អានតួអត្ថបទ
ហ្វីលីពីន

ក្រុម​អ៊ីស្លាម​អាប៊ូសាយ៉ាហ្វ ​កាត់​ក​ជនជាតិ​កាណាដា​ម្នាក់

ជនជាតិ​កាណាដា​ម្នាក់ ​ដែល​ត្រូវ​បាន​ក្រុម​អ៊ីស្លាម​ហ្វីលីពីន​ អាប៊ូសាយ៉ាហ្វ ​ចាប់​ជា​ចំណាប់ខ្មាំង​ជាមួយ​នឹង​មនុស្ស​៣នាក់​ផ្សេងទៀត ​ត្រូវ​បាន​ក្រុម​ដ៏ព្រៃ​ផ្សៃ​នេះ ​សម្លាប់​ដោយ​កាត់​ក ​ ហើយ​យក​ក្បាល​មក​ចោល​នៅខាង​មុខ​សាលា​ក្រុង​កោះ​ចូឡូ ​ភាគ​ខាងត្បូង​ហ្វីលីពីន។ អាជ្ញាធរ​កាណាដា ​និង​ហ្វីលីពីន​ សន្យា​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​ផ្សេងទៀត ​ ព្រមទាំង​បង្រ្កាប​បណ្តាញ​ភេរវកម្ម​អាប៊ូសាយ៉ាហ្វ​នេះ​ ឲ្យ​ខាង​តែបាន។

មេបញ្ជាការកងទ័ព​ហ្វីលីពីនធ្វើសន្និសីទ​កាសែត​ ដើម្បីប្រកាស​ពីការ​ស្លាប់របស់​ចំណាប់​ខ្មាំង​ជនជាតិ​កាណាដា​ ដោយ​ស្នាដៃ​​ក្រុម​​អាប៊ូសាយ៉ាហ្វ
មេបញ្ជាការកងទ័ព​ហ្វីលីពីនធ្វើសន្និសីទ​កាសែត​ ដើម្បីប្រកាស​ពីការ​ស្លាប់របស់​ចំណាប់​ខ្មាំង​ជនជាតិ​កាណាដា​ ដោយ​ស្នាដៃ​​ក្រុម​​អាប៊ូសាយ៉ាហ្វ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

ជនជាតិ​កាណាដា ​វ័យ​ចូល​និវត្ត​ន៍ឈ្មោះ ​John Ridsdel ​ត្រូវ​បាន​ចាប់​ជា​ចំនាប់ខ្មាំង ​ជាមួយ​នឹង​ជនជាតិ​កាណាដា​ម្នាក់ទៀត ​ជនជាតិ​ន័រវ៉េហ្ស​ម្នាក់ ​និង​ជនជាតិ​ហ្វីលីពីន​ម្នាក់ ​កាល​ពី​ថ្ងៃ​ទី​២១ ​កញ្ញា ​ឆ្នាំ​២០១៥​ ដោយ​ក្រុម​ភេរវកម្ម​អ៊ីស្លាម​អាប៊ូសាយ៉ហ្វ ​ក្នុង​ខណៈ​ដែល​ពួក​គេ​កំពុង​ជិះទូក​ ក្បែរ​ឆក​សមុទ្រ​ Davao​ ភាគខាង​ត្បូង​ហ្វីលីពីន។

 
ក្រុមអ៊ីស្លាម​អាប៊ូសាយ៉ាហ្វ ​បាន​ធ្វើ​វីដេអូ​ផ្សាយ ​ហើយ​ទាមទារ​ប្រាក់​រំលោះ​ចំនួន​២១​លាន​ដុល្លារ ​សម្រាប់​ចំណាប់​ខ្មាំង​ម្នាក់។ ក្រោយ​មក​ទៀត ​ពួក​វា​បាន​ធ្វើ​វីដេអូ​ផ្សេងទៀត ​ដោយ​ថត​ចំណាប់​ខ្មាំង ​តម្រូវ​ឲ្យ​ពួក​គេ​និយាយ​សុំ​ឲ្យ​ជួយ​រក​ប្រាក់​ចំនួន​ ៦លាន​៤សែន​ដុល្លារ​ មក​លោះ ​ ឲ្យបាន​មុន​ថ្ងៃ​២៥​មេសា ​ពុំនោះទេ​ពួក​អាប៊ូសាយ៉ាហ្វ ​នឹង​អារ​ក​ពួក​គេ​សម្លាប់​ចោល។ ដូច​ការ​គំរាម​ នៅ​ថ្ងៃ​ទី​២៥​មេសា ​មាន​ជន​មិន​ស្គាល់​មុខ​២នាក់​ បាន​ជិះម៉ូតូ​យក​ក្បាល​មនុស្ស​ម្នាក់ ​មក​ទម្លាក់​ចោល​នៅ​ខាង​មុខ​សាលា​ក្រុង​កោះ​ចូឡូ ​Jolo

អាជា្ញធរ​កាណាដា ​បាន​ធ្វើការ​ប្រកាស​ទទួល​ស្គាល់ថា​ ​ចំណាប់ខ្មាំង​ លោក ​John Ridsdel ពិត​ជា​ត្រូវ​ពួក​អាប៊ូសាយ៉ាហ្វ​អារក​សម្លាប់​មែន។ យ៉ាង​ណា​ក៏​ដោយ​ ​លោក Justin Trudeau ​នាយក​រដ្ឋមន្ត្រី​កាណាដា ​បាន​សន្យាថា​នឹង​មិន​ធ្វើការ​ប្រកាស​ផ្សាយ​អ្វី​ទាំង​អស់ ​ដើម្បី​ចៀសវាង​ការ​ផ្អើល​ឆោឡោ ​និង​បង្ក​គ្រោះថ្នាក់​ដល់​ចំណាប់​ខ្មាំង​ផ្សេង​ទៀត។ អាជ្ញាធរ​ហ្វីលីពីន​ និង​កាណាដា ​បាន​សន្យា​រួមគ្នា​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ៊ីស្លាម​អាប៊ូសាយ៉ាហ្វ​ឲ្យ​ខាង​តែ​បាន។

សូម​បញ្ជាក់​ថា ​ចលនា​អ៊ីស្លាម​អាប៊ូសាយ៉ាហ្វ​នេះ ​មាន​ដើម​កំណើត​នៅ​ភាគ​ខាងត្បូង​បង្អស់​នៃ​ប្រជុំ​កោះ​ដាច់​ស្រយ៉ាល​របស់​ហ្វីលីពីន។ ក្រុមនេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ក្រុម​អាល់កាយដា ​របស់​អ៊ូសាម៉ា ​ប៊ីនឡាដេន ​ក្នុង​រវាង​ឆ្នាំ​១៩៩០។ ក្រោយ​មក​ថ្មីៗ​នេះ ​ក្រុម​អាប៊ូសាយ៉ាហ្វ​បាន​ប្រកាស​ចុះចូល​ជាមួយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ទៀត។ តែយ៉ាងណា​ក៏​ដោយ​ ​ តាម​ការ​វិភាគ ​ក្រុម​អាប៊ូសាយ៉ាហ្វ​នេះ ​មិនមែន​ជាក្រុម​ដែល​ដើរ​តាម​មនោគមន៍​វិជ្ជា​អ៊ីស្លាម​ជ្រុល​និយម​ទេ ​ តែ​ជា​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​ចាប់​ជំរិតមនុស្ស​ដើម្បី​ទារប្រាក់​តែ​ប៉ុណ្ណោះ។ តាមការ​ឲ្យ​ដឹង ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ ​ក្រុមនេះ​រក​ប្រាក់​បាន​៥លាន​ដុល្លារ ​ដោយ​ការដោះលែង​ប្តី​ប្រពន្ធ​ជនជាតិ​អាល្លឺម៉ង់​ពីរ​នាក់។ បច្ចុប្បន្ន​នេះ ​មាន​ចំណាប់ខ្មាំង​ទាំងអស់​ជាង​២០​នាក់ ​ដែល​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុម​ទុច្ចរិត​ អាប៊ូសាយ៉ាហ្វ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ