អានតួអត្ថបទ
កម្ពុជា

ស្វែងយល់​ពី​ការ​ចុះផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​​ ស្តីពី​ការ​បោះឆ្នោត​នៅ​កម្ពុជា

នៅថ្ងៃទី២៩កក្កដា ក៏ដូចជាក្នុងរវាងសប្តាហ៍កន្លងមកនេះ ស្ថានភាពនយោបាយ ព្រមទាំងការបោះឆ្នោតនៅកម្ពុជា ត្រូវបានបណ្តាញសារព័ត៌មានបរទេសជាច្រើន តាមដានយ៉ាងជាប់ និងធ្វើការចុះផ្សាយរៀងៗខ្លួន។ បណ្តាញសារព័ត៌មានបរទេសធំៗ ដែលភាគច្រើន បានសម្តែងការព្រួយបារម្ភ អំពីដំណើរខិតទៅរករបបដឹកនាំកាន់តែផ្តាច់ការ តាម​រយៈ​ការ​បោះឆ្នោត ដែលពុំមានវត្តមានគណបក្សប្រឆាំង រួមទាំងវិធានការនានា សំដៅរារាំង​បណ្តាញ​ព័ត៌មានឯករាជ្យក្នុងស្រុក និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ២០១៨
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ២០១៨ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

កាសែត Le Monde បានចុះផ្សាយ អត្ថបទមួយ កាលពីថ្ងៃ២៨ កក្កដា ២០១៨ ក្រោមចំណង​ជើង​ថា “លោក ហ៊ុន សែន ចាក់សោក្រញ៉ាំ សង្គ្រប់លើកម្ពុជា”។ អ្នករាយការណ៍ព័ត៌មាន​របស់កាសែត Le Monde ប្រចាំនៅកម្ពុជា សរសេរថា៖ កាន់អំណាច ៣៣ឆ្នាំ  លោក​ហ៊ុន សែន ហាក់មិនអាចនឹងងាយបន្ធូរខ្ចៅអំណាចងាយៗឡើយ តែផ្ទុយទៅវិញ ក្រញ៉ាំអំណាចនេះ​ កាន់តែរួមរឹតខ្លាំង ទៅលើប្រជាជនកម្ពុជា ខណៈដែលការបោះឆ្នោត​សភា អាណត្តិថ្មី បានឈានចូលមកដល់។

អត្ថបទកាសែតនេះ បានលើកឡើងថា ដើម្បីអាចប្រាកដក្នុងចិត្ត ថាគណបក្ស​នយោបាយ​​ខ្លួន ដែលកំពុងកាន់ចង្កូតរដ្ឋាភិបាលបច្ចុប្បន្ននេះ នឹងអាចយកជ័យជំនះសម្រាប់​អាណត្តិថ្មីនេះទៀត លោកហ៊ុន សែន បុរសខ្លាំងនៃកម្ពុជា បានប្រើវិធីផ្សេងៗ ដើម្បី​ត្រួសត្រាយផ្លូវឲ្យស្អាតភ្លឹងគ្មានគូប្រកួត។ កាសែតនេះ បានរំលឹកថា នៅចុងឆ្នាំ២០១៧ លោកហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា។ ហើយទន្ទឹមគ្នានេះ លោក កឹម សុខា ប្រធានមួយរូបនៃគណបក្សនេះ ត្រូវបានគេចាប់ដាក់ឃុំ ដោយជាប់ចោទ ពីបទក្បត់ជាតិ ឃុបឃិតជាមួយនឹងបរទេស។

Le Monde សរសេរបន្តថា ក្នុងរវាងឆ្នាំ២០១៧ សេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា បានដើរដល់ចំណុចមួយគួរឲ្យព្រួយបារម្ភបំផុត។ រដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបិទសារព័ត៌មាន The Cambodia Daily ដែលជាកាសែតជាភាសាអង់គ្លេសដ៏ធំ និងចំណាស់ជាងគេនៅកម្ពុជា។ ចំណែក កាសែត Phnom Penh Post ក៏ត្រូវបានគេបង្ខំ ឲ្យលក់ទៅឲ្យអ្នកជំនួញម្នាក់ ដែលគេជឿថា ស្និទស្នាលជាមួយមនុស្សក្នុងគណបក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ក្រៅពីបិទកាសែតឯករាជធំៗ ស្ថានីយ័វិទ្យុចំនួន៣២ ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ហាមឃាត់ លែងឲ្យធ្វើការផ្សាយ។ Le Monde សរសេរបន្តថា ស្ថានភាពបច្ចុប្បន្ននេះ គឺពិតជាមិនអាចមិនឲ្យគេភ័យបារម្ភបានទេ ព្រោះថាអនាគតនៃសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា កំពុងត្រូវបានជាន់ឈ្លីកំទេច។ ដោយស្រង់បទវិភាគ របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន កាសែត Le Monde សរសេរថា សង្រ្គាមកំចាយបណ្តាញព័ត៌មានឯករាជ្យនេះ នឹងបើកផ្លូវយ៉ាងទូលាយ ឲ្យទៅបណ្តាញឃោសនា ខាងរដ្ឋាភិបាល របស់លោកហ៊ុន សែន។

លោក ស៊ា រិទ្ធី អ្នកជំនួញអចលនទ្រព្យដ៏ស្តុកស្តម្ភម្នាក់ បានបញ្ជាក់ប្រាប់កាសែត Le Monde ថាគណបក្ស​ប្រជាជនកម្ពុជា បានស្តារកម្ពុជា​ចេញពីសង្រ្គាម បានបង្រួបបង្រួមជាតិ និងជាក្តីសង្ឃឹមតែមួយគត់សម្រាប់កម្ពុជា។ អ្នកជំនួញម្នាក់នេះ បន្តថា លោកស្គាល់ច្បាស់ ណាស់ ថាអ្វីទៅជាសង្រ្គាម អ្វីទៅជាសន្តិភាព។ កាសែត Le Monde ក៏បានស្រង់ផងដែរ អំពីការយល់ឃើញរបស់អ្នកគាំទ្ររដ្ឋាភិបាលលោកហ៊ុន សែនមួយចំនួន ដែលបានលើកឡើងថា ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា គឺជាការបោះឆ្នោតដោយសេរី ពហុបក្ស តាមបែបប្រជាធិបតេយ្យ មិនដូចការចោទប្រកាន់របស់មនុស្សចំនួននោះឡើយ។

តែយ៉ាងណា កាសែតLe Monde សរសេរបន្តថា ការបោះឆ្នោតពហុបក្សមែនពិត តែគ្រប់គ្នាដឹងយ៉ាងច្បាស់ ថាគណបក្សប្រឆាំងដ៏ធំ ដែលអាចប្រជែងនឹងគណបក្សប្រជាជនកម្ពុជា មិនមានវត្តមានក្នុងការបោះឆ្នោតនេះទេ។ ចំណែកគណបក្សផ្សេងៗ ទាំង​១៩​ទៀត​ដែល​មានវត្តមាន គ្រាន់តែជាគណបក្សអំពិលអំពែកតែប៉ុណ្ណោះ។

នៅព្រឹកថ្ងៃអាទិត្យ ទី២៩កក្កដានេះ កាសែត មួយទៀតរបស់បារាំង ឈ្មោះ La Croix បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា៖ នៅ​កម្ពុជា លោកហ៊ុន សែន កំពុង​ឈាន​​ទៅ​ជាប់ឆ្នោត​សារជាថ្មី។ កាសែត La Croix បានផ្តោតសំខាន់ អំពីចំនួនអ្នកទៅចូលរួម​បោះឆ្នោតលើកនេះ​ ខណៈដែលគណបក្សប្រឆាំងដ៏ធំ ពុំមានវត្តមាន ក្នុងបញ្ជីគណបក្សឈរឈ្មោះ។ កាសែត La Croix ចោទសួរថា តើប្រជាជនកម្ពុជាប្រមាណ​៣លាន​នាក់ ដែលបានបោះឆ្នោត ទៅឲ្យគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣ នឹងទៅ​បោះឆ្នោតនៅថ្ងៃទី២៩កក្កដានេះ ដែរឬទេ? កាសែត La Croix លើកឡើងថា ចំនួនអ្នក​ចូលរួមបោះឆ្នោត​ តិចឬច្រើន គឺវានឹងជះឥទ្ធិពល ទៅលើភាពស្របច្បាប់ និងភាពពេញ​លក្ខណៈ នៃជ័យជំនះរបស់គណបក្សលោក ហ៊ុន សែន។ La Croix បានស្រង់សម្តីអ្នកតំណាងពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលបានអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវផ្តន្ទាទោសរាល់សកម្មភាពទាំងឡាយណា ដែលគំរាមកំហែងទៅលើអ្នកមិនទៅបោះឆ្នោត ហើយថារដ្ឋាភិបាល ត្រូវធានាការពារសិទ្ធិសេរីភាព នៃការបញ្ចេញមតិ។

ក្នុងចំណោមសារព័ត៌មានបារាំងធំៗដែរ កាសែត Libération បានចុះផ្សាយអត្ថបទយកការណ៍មួយកម្រាស់១០ទំព័រ កាលពីថ្ងៃទី២៦កក្កដា ដោយដាក់ចំណងជើងថា៖ បុរសខ្លាំង​នៃភ្នំពេញ បានបញ្ចុះសព្វលទ្ធិប្រជាធិបតេយ្យ។ Libération សរសេរថា របបដឹកនាំរបស់លោកហ៊ុន សែន បានពង្រឹងអំណាចបនិ្តចម្តង យ៉ាងណែនពេញដៃ គ្រប់វិស័យទាំងអស់ ជាង៣០ឆ្នាំមកនេះ ហើយថា ទោះបីរបបនេះមិនមែនជារបបកាប់សម្លាប់ប្រជាជនដូចរបបខ្មែរក្រហមមែន តែរបបលោកហ៊ុន សែន ដឹកនាំកម្ពុជាដោយប្រើការបំភ័យ គំរាម និងសំឡុត។

ដោយឡែក កាសែត Le Monde Diplomatique ដែលជាកាសែតចេញផ្សាយប្រចាំខែ បានចុះចំណងជើងថា៖ សេចក្តីស្រម៉ៃ ចាក់គ្រិះរាជវង្ស របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា។ អត្ថបទ ដែលបានស្រង់ នូវបទវិភាគ របស់អ្នកជំនាញស្រាវជ្រាវសិក្សាសង្គមអាស៊ី ជាច្រើននាក់នេះ បានលើកឡើងជាអាថទិ៍​ អំពីគោលបំណង ភ្ជាប់របបដឹកនាំបក្សតែមួយ​ ក្នុងកណ្តាប់ដៃមនុស្សតែម្នាក់ គឺលោកហ៊ុន សែននេះ ទៅនឹងស្ថាប័នព្រះមហាក្សត្រកម្ពុជា។ បើតាមអត្ថបទចុះផ្សាយនេះ ច្បាប់ថ្មីមួយ ដែលសំដៅផ្តន្ទាទោសមើលងាយព្រះចេស្តារព្រះមហាក្សត្រ គឺជាឧបករណ៍ ដើម្បីបង្ហាញថា គឺលោកហ៊ុន សែនតែម្នាក់គត់ ដែលជាអ្នកចាំការពាររាជបាល័ង្គ។ ធ្វើបែបនេះ លោក ហ៊ុន សែន និងគ្រួសារត្រូកូលហ៊ុន ទាំងមូល នឹងក្លាយប្រៀបបានជាផ្នែកមួយ នៃរាជវង្សដែរ ហើយគ្រួសារនេះ នឹងមានសិទ្ធិមានអំណាច គ្រប់គ្រងកម្ពុជាយ៉ាងស្របច្បាប់​ តកូនតចៅទៅមុខទៀត។

ងាកទៅមើលបណ្តាញព័ត៌មានជាភាសាអង់គ្លេសវិញ កាសែត The Guardian ដែលជាកាសែតធំបំផុតរបស់អង់គ្លេស បានសរសេរចំណងជើងថា៖ ប្រជាជនកម្ពុជា ទៅបោះឆ្នោត ខណៈដែលសកម្មជនសិទ្ធិមនុស្សបរិហារថា គឺជាការបោះឆ្នោតយ៉ាងអាម៉ាស់។ ភាពអាម៉ាស់ ដែលកាសែតនេះ បានលើកពន្យល់ អំពីសកម្មភាព និងវិធានការនានា របស់គណបក្សកាន់អំណាច ដែលបានធ្វើគ្រប់យ៉ាង ដើម្បីរារាំង មិនឲ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោតនេះ រួមទាំងវិធានការផ្សេងៗ ដែលគំរាមសំឡុតប្រជាជន ឲ្យត្រូវតែទៅចូលរួមបោះឆ្នោត។

ដូចគ្នាដែរ ទូរទស្សន៍​CNN បានចុះផ្សាយអត្ថបទយកការណ៍មួយដ៏វែង អមជាមួយនឹងរូបថតជាច្រើនសន្លឹក ផ្សាយនៅលើគេហទំព័ររបស់ខ្លួន។ អត្ថបទនេះ មានចំណងជើងថា៖ បោះឆ្នោតនៅកម្ពុជា ត្រូវគេបរិហារ ចោទថាជា រឿងអាម៉ាស់។ បើតាម CNN ឃាតកម្មលើរូបលោក កែម ឡី ការរំលាយគណបក្សសង្រ្គោះជាតិ ការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ ការបិទស្ថានីយវិទ្យុ និងបណ្តាញសារព័ត៌មានឯករាជ្យ ទាំងអស់នេះ គឺសុទ្ធសឹងតែជាធាតុផ្សំ នៃភាពអាម៉ាសរបស់ការបោះឆ្នោតសភាអាណត្តិទី៦ នៅ ថ្ងៃទី២៩ កក្កដានេះ។

រីឯកាសែត New York Times បានចុះផ្សាយនៅថ្ងៃទី២៩ កក្កដានេះថា ប្រជាជនកម្ពុជាចេញទៅបោះឆ្នោត ទោះបីលទ្ធផល ត្រូវបានមេដឹកនាំកម្ពុជាបច្ចុប្បន្ន កំណត់រួចទៅហើយ។ ជាចុងក្រោយ កាសែត The Washington Post បានសរសេរផ្តោតទៅលើ អ្នកដែលបដិសេធ មិនចេញទៅបោះឆ្នោត ព្រោះពួកគេយល់ឃើញថា សន្លឹកឆ្នោតគេគ្មានន័យឡើយ ព្រោះពុំមានគណបក្សដែលគេពេញចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ