ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

ហេតុអ្វី​បាន​ជាលោកអូបាម៉ា​ទៅ​គោរព​វិញ្ញាណក្ខន្ធ ជនរងគ្រោះ​នៅហ៊ីរ៉ូស៊ីម៉ា?

media ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ក្រោយ​ដាក់​ផ្កា​នៅ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​ការទម្លាក់​គ្រាប់បែក​បរិមាណូ នៅ​ហ៊ីរ៉ូស៊ីម៉ា​ ថ្ងៃទី​២៧ ឧសភា​២០១៦ REUTERS/Carlos Barria

លោក​បារ៉ាក់ អូបាម៉ា នៅ​រសៀល​ថ្ងៃ​សុក្រទី ២៧ ឧសភា បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី១ ក្នុង​ប្រវត្តិសាស្រ្ត ដែល​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ជាទី ដែល​កាល​ពី​៧១​ឆ្នាំមុន អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​បរិមាណូ សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​១សែន ៤ម៉ឺន​នាក់។ លោកអូបាម៉ា​បាន​ជួបចាប់ដៃ​ជនរងគ្រោះ​ជប៉ុន ប៉ុន្តែ មិន​និយាយ​សុំទោស ចំពោះ​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក ទៅលើ​ប្រទេស​ជប៉ុន កាល​ពីខែ​សីហា ឆ្នាំ ១៩៤៥។

 

នៅ​ក្រោយ​អាណត្តិ​របស់​ប្រធានាធិបតី ហារី ទ្រូម៉ាន ដែល​បញ្ជារ​ឲ្យ​ទម្លាក់គ្រាប់បែក​ទៅលើ​ហ៊ីរ៉ូស៊ីម៉ា និង​ណាកាស៊ីគី នៅ​ឆ្នាំ ១៩៤៥ មាន​ប្រធានាធិបតី​អាមេរិក​១១​រូប ដែល​មិនដែល​ដាក់ជើង ជាន់​ហ៊ីរ៉ូស៊ីម៉ា ដែល​ជា​ប្រធានបទ​ដ៏រសើប​នៅអាមេរិក។

 
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ដើរ​ផ្លូវ​ខុសពី​ប្រធានាធិបតី​អាមេរិក​មុនៗ។ អម​ដំណើរ​ដោយ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ លោកអូបាម៉ា បាន​ដាក់​កម្រងផ្កា​នៅ​មុខ​ស្តូប​ជនរងគ្រោះ ដោយ​គ្រាប់បែក​បរិមាណូ​អាមេរិក នៅ​ហ៊ីរ៉ូស៊ីម៉ា

នៅថ្ងៃ​សុក្រ លោក​អូបាម៉ា បាន​និយាយ​ថា លោក​ទៅ​ហ៊ីរ៉ូស៊ីម៉ា ក៏​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ជាទូទៅ​ដែល​បាន​ស្លាប់​នៅក្នុង​សម័យ​សង្រ្គាម។ “ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ មនុស្ស​ប្រមាណ ៦០​លាន​នាក់​ស្លាប់​ដោយសារ​សង្រ្គាម” នេះ​ជា​ប្រសាសន៍​របស់លោកអូបាម៉ា នៅ​ហ៊ីរ៉ូស៊ីម៉ា។

តាមរយៈ​វត្តមាន​របស់​លោក​នៅ​ហ៊ីរ៉ូស៊ីម៉ា លោក​ចង់​បញ្ជាក់​ជំហរ និង​ការខិតខំ​ប្រឹងប្រែង របស់​លោក ដែល​បាន​តស៊ូ​មតិ​ឲ្យ​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ។ ការប្រកាស​ប្តេជ្ញា ចង់​បាន​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ ដែល​បានធ្វើ​ឲ្យ​លោក​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ ២០០៩ មួយឆ្នាំ​ក្រោយ​ជាប់ជា​ប្រធានាធិបតី​អាមេរិក។ រហូតមក លោកអូបាម៉ា​បាន​បើកចរចា ជាមួយ​រុស្ស៊ី រហូត​សម្រេច​បាន​អនុសញ្ញា​ដើម្បី​កាត់បន្ថយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​រួមគ្នា។

អាមេរិក​របស់​លោកអូបាម៉ា​បាន​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊េរ​របស់​អ៊ីរ៉ង់។ ប៉ុន្តែ អាមេរិក​នៅ​ទាក់ មិនអាច​បញ្ចុះ​បញ្ចូល​កូរ៉េខាងជើង ឲ្យ​បោះបង់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ សម្រាប់​លោកអូបាម៉ា​ពិភពលោក​នៅតែ​អាច​ប្រឈម​មុខ​នឹង​សង្រ្គាម​នុយក្លេអ៊ែរ​គ្រប់ពេលវេលា។

ដោយ​សម្រេច​ចិត្ត​ទៅ​ហ៊ីរ៉ូស៊ីម៉ា ទៅ​ស្តាប់​សំដី​ជនរងគ្រោះ លោកអូបាម៉ា ចង់​បង្ហាញ​ពី​ទុក្ខ​វេទនា ការឈឺចាប់​របស់​មនុស្ស ដែល​ជា​លទ្ធផល​នៃការប្រើ​អាវុធ​ប្រល័យលោក។ មួយវិញទៀត អាមេរិក​ដែល​ជាប្រទេស​តែមួយ ក្នុង​លោក ដែល​បាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ ក៏​ចង់​ធ្វើ​ជា​គំរូ​គេ ដើម្បី​ជំរុញ​ឲ្យ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

លោកអូបាម៉ា​ឱប​ជនរងគ្រោះ​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​អាមេរិក​នៅ​ហ៊ីរ៉ូស៊ីម៉ា REUTERS/Carlos Barria

ពាក្យ​សុំទោស​ដែល​មិន​លឺ​ចេញ​ពីមាត់​លោក អូបាម៉ា
មាន​ជីវិត​មនុស្ស​ប្រមាណ ២សែននាក់ បាន​ស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់បែក​បរិមាណូ​របស់​អាមេរិក ទៅលើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា និង​ណាកាសាគី នៅ​ចុង​សង្រ្គាម​លោក​លើក​ទី ២។ នៅ​ហ៊ីរ៉ូស៊ីម៉ា ជាទី ដែលលោក​អូបាម៉ា ចូលទៅដាក់​កម្រងផ្កា នៅ​រសៀល​ថ្ងៃ​សុក្រនេះ មាន​មនុស្ស​ជាង ១សែន ៤ម៉ឺននាក់ បាន​ស្លាប់ ដោយសារ​គ្រាប់បែក​អាតូមិក​របស់​អាមេរិក ប៉ុន្តែ ថ្នាក់ដឹកនាំ​អាមេរិក​មិន​បាន​និយាយ​ពាក្យ​សុំទោស​ដល់​គ្រួសារ ឬ​ជនរងគ្រោះ។

លោក​អូបាម៉ា​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា លោក​ទៅ​ហ៊ីរ៉ូស៊ីម៉ា ប៉ុន្តែ លោក​នឹង​មិន​សុំទោស ចំពោះ​ការដែល​អាមេរិក​ទម្លាក់​គ្រាប់បែក​ទៅលើ​ហ៊ីរ៉ូស៊ីម៉ា និង​ណាកាសាគី កាលពី​ឆ្នាំ ១៩៤៥​នោះទេ។

សម្រាប់​លោកអូបាម៉ា វា​មាន​សារៈសំខាន់​ណាស់ ដែលគេ​ត្រូវ​ទទួល​ស្គាល់​ថា នៅក្នុង​កាលៈទេសៈ ធ្វើ​សង្រ្គាម ថ្នាក់ដឹកនាំ​អាច​សម្រេចចិត្ត​គ្រប់បែបយ៉ាង​ទាំងអស់។

លោកអូបាម៉ា​មិន​សុំទោស ព្រោះ​លោក​មិន​ចង់​ឲ្យ​គេ​បន្ទោស ទម្លាក់​ការទទួល​ខុសត្រូវ​លើ​អាមេរិក ដែល​បាន​ទម្លាក់​គ្រាប់បែក​សម្លាប់​មនុស្ស​នៅ​ជប៉ុន។ អ្នកនយោបាយ និង​សាធារណជន​អាមេរិក​ជាច្រើន មិន​ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក​សុំទោសទេ ព្រោះ ពួកគេ​យល់ថា ការទម្លាក់​គ្រាប់បែក​បរិមាណូ​អាមេរិក ធ្វើ​ឡើង​ក្នុង​បុព្វហេតុ​ល្អ​មួយ គឺ​បាន​ជួយ​បិទ​បញ្ចប់​សង្រ្គាម​លោក​លើកទី២ ដោយ​បាន​ចាប់បង្ខំ​ឲ្យ​ជប៉ុន ចក្រពត្តិនិយម យល់ព្រម​ចុះចាញ់ លែង​ធ្វើសង្រ្គាម​សម្លាប់​មនុស្ស​តទៅទៀត។

ម្យ៉ាងទៀត បើសិន​លោកអូបាម៉ា សុំទោស​ជប៉ុន ដោយសារ​តែ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក សម្លាប់​មនុស្ស​នៅ​ហ៊ីរ៉ូស៊ីម៉ា តើ អាមេរិក​នឹង​ប្រឈមមុខ​បែបណា​នឹង ជនរងគ្រោះ​របស់​ប្រទេស​ផ្សេងទៀត ដូចជា​ចិន និង​កូរ៉េ​ជាដើម ដែល​តាម​ពិតទៅ ធ្លាប់​បាន​រងគ្រោះ ដោយការកាប់​សម្លាប់ របស់​យោធា​ជប៉ុន នៅក្នុង​សង្រ្គាម​លោក​លើកទី ២​នោះ។

ប្រធានាធិបតី​អាមេរិក កាន់​កម្រងផ្កា​ទៅ​ដាក់​មុខ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ REUTERS/Toru Hanai

ចិន ចង់​ឲ្យ​អាមេរិក​ទៅ​គោរព វិញ្ញាណក្ខន្ធ​ប្រជាជន​ដែល​ស្លាប់​ដោយសារ​ស្នាដៃ​យោធា​ជប៉ុន​ជាជាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ ជនជាតិ​ជប៉ុន នៅ ហ៊ីរ៉ូស៊ីម៉ា
តាម​សំដី របស់​រដ្ឋមន្រ្តី​ការបរទេស​ចិន លោក​វ៉ាង យី ដែល​គេ​ឃើញ នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​សុក្រនេះ ប្រជាជន​ស៊ីវិល​ជប៉ុន​ស្លាប់​ច្រើន នៅក្នុង​ការទម្លាក់​របស់​អាមេរិក ប៉ុន្តែ អាមេរិក គួរ​តែ​ទៅ​គោរព​វិញ្ញាណក្ខន្ធ របស់​ជនរងគ្រោះ​ដោយសារ​ស្នាដៃ​កាប់សម្លាប់​ដ៏ឃោឃៅ​របស់​ទាហាន​ជប៉ុន នៅ​ណានជីង ប្រទេស​ចិន គឺ​វា​ប្រសើរ​ជាង ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅហ៊ីរ៉ូស៊ីម៉ា។

ចិន​មិន​គាំទ្រ និង​មិន​ចង់​ឃើញ ប្រធានាធិបតី​អាមេរិក​មាន​សមានចិត្ត ចំពោះ​ជនជាតិ​ជប៉ុន ព្រោះ​ថា បើ​ធ្វើ​ដូច្នេះ គឺ​មាន​ថា អាមេរិក​បាន​ចាត់ទុក ជនជាតិ​ជប៉ុន​ជា​ជនរងគ្រោះ​ទៅវិញ។

តាម​ទីក្រុង​ប៉េកាំង នៅ​ឆ្នាំ​១៩៣៧ ក្នុង​រវាង​តែ​៦​សប្តាហ៍​ប៉ុណ្ណោះ ទាហាន​ជប៉ុន​ដែល​ចូល​រំលោភ​ឈ្លានពាន ទីក្រុង​ណានជីង បាន​សម្លាប់​ប្រជាជន​ចិន ដល់​ទៅ ៣សែននាក់។

ប្រជាជន​កូរ៉េខាងត្បូង​ឯណោះ​វិញ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជប៉ុន​ដែរ​បាន​ទាមទារ​ឲ្យ​លោកអូបាម៉ា​ធ្វើការ​សុំទោស ផងដែរ ប៉ុន្តែត្រូវ​ធ្វើ​ឲ្យ​ដាច់​ដោយឡែក​ពី​ប្រជាជន​ជប៉ុន។ តាម​សមាគម​អតីត​ជនរងគ្រោះកូរ៉េខាងត្បូង មាន​ប្រជាជន​កូរ៉េខាងត្បូង ប្រមាណ ៥ម៉ឺននាក់ ដែល​ត្រូវ​ទាហាន​ជប៉ុន​ចាប់បង្ខំ​ឲ្យធ្វើការ​នៅ​រោងចក្រ នៅ​ហ៊ីរ៉ូស៊ីម៉ា បាន​ស្លាប់ នៅក្នុង​ការទម្លាក់​គ្រាប់បែកអាតូមិក​របស់​អាមេរិក។

ទោះ​ជា​ចិន និង​កូរ៉េខាងត្បូង ចោទ​ថា យោធា​ជប៉ុន​ប្រើអំណាច​ផ្តាច់ការ កាប់សម្លាប់​ប្រជាជន​របស់​ប្រទេស​ជិតខាង ប៉ុន្តែ ប្រជាជន​ជប៉ុន​មួយចំនួន នៅ​តែ​ចង់​ទាមទារ​ឲ្យ​លោកអូបាម៉ា​សុំទោស ព្រោះថា សម្រាប់ពួកគេ អាមេរិក​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដោយ​បាន​ទម្លាក់​គ្រាប់បែក​សម្លាប់​ប្រជាជន​ស៊ីវិល នៅ​ហ៊ីរ៉ូស៊ីម៉ា។

ប្រជាជន​ជប៉ុន​មិន​ចង់​បាន​ការសុំទោស​ពី​អាមេរិក?
រដ្ឋាភិបាល​ជប៉ុន មិនអាច​ទាមទារ​ឲ្យ​អាមរិក​ទទួលស្គាល់ សុំទោស ពីការដែល​បាន​ទម្លាក់គ្រាប់បែក​សម្លាប់​ប្រជាជន​ជប៉ុន ព្រោះថា ជប៉ុន និង​អាមេរិក​សព្វថ្ងៃ បាន​ក្លាយ​ពី​សត្រូវ​មក​ជា​សម្ព័ន្ធមិត្ត និង​លើសពីនេះ បាន​ក្លាយ​ទៅ​ជា​មិត្ត​ទៅទៀត។ នេះ​បើតាម​ការថ្លែង​របស់​លោកអូបាម៉ា នៅ​ថ្ងៃ​សុក្រនេះ នៅ​មុខ​ស្តូប រំលឹក​វិញ្ញាណក្ខន្ធ នៅ​ហ៊ីរ៉ូស៊ីម៉ា។

ជប៉ុន នៅ​ត្រូវការ​អាមេរិក​ដើម្បី​ទប់ទល់ ប្រឈម​នឹង​ចិន និង​កូរ៉េខាងជើង ដែល​មាន​អាវុធ​ប្រល័យលោក គ្រោះថ្នាក់​គំរាមកំហែង​ជប៉ុន នាពេល​បច្ចុប្បន្ន​នេះ។
 
ពី​ចំណែក​ប្រជាជន​ជប៉ុន​វិញ គេ​មិនទាមទារ​ឲ្យ​លោកអូបាម៉ា​សុំទោស ព្រោះតែ​ខ្លាច​អូបាម៉ា​មិនទៅ​ហ៊ីរ៉ូស៊ីម៉ា។ សម្រាប់​ជនរងគ្រោះ​ជប៉ុន វត្តមាន​របស់​លោក​អូបាម៉ា​សំខាន់​ជាង​សំដី​សុំទោស​ទៅទៀត។ ពួកគេ​ភាគច្រើន ដែលរងគ្រោះ​ដោយផ្ទាល់ ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​អាមេរិក ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក​បាន​ឃើញ​ដោយផ្ទាល់ និង​យល់​ពី​ការឈឺចាប់ របស់​អ្នកដែល​រងប៉ះពាល់​ដោយ​អាវុធ​នុយក្លេអ៊ែរ។ គេ​រំពឹង​ថា បើសិន​ប្រធានាធិបតី​អាមេរិក​បាន​យល់​ពីការឈឺចាប់ នោះអាមេរិក ដែល​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​មុនគេ និង​ជា​ប្រទេស​តែមួយ លើលោក ដែល​បាន​ប្រើ​គ្រាប់បែក​នុយក្លេអ៊ែរ នឹង​ជួយ​ធ្វើ​យុទ្ធនាការ​ដើម្បី​ពិភពលោក​គ្មាន​គ្រាប់បែក​នុយក្លេអ៊ែរ។

គ្មាន​ជនរងគ្រោះ​ណា​ដែល​មិន​ចង់​បាន​ការសុំទោស​ពី​អ្នកដែល​បាន​បង្ក​របួសស្នាម ដល់​ខ្លួននោះទេ។ ប៉ុន្តែ ប្រជាជន​ជប៉ុន មិនអាច​ហារមាត់ ទាមទារ​ឲ្យ​អាមេរិក​សុំទោស ព្រោះ​វា​ដូចជា​ស្តោះ​លើ​ទ្រូង​ឯងដូច្នេះដែរ។

ត្រូវ​ដឹងថា បើគេ​សើរើ ទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក​សុំទោស​ជនរងគ្រោះ​ជប៉ុន នោះ នាយករដ្ឋមន្រ្តី​ជប៉ុន ក៏ត្រូវ​ធ្វើ​ច្រើន​ជាង​ប្រធានាធិបតី​អាមេរិក ព្រោះថា ជប៉ុន ក្នុង​អតីតកាល​បាន​ធ្វើ​សង្រ្គាម​កាប់សម្លាប់​មនុស្ស​ច្រើនណាស់។ រដ្ឋាភិបាល​ជប៉ុន​ត្រូវ​ចេញមុខ​សុំទោស ប្រជាជន​ចិន កូរ៉េ និង​អាស៊ី​ផ្សេងទៀត ដែល​នៅទីនោះ យោធា​ជប៉ុន​បាន​កាប់សម្លាប់ ចាប់​មនុស្ស​ស្រី​មកធ្វើ​ទាសករ​ផ្លូវភេទ​របស់ខ្លួន។ រដ្ឋាភិបាល​ជប៉ុន​បច្ចុប្បន្ន​ដែល​ហាក់​ចង់​សើរើ កែប្រែ មិន​ចង់​ទទួលស្គាល់​ការសុំទោស​ចំពោះ​ជនរងគ្រោះ​ដោយសារ​សង្រ្គាមឈ្លានពាន​របស់​ជប៉ុន នៅអតីតកាល ពិតជា​មិនចង់​ឲ្យប្រទេស​ផ្សេងទៀត​នឹកនា ទាមទារ​ឲ្យ​ជប៉ុន​សុំទោស និង​ទាមទារ​សំណង​ពី​ជប៉ុន កាន់តែច្រើន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ