អានតួអត្ថបទ
សរអ-កូរ៉េខាងជើង

Rex Tillerson ថា​អាមេរិក ​គ្មាន​បំណង​ទៅ​ផ្តួល​រំលំ​របប​ផ្តាច់ការ​កូរ៉េ​ខាង​ជើង​ទេ

លោក​ Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ថ្លែង​នៅថ្ងៃ​អង្គារ​ម្សិលមិញ​ថា ​សហរដ្ឋ​អាមេរិក ​គ្មាន​បំណង​ណាមួយ ​ទៅ​ធ្វើ​សង្រ្គាម ​ឬ​ផ្តួល​រំលំ​របប​ដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​ទេ។ ដំណោះស្រាយ ​ដែល​អាមេរិម ​រំពឹង​ចង់​បាន​បំ​ផុត ​គឺការ​ចរចា​ដោយ​សន្តិវិធី ​ តែ​ក្នុង​លក្ខខណ្ឌ​តែ​មួយ​គត់ ​គឺ​កូរ៉េ​ខាងជើង ​ត្រូវតែ​បញ្ឈប់​ ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ​ឲ្យ​បាន។

Rex Tillerson ក្នុងពេល​ធ្វើ​សន្និសីទ​កាសែត​ ថ្ងៃទី ១​ សីហា ២០១៧
Rex Tillerson ក្នុងពេល​ធ្វើ​សន្និសីទ​កាសែត​ ថ្ងៃទី ១​ សីហា ២០១៧ REUTERS/Aaron P. Bernstein
ផ្សាយពាណិជ្ជកម្ម

លោក ​Rex Tillerson ​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត ​កាល​ពី​ថ្ងៃ​ទី​ ១​ សីហា ​ស្តីពី​វិបត្តិ​ដ៏​ក្តៅ​គគុក ​នៅ​ឧបទ្វីប​កូរ៉េ​ ដោយ​បាន​បញ្ជាក់​ថា ​ សហរដ្ឋ​អាមេរិក​ គ្មាន​បំណង​ទៅ​ធ្វើ​ឲ្យ​របប​ដឹកនាំ​កូរ៉េ​ខាងជើង ​ដួលរលំ​ទេ ​ ហើយ​អាមេរិក​ ក៏​គ្មាន​បំណង​ទៅ​ចាប់​កូរ៉េ​ទាំង​ពីរ​ ឲ្យ​រួបរួម​គ្នា​វិញ ​ ដោយ​តក់​ក្រហល់​​ នោះ​ដែរ។ រដ្ឋាភិបាល​អាមេរិក ​មិន​បាន​ទៅ​រក​លេស​ណាមួយ ​ដើម្បី​លើកទ័ព​ចូល​ទៅ​វាយ​កូរ៉េ​ខាង​ជើង​ឡើយ។

លោក ​រដ្ឋមន្ត្រី​បន្ត​ថា ​ កូរ៉េ​ខាងជើង ​មិនមែន​ជា​សត្រូវ​របស់​អាមេរិក​ទេ។ ក៏​ប៉ុន្តែ​កូរ៉េ​ខាង​ជើង ​គឺ​ជា​ការ​គំរាម​កំហែង​មួយ ​ដល់​សន្តិសុខ​របស់​អាមេរិក។ ការនេះ ​អាមេរិក​ មិន​អាច​ទទួល​យក​បាន​ទេ ​ហើយ​ក៏​មិន​អាច​នៅ​ស្ងៀម​ដែរ​ បើសិន​ជា​កូរ៉េ​ខាង​ជើង ​នៅតែ​បន្ត​គំរាម​កំញើញ​ដាក់​អាមេរិក​ទៀត។ តែ​យ៉ាងណា ​លោក​បន្ថែម​ថា ​លោកជឿ​ថា ​ថ្ងៃណា​មួយ​ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ នឹង​យល់​ពី​បញ្ហា​នេះ ​ហើយ​ព្រម​បន្ទន់​ខ្លួន ​ចូល​មក​ចរចា​ជា​មួយ​គ្នា។

លោក​ Rex Tillerson​ បាន​ឆ្លៀត​សង្កត់​ធ្ងន់​ថា ​ លក្ខខណ្ឌ​តែ​មួយ​គត់​ ដែល​អាមេរិក​ទាមទារ ​បើ​ក្នុង​ករណី​ចរចា​គ្នា​នោះ ​ គឺ​ត្រូវ​រៀបចំ​ធ្វើ​យ៉ាងណា ​ឲ្យ​កូរ៉េ​ខាងជើង ​បិទ​បញ្ចប់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ​ និង​កម្មវិធី​អភិវឌ្ឍន៍​​ការបាញ់​បង្ហោះ​​អាវុធ​ប្រភេទ​នេះ ​ឲ្យ​បាន​ជា​ដាច់​ខាត។ សម្រាប់​លោក ​Tillerson ​មាន​តែ​ចិន​ម្នាក់​គត់ ​ដែល​អាច​ជួយ​អូស​កូរ៉េ​ខាងជើង ​ឲ្យ​ចូល​តុ​ចរចា។

សូមរំលឹក​ថា ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ ​ របប​ផ្តាច់​ការ​កូរ៉េ​ខាងជើង​ បាន​សាកល្បង​មីស៊ីល​អន្តរទ្វីប​មួយ​ទៀត ​បាន​ដោយ​ជោគជ័យ ​ដែល​តាម​ការ​ស្មាន​មីស៊ីល​នោះ ​អាច​រត់​ទៅ​ដល់​ដី​អាមេរិក។ គីម ជុងអ៊ុន ​ ថែមទាំង​បាន​ថា​ មីស៊ីល​នោះគឺ​ជា​សារ​គំរាម​ ថា​កូរ៉េ​ខាង​ជើង​ នឹង​កំទេច​អាមេរិក​ ​បើ​សិន​ជា​អាមេរិក​ ហ៊ាន​លើក​ទ័ព​មក​រំលំ​របប​ព្យុងយ៉ាង។

រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​ តែងតែ​លើក​ឡើង​ថា ​អាមេរិក ​ពិចារណា​គ្រប់​ច្រក​ទាំង​អស់​ ទោះ​ត្រូវ​ប្រើ​កម្លាំង​ក៏​ដោយ ​បើសិន​ជា​គ្មាន​ជំរើស។ តែ​យ៉ាងណា ​ក្រុម​អ្នក​ជំនាញ​ការ​អាមេរិក​ជា​ច្រើន​ បាន​លើក​ឡើង​ថា ​ កូរ៉េ​ខាងជើង ​មិន​ទៅ​ល្ងង់​វាយ​អាមេរិក​មុន​ទេ ​ព្រោះបើ​ធ្វើ​ដូច្នេះ ​គឺ​មិន​ខុស​ពី​សម្លាប់​ខ្លួន​ឯង​ឡើយ។ របប​ផ្តាច់ការ​ត្រកូល​គីម ​គ្រាន់តែ​យក​អាវុធ​នុយក្លេអ៊ែរ ​ជា​ខែល​ការពារ ​ដើម្បី​កុំ​ឲ្យ​របប​របស់​ខ្លួន​ ត្រូវ​គេ​ផ្តួល​រំលំ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ