អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរីគឺជាប្រទេសដ៏តូចជាងគេ ក៏ប៉ុន្តែក៏ជាប្រទេសដែលជឿនលឿន មានសេដ្ឋកិច្ចល្អ ខ្លាំងលើសគេដែរ។ ចាប់តាំងពីបានឯករាជ្យនៅឆ្នាំ១៩៦៥មក មេដឹកនាំសិង្ហបុរី បានផ្តល់អាទិភាពធំបំផុត ដល់វិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្ស ជាសរសរទ្រូង នៃការកសាងប្រទេសវ័យក្មេងមួយនេះ។ ប្រព័ន្ធអប់រំសិង្ហបុរី ត្រូវគេទទួលស្គាល់ ថាមានគុណភាពល្អ មានស្តង់ដារខ្ពស់សឹងតែដាច់គេ ទូទាំងពិភពលោក។ តែទន្ទឹមនឹងនេះ ប្រព័ន្ធអប់រំដ៏តឹងតែងនេះ បានជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់សតិស្មារតី និងសុខភាពផ្លូវចិត្តរបស់សិស្សវ័យក្មេង ដែលរងសំពាធខ្លាំងជ្រុលហួសហេតុ។ រដ្ឋាភិបាលសិង្ហបុរី បានទទួលស្គាល់បញ្ហានេះ ហើយបានសន្យាថានឹងធ្វើកំណែទម្រង់។

សិស្សអនុវិទ្យាល័យសិង្ហបុរី កំពុងរៀន​គួរ​ក្រៅ​ម៉ោង ជាមួយ​នឹង​គ្រូ​​ឯកជន
សិស្សអនុវិទ្យាល័យសិង្ហបុរី កំពុងរៀន​គួរ​ក្រៅ​ម៉ោង ជាមួយ​នឹង​គ្រូ​​ឯកជន AFP
ផ្សាយពាណិជ្ជកម្ម

បើផ្អែកលើការចាត់ថ្នាក់នៃចំណេះដឹង របស់សិស្សសាលាចំណេះទូទៅ ហៅកាត់ថា PISA ធ្វើឡើងដោយអង្គការ OCDE គឺសិស្សសាលានៅសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១ សឹងតែរៀងរាល់ឆ្នាំ។ គុណភាពអប់រំ និងការទទួលបានចំណេះដឹង របស់សិស្សថ្នាក់បឋមនិងមធ្យមសិក្សា នៅសិង្ហបុរី ត្រូវបានគេស្ញើចសរសើរមិនដាច់ពីមាត់។

តែទន្ទឹមនឹងនេះ របាយការណ៍ របស់អង្គការ OCDE ក៏បានសង្កេតឃើញផងដែរ ថាសិស្សសាលាសិង្ហបុរី ក៏មានបញ្ហាផ្នែកសតិអារម្មណ៍ គួរឲ្យព្រួយបារម្ភណាស់ដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេង។ សិស្សសាលាសិង្ហបុរី ចំណាយពេលអង្គុយនៅនឹងតុសិក្សា ជាច្រើនម៉ោងក្នុងមួយថ្ងៃ។ ពេលមកដល់ផ្ទះ ក៏ត្រូវចំណាយពេលជាច្រើនម៉ោងទៀត ដើម្បីធ្វើលំហាត់ និងការងារផ្ទះដែលគ្រូដាក់ឲ្យ។ នេះនៅមិនទាន់រាប់ ដល់ការរៀនបន្ថែមម៉ោងក្រៅ ដែលគ្រូឯកជន មកបង្រៀនដល់ផ្ទះ ជាច្រើនម៉ោងទៀត ក្នុងមួយសប្តាហ៍។

សំពាធដ៏ធ្ងន់ពីសាលា ពីគ្រួសារ ការប្រកួតប្រជែងដ៏តឹងតែង ពុំមានពេលលំហែរ សម្រាកគ្រប់គ្រាន់ ទាំងអស់នេះ សុទ្ធសឹងតែជាប្រភព ដែលធ្វើឲ្យសិស្សសាលានៅសិង្ហបុរី ងាយរងគ្រោះដល់សុខភាពផ្លូវចិត្ត សតិស្មារី និងអាចឈានទៅដល់ករណីសម្លាប់ខ្លួន។

សិស្សបឋមសិក្សា រងសំពាធជាប្រចាំ

នៅឆ្នាំចុងក្រោយ នៃថ្នាក់បឋមសិក្សា សិស្សសាលានៅសិង្ហបុរី ត្រូវឆ្លងកាត់ការប្រលង ដ៏តឹងតែងបំផុត ដើម្បីបានពិន្ទុបាននិទ្ទេសល្អ។ លទ្ធផលនេះ គឺជាបង្អែកដ៏សំខាន់ ដើម្បីអាចដាច់ពាក្យចូលរៀននៅសាលាមធ្យមសិក្សា ដែលសុទ្ធប្រើនីតិវិធីចម្រាញ់ យកតែសិស្សឆ្នើមៗប៉ុណ្ណោះ។

តាំងតែពីថ្នាក់បឋមសិក្សា ពោលគឺក្មេងអាយុចន្លោះ ពី៧ ទៅ១០ ឆ្នាំ បានរងសម្ពាធយ៉ាងខ្លាំងរួចទៅហើយ។ ដើម្បីអាចបានពិន្ទុល្អ ការជួលគ្រូមកបង្រៀនបន្ថែម ជាលក្ខណៈឯកជននៅផ្ទះ បានក្លាយទៅជារឿងសាមញ្ញ ដែលឪពុកម្តាយត្រូវតែធ្វើ។ ក្រៅពីរៀនបន្ថែម មុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ ប្រមាណ២ម៉ោង ក្នុងមួយសប្តាហ៍ ក្មេងសិង្ហបុរី ត្រូវរៀនបន្ថែម មុខវិជ្ជាភាសាអង់គ្លេស និងភាសាចិន ជាច្រើនម៉ោងទៀត។

ក្នុងចំណោមប្រទេសសមាជិកអង្គការ OCDE សិស្សសាលាសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៣ ថាជាសិស្ស ដែលចំណាយពេលធ្វើលំហាត់ការងារផ្ទះ ច្រើនជាងគេបង្អស់។ ពោលគឺលើសកម្រិតជាមធ្យម ប្រមាណ​៩,៤ម៉ោង ក្នុងមួយសប្តាហ៍។ លោក Daniel Koh ជាគ្រូពេទ្យចិត្តសាស្ត្រ នៅ Insights Mind Center បានលើកឡើងថា សង្គមសិង្ហបុរីបច្ចុប្បន្ន មិនបានទុកពេលវេលាឲ្យក្មេងធំធាត់គ្រប់គ្រាន់ តាមសម្រួលទេ។ អ្វីៗត្រូវតែធ្វើឲ្យឆាប់រហ័ស ត្រូវតែឲ្យឆាប់ចេះ និងពូកែជាងគេ។ ប្រការនេះ គឺបានធ្វើឲ្យក្មេង មិនមានពេលវេលាស្គាល់ខ្លួនឯង មិនអាចពិចារណាឲ្យអស់សេចក្តី ហើយមិនអាចមានជំហរស្មារតីរឹងមាំបានទេ។

សម្លាប់ខ្លួន ដោយខ្លាចឪពុកម្តាយស្តីបន្ទោស

ពេញមួយឆ្នាំសិក្សា សិស្សរងនូវសំពាធជាប្រចាំ។ តែអ្វីដែលធ្ងន់ធ្ងរបំផុតនោះ គឺការភ័យខ្លាច នៅពេលដែលថ្ងៃប្រលងខិតជិតមកដល់ ដែលធ្វើឲ្យស្មារតីសិស្ស រងសំពាធកាន់តែធ្ងន់។ នេះបើតាមការលើកឡើង របស់ លោក Wong Lai Chun អនុប្រធានមជ្ឈមណ្ឌលបង្ការការធ្វើអត្តឃាតនៅសិង្ហបុរី។

នៅឆ្នាំ២០១៦ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានលោតពីលើផ្ទះសម្លាប់ខ្លួន នៅថ្ងៃដែលខ្លួន ត្រូវយកលទ្ធផលប្រលង មកឲ្យឪពុកម្តាយមើល។ ក្មេងប្រុសនោះ បានទទួលពិន្ទុក្រោមធម្យម ចំនួន២មុខវិជ្ជា ជាហេតុធ្វើឲ្យមានការភ័យតក់ស្លុត ខ្លាចការស្តីបន្ទោសពីឪពុកម្តាយ។

លោក Lim Choon Guan ពេទ្យចិត្តសាស្ត្រនៅវិទ្យាស្ថានសុខភាពផ្លូវចិត្តសិង្ហបុរី បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានទទួលអ្នកជំងឺ ដែលជាក្មេងសិស្សសាលា មកពីសាលារៀនល្បីៗ កាន់តែច្រើន។

រដ្ឋាភិបាលទទួលស្គាល់ថាតឹងពេក

ស្ថានភាពសុខភាពផ្លូវចិត្ត សតិស្មារីរបស់សិស្សសាលាសិង្ហបុរីនេះ ក៏ត្រូវបានរបាយការណ៍មួយរបស់រដ្ឋាភិបាល ទទួលស្គាល់ដែរ ថាមានភាពគួរឲ្យព្រួយបារម្ភណាស់។ គឺក្នុងន័យនេះហើយ ទើបរដ្ឋាភិបាលសិង្ហបុរី បានសន្យា ថានឹងធ្វើកំណែទម្រង់។

លោក Ong Ye Kung រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរី បានប្រកាសនៅចំពោះមុខសភាជាតិ កាលពីពេលថ្មីៗនេះ ថាលោកមានគម្រោងធ្វើកំណែទម្រង់ជាច្រើន ដើម្បីធ្វើឲ្យមានតុល្យភាព រវាងការសម្រាកលំហែររបស់កុមារ និងការរក្សាគុណភាពអប់រំ ឲ្យនៅតែល្អប្រសើរ។

រដ្ឋាភិបាល នឹងលប់ចោលខ្លះ នូវការប្រលងមួយចំនួន នៅថ្នាក់បឋមសិស្សា និងថ្នាក់មធ្យមសិក្សា។ កំណែទម្រង់ថ្មី ក៏នឹងកាត់បន្ថយ ទុកឲ្យមានតែ មុខវិជ្ជាគណិតវិទ្យា និង វិទ្យាសាស្ត្រប៉ុណ្ណោះ ដែលអាចជាមុខវិជ្ជាជ្រើសរើស ចាត់បញ្ចូលសិស្សទៅក្នុងក្រុមសិស្សជំនាញ។

វប្បធម៌ ជំរុញកូន ជ្រុលហួសហេតុ

ទោះជាយ៉ាងនេះក្តី មន្ត្រីក្រសួងអបរំសិង្ហបុរី បានទទួលស្គាល់ផងដែរ ថា បញ្ហាមិនមែនស្ថិតនៅតែលើកម្មវិធីសិក្សា ប្រព័ន្ធអប់រំដែលដាក់ចុះដោយក្រសួងនោះទេ។ ឪពុកម្តាយសិស្ស ក៏ជាចំណែកមួយ នៃការបន្ថែមសំពាធលើក្មេងដែរ។ ការជំរុញកូន ដាក់សំពាធកូន ដើម្បីឲ្យកូនពូកែជាងគេគ្រប់មុខវិជ្ជា បានក្លាយទៅជាផ្នត់គំនិតមួយ ចាក់ឬសក្នុងសង្គមទៅហើយ។ ដូច្នេះកំណែទម្រង់របស់រដ្ឋាភិបាល អាចនឹងត្រូវអាណាព្យាបាលសិស្ស រិះគន់មិនទទួលយក ដោយចាត់ទុកថា មានភាពធូររលុង ធ្វើឲ្យសមត្ថភាពសិស្សចុះអន់ថយ។

គួរកត់សំគាល់ផងដែរ ថាបញ្ហាសុខភាពផ្លូវចិត្ត របស់ក្មេងសិស្សសាលា ថ្នាល់បឋម និងថ្នាក់មធ្យម ក៏មានចោទផងដែរ នៅតាមប្រទេសមួយចំនួនទៀត នៅអាស៊ី មានដូចជាជប៉ុន កូរ៉េខាងត្បូង និងហុងកុងជាដើម។ នៅតាមប្រទេសទាំងនេះ ទន្ទឹមនឹងគុណភាពអប់រំដ៏ល្អជាងគេ តែកម្រិតមរណៈភាពកុមារ ដោយការធ្វើអត្តឃាត ក៏មានខ្ពស់ជាងប្រទេសផ្សេងៗដែរ។ ជាក់ស្តែង នៅជប៉ុន រវាងឆ្នាំ២០១៦ និង ២០១៧ ចំនួនក្មេងធ្វើអត្តឃាត បានកើនឡើងខ្ពស់ខ្លាំងបំផុត ក្នុងវាង៣០ឆ្នាំចុងក្រោយ ហើយដែលគួរឲ្យកត់សំគាល់ជាងនេះទៀតនោះ គឺអត្រាធ្វើអត្តឃាត បានកើនឡើងខ្ពស់ នៅដើមខែកញ្ញា នៅមុនពេលបើកបវេសនកាល ចូលឆ្នាំសិក្សាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ