ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាស៊ី

ប្រជាជន​ហុងកុង ធ្វើ​បាតុកម្ម​បរិហារ​របប​ផ្តាច់​ការ​ចិន ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ចិន

media  
ក្រុមបាតុករ​ប្រជាធិបតេយ្យ​​ហុងកុង ថ្ងៃទី​១ តុលា ២០១៧ REUTERS/Bobby Yip

កាល​ពី​ថ្ងៃ​អាទិត្យ​ទី ១ តុលា​ ម្សិលមិញ គឺជា​ថ្ងៃ​បុណ្យ​ជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ឆ្លៀត​​ឱកាស​នេះ ​ប្រជាជន​ហុងកុង ​បាន​ជួបជុំ​គ្នា​ដង្ហែរ​ក្បួន​បាតុកម្ម ​ដើម្បី​បរិហារ​អំពី​នយោបាយ​ផ្តាច់ការ​ របស់​រដ្ឋាភិបាល​កុម្មុនីស្តិ​ចិន​ប៉េកាំង ​មក​​លើ​ដែន​ដី​ស្វយ័ត​ហុងកុង។ បាតុកម្ម​នេះ ​ធ្វើ​ឡើង​ក៏​ដើម្បី​ប្រឆាំង ​និង​ការ​កាត់ទោស​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ​៣រូប​ ដែល​ត្រូវ​បាន​តុលាការ​ផ្តាន្ទាទោស​ជាប់​ពន្ធនាគារ ​កាល​ពី​ខែ​សីហា​កន្លង​ទៅ។

ដើម្បី​អបអរ​បុណ្យជាតិ ​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​លោកស្រី ​ការី ឡាំ​ ដែល​ទើប​តែ​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ដែនដី​ហុងកុង​ កាល​ពី​ខែ​កក្កដា ​ បាន​ថ្លែង​សន្ទរកថា​អំពាវនាវ ​ឲ្យ​ប្រជាជន​ហុងកុង​ ត្រូវ​រួបរួម​គ្នា ​ក្រោម​ដំបូល​រដ្ឋាភិបាល​ចិន​តែ​មួយ ​ដើម្បី​កសាង​អភិវឌ្ឍន៍​ ឲ្យ​ហុងកុង​កាន់តែ​រឹងមាំ ​អស្ចារ្យ ​តទៅ​ទៀត។

ទន្ទឹមគ្នា​នេះ​​ នៅ​រសៀល​ថ្ងៃ​ដដែល ​មាន​ក្បួន​បាតុកម្ម​ដ៏ធំ ​បាន​រៀបចំ​ឡើង​ដោយ​យុវជន​ហុងកុង ​ដើម្បី​បរិហា​រអំពី​អំណាច​ផ្តាច់ការ​របស់​រដ្ឋាភិបាល​ចិន​ប៉េកាំង​នេះ​តែម្តង។ កំរាស់​​នៃ​សិទ្ធិ​សេរីភាព​ របស់​ប្រជាជន​ហុងកុង​ កាន់តែ​រិចរិល ​ស្តើង​ទៅៗ​ ដោយសារ​គោល​នយោបាយ​កាន់តែ​ផ្តាច់ការ​ របស់​រដ្ឋាភិបាល​ចិន​កុម្មនីស្តិ​ប៉េកាំង។ នេះ​គឺ​ជា​ការ​ស្រែក​តវ៉ា​ របស់​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ​ដែល​បាន​មក​ជួប​ជុំ​គ្នា ​ប្រមាណ​ជា​៥ពាន់​នាក់ ​កាលពី​ថ្ងៃ​អាទិត្យ​ទី​ ១ ​តុលា។

ក្រុម​បាតុករ​ហុងកុង ​ហៅ​ការ​ជួបជុំ​នេះ​ថា ​ជា​ការ​រួបរួម​គ្នា ​ប្រឆាំង​នឹង​របប​ដឹកនាំ​ផ្តាច់ការ។ បាតុករ​ម្នាក់​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង​ថា ​របប​ផ្តាច់ការ ​មាន​ពិត​ជាក់ស្តែង​ហើយ​ក្នុង​សង្គម​ហុងកុង ​ដែល​នេះ​គឺ​ជា​ចេតនា​របស់​បក្ស​កុម្មុយនីស្តិ​ចិន។ លោក ​Benny Tai ​បាតុករ​ម្នាក់ ​ដែល​ជា​សាស្ត្រាចារ្យ​ច្បាប់​ បាន​លើក​ឡើង​ថា ​កម្មវត្ថុ​នៃ​បាតុកម្ម​នាពេល​នេះ ​ គឺ​ដើម្បី​ពញ្ញាក់​ស្មារតី​របស់​ប្រជាជន​ហុងកុង​ទូទៅ​ ឲ្យភ្លឺ​ភ្នែក ​​យល់​អំពី​ការពិត​ជាក់ស្តែង ​ដែល​កើត​មាន​ឡើង ​ក្នុង​សង្គម​ហុងកុង។

និស្សិត​ វ័យ​២១​ឆ្នាំ​ម្នាក់ ​បាន​ថ្លែង​ថា ​កណ្តាប់ដៃ​ដែក​របស់​បក្ស​កុម្មនីស្តិ​ប៉េកាំង ​ដែល​ប្រើ​មក​បំបិត​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ហុងកុង ​កាន់តែ​ខ្លាំង​ទៅៗ ​ គឺ​នឹង​រុញ​ទឹក​ចិត្ត​ប្រជាជន​ហុងកុង ​ឲ្យ​កាន់​តែ​ពុះ​កញ្ជ្រោល​តវ៉ា។ តែ​យ៉ាងណា ​ស្ត្រី​វ័យ​ ៦៤​ឆ្នាំ ​ដែល​មក​ចូលរួម​បាតុកម្ម​ដែរ ​ បាន​និយាយ​ថា​ គាត់​គ្មាន​សង្ឃឹម​ថា ​ក្មេងៗ​សិស្ស​និស្សិត​ទាំង​នេះ ​អាច​មាន​អ្វី ​យក​ទៅ​តទល់​ជាមួយ ​បក្ស​កុម្មុយនីស្តិ​ដ៏​ធំ​មហិមា ​នោះ​បាន​ទេ។​ តែបើ​ទោះ​ជា​គ្មាន​សង្ឃឹម​ ក៏​គាត់​មក​ចូលរួម​បាតុកម្ម ​ដើម្បី​សម្តែង​មតិ​ និង​សាមគ្គី​ជាមួយ​យុវជន​ក្មេងៗ ដែរ។

គួររំលឹក​ដែរ​ថា​ កាលពី​ឆ្នាំ​២០១៤ ​ចលនា​បាតុកម្ម​របស់​យុវជន​ប្រជាធិបតេយ្យ​ហុងកុង ​អស់​រយៈពេល​ដល់ទៅ​១១​សប្តាហ៍ ​បាន​ធ្វើ​ឲ្យ​ល្បី​រន្ទឺ ​ដល់​មតិ​សាធារណ​អន្តរជាតិ។ សកម្មជន​ហុងកុង ​៣រូប​ ត្រូវ​បាន​តុលាការ​ហុងកុង ​សម្រេច​ផ្តន្ទាទោស ​ដាក់​ពន្ធនាគារ ​កាល​ពី​ខែ​សីហា​កន្លង​ទៅ។ ថ្វីបើ ​មេ​ដឹក​នាំ​ចល​នានេះ​ កំពុង​ស្ថិត​ក្នុង​ឃុំ ​តែ​យុវជន​ហុងកុង ​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​ជា​រឿយៗ​ ដើម្បី​ទាម​ទារ ​ឲ្យ​ក្រុង​ប៉េកាំង ​គោរព​សិទ្ធិ​ស្វយ័ត​ របស់​ដែនដី​ហុងកុង ​មាន​ជា​អាថទិ៍ ​គឺ​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ហុងកុង ​ ដោយ​សេរី ​តាម​បែប​ប្រជាធិបតេយ្យ​ពេញលេញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ