ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT

ហុងកុង៖ មហាបាតុកម្ម ​បានបង្ខំ​ឲ្យ​សភា​ហុងកុង​ លើកការ​ប្រជុំ​ពិភាក្សា ​លើ​ច្បាប់​បត្យាប័ន

ហុងកុង៖ មហាបាតុកម្ម ​បានបង្ខំ​ឲ្យ​សភា​ហុងកុង​ លើកការ​ប្រជុំ​ពិភាក្សា ​លើ​ច្បាប់​បត្យាប័ន
 
ប្រជាជនហុងកុងប្រមាណ​១លាននាក់ ចូលរួមបាតុកម្ម​ ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន នៅថ្ងៃ​ទី​១២ មិថុនា ​២០១៩ REUTERS/Athit Perawongmetha

នៅថ្ងៃពុធ ទី​១២មិថុនានេះ សភាហុងកុង បានសម្រេចលើកការប្រជុំពិភាក្សា លើច្បាប់​បត្យាប័ន បន្ទាប់ពីប្រជាជនហុងកុង បានធ្វើបាតុកម្មបិទផ្លូវ និងទីសាធារណៈសឹងតែទាំងស្រុង។ សូមបញ្ជាក់ថា ប្រជាជនហុងកុង ក្មេងចាស់ប្រុសស្រី ប្រមាណ​១លាននាក់ ដែល​បានចូលរួមបាតុកម្មនេះ បានប្តេជ្ញាប្រឆាំងទៅនឹងការអនុម័ត​ច្បាប់ថ្មីមួយ ដែលជាច្បាប់​អនុញ្ញាតិឲ្យមានការធ្វើបត្យាប័ន ផ្ទេរជនជាប់ចោទ ពីហុងកុង ទៅកាន់ទឹកដីផ្សេង​ ក្នុងនោះមានចិនដីគោក តៃវ៉ាន់ និងម៉ាកាវ។ សម្រាប់ប្រជាជនហុងកុង ច្បាប់ថ្មីនេះ នឹងរំលាយឯករាជភាព ​នៃប្រព័ន្ធយុត្តិធម៌ហុងកុង ហើយថាច្បាប់នេះ គ្រាន់តែជាអាវុធ ដែល​ចិន​ប៉េកាំង​​ប្រើ ដើម្បី​តាមចាប់អ្នកណា ដែលខ្លួនចង់ចាប់តែប៉ុណ្ណោះ។

សភាហុងកុងលើកការប្រជុំ ដោយគ្មានកាលកំណត់

កម្លាំងសាមគ្គី របស់ប្រជាជនហុងកុង ក្មេងចាស់ប្រុសស្រី ប្រមាណ១លាននាក់ ដែលបានធ្វើបាតុកម្ម ៤ថ្ងៃមកនេះ ហាក់បានហុចផ្លែផ្កាហើយ។ កាលពីថ្ងៃអាទិត្យ ទី៩មិថុនា ប្រជាជនហុងកុង បានចាប់ផ្តើមធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងការប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពីបត្យាប័ន ដែលសភាហុងកុងគ្រោងបើកការប្រជុំកាលពីថ្ងៃចន្ទទី​១០មិថុនា។

នៅថ្ងៃពុធទី​១២មិថុនា សភាហុងកុងក៏គ្រោងបើកការប្រជុំពិភាក្សា ជាលើកទី​២ លើអត្ថបទនៃសេចក្តីព្រាងច្បាប់នេះដែរ។ ក៏ប៉ុន្តែ នៅឯខាងក្រៅ ឯណោះ នៅតាមផ្លូវធំៗ ទីលានខាងមុខសភាហុងកុង ប្រជាជនហុងកុងរាប់ម៉ឺននាក់ ភាគច្រើន ស្លៀកខ្មៅពាក់ខ្មៅ មានក្មេងមានចាស់ អ្នកខ្លះមកទាំងគ្រួសារតែម្តង ដើម្បីបង្ហាញពីការកើតទុកមិនសុខចិត្តរបស់ពួកគេ។ កណ្តាលក្រុងហុងកុងទាំងមូល សឹងតែត្រូវរាំងខ្ទប់ទាំងស្រុង។ ហាងទំនិញ ភោជនីយដ្ឋានជាច្រើនបានបិទទ្វារ ជាសញ្ញាគាំទ្រ ដល់ក្រុមបាតុករ។

កំឡុងពេល ដែលអាជ្ញាធរសមត្ថកិច្ច កំពុងប្រឈមមុខខ្លាំង ជាមួយនឹង​ក្រុមបាតុករ នៅរសៀល​ថ្ងៃពុធ  ស្រាប់តែបណ្តាញព័ត៌មានហុងកុង បានផ្សព្វផ្សាយថា ប្រធាន​សភា​ហុងកុង បានសម្រេចមិនបើកសម័យប្រជុំពិភាក្សា លើអត្ថបទ​សេចក្តីព្រាងច្បាប់នេះទេ ដោយលើកពេលប្រជុំ ទៅថ្ងៃក្រោយ ដោយពុំមានកាលបរិច្ឆេទកំណត់។ ដូច្នេះ យើងអាចនិយាយបានថា ការដកថយមួយជំហាន របស់សភាហុងកុងនេះ គឺដោយសារកម្លាំងបាតុកម្មក៏ខ្លាំងក្លា របស់ប្រជាជន​ហុងកុង។

“ច្បាប់បត្យាប័ន គឺជាអាវុធរបស់ចិនដីគោក ក្នុងការតាមចាប់អ្នកប្រឆាំងនៅហុងកុង”

សម្រាប់​ហុងកុង ដែលមានប្រជាជនប្រមាណ៧លាននាក់ ការធ្វើបាតុកម្មដែលមានមនុស្សចូលរួមដល់ទៅ១លាននាក់បែបនេះ គឺជារឿងកម្រណាស់។ បាតុកម្មនេះជាមហាបាតុកម្ម ដែលពុំមាននរណានឹកស្មានដល់ទេ សូម្បីតែអាជ្ញាធរហុងកុងខ្លួនឯង ក៏មិនបាន​នឹកស្មានដល់ដែរ។

សេចក្តីព្រាងច្បាប់ស្តីពីបត្យាប័ននេះ គឺមានការបកស្រាយ២ខុសគ្នា មួយពីខាងរដ្ឋបាល​ហុងកុង ដែល​ជាអ្នករៀបចំតាក់តែងអត្ថបទច្បាប់នេះ និងម្ខាងទៀត គឺប្រជាជនហុងកុង ដោយ​មានការគាំទ្រ ពីគណបក្សប្រជាធិបតេយ្យនិយម ដែលជាគណបក្សប្រឆាំង។

​លោកស្រី Carrie Lam ប្រធានរដ្ឋបាលហុងកុង និងជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ បានអះអាងថា ​ច្បាប់បត្យាប័ននេះ គឺជាច្បាប់​ដែលនឹងបិទបញ្ចប់ ចំណុចប្រហោង​គតិយុត្តិ ដែល​ហុងកុងមានរាប់ឆ្នាំមកហើយ។ ហុងកុង ពុំមានច្បាប់ធ្វើបត្យាប័ន ជាមួយ​នឹង​​ចិនដីគោក តៃវ៉ាន់ និងម៉ាកាវទេ។ ប្រការនេះ បានធ្វើឲ្យហុកកុង ក្លាយជាជង្រុកលាក់ខ្លួន​ពួន​សំងំ របស់ជនទុច្ចរិតមួយចំនួន​ ព្រោះអាងថាតុលាការហុងកុង នឹងមិន​បញ្ជូនពួកគេ តាមរយៈការធ្វើបត្យាប័នទេ។

ក៏ប៉ុន្តែ សម្រាប់បក្សប្រឆាំង ក៏ដូចជាប្រជាជនហុងកុង ដែលបានធ្វើបាតុកម្ម គឺពួកគេយល់ថា ច្បាប់បត្យាប័ននេះ គ្រាន់តែជាលេសរបស់អំណាចចិនប៉េកាំង ក្នុងការបង្រ្កាបសម្លេងប្រឆាំងតវ៉ា នៅហុងកុងតែប៉ុណ្ណោះ។ ពួកគេគិតថា ច្បាប់បត្យាប័ននេះ នឹងធ្វើឲ្យរលំរលាយ នូ​វឯករាជភាពនៃប្រព័ន្ធយុត្តិធម៌ហុងកុង។

ប្រជាជនហុងកុង គិតថា បើតុលាការចិនដីគោក អាចទាមទារឲ្យតុលាការហុងកុង ធ្វើបត្យាប័ន បញ្ជូនជនជាប់ចោទ នរណាក៏ដោយឲ្យតែគេទាមទារ នោះមានន័យថា ចិនដីគោក អាចចាប់អ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធមនុស្ស អ្នកកាសែត អ្នកនិពន្ធ សិល្បៈករ និងមនុស្សសាមញ្ញទាំងអស់ ដែលរស់នៅហុងកុង ហើយបញ្ជូនខ្លួនទៅចិនដីគោក។ គឺត្រង់ចំណុចនេះហើយ ដែលបានជំរុញ ឲ្យប្រជាជនហុងកុង ចេញធ្វើបាតុកម្មភ្លូកទឹកភ្លូដីបែបនេះ។

ស្ត្រីបាតុករម្នាក់ ឈ្មោះ Pensy Tsoi បានលើកឡើងថា គាត់ចាស់ហើយគាត់មិនខ្វល់នឹងខ្លួនគាត់ប៉ុន្មានទេ តែអ្វីដែលគាត់បារម្ភ គឺអនាគតក្មេងជំនាន់ក្រោយនៅហុងកុង។ គាត់ថា បើប្រជាជនហុងកុង មិនងើបប្រឆាំងពេលនេះទេ ថ្ងៃមុខកូនចៅជំនាន់ក្រោយ នឹងរស់នៅក្រោមគំនៀបផ្តាច់ការ របស់ចិនកុម្មុយនីស្តប៉េកាំង។ ជាងនេះទៀត នរណាក៏ដឹងដែរ ថាប្រព័ន្ធតុលាការចិនដីគោក មិនខ្វល់ខ្វាយរឿងគោរពសិទ្ធិមនុស្ស​ឡើយ។

“បញ្ជូនជនជាប់ចោទ​ឲ្យអាជ្ញាធរចិន ដូចយកសាច់ទៅ​ផ្ញើមាត់ខ្លា”

អ្នកតវ៉ាប្រឆាំង បាន​លើកឡើងថា តុលាការចិនដីគោក មិនគោរពសិទ្ធិមនុស្សទេ។ បើសិន​ ជា​មានច្បាប់បត្យាប័នជាមួយហុងកុង មានន័យថា ហុងកុងនឹងបញ្ជូនមនុស្ស ទៅឲ្យ​អាជ្ញាធរ​ចិន ដែលវាហាក់​ដូច​ ជាយក​សាច់ទៅផ្ញើនឹងមាត់ខ្លា។ ឆ្លើយតបនឹងការព្រួយបារម្ភ​នេះ សភាហុងកុង បានធ្វើការកែប្រែខ្លឹមសារខ្លះ ដោយបានរំកិលបទល្មើសដែលអាច​ធ្វើបត្យាប័នបាន ពីបទព្រហ្មទណ្ឌចាប់ពី​ទោស៣ឆ្នាំ ឲ្យឡើងដល់៧ឆ្នាំ។

មួយទៀតនោះ គេបានបន្ថែមមាត្រាមួយ​ ដោយសរសេរយ៉ាងច្បាស់ថា បើក្នុងករណីធ្វើបត្យាប័ន គឺប្រព័ន្ធយុត្តិធម៌ដែលស្នើសុំបត្យាប័ន មានកាតព្វកិច្ច​ធានាឲ្យបាន នូវការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន របស់ជនជាប់ចោទ។

មាត្រានេះចែងច្បាស់មែនហើយ តែសួរថា ចុះបើតុលាការចិន មិនគោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់ជនជាប់ចោទ តើប្រព័ន្ធយុត្តិធម៌ហុងកុង ឬក៏រដ្ឋបាលហុងកុង អាចសិទ្ធិធ្វើអី្វបាន? នេះជាសំណួរមួយ ដែលក្រុមបាតុករចោទសួរ។ ក្រុមបាតុករលើកឡើងថា ច្បាប់នេះបានត្រឹមតែដាក់កំហិត តែការពិតជាក់ស្តែង តែប្រគល់ជនជាប់ចោទ ទៅឲ្យខាងចិនដីគោកហើយ គឺគេអាចយកទៅធ្វើអ្វី​​ក៏បានដែរ!

ប្រជាជនហុងកុង ប្តេជ្ញាចិត្ត​ខ្លាំង!

ប្រជាជនហុងកុង មានទំលាប់ មិនឱនក្បាលខ្លាច របបចិនប៉េកាំងទេ។ ពីមុនមក បាតុកម្មរបស់ប្រជាជនហុងកុង ធ្លាប់បានជោគជ័យ ធ្វើឲ្យរដ្ឋបាលហុងកុង ដែលស្ថិតក្រោមបង្គាប់​ប៉េកាំង រាថយខ្លះ​ដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០០៣ ទាក់ទិននឹងច្បាប់ទប់ស្កាត់នឹងសកម្មភាព​​ប្រឆាំងចិន នៅហុងកុង។ ក្រោយមកនៅឆ្នាំ២០១២ ប្រជាជនហុងកុង បានទាមទារ​បានសម្រេច មិនឲ្យគេបញ្ចូលទៅក្នុងកម្មវិធីសិក្សា នូវមុខវិជ្ជាស្នេហាជាតិនិយមជ្រុល ដែលលើកសរសើរតែពីរបបចិនកុម្មុយនីស្តប៉េកាំង។

តែកាលពីឆ្នាំ២០១៤ មហាបាតុកម្មឆ័ត្រលឿង ដែលទាមទារឲ្យមានការបោះឆ្នោត​ជា​សកល​និងផ្ទាល់ ដើម្បីជ្រើសរើសអភិបាល​កោះហុងកុងនោះ បានបិទបញ្ចប់ដោយបរាជ័យ ហើយមេ​បាតុករមួយចំនួន ត្រូវបានគេចាប់ខ្លួន។ សម្រាប់លើកនេះ យើងមិនអាច​ស្មានបានទេ ថាបាតុកម្មលើកនេះ នឹងក្លាយទៅជាយ៉ាងណា។

ទោះយ៉ាងនេះក្តី ជាមួយនឹងសន្ទុះនៃការចូលរួមរបស់ប្រជាជន៤ ថ្ងៃមកនេះ យើងសង្កេតឃើញថា ប្រជាជនហុងកុងមានការប្តេជ្ញាចិត្ត​ខ្ពស់។ មហាបាតុកម្មដ៏ធំ អូសបន្លាយពេលយូរ ដូចឆ្នាំ២០១៤ អាចនឹងកើត​មាន​ ហើយធំជាងមុនផង បើសិនជា​រដ្ឋាបាលហុងកុង នៅតែចង់ឈ្នះ។ លោក Lee Wing-Tat អតីតប្រធានគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ប្រជាជនហុងកុងមិនអាចអត់ទ្រាំបានទេ។ តែគាត់ក៏បារម្ភដែរ ថានឹងអាចមានការប៉ះទង្គិចដោយហិង្សា រវាងបាតុករនិងអាជ្ញាធរ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ