អានតួអត្ថបទ
ហ្វីលីពីន

ប្រធានាធិបតី​ហ្វីលីពីន​ធ្វើច្បាប់ តម្រូវ​ឲ្យ​ផ្សាយ​ឯកសារ​កិច្ចការ​រដ្ឋាភិបាល ជា​សាធារណៈ

មួយខែ​បន្ទា​ប់ពី​បាន​ឡើង​កាន់​អំណាច ​ លោក​ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន ​ទើប​បាន​ចុះ​ហត្ថលេខា​លើក្រិត្យ​ច្បាប់​ថ្មី ​ដែល​តម្រូវ​ឲ្យ​មន្ត្រី និងស្ថាប័នរដ្ឋាភិបាល​ទាំងអស់​ផ្សព្វផ្សាយ​ឯកសារ​នានា ​ជា​សារធារណៈ ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់។ នេះ​ជា​ចំណាត់​ការ​លើក​ទីមួយ​របស់​ លោក​ប្រធានាធិបតី ​រ៉ូឌ្រីហ្គោ ឌុយទែតឺ ​ដែល​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​កិច្ចការ​របស់​រដ្ឋាភិបាល ​មាន​តម្លាភាព ​ ដើម្បី​លប់​បំបាត់​អំពើ​ពុក​រលួយ។

លោក Rodrigo Duterte​ ប្រធានាធិបតីថ្មី របស់ហ្វីលីពីន
លោក Rodrigo Duterte​ ប្រធានាធិបតីថ្មី របស់ហ្វីលីពីន REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ផ្តល់​ដំណឹង​ពី​លោក ​Martin Andanar ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន ​បាន​ឲ្យ​ដឹង​ថា ​លោក​រ៉ូឌ្រីហ្គោ ឌុយទែតឺ ​ប្រធានាធិបតី​ហ្វីលីពីន​ ទើប​បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​ច្បាប់​ថ្មី​មួយ ​កាលពី​ថ្ងៃ​សៅរ៍​ ទី​ ២៣​ កក្កដា​ ស្តីពី​ការ​បើក​ផ្សាយ​ឯកសារ​នានា ​របស់​ស្ថាប័ន​រដា្ឋភិបាល​ទាំងអស់ ​ជា​សាធារណៈ ​ ព្រម​ទាំង​តម្រូវ​ឲ្យ​អាជ្ញាធរ​ប្រគល់​ឯកសារ​ទាំងនោះ ​ដល់​អ្នក​សារព័ត៌មាន ​ក៏ដូច​ជា​ប្រជាជន​ទូទៅ ​បើ​សិន​មាន​ការ​ស្នើ​សុំ​ចង់​ពិនិត្យ​ ​លើកលែង​តែ​ឯកសារ​ណា ​ដែល​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ជាតិ។

 
អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ថា ​ក្រិត្យច្បាប់​នេះ ​អាច​អនុវត្ត​បាន​តែ​ទៅ​លើ​ស្ថាប័ន​រដ្ឋាភិបាល​ទេ ​ដូចជា​ក្រសួង​មន្ទីរ​ជាដើម ​តែ​វា​មិន​ទាក់ទង​ដល់​រដ្ឋសភា ​និង​ស្ថាប័ន​តុលាការ​ទេ។

យ៉ាងណា​ក៏ដោយ ​ សហព័ន្ធ​អ្នក​សារព័ត៌មាន​ហ្វីលីពីន​ បាន​សម្តែង​ការ​ត្រេកអរ​ចំពោះ​ក្រិត្យ​ច្បាប់​ថ្មី​នេះ ​ ដែល​សម្រាប់​ពួកគេ ​ ​គឺ​ជា​ការ​បោះ​ជំហាន​មួយ​ទៅមុខ​យ៉ាង​លឿន ​ក្នុង​ការ​បង្ហាញ​តម្លាភាព​របស់​កិច្ចការ​រដ្ឋាភិបាល ​ ព្រមទាំង​លប់​បំបាត់​អំពើ​ពុករលួយ។

ដូចគ្នាដែរ​ លោកស្រី ​Grace Poe ​តំណាងរាស្ត្រ ​និង​ជា​អ្នក​នយោបាយ​ម្នាក់ ​ដែល​តែងតែ​ទាមទារ​ឲ្យ​កំណែទម្រង់​ ក្នុង​បញ្ហា​នេះ ​បាន​ចូល​រួម​អបអរ​ ហើយ​បាន​បន្ថែម​ថា ​ ហ្វីលីពីន​ត្រូវ​តែ​បន្ត​ធ្វើ​កិច្ចការ​នេះ​បន្ថែម​ទៀត ​បូករួម​ទាំង​ក្នុង​វិស័យ​តុលាការ ​និង​រដ្ឋសភា​ផងដែរ។ នេះ​គឺ​ជា​វិធី​ដ៏​សំខាន់ ​ ក្នុង​ការ​បោស​សម្អាត​អំពើ​ពុករលួយ ​ដែល​បាន​ស៊ីចាក់​រូង​ក្នុង​សង្គម​ហ្វីលីពីន។

សូម​បញ្ជាក់​ថា ​នេះជា​វិធានការ​ទីមួយ​ហើយ ​របស់​លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​ ទាក់ទង​ទៅនឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត ​ ព្រមទាំង​សិទ្ធិ​ដឹង​ឮ​រាល់​សកម្មភាព ​និង​ការ​សម្រេច​របស់​រដ្ឋាភិបាល។ ថ្វីបើ​លោក ​រ៉ូឌ្រីហ្គោ ឌុយទែតឺ ​បាន​អះអាង​ថា​លោក​ នឹង​បើក​ផ្លូវ​ឲ្យ​អ្នក​យក​ព័ត៌មាន ​ដើម្បី​បង្ហាញពី​តម្លាភាព​ក្តី​ ​ក៏ប៉ុន្តែ​កន្លង​មក​នេះ ​ លោក​រ៉ូឌ្រីហ្គោ ​តែងតែ​បដិសេធ​មិន​ព្រម​ផ្តល់​បទ​សម្ភាសន៍​ ជាមួយ​អ្នក​កាសែត​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ