ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
អាស៊ី

ស្រីលង្កា៖ ស្លាប់​១៥​នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាប​ក្រុម​ជីហាត​ភេរវកម្ម

media សមត្ថកិច្ច​ស្រីលង្កា ព័ទ្ធ​ផ្ទះ ដែលគេសង្ស័យ ថាជាសំបុកលាក់ខ្លួន របស់​ក្រុម​ជីហាតភេរវកម្ម​ នៅក្រុង​Kalmunai ថ្ងៃទី​២៧មេសា ២០១៩​។​ REUTERS/Dinuka Liyanawatte

សមត្ថកិច្ចស្រីលង្កា បានបើកប្រតិបត្តិការបំបែកសំបុក ក្រុមភេរវកម្មជីហាត​ នៅក្រុង កាល់មូណៃ ភាគខាងកើតប្រទេស នៅថ្ងៃសៅរ៍ទី​២៧មេសា​។ មានមនុស្សស្លាប់សរុប ប្រមាណ១៥នាក់ ដែលក្នុងនោះក្មេង៦នាក់។ ស្ថានភាព​តានតឹង បណ្តាលមកពីបញ្ហាភេរវកម្ម នៅតែបន្តមាន នៅក្នុងប្រទេសនេះ បន្ទាប់ពីភេរវកម្មផ្ទួនគ្នា បានផ្តាច់ជីវិតមនុស្ស ២៥៣នាក់ កាលពីថ្ងៃអាទិត្យទី ២១ មេសា។ សហរដ្ឋអាមេរិក បានប្រកាស ឲ្យប្រជាជនខ្លួនចាកចេញពីស្រីលង្កា ឬមិនត្រូវ​ធ្វើដំណើរទៅប្រទេសនេះ។

ក្នុងប្រតិបត្តិការបំបែកសំបុក ក្រុមជីហាតភេរវកម្ម នៅក្រុង កាល់មូណៃ ជនសង្ស័យ​៣នាក់ បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង។ គ្រាប់បែកបានផ្ទុះស្លាប់មនុស្ស៩នាក់ផ្សេងទៀត ស្រ្តី៣នាក់និងកុមារ៦នាក់។ នៅក្បែរកន្លែងកើតហេតុ គេបានប្រទះឃើញសាកសព​មនុស្ស​ភេទប្រុស​ ៣នាក់ទៀត ដែលតាមការអះអាង របស់អាជ្ញាធរស្រីលង្កា ថាបានដាក់គ្រាប់បែកសម្លាប់ខ្លួនឯងដែរ។

ភ្លាមៗក្រោយប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលស្រីលង្កា បានអះអាងថា សមត្ថកិច្ចបានរកឃើញបំពង់គ្រាប់រំសេវចំនួន១៥០ដើម ព្រមទាំងទង់ខ្មៅរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅទីតាំងមួយទៀត ក្នុងក្រុងសាម៉ាន់ធូរ៉ាយ មិនឆ្ងាយប៉ុន្មានពីក្រុងកាល់មូណៃ។ ដោយឡែក លោក ស៊ីរីសាណា ប្រធានាធិបតីស្រីលង្កា បានប្រកាសកាលពីថ្ងៃសុក្រថា មានសមាជិកក្រុមជីហាតអ៊ីស្លាមភេរវកម្ម ចំនួនប្រមាណ​១៤០នាក់ ហើយថាសមត្ថកិច្ចស្រីលង្កា ប្តេជ្ញានឹងកំទេចឲ្យអស់។

សូមរំលឹកថា ភេរវកម្មបង្កឡើង ដោយក្រុមជីហាតអ៊ីស្លាមជ្រុលនិយម កាលពីថ្ងៃទី​២១មេសា បានផ្តាច់ជីវិតមនុស្ស២៥៣នាក់។ ក្រុមភេរវកម្ម បានជ្រើសរើស ទីតាំងវិហារកាតូលិក និង សណ្ឋាគារទំនើប ដើម្បីសម្លាប់មនុស្ស នៅក្នុងថ្ងៃបុណ្យសាសនាគ្រិស្តិ។ បើតាមការអះអាងរបស់សមត្ថកិច្ចស្រីលង្កា មេក្លោងភេរវកម្មនេះ បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក នៅឯសណ្ឋាគារ Sangri-La ក្នុងរដ្ឋធានីកូឡុំបូ។ ជននេះមានឈ្មោះថា Zahran Hashim ដែលលេចមុខ ក្នុងវីដេអូមួយ របស់ក្រុមជីហាតស្រីលង្កា National Thowheed Jama-ath (NTJ)។ នៅក្នុងវីដេអូ ជននេះបានដឹកនាំក្រុមមនុស្ស៧នាក់​ ឲ្យស្បថចុះចូលបំរើ មាគ៌ា របស់មេក្លោងជីហាតនៃអង្គការរដ្ឋអ៊ីស្លាម ឈ្មោះ Abou Bakr al-Baghdadi។

មួយសប្តាហ៍ក្រោយភេរវកម្មដ៏សាហាវនេះ ស្រីលង្កាស្ថិតនៅក្នុងស្ថានភាពអាសន្នដដែល ដោយវិហារកាតូលិក ក៏ដូចជាវិហារអ៊ីស្លាម ត្រូវហាមឃាត់ មិនឲ្យមានការជួបជុំទេ។ លោកនាយករដ្ឋមន្ត្រីស្រីលង្កា បានថ្លែងសុំទោសជាសាធារណៈ ចំពោះភាពអសមត្ថភាព របស់រដ្ឋាភិបាល ក្នុងការពារសុវត្ថិភាព​ប្រជាជាន។

ដោយឡែក ក្រសួងការបរទេសអាមេរិក បានប្រកាសអំពាវនាវ ឲ្យប្រជាជនខ្លួន ចាកចេញពីស្រីលង្កា និងមិនឲ្យធ្វើដំណើរទៅប្រទេសនេះទេ ក្នុងអំឡុងពេលនេះ។ ក្រុមហ៊ុនទេស​ចរណ៍ធំៗ បានលប់ចោលការធ្វើដំណើររបស់ភ្ញៀវ។ ​វិស័យទេសចរណ៍ស្រីលង្កា គឺជាអ្នករងគ្រោះធ្ងន់ជាងគេ បើតាមការស្មាន វិស័យនេះ ប្រហែលជាត្រូវខាតបង់ ប្រមាណ១ពាន់៥រយលានដុល្លារ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ