អានតួអត្ថបទ

សម្តេចប៉ាប ហ្វ្រង់ស័រ យាង​​ទៅ​ទស្សនកិច្ច ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ជប៉ុន

សម្តេចប៉ាបហ្វ្រង់ស័រ ប្រមុខសាសនាកាតូលិក នៃបុរីវ៉ាទីកង់ ទើបតែបានយាងទៅដល់ទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃពុធទី​២០វិច្ឆិកា​​ ក្នុងទស្សនកិច្ចរយៈពេល​៣ថ្ងៃ មុននឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុន។ នេះគឺជាដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ជាលើកទី​៤ហើយ សម្រាប់សម្តេចប៉ាបហ្វ្រង់ស័រ។ បើទោះបីថៃ និងជប៉ុន មានប្រជាជនកាន់សាសនាកាតូលិក តិចតួចក្តី តែទស្សនកិច្ចរបស់សម្តេចប៉ាប នាពេលនេះ គឺបានផ្តោតសំខាន់ ទៅលើការភ្ជាប់ទំនាក់ទំនងមិត្តភាព រវាងសាសនាព្រះពុទ្ធនិងសាសនាគ្រិស្ត ហើយក៏ជាឱកាសដើម្បីថ្លែងសារ ស្តីពីសារៈសំខាន់ នៃការកសាង ការ​ថែរក្សាសុខសន្តិភាព សម្រាប់មនុស្សជាតិទាំងមូល។

សម្តេច​ប៉ាប ហ្វ្រង់ស័រ ​យាងមកដល់​ព្រលានយន្តហោះទីក្រុង​​បាងកក ថ្ងៃទី ២០ វិច្ឆិកា ២០១៩​
សម្តេច​ប៉ាប ហ្វ្រង់ស័រ ​យាងមកដល់​ព្រលានយន្តហោះទីក្រុង​​បាងកក ថ្ងៃទី ២០ វិច្ឆិកា ២០១៩​ Vatican Media/­Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

សម្តេចប៉ាប Jean-Paul II បានយាងមកធ្វើទស្សនកិច្ច នៅប្រទេសជប៉ុននៅឆ្នាំ១៩៨១ ហើយនៅប្រទេសថៃ នៅឆ្នាំ១៩៨៤។ តាំងពីនោះមក ពុំទាន់មាន​សម្តេចប៉ាបអង្គណា បានមកធ្វើទស្សនកិច្ចនៅប្រទេស២នេះទេ។ ដោយឡែក សម្រាប់សម្តេចប៉ាបហ្វ្រង់ស័រវិញ នេះគឺជាលើកទី៤ហើយ ដែលព្រះអង្គយ៉ាងមកកាន់តំបន់អាស៊ី ចាប់តាំងពីព្រះអង្គ ត្រូវបានតែងតាំងជាសម្តេចប៉ាបមក។​

សម្តេចប៉ាប ហ្វ្រង់ស័រ បានយាងទៅដល់ព្រលានយន្តហោះដនមឿង ទីក្រុងបាងកក នៅរសៀលថ្ងៃពុធនេះ ដោយមានលោក​ឧបនាយករដ្ឋមន្ត្រីថៃ និងលោក​រដ្ឋមន្ត្រីការបរទេស​ថៃ អញ្ជើញមកទទួលផង។ នៅខាងមុខច្រកចេញ គេឃើញមាន​កុមារៗ មានកាន់ទង់ជាតិ​​ប្រទេសថៃ និងទង់បុរីវ៉ាទីកង់​ លើកគ្រវីអបអរទទួលស្វាគមន៍ សម្តេចប៉ាប។ ព្រះអង្គ​បានអោបកុមារីជនជាតិភាគតិចមងម្នាក់ ក្នុងសំលៀកបំពាក់ប្រពៃណី ដែលបាននាំគ្នា​​មកទទួលព្រះអង្គ នៅព្រលានយន្តហោះ។

“ថៃជាប្រជាជាតិ ដែលមានការសណ្តោសប្រណី​គ្នា វាងជនជាតិភាគតិច និងសាសនា”

ដូចយើងដឹងហើយ ថាថៃមានប្រជាជនសរុប៦៨លាននាក់ ដែលក្នុងនោះប្រមាណ​៩៥%គឺជាអ្នកកាន់ព្រះពុទ្ធសាសនា។ អ្នកកាន់សាសនាកាតូលិក មានប្រហែលជា​ ៤សែននាក់ទេ ដែលភាគច្រើនគឺជាជនជាតិភាគតិច នៅតំបន់ភ្នំ ដូចជាជនជាតិមង និងជនជាតិការ៉េនជាដើម។

មុននឹងចេញដំណើរមកពីបុរីវ៉ាទីកង់ សម្តេចប៉ាបបានថ្លែងសារមួយ ផ្ញើរមកកាន់ប្រទេស​ថៃ។ សម្តេចប៉ាបបានថ្លែង កោតសរសើរចំពោះប្រទេសថៃ ដែលមានប្រជាជនច្រើនជនជាតិ មានសាសនាផ្សេងៗគ្នា តែបានរួមរស់ជាមួយគ្នាក្នុងប្រទេសតែមួយ។

ព្រះអង្គបានលើកឡើងអំពី ភាពសម្បូរបែប និងតម្លៃនៃវប្បធម៌ ក៏ដូចជាផ្នែកជំនឿផ្លូវចិត្ត នៅប្រទេសថៃ។ ប្រទេសថៃ បានប្រឹងប្រែងពីមួយជំនាន់ទៅមួយចំនាន់ ក្នុងការរក្សាសង្គម​មួយ ដែលមាន​ការសណ្តោសប្រណីគ្នា រាប់អានគ្នា​ រួមរស់ជាមួយគ្នាដោយសុខក្តុម ទាំងនៅក្នុងប្រទេសខ្លួន​ ទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផង។

ជាចុងក្រោយ សម្តេចប៉ាប បានថ្លែងថា ព្រះអង្គសង្ឃឹមថា នឹងយកឱកាសទស្សនកិច្ចនេះ ផ្សារភ្ជាប់ទំនាក់ទំនងជាមិត្ត ជាបងជាប្អូន ​ជាមួយ​ប្រជាជនអ្នកកាន់ពុទ្ធសាសនា ហើយនិងរួមគ្នា ធ្វើការដើម្បីជួយដល់ប្រជាជនក្រីក្រ ដោយឥតប្រកាន់សាសនាឬជាតិសាសន៍ ព្រមទាំងជួយជំរុញកសាង ថែររក្សាសន្តិភាព។

ជួបជាមួយសម្តេចសង្ឃរាជ របស់ថៃ

បើតាមការគ្រោងទុក នៅថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា សម្តេចប៉ាប ហ្វ្រង់ស័រ នឹងយាងគាល់សម្តេចសង្ឃថៃ​ គឺសម្តេចព្រះមហាមុនីវង្ស។ បន្ទាប់មកទៀត សម្តេចប៉ាប ត្រូវយាងជួបលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មុននឹងយាងចូលគាល់ មហាក្សត្រថៃព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន។

នៅថ្ងៃព្រហស្បតិ៍ដែរ សម្តេចប៉ាប នឹងយាងជាអធិបតីក្នុងពិធីសូត្រធម៌ ដែលគេរៀបចំធ្វើ នៅ​ក្នុងពហុកីឡាដ្ឋាន​ទីក្រុងបាងកក។ តាមការរំពឹងទុក ប្រជាជនភាគតិចជនជាតិការ៉េន ដែលមកពីខេត្តជាប់ព្រំដែនជាមួយភូមា ប្រមាណ​ជា​៥ម៉ឺននាក់ នឹងមកចូលរួមក្នុងពិធីសូត្រធម៌នេះ។ អ្នកខ្លះមិនដែលធ្វើដំណើរចេញភូមិស្រុកមកកាន់ទីក្រុងផងទេ។

សម្រាប់ថ្ងៃសុក្រវិញ សម្តេចប៉ាប និងទទួលជួបប្រជុំ ជាមួយគណៈសង្ឃកាតូលិក អាចារ្យ គ្រូគង្វាលដែលកំពុងបំពេញការងារនៅប្រទេសថៃទាំងអស់។ នឹងមានពិធី សូត្រធម៌មួយដែរ តែជាលក្ខណៈតូចទេ ធ្វើនៅព្រះវិហារកាតូលិកទីក្រុងបាងកក ដោយពិធីនេះ គឺសម្រាប់តែយុវជនអ្នកកាន់សាសនាកាតូលិក តែប៉ុណ្ណោះ។

សង្រ្គាមនុយក្លេអ៊ែរ

ទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃសៅរ៍ទៅ មានខ្លឹមសារ ជាលក្ខណៈផ្ទាល់ខ្លួនសំខាន់ណាស់ សម្រាប់សម្តេចប៉ាប ហ្វ្រង់ស័រ។ កាលពីព្រះអង្គនៅវ័យក្មេង ព្រះអង្គមាននិស្ស័យស្រលាញ់ប្រទេសជប៉ុនណាស់ ហើយចង់មកបំពេញបេសកក​ម្មជាគ្រូគង្វាលនៅជប៉ុន។ ក៏ប៉ុន្តែបំណងនេះ បាន​ខកខានទៅវិញ ដោយសារព្រះអង្គមាន សុខភាពទន់ខ្សោយ ហើយមិនត្រូវបាន​គណសង្ឃកាតូលិក​អាហ្សង់ទីនជំនាន់ ​ផ្តល់ការអនុញ្ញាត។

ឥឡូវពេលនេះ ព្រះអង្គនឹងយាងទៅជប៉ុន ក្នុងនាមព្រះអង្គជាសម្តេចប៉ាបតែម្តង។ បើតាមការផ្តល់ដំណឹង ពីអគ្គលេខាធិការដ្ឋានរបស់ព្រះអង្គ នៅជប៉ុន សម្តេចប៉ាបនឹងយាងទៅទីក្រុងតូក្យួ ហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី។

គេធ្លាប់ដឹងថា សម្តេចប៉ាប ចាប់អារម្មណ៍ខ្លាំងណាស់ ចំពោះបញ្ហាគ្រោះថ្នាក់ នៃសង្រ្គាម​នុយក្លេអ៊ែរ។ ណាហ្កាសាគី ដែលមានមនុស្សស្លាប់ដោយគ្រាប់បែកបរមាណូ ចំនួន​៧៤០០០នាក់ ចំណែក នៅហ៊ីរ៉ូស៊ីម៉ា មានមនុស្សស្លាប់១សែន៤ម៉ឺននាក់។ កាលពីដើមឆ្នាំ២០១៨ នៅលើយន្តហោះដែលដឹកព្រះអង្គពីអាមេរិកឡាទីន ព្រះអង្គបានយករូបថត មួយសន្លឹកមក មកចែកដល់អ្នកកាសែត។ រូបថតនោះ គឺរូបកុមារជនជាតិជប៉ុនម្នាក់ អៀវខ្មោចប្អូនរបស់ខ្លួន ដែលស្លាប់នៅនឹងខ្នង ដោយសារគ្រាប់នុយក្លេអ៊ែរនៅណាហ្កាសាគី កាលពីឆ្នាំ១៩៤៥។ នៅពីក្រោយរូបថតនេះ សម្តេចប៉ាបហ្វ្រង់ស័របានចារអក្សរថា “នេះហើយ លទ្ធផលនៃសង្រ្គាម”។

កាលពីថ្ងៃចន្ទកន្លងទៅ ព្រះអង្គបានថ្លែងសារក្នុងវីដេអូមួយ ផ្ញើរទៅកាន់ប្រជាជាតិជប៉ុន ដោយព្រះអង្គបានលើកឡើងថ ថា “ប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាទង្វើគ្មាន​មនសិកា”។ ដូច្នេះ បើតាមការរំពឹងទុក សម្តេចប៉ាប នឹងយកឱកាសទស្សនកិច្ចនៅជប៉ុននេះ ដើម្បីថ្លែងសារ ឲ្យប្រទេសមហាអំណាចទាំងអស់ រួមគ្នា ចៀសឲ្យឆ្ងាយពី​សង្រ្គាម​នុយក្លេអ៊ែរ ហើយត្រូវ​រំលាយចោលឲ្យអស់ នូវមហិច្ឆិតានុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ