​លើស​ពី​២​អាណត្តិ។ លោកDeng Xiaoping កាលនោះ លោកមានបំណងទប់ស្កាត់ កុំឲ្យបុគ្គលប្រធានាធិបតី​ក្រាញ​អំណាច និងប្រមូលអំណាចក្តោបក្តាប់តែម្នាក់ឯង។ ក៏ប៉ុន្តែ កាលពីសប្តាហ៍មុននេះ សភាប្រជាមានិតចិន បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបាន​លុប​ចោល មាត្រានេះ ហើយតាមរយៈនេះ លោកស៊ី ជីនពីង អាចកាន់មុខតំណែងប្រធានាធិបតី​អស់មួយជីវិត។ អំណេះតទៅ លោកស៊ី ជីនពីង គឺជាមេដឹកនាំចិនដ៏មានអំណាច ​និងឥទ្ធិពលខ្លាំងបំផុត បន្ទាប់ពីលោក ម៉ៅ សេទុង។

គួរបញ្ជាក់ដែរថា លោក Wang Qishan ដែលមានវ័យ៦៩ឆ្នាំ គឺជាមនុស្សដ៏ស្និតស្នាលបំផុត ជាមួយលោកស៊ី ជីនពីង។ លោក Wang Qishan ធ្លាប់ធ្វើជាអនុនាយករដ្ឋមន្ត្រី ហើយក៏ធ្លាប់ត្រូវបានលោកស៊ី ជីងពីង តែងតាំងឲ្យធ្វើជានាយកគណកម្មការមជ្ឈឹម ទទួលបន្ទុកត្រួតពិនិត្យវិន័យ និងបោសសំអាតអំពើពុករលួយ។ គឺតាមរយៈគណកម្មការនេះហើយ ដែលលោកស៊ី ជីនពីន បានចាប់អ្នកនយោបាយចិនធំៗជាច្រើននាក់ដាក់គុក ដោយចោទពីបទប្រព្រឹត្តិអំពើពុករលួយ។

ដោយភាពស្និទស្នាលជាមួយលោក ស៊ី ជីនពីង និងដោយមានបទពិសោធន៍ច្រើន ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក លោក Wang Qishan ត្រូវបានគេជឿថា គឺជាបង្អែកមួយដ៏រឹងមាំ សម្រាប់លោកស៊ី ជីនពីង ក្នុងកិច្ចការនយោបាយអន្តរជាតិ ជាពិសេស ជាមួយសហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ