អានតួអត្ថបទ
ហ្វីលីពីន

អនាគត​ប្រធានាធិបតីថ្មី​ហ្វីលីពីន ចង់​ធ្វើ​ហ្វីលីពីន​ជា​រដ្ឋ​សហព័ន្ធ

លោក រ៉ូឌ្រីហ្គោ ឌុយទែរតឺ ​អនាគត​ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន ​បាន​ប្រកាសថា​នឹង​ធ្វើ​វិមជ្ឈការ​ បែង​ចែង​អំណាច​ ហើយ​កែប្រែ​ហ្វីលីពីន​ជា​រដ្ឋ​សហព័ន្ធ ​ ដើម្បី​បិទ​បញ្ចប់​ការ​ប្រមូលផ្តុំ​អំណាច ​នៅ​តែ​ក្នុង​ដៃ​របស់​ក្រុម​បក្សពួក​តែមួយ ​ដែល​មាន​ទីតាំង​នៅ​រដ្ឋធានី​ម៉ានីល។ ប្រធានាធិបតី​ថ្មី​នេះ​យល់​ថា ​ការ​ធ្វើ​វិមជ្ឈការ​អំណាច ​ក៏​នឹង​អាច​បិទ​បញ្ចប់​វិបត្តិ​បះបោរ​ដណ្តើម​ឯករាជ្យ ​ដែល​បាន​យាយី​ហ្វីលីពីន ​ជារៀងរហូត​មក ​ដែរ។

លោក Rodrigo Duterte​ ប្រធានាធិបតីថ្មី របស់ហ្វីលីពីន
លោក Rodrigo Duterte​ ប្រធានាធិបតីថ្មី របស់ហ្វីលីពីន REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​មិថុនា ​លោក​​ រ៉ូឌ្រីហ្គោ ឌុយទែរតឺ ​នឹង​ចូល​កាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន ​ជា​ផ្លូវការ។ លោក​បាន​សន្យាថា​ លោក​នឹង​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ​ដើម្បី​ធ្វើ​វិមជ្ឈការ​អំណាច ​ ហើយ​កែប្រែ​ហ្វីលីពីន ​ ឲ្យក្លាយ​ជា​រដ្ឋ​សហព័ន្ធ។ ខេត្ត​ទាំង​៨១ ​របស់​ហ្វីលីពីន ​នឹង​ត្រូវ​រៀបចំ​ឲ្យ​ក្លាយ​ជា​រដ្ឋ​តូចៗ​ ចំណុះឲ្យ​រដ្ឋ​សហព័ន្ធ​កណ្តាល។ ចំណូល​ថវិកា​មួយ​ចំណែក ​នឹង​ទុក​បំរុង​ទៅ​ឲ្យ​តំបន់​នីមួយៗ​ចាត់ចែង ​ ហើយ​អំណាច​កណ្តាល ​ជាអ្នក​ចាត់ចែង​កិច្ចការ​ធំៗ ​ដូច​ជា​វិស័យ​ការបរទេស ​វិស័យ​កងទ័ព​ការពារ​ជាតិ ​និង​វិស័យ​ពន្ធដា​ជាដើម។

 
លោក ​ ប្រធានាធិបតី​ថ្មី ​បាន​និយាយ​ថា ​ប្រព័ន្ធ​គ្រប់គ្រង​ហ្វីលីពីន​បច្ចុប្បន្ន​នេះ ​​វា​គ្រាន់តែ​ជា​ការ​រៀបចំ​ដើម្បី​ធ្វើយ៉ាងណា​ ឲ្យតែ​បក្សពួក​អ្នក​មាន​អំណាច ​មាន​ទ្រព្យសម្បត្តិ​នៅ​ក្រុ​ងម៉ានីល ​បន្ត​នៅ​ជញ្ជក់ឈាម​ហ្វីលីពីន​តែ​ប៉ុណ្ណោះ។ ពួក​ក្រាញ​ននាល​នឹង​អំណាច​ទាំងនោះ ​សំងំ​នៅ​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​ដោយ​មិន​បាន​បែងចែក​អំណាច​គ្រប់គ្រង​ជោគ​វាសនា​របស់​ហ្វីលីពីន ​ទៅឲ្យ​អ្នក​ផ្សេង​ទេ។

សូម​បញ្ជាក់​ថា ​លោក រ៉ូឌ្រីហ្គោ ឌុយទែរតឺ ​គឺ​ជា​មេធាវី​ អាយុ​៧១ឆ្នាំ ​ហើយ​ធ្លាប់​ជាចៅហ្វាយ​ក្រុង​ Davao ​ភាគ​ខាងត្បូង​ហ្វីលីពីន។​ ក្នុង​ពេល​ឃោសនា​បោះឆ្នោត ​លោក​បាន​សន្យា ​ដាក់​វិធានការ​ឲ្យ​តឹងរឹង​ ដើម្បី​បោសសម្អាត​អំពើ​ឧក្រិដ្ឋកិម្ម ​ ការ​ជួញដូរ​គ្រឿងញៀន​ ព្រម​ទាំង​ចលនា​បះបោរ​បំបែក​ទឹកដី​នៅ​តំបន់​កោះ​ភាគ​ខាងត្បូង។ ប្រជាជន​ដែល​បាន​បោះឆ្នោត​ឲ្យ​គាត់​ បាន​គាំទ្រ​ចង់​បាន​មនុស្សថ្មី​មក​ដឹកនាំ​ប្រទេស ​ ដែល​មិនមែន​ជា​បក្សពួក​របស់​អ្នក​មាន​អំណាច​មុនៗ ​ ហើយ​មួយ​ទៀត ​ មតិ​សាធរណៈ​យល់ថា ​លោក​ រ៉ូឌ្រីហ្គោ ឌុយទែរតឺ ​ពិត​ជា​មិនមែន​ជា​មនុស្ស​ល្មោភ​អំណាច​នោះ​ទេ។

គម្រោង​ធ្វើ​វិសោធនកម្ម ​កែប្រែ​ហ្វីលីពីន​ជា​រដ្ឋសហព័ន្ធ​នេះ​ ហាក់​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​ធំៗ។ តែយ៉ាង​ណា ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ត្រូវតែ​ឆ្លង​កាត់​ការ​គាំទ្រ​ពី​សភា​ទាំងពីរ​អង្គ​ របស់​ហ្វីលីពីន។ រដ្ឋធម្មនុញ្ញ​ហ្វីលីពីន ​ដែល​បាន​កែប្រែ​កាល​ពី​ឆ្នាំ​១៩៨៧ ​នោះ ​មិនដែល​បាន​ទទួល​វិសោធន​កម្ម​ម្តង​ទេ។
 

សម្រាប់​បក្សពួក​របស់​លោក​អតីប្រធានាធិបតី​ អាគីណូ បេននីណូ​វិញ ​ បាន​រិះគន់​ថា ​ការ​បំបែក​ហ្វីលីពីន​ឲ្យ​ទៅ​ជា​រដ្ឋ​សហព័ន្ធ ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​ភាព​អន្តរាយ ​ បែកបាក់​គ្នា ​ហើយ​គំរោងរៀប​ចំ​របស់​ប្រធានាធិបតី​ថ្មី​ទៀត​សោត ​គឺ​ប្រហោងក្នុង​ពុំមាន​គិតគូរ ​ ឲ្យគ្រប់​ជ្រុង​ជ្រោយ​ទេ។ យ៉ាងណាមិញ​ យោង​តាម​ប្រសាសន៍​លោក ​Tamario Rivera ​អ្នក​វិភាគ​នយោបាយ​ហ្វីលីពីន​ម្នាក់ ​បាន​យល់ថា​ ការ​បង្កើត​រដ្ឋ​សហព័ន្ធ ​ត្រូវតែ​អំណាច​កណ្តាល​ឲ្យ​រឹងមាំ ​តែផ្ទុយ​ទៅ​វិញ​អំណាច​កណ្តាល​ហ្វីលីពីន​ នៅ​ទន់ខ្សោយ​ខ្លាំង ​ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់។ រដ្ឋតូចៗ ​ អាច​យក​ឱកាស​នេះ​ ពង្រឹង​អំណាច ​ធ្វើអ្វី​ស្រេច​តែ​នឹង​ចិត្ត ​បង្ករ​ជា​ការ​បែក​ខ្ញែកគ្នា​កាន់​តែខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ