ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

ស្រីលង្កា ឈាន​​ចូល​​ជ្រៅ ​ក្នុង​​វិបត្តិ​​នយោបាយ​ដណ្តើម​អំណាច​

ស្រីលង្កា ឈាន​​ចូល​​ជ្រៅ ​ក្នុង​​វិបត្តិ​​នយោបាយ​ដណ្តើម​អំណាច​
 
លោកប្រធានាធិបតីស្រីលង្កា Maithripala Sirisena (ស្តាំ) និងលោក Mahinda Rajapakse​ (ឆ្វេង) ​ក្នុង​ពេល​​ប្រកាស​តែងតាំង​​នាយករដ្ឋមន្ត្រី។ ក្រុងកូឡុំបូ ថ្ងៃទី២៦ តុលា ២០១៨​ Sri Lanka President Media / AFP

ប្រមាណ១សប្តាហ៍មកហើយ ដែលស្រីលង្កា បានឈានជើង មកដល់វិបត្តិនយោបាយ គួឲ្យព្រួយបារម្ភបំផុត។ លោកប្រធានាធិបតី ស៊ីរីសេណា បានសម្រេចដោយអត្តនោម័ត ដកហូតលោក វីក្រេម៉េហ្ស៊ីង្ហ ពីតំណែងនាយករដ្ឋមន្ត្រី ហើយបានតែងតាំងលោក រ៉ាចាប៉ាក់សេ មកជំនួសកន្លែងនេះ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋសភា ត្រូវបានលោកប្រធានាធិបតី សម្រេចព្យួរបណ្តោះអាសន្ន ដោយហាមឃាត់ មិនឲ្យមានការប្រជុំ​អ្វីទាំងអស់ រហូតដល់ថ្ងៃទី១៦វិច្ឆិកា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពនយោបាយនេះ កាន់តែមិនទៀងទាត់​ ដោយសារនាយករដ្ឋមន្ត្រីចាស់ ប្រកែកមិនព្រមចេញពីតំណែង ឯ​នាយករដ្ឋមន្ត្រី​ថ្មី បានប្រើគ្រប់វិធី ដើម្បីឈានទៅកាន់អំណាច។

ចាប់តាំងពីថ្ងៃទី២៦តុលាមក ស្រីលង្កា មាននាយករដ្ឋមន្ត្រីដល់ទៅ២ តែពុំមានរដ្ឋាភិបាលដឹកនាំប្រទេសនោះទេ។ នេះគឺជាវិបត្តិនយោបាយថ្មី ដែលប្រទេសកូនកោះ ក្នុង​មហាសមុទ្រឥណ្ឌាមួយនេះ កំពុងតែឆ្លងកាត់។ អ្វីៗ ផ្តើមចេញពី សេចក្តីសម្រេច ដោយ​អត្តនោម័ត របស់លោកប្រធានាធិបតី Sirisena ដែលបានដកហូតលោក Wickremeshinghe ចេញពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦តុលា។ ក្នុងពេលដដែលនោះ លោកប្រធានាធិបតី បានសម្រេចតែងតាំង លោក Rajapakse ឲ្យចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីដែលត្រូវគេទំលាក់ បានប្រកែកមិនព្រមចុះ ហើយបន្តសំងំនៅក្នុងវិមាននាយករដ្ឋមន្ត្រីដដែល។

ប្រធានាធិបតី​ដកដាក់​នាយករដ្ឋមន្ត្រី​ដោយ​ចិត្តឯង បំពាន​នឹង​រដ្ឋធម្មនុញ្ញ

លោក Ranil Wickremesinghe នាយករដ្ឋមន្ត្រី​ស្រីលង្កា​ដែលត្រូវ​​ប្រធានាធិបតី​ដក​ចោល។ ថ្ងៃទី​២៩ តុលា ២០១៨ LAKRUWAN WANNIARACHCHI / AFP

បន្ទាប់ពីបានដឹង ថាខ្លួនត្រូវគេដកហូតពីតំណែង លោក Wickremeshinghe ​ ទាមទារឲ្យសភាជាតិស្រីលង្កា ដែលគណបក្សលោកមានសម្លេងភាគច្រើននោះ ឲ្យកោះប្រជុំបន្ទាន់​ដើម្បីដោះស្រាយវិបត្តិនេះ ព្រោះការដកហូតតំណែងនេះ គឺជាទង្វើបំពាននឹងរដ្ឋធម្មនុញ្ញ។

ជា​ការពិត រដ្ឋធម្មនុញ្ញស្រីលង្កា ដែលត្រូវបានធ្វើវិសោធនកម្ម កាលពីឆ្នាំ២០១៥ បានហាមឃាត់ លែងឲ្យ​ប្រធានាធិបតី អាចមានសិទ្ធិដកហូតតំណែងនាយករដ្ឋមន្ត្រីបានទៀតឡើយ។ មានតែសភាមួយគត់ ដែលមានសិទ្ធិបោះឆ្នោត ដក ឬផ្តល់សេចក្តីទុកចិត្តដល់នាយករដ្ឋមន្ត្រី។

ហេតុដូច្នេះហើយ បានជាលោកប្រធានាធិបតី Sirisena បានសម្រេច ព្យួររដ្ឋសភាជាបណ្តោះអាសន្ន ដើម្បីរារាំងមិនឲ្យសភា ជួបប្រជុំគ្នា រហូតដល់ថ្ងៃទី១៦វិច្ឆិកា។ បើតាមការវិភាគ របស់អ្នកឃ្លាំមើលនយោបាយស្រីលង្កា ការព្យួរសភានេះ គឺលោកប្រធានាធិបតី ចង់ទុកឱកាស ឲ្យលោក Rajapakse នាយករដ្ឋមន្ត្រី មានពេលដើម្បីកៀងគរ ប្រមូលតំណាងរាស្ត្រ ឲ្យបោះឆ្នោតគាំទ្រខ្លួន។

លោក Karu Rajasuriya ប្រធានសភា បានលើកឡើងថា ដរាបណាសភាមិនទាន់ប្រជុំបោះឆ្នោតផ្តល់សេច​ក្តី​ទុកចិត្តទេនោះ លោក Rajapakse មិនអាចចូលកាន់តំណែងជានាយករដ្ឋមន្រ្តីបានទេ។ លោកប្រធានសភា ក៏បានលើកឡើងដែរ អំពីទង្វើបំពានរដ្ឋធម្មនុញ្ញ និងគ្រោះថ្នាក់នៃវិបត្តិនយោបាយ ដែលកើតចេញពីការសម្រេចព្យួរសភា របស់លោកប្រធានាធិបតី។

តើការសម្រេចផ្ទួនៗគ្នា របស់ប្រធានាធិបតីស្រីលង្កា ក្នុងការដកហូតនាយករដ្ឋមន្ត្រី និងការព្យួរសភានេះ គឺជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញមែនឬទេ? សម្រាប់អ្នកគាំទ្រ លោកនាយករដ្ឋមន្ត្រី Wickremeshinghe ពិតណាស់ ដែលទង្វើនេះ ជាការបំពានរដ្ឋធម្មនុញ្ញ។ ប៉ុន្តែសម្រាប់​អ្នកគាំទ្រលោកប្រធានធិតបី និងលោក Rajapakse គឺវាមិនផ្ទុយពីរដ្ឋធម្មនុញ្ញទេ តែគ្រាន់តែជាការផ្លាស់ប្តូរនយោបាយតែប៉ុណ្ណោះ។ វាពិបាកក្នុងការរកចំលើយណាស់ ខណៈដែលរដ្ឋធម្មនុញ្ញស្រីលង្កា ត្រូវបានគេធ្វើកំណែទម្រង់ជាញឹកញាប់ លប់ចោលសរសេរថ្មី កែប្រែចុះឡើង ប្រែប្រួលទៅតាមកាលៈទេសៈនយោបាយនីមួយៗ និងទៅតាមការចង់បានរបស់អ្នកកាន់អំណាច។

ងាកទៅចាប់ដៃ ជាមួយអតីតគូប្រជែង ដើម្បីបន្តនៅមួយអាណត្តិទៀត

សម្រាប់ប្រជាជនស្រីលង្កា វិបត្តិនយោបាយនេះ គឺជារឿងមួយដ៏ភ្ញាក់ផ្អើលបំផុត។ មិនបានដឹងអ្វីសោះ ប្រជាជនស្រីលង្កា បើកភ្នែកធំៗ ឃើញព័ត៌មានតាមកញ្ចក់ទូរទស្សន៍ ផ្សាយផ្ទាល់ អំពីពិធីស្បថចូលកាន់តំណែង របស់លោក Rajapakse ជានាយករដ្ឋមន្ត្រីថ្មី។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺលោក Rajapakse នេះ ធ្លាប់ជាគូប្រជែង នឹងលោក ប្រធានាធិបតី Sirisena តែពេលនេះ លោក Sirisena បែរជាងាកមកតែងតាំងលោក Rajapakse​​ ជានាយករដ្ឋមន្ត្រីទៅវិញ។ តើមានមូលហេតុអ្វីខ្លះ នៅពីក្រោយ រឿងរ៉ាវនេះ?

គួររំលឹកថា លោកប្រធានាធិបតី Sirisena និងលោកនាយករដ្ឋមន្ត្រី Wickremeshinghe ជាមនុស្សមកពីបក្ស២ផ្សេងគ្នា។ ជាង៣ឆ្នាំ ក្នុងរដ្ឋាភិបាលចំរុះនេះ មេដឹកនាំទាំង២នាក់នេះ បានឃ្លាតឆ្ងាយគ្នាបន្តិចម្តងៗ ដោយមានរឿងជាច្រើន ដែលមិនចុះសម្រុងគ្នា។ នៅតាមកញ្ចក់ទូរទស្សន៍ លោក Sirisena បានចោទនាយករដ្ឋមន្ត្រីខ្លួនថា សម្រេចធ្វើអ្វីដោយ​ចិត្តឯង ពុំមានសួរយោបល់ពីលោក ជាប្រធានាធិបតីទេ ហើយជាងនេះទៅទៀត លោកបានចោទ លោក​ Wickremeshinghe ថាមានបំណងអាក្រក់ ឃុបឃិតជាមួយរដ្ឋមន្ត្រីម្នាក់ ប៉ុនប៉ងធ្វើឃាតលោកទៀតផង។

ក៏ប៉ុន្តែសម្រាប់អ្នកម្ខាងទៀត យល់ថា ការទំលាក់លោក Wickremeshinghe ចេញពីកៅអី គឺដោយសារតែ អ្នកទាំង២ប្រជែងគ្នា ក្នុងការឈរឈ្មោះ ជាប្រធានាធិបតីនៅអាណត្តិក្រោយ។ លោក Sirisena មានបំណងឈរឈ្មោះមួយអាណត្តិទៀត ខណៈដែលលោក Wickremeshinghe ក៏មានបំណងចង់បានតំណែងប្រធានាធិបតីនេះដែរ។ ដូច្នេះហើយ បានជាលោក Sirisena បានងាកទៅចាប់ដៃជាមួយលោក Rajapakse បើទោះបីជាធ្លាប់ជាសត្រូវនឹងគ្នាក៏ដោយ​ ដើម្បីអាចមានឱកាសឈ្នះឆ្នោត និងបន្តតំណែងមួយអាណត្តិទៀត។

Rajapakse ខ្លាចាស់ ​ដែលមិនព្រមចូលនិវត្តន៍

លោក Mahinda Rajapakse នាយករដ្ឋមន្ត្រីថ្មី តែ​គ្មាន​រដ្ឋាភិបាល​ AFP PHOTO / LAKRUWAN WANNIARACHCHI

សូមរំលឹកថា លោក Rajapakse ក៏ធ្លាប់ធ្វើជាប្រធានាធិបតីដែរ រវាងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥។ ក្នុងអំឡុងពេលកាន់តំណែង លោក Rajapakse ត្រូវបានគេដឹងថា បានប្រើប្រាស់អំណាចផ្តាច់ការ និងប្រព្រឹត្តិអំពើពុករលួយបក្សពួកនិយម យ៉ាងចំហរ។ រដ្ឋាភិបាលលោក Rajapakse បានវាយកឈ្នះ និងបញ្ចប់សង្រ្គាម ជាមួយពួកឧទ្ទាមក្លាតាមូល នៅឆ្នាំ២០០៩ ពិតមែន តែការពិត លោក Rajapakse បានចាត់វិធានការ ធ្វើទុកបុកម្នេញ សងសឹងជាច្រើន ទៅលើសហគមនជនជាតិភាគតិចតាមូល។ ការវិល​ត្រលប់​មកកាន់ឆាកនយោបាយវិញ របស់លោក Rajakpase នាពេលនេះ សម្រាប់អ្នកវិភាគ​ខ្លះ យល់ឃើញថា វានឹងធ្វើឲ្យដំបៅសង្គមចាស់ រើឡើងវិញ ជាក់ជាមិនខាន។ សហគមជន​ជាតិសាំងហ្កាឡេ និង សហគមជនជាតិភាគតិចតាមូល អាចនឹងបែកបាក់គ្នាជាថ្មី បើសិនជានាយករដ្ឋមន្រ្តី ដឹកនាំដោយលំអៀង។

ជាងនេះទៅទៀត អ្នកសារព័ត៌មានខ្លះ បានសំដែងការព្រួយបារម្ភ អំពីការឈានទៅ​រក​របប​ផ្តាច់ការ នៅស្រីលង្កា បើសិន ជាលោកSirisena និងលោក Rakapakse រួមដៃគ្នា ដឹកនាំ​ប្រទេសក្នុងកណ្តាប់ពុករលួយរបស់បក្សពួកគេទាំង២នាក់។ ជាក់ស្តែង កាលពីថ្ងៃទី​២៨តុលា ក្រោយតែងតាំងហើយថ្មីៗ ក្រុមបក្សពួករបស់លោក Rajapakse បានលើកគ្នាទៅអុកឡុកការផ្សាយ តាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍។ ប៉ុន្មានម៉ោងក្រោយមក លោក Rajapakse បានតែងតាំងមនុស្សជំនិតៗរបស់ខ្លួន ឲ្យដឹកនាំបណ្តាញផ្សព្វផ្សាយព័ត៌មាន២ របស់រដ្ឋស្រីលង្កា។ អ្នកស្រី Tisaranee Gunasekara អ្នកកាសែតមួយរូប បានសរសេរថា “ស្រីលង្កា​កំពុងធ្វើដំណើរ ចាកចេញពីប្រជាធិបតេយ្យ ទៅកាន់របបផ្តាច់ការហើយ!”៕

ចិន ឬ ឥណ្ឌា?

ការវិលត្រលប់ មកក្នុងសៃវៀននយោបាយ របស់លោក Rajapakse នេះ ក៏ត្រូវបានឥណ្ឌា និងចិន តាមដានយ៉ាងស្អិត។ នរណាក៏ដឹងដែរ ថាលោក Rajapakse មានទំនោរខិតទៅខាងចិន ខ្លាំងជាងឥណ្ឌា។ ក្នុងអំឡុងពេលលោកកាន់តំណែង ស្រីលង្កា បានខ្ចីបំណុលចិន ជាច្រើនពាន់លានដុល្លារ ដើម្បីអនុវត្តគំរោងផ្លូវមួយ ខ្សែក្រវ៉ាតមួយរបស់ចិន។ ចំណែកឥណ្ឌាវិញ មានការព្រួយបារម្ភ កាន់តែខ្លាំង នៅពេលឃើញចិន មានវត្តមាន ឡោមព័ទ្ធខ្លួន ទាំងដីគោក និងដីទឹក តាមរយៈគម្រោងសាងសង់កំពង់ផែចិន ដ៏ធំនៅស្រីលង្កា។

ក្នុងអាណត្តិលោក Sirisena ប្រមាណជិត៤ឆ្នាំមកនេះ ស្រីលង្កា បានកសាងទំនាក់ទំនងល្អច្រើន ជាមួយឥណ្ឌា។ ក៏ប៉ុន្តែ ការដែលលោក Sirisena ងាកទៅចាប់ដៃ ជាមួយនឹងលោក Rajapakse ដែលស្និទ្ធិនឹងចិនប៉េកាំងនាពេលនេះ គឺមិនអាចមិនឲ្យគេមិនងឿងឆ្ងល់បាននោះទេ។ តើ ចិនអាចមានអ្វីពាក់ព័ន្ធនឹង វិបត្តិ​នយោបាយ​ នៅស្រីលង្កា ក្នុងពេលនេះដែរឬទេ?

មិនថា ប្រទេសណាចូលរួមជំរុញវិបត្តិនយោបាយនេះ ឬយ៉ាងណានោះទេ តែវិបត្តិនយោបាយស្រីលង្កានាពេលនេះ បានបង្ហាញឲ្យឃើញច្បាស់ អំពីភាពផុយស្រួយនៃរបបនយោបាយ របស់ស្រីលង្កាខ្លួនឯង​។  ស្រីលង្កា មានរបបនយោបាយ​នៅចន្លោះ របបប្រធានាធិបតី និងរបបសភានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ សម្រាប់របបនយោបាយរបៀបនេះ គឺវានឹងមានគ្រោះថ្នាក់បំផុត ប្រសិនបើរដ្ឋធម្មនុញ្ញ ពុំមានលក្ខណៈរ៉ឹងមាំ ក្នុងការរៀបចំជញ្ជីងអំណាច ឲ្យមានសមភាព រវាងអំណាចសភា អំណាចប្រធានាធិបតី និងអំណាចនីតិប្រតិបត្តិ ដែលមាននាយករដ្ឋមន្ត្រីជាបង្គោលនោះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ