អានតួអត្ថបទ

ហុងកុង៖ បាតុករ​បន្ត​ទាមទារ ​ឲ្យ​លោកស្រី​ប្រមុខ​រដ្ឋបាល​ហុងកុង ចុះចេញ​ពី​តំណែង

ប្រជាជនហុងកុង នៅតែបន្តធ្វើបាតុកម្ម នៅថ្ងៃសុក្រទី​២១មិថុនានេះ។ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនស្លៀកពាក់ខ្មៅ បាននាំគ្នាជួបជុំនៅ​ជុំវិញ អាគារស្នងការនគរបាលហុងកុង ដើម្បីស្រែកទាមទារ ឲ្យរដ្ឋបាល​ហុងកុង លប់ចោលជាស្ថាពរ នូវ សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជាមួយចិនដីគោក។ ​បាតុករ ក៏បានទាម​ទារ ឲ្យ​លោកស្រីប្រមុខរដ្ឋបាលហុងកុង ចុះចេញពីតំណែង ផងដែរ។

បាតុករយុវជនហុងកុង នៅខាងក្រៅ​អាគារស្នងការ​នគរបាល​ហុងកុង ថ្ងៃសុក្រ ទី២១ មិថុនា ២០១៩​
បាតុករយុវជនហុងកុង នៅខាងក្រៅ​អាគារស្នងការ​នគរបាល​ហុងកុង ថ្ងៃសុក្រ ទី២១ មិថុនា ២០១៩​ REUTERS/Ann Wang
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ច្រើន​សប្តាហ៍​មកហើយ​ ដែលប្រជាជនហុងកុង បានរួមគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងថ្នាក់ដឹកនាំនយោបាយ ដែលខ្លួន​យល់ថា​ មានទំនោរកាន់តែក្លបខ្លាច​អំណាច​ចិនប៉េកាំង។ កាលពីថ្ងៃទី​៩មិថុនា ប្រជាជនហុងកុង យ៉ាងហោច១លាននាក់ បានចុះផ្លូវ តវ៉ា ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន ជាមួយចិនដីគោក។ ហើយកាលពីថ្ងៃទី​១៦ មិថុនា ចំនួនបាតុករបានកើនឡើង ដល់ជិត​២លាននាក់  សម្រាប់ដែនដី ដែលមានប្រជាជនសរុប​ ប្រមាណ​៧លាននាក់។

ក្រោយមហាបាតុកម្មផ្ទួនៗគ្នានេះ លោកស្រី ការី ឡាំ ប្រមុខរដ្ឋបាលហុងកុង បាន​ប្រកាស ព្យួរសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័ន។ តែយ៉ាងណា នៅថ្ងៃសុក្រ ទី២១ ​មិថុនានេះ ប្រជាជនហុងកុង​បន្តធ្វើបាតុកម្ម ដើម្បីទាមទារ ឲ្យលោកស្រីលប់ចោលទាំងស្រុង នូវអត្តបទសេចក្តីព្រាងច្បាប់នេះ ហើយនឹងបានទាមទារ ឲ្យលោកស្រី ចុះចេញពីតំណែងទៀតផង។ បន្ថែមពីនេះ ក្រុមបាតុករហុងកុង ក៏បានទាមទារ ឲ្យមានការស៊ើបអង្កេត លើករណីប្រើអំពើហិង្សា ពីសំណាក់នរគបាលហុងកុង មកលើហ្វូងបាតុករ។

ព្រឹកថ្ងៃសុក្រនេះ ក្រុមមនុស្ស ដែលភាគច្រើនជាយុវជន ស្លៀកខ្មៅ ពាក់ខ្មៅ ខ្លះពាក់ម៉ាសការពារមាត់ច្រមុះ ខ្លះកាន់ឆ័ត្រ បានជួបជុំគ្នា នៅតាមបណ្តោយ វិថី Harcourt ស្ថិតនៅខាងមុខអាគារសភាហុងកុង។ បន្ទាប់មកទៀត ក្រុមបាតុករ បានដើរប្រមូលគ្នា ឆ្ពោះទៅកាន់អាគារស្នងការនគរបាលហុងកុង និងបានរុះរើរនាំងដែក របងការពារសន្តិសុខ។ ការប្រកូកប្រកាសឲ្យចូលរួមធ្វើបាតុកម្មនេះ ត្រូវបានធ្វើយ៉ាងព្រោងព្រាត នៅតាមបណ្តាញសង្គម Facebook និង Telegram ជាដើម។ មានការព្រួយបារម្ភថា ការប្រឈមមុខដាក់គ្នាដោយហិង្សា រវាងបាតុករ នឹងអាជ្ញាធរ ប្រាកដជាកើតមានជាថ្មីទៀត។

សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្តីពីបត្យាប័ន ត្រូវបានរដ្ឋបាលហុងកុងស្នើឡើងទៅកាន់សភាហុងកុង បោះឆ្នោតសម្រេច ដោយអះអាងថា ដើម្បីកុំឲ្យជនទុច្ចរិត មកពួនសំងំនៅដែនដីហុងកុង ដោយអាងថា តុលាការហុងកុង នឹងមិនធ្វើបត្យាប័នបញ្ជូនខ្លួនចេញ។ តែយ៉ាងណា សម្រាប់សកម្មជននយោបាយប្រជាធិបតេយ្យ ក៏ដូចជាបាតុករហុងកុង បានយល់ឃើញថា ច្បាប់ធ្វើបត្យាប័ននេះ នឹងធ្វើឲ្យប្រព័ន្ធតុលាការហុងកុង ត្រូវក្លាយជាអាយ៉ងរបស់​តុលាការចិនដីគោក ដែលពុករលួយនិងស្ថិតក្រោមបង្គាប់បក្សកុម្មុយនីស្ត។ មួយវិញទៀត ប្រជាជនហុងកុង យល់ថា ច្បាប់នេះ គឺវានឹងបំផ្លាញ​លក្ខខន្តិកៈពិសេស របស់ហុងកុង ជាដែនដីពាក់កណ្តាលស្វយ័ត ប្រទេសមួយប្រព័ន្ធដឹកនាំពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ