អានតួអត្ថបទ

ហុងកុង៖ ប្រជាជន​ប្តេជ្ញា​បន្ត​ធ្វើ​បាតុកម្ម បើទោះ​បី​ជា​អាជ្ញាធរ​មិន​អនុញ្ញាត

នៅថ្ងៃអាទិត្យទី​១១សីហានេះ ប្រជាជនហុងកុង បានបន្តជួបជុំគ្នាធ្វើបាតុកម្ម ដើម្បីប្រឆាំងតវ៉ា នឹងអំណាចផ្តាច់ការរបស់ចិនប៉េកាំង។ ដោយឡែក កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្បួនបាតុកម្ម ជាច្រើនកន្លែង​បានបង្កឲ្យមានការប៉ះទង្គិចគ្នាខ្លាំង ជាមួយនឹងសមត្ថកិច្ច។ គួរ​កត់​សំគាល់​ថា អស់រយៈពេល​ប្រមាណ២ខែមកនេះ ចលនាបាតុកម្មរបស់ប្រជាជនហុងកុង កំពុង​តែ​​ចាប់ផ្តើម​ ធ្វើឲ្យមានផលអវិជ្ជមានខ្លះ ទៅលើ​​វិស័យ​សេដ្ឋកិច្ច។

បាតុករហុងកុង ជួបជុំគ្នា​នៅ​ទីលាន​ Victoria Park កណ្តាល​​ក្រុងហុងកុង​​ ថ្ងៃទី​១១ សីហា ២០១៩
បាតុករហុងកុង ជួបជុំគ្នា​នៅ​ទីលាន​ Victoria Park កណ្តាល​​ក្រុងហុងកុង​​ ថ្ងៃទី​១១ សីហា ២០១៩ RFI / Christophe Paget
ផ្សាយពាណិជ្ជកម្ម

កម្លាំងបាតុកម្ម​ របស់ប្រជាជនហុងកុង ហាក់មិនបានចុះថយទេ គឺកាន់តែរីកធំ បន្ទាប់​ពី លោកស្រី​ប្រមុខ​រដ្ឋបាល​ហុងកុង បានអះអាង​ថានឹងមិនចុះញ៉ម។ នៅរសៀលថ្ងៃអាទិត្យ​ទី​១១សីហា នៅទីលានសួនច្បារ Victoria Park មានមនុស្ស​រាប់ពាន់នាក់ មានក្មេងមានចាស់ មកជួបជុំគ្នា។ ស្ត្រីបាតុករម្នាក់ បានបញ្ជាក់ថា នគរបាលហុងកុង បានអនុញ្ញាតឲ្យមានការជួបជុំនៅមួយកន្លែង តែហាមមិនឲ្យដើរក្បួនទេ។ តែយ៉ាងណាស្ត្រីបាតុកររូបនេះ បានអះអាងថា ក្រុមបាតុករនឹងមិនញញើត ក្នុងការធ្វើដំណើរតាមដងផ្លូវទេ។

ទន្ទឹមគ្នានោះដែរ​ នៅឯសង្កាត់កៅលន់ឯណោះ ក៏មានការជួបជុំបាតុករហុងកុង ជាច្រើនពាន់នាក់ដែរ។ ហើយចំណែក នៅឯព្រលានយន្តហោះហុងកុងវិញ ក្រុមបាតុករប្រជាធិបតេយ្យ នៅតែបន្តអង្គុយជួបជុំគ្នាអស់រយៈពេល៣ថ្ងៃមក​ហើយ ដើម្បី​ផ្សព្វផ្សាយ​ប្រាប់ទៅភ្ញៀវបរទេស ក៏ដូចជាអ្នកធ្វើដំណើរទាំងអស់​ ឲ្យបានដឹង នឹងចូលរួមក្នុងចលនាតវ៉ារបស់ពួកគេ។

ផ្តើមចេញពីការតវ៉ា ប្រឆាំងនឹងគំរោងច្បាប់ធ្វើបត្យាប័ន បាតុករប្រជាធិបតេយ្យហុងកុង បានពង្រីក​ចលនាបាតុកម្មរបស់ខ្លួន ឲ្យកាន់តែរីកធំ ដោយមានការចូលរួមពីប្រជាជន​ហុងកុង​ទូទៅ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីទាមទារ ឈប់ឲ្យចិនប៉េកាំង កៀបសង្កត់សិទ្ធិសេរីភាព​របស់​ហុងកុង។ បាតុករប្រជាធិបតេយ្យ បានទាមទារ ឲ្យ​លោកស្រី ការី ឡាំ ចុះចេញពីតំណែង ហើយត្រូវរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ​​សេរី ដើម្បីជ្រើសរើសប្រមុខដឹកនាំថ្មី របស់ហុងកុង មិនមែនជាការតែងតាំង ដោយបក្សកុម្មុយនីស្ត​ប៉េកាំង​នោះទេ។ បាតុករប្រជាធិបតេយ្យ ក៏បានទាមទារដែរ ឲ្យមានការស៊ើបអង្កេតឯករាជ្យ ស្តីពីការ​ប្រើ​អំពើហិង្សា​របស់​នគរបាល ទៅលើក្រុមបាតុករ។

ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រីការី ឡាំ ប្រមុខរដ្ឋបាលហុងកុង បាន​សន្យាថា លោកស្រីនឹងមិនចុះញ៉មចំពោះ​ចលនាបាតុកម្ម យ៉ាងអាណាធិបតេយ្យនេះជាដាច់ខាត។ លោកស្រីក៏បានលើកឡើងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើវិស័យសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍របស់ហុងកុង ដែលបណ្តាលមកពីចលនាបាតុកម្ម ជាង២ខែមកនេះ។ យោងតាមតួលេខផ្លូវការ ចំនួនកក់បន្ទប់តាមសណ្ឋាគារ បាន​ធ្លាក់ចុះប្រមាណ​៥០% នៅក្នុងខែកក្កដា។ លោក Edward Yau រដ្ឋលេខាធិការទទួលបន្ទុក​ពាណិជ្ជកម្ម​ហុងកុង បានលើកឡើងថា ​ចលនាបាតុកម្ម​ជាង២ខែមកនេះ កំពុងតែធ្វើឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​ហុងកុង ស្ថិតក្នុងគ្រោះថ្នាក់បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ