ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

ហុងកុង៖ ប្រជាជន​មួយចំនួន​ធ្វើ​បាតុកម្ម គាំទ្រ​នគរបាល​ហុងកុង​ និង​អំណាច​ចិន

media  
ប្រជាជន​ ធ្វើបាតុកម្មគាំទ្ររដ្ឋាភិបាល និង​នគរបាល​ហុងកុង ថ្ងៃទី ១៦ វិច្ឆិកា ២០១៩​ REUTERS/Athit Perawongmetha

នៅហុងកុង កាលពីថ្ងៃសៅរ៍ ទី១៦វិច្ឆិកា មានប្រជាជនហុងកុង ជាច្រើនរយនាក់ បានរួមគ្នាធ្វើបាតុកម្ម សម្តែងការគាំទ្រ ដល់នគរបាលហុងកុង ដែលប្រឈមមុខនឹងបាតុកម្ម​ហិង្សា ជាច្រើនខែមកនេះ។ ប្រជាជន​ហុងកុង ដែលមានវត្តមានក្នុងក្បួនបាតុកម្មនេះ​ ក៏បាន​អះអាងថាខ្លួនគាំទ្រ របបនយោបាយហុងកុងបច្ចុប្បន្ន​ ​ប្រទេសមួយ​របប២ ក្រោមការដឹកនាំរបស់ចិនប៉េកាំង។

ប្រជាជនហុងកុងក្មេងចាស់ប្រុសស្រី ជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នា នៅចំពោះមុខអាគារ​សភា​ហុងកុង និងខាងមុខស្នងការដ្ឋាននគរបាល​ហុងកុង ដើម្បីសម្តែងការគាំទ្រនរគបាល​ហុងកុង។ អ្នកខ្លះកាន់ទង់ជាតិហុងកុង អ្នកខ្លះកាន់ទង់ជាតិចិន ឬឯអ្នកខ្លះទៀត មានកាន់​បដា ដែលមាន​សរសេរជាអក្សរថា “យើងគាំទ្រនរគបាល​” ឬ “ យើងឈរនៅខាងនគរបាល” ជាដើម។ល។

ស្រ្តី​ហុងកុង វ័យ៤៩ឆ្នាំម្នាក់ បានលើកឡើងថា ជាច្រើនខែមកហើយ ដែលប្រជាជន ហុងកុង​មួយចំនួនដូចជាអ្នកស្រី បានបិទមាត់ មិនតវ៉ា មិន​សម្តែងមតិអ្វីទាំងអស់ ដោយសារ​តែខ្លាចការគំរាមពីសំណាក់ ក្រុមបាតុករហិង្សាជ្រុលនិយម។ តែឥឡូវវាដល់ពេលហើយ ដែលត្រូវធ្វើបាតុកម្មសម្តែងការគាំទ្រ ដល់នគរបាលហុងកុង។

សូមបញ្ជាក់ថា បាតុកម្មតវ៉ានៅហុងកុង បាន​អូសបន្លាយ​ប្រមាណ​៦ខែមកហើយ ដោយហ្វូងបាតុករ ភាគច្រើនជាយុវជនសិស្សនិស្សិត បានទាមទារឲ្យចិន ដកចេញនូវ​គំនៀប​សង្កត់ សិទ្ធិសេរីភាព​នយោបាយ មកលើប្រជាជនហុងកុង។ ក្រុមបាតុករប្រជាធិបតេយ្យ​ ក៏បានទាម​ទារ ឲ្យ​មានការស៊ើបអង្កេតដោយឯករាជ្យផងដែរ ទៅលើវិធានការហិង្សា​ហួស​ប្រមាណ ដែលនគរបាលហុងកុង បានធ្វើមកលើបាតុករ។

គួរកត់សំគាល់ដែរថា នេះជាលើកទីមួយហើយ ដែលមានក្បួនបាតុកម្មរបស់ប្រជាជន​ហុងកុង ដែលចេញមុខ គាំទ្រនគរបាល ក៏ដូចជារដ្ឋាភិបាលហុងកុង ក្នុងទ្រង់ទ្រាយធំបែបនេះ។ កន្លងមកចលនានេះ មានទំហំតូចតាចបំផុត។ ក្បួនបាតុកម្មនេះ ក៏បាន​សម្តែងការគាំទ្រ ដល់ការដឹកនាំរបស់ចិនប៉េកាំង និង​ រដ្ឋបាលហុងកុង ដឹកនាំដោយលោកស្រី ការី ឡាំ ផងដែរ។

ប៉ុន្តែមតិមួយចំនួន​បានលើកឡើងថា ក្រុម​បាតុករ ដែលចេញមកគាំទ្រចិន និងនគរបាល​ហុងកុងនេះ គឺពិតជាមាន​ការពន្យុះ ឬរៀបចំដោយរដ្ឋអំណាចចិន។ មួយវិញទៀត ការជួបជុំនេះ បានធ្វើឡើង ក្នុងខណៈដែល​ក្រុមបាតុករប្រជាធិបតេយ្យ បានដកថយបន្តិចទៅវិញ នៅថ្ងៃសៅរ៍ទី​១៦វិច្ឆិកា បន្ទាប់ពី​ពួកគេបាន​ឃើញទាហានចិន មានវត្តមាន​នៅតាមផ្លូវនានា នៅក្នុងក្រុងហុងកុង ដើ​ម្បីធ្វើការរៀបចំសំអាតទីតាំងមួយចំនួន​ ដែលខូចខាតដោយបាតុកម្ម។ ដោយឡែក រដ្ឋបាលហុងកុង បានអះអាងថា វត្តមានរបស់ទាហានចិននេះ គឺខ្លួនមិនបានស្នើសុំទេ គឺកងទ័ពចិន ដែល​ជាអ្នក​ស្នើខ្លួន​ជួយ ដើម្បីរៀបចំសំអាត។ តែយ៉ាងណា វត្តមាន​របស់ទាហានចិន នៅតាមផ្លូវបែបនេះ បានធ្វើឲ្យ​មានការតវ៉ា ខឹងសម្បារកាន់តែខ្លាំងពីសំណាក់ក្រុមបាតុករប្រជាធិបតេយ្យ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ