អានតួអត្ថបទ
ហ្វីលីពីន

ប្រធានធិបតី​ហ្វីលីពីន ត្រូវ​គេ​រិះគន់​ជាថ្មី​ ថា​មាន​សម្តី​ “ថោកទាប”

លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​ប្រធានាធិបតី​ហ្វីលីពីន ​ត្រូវ​បាន​គេ​នាំគ្នា​រិះគន់ ​ជា​ថ្មី​ម្តង​ទៀត​ នៅតាម​បណ្តាញ​សង្គម​ ​ដោយសារ​តែ​សម្តី​និយាយ​លេងសើច ​ តែ​មាន​ខ្លឹមសារ​មើល​ងាយ​ ​ទៅ​លើ​មនុស្ស​ស្រី​របស់​លោក។ សម្តី ​ដែល​លោក​ ប្រធានាធិបតី​ហ្វីលីពីន​ បាន​និយាយ​ស្តី​អំពី​ការ​ចាប់​រំលោភ​នោះ ​ ត្រូវ​បាន​អ្នក​នៅ​តាម​បណ្តាញ​សង្គម​ ចាត់ទុក​ថា​ជា​សម្តី ​ថោកទាប ​ស្មោគគ្រោក ​មិន​សម​ជា​អ្នក​ដឹក​នាំ​ប្រទេស​មួយ​ទាំងមូល។

លោក  Rodrigo Duterte​ ប្រធានាធិបតី​ មាត់ដាច​ របស់ហ្វីលីពីន
លោក Rodrigo Duterte​ ប្រធានាធិបតី​ មាត់ដាច​ របស់ហ្វីលីពីន Reuters/路透社
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃសុក្រ​ ទី​ ២៦​ឧសភា ​នៅក្នុង​ឱកាស​សន្ទរកថា​ ថ្លែង​នៅ​ចំពោះ​នាយទាហាន​ហ្វីលីពីន​ ​ជាច្រើន​រយ​នាក់ ​ លោក​ ប្រធានាធិបតី​ហ្វីលីពីន ​បាន​និយាយ​លេង​សើច ​ដែល​មាន​ខ្លឹមសារ​ជ្រុល​ហួសហេតុ ​និង​មិន​សមរម្យ។ លោក ​ឌុយទែរតេ ​បាន​និយាយ​ថា “ កុំភ័យ ​ចាំ​ខ្ញុំ​ជាប់​គុក​ជំនួស ​បើបង​ប្អូន​ចាប់​ស្រី​រំលោភ​៣នាក់ ​កុំភ័យ​ខ្លាច​ជាប់​គុក ​ ឆ្លើយដាក់​ខ្ញុំ​ចុះ! ​តែ​បើ​នរណា ​ហ៊ាន​យក​ប្រពន្ធ​បួន​ម្នាក់​ឯង​ ​ប្រយ័ត្ន​គេ​បាញ់​ចោល!”

 
សម្តី​ ដែល​ធ្វើ​ឲ្យ​នាយទាហាន​ប្រុសៗ ​នាំគ្នា​ទប់​សំណើច​មិនបាន​នេះ ​មិន​បាន​ធ្វើ​មនុស្ស​មួយ​ភាគ​ធំ ​ទទួល​យក​មក​សើច​សប្បាយ​បានទេ ​ព្រោះវា​មាន​ខ្លឹមសារ ​បន្ទាប​បន្ថោក​តំលៃ​មនុស្ស​ស្រី ​ហើយ​ជម្រុញ​ឲ្យ​មាន​ការ​ប្រព្រឹត្តិ​បទល្មើស​រំលោភ​បំពាន​ លើ​មនុស្ស​ស្រី។ សកម្ម​ជន​សិទ្ធិមនុស្ស​ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ បាន​រិះគន់​លោក​ ឌុយទែរតេ ​យ៉ាង​ចាស់ដៃ។

ក្នុង​ចំណោម​អ្នក​ចេញ​មុខ ​រិះគន់​ខ្លាំង​ជាង​គេ ​គឺ​មាន​លោកស្រី ​Chelsea Clinton ​កូនស្រី​របស់​លោក​គ្លីនតុន ​អតីប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ លោកស្រី ​Chelsea Clinton ​បាន​ចាត់​ទុក​សម្តី​លេងសើច​របស់​លោក ​ឌុយទែរតេ ​ជាសម្តី​ថោកទាប។ លោកស្រី​សរសេរ​បន្ត ​នៅ​លើ​ទំព័រ​ Twitter ​ថា ​លោក​ ឌុយទែរតេ ​ជា​មនុស្ស​អន្ធបាល ​បាត​ផ្សារ ​ដែល​គ្មាន​ការ​គោរព​ចំពោះ​សិទ្ធិ​មនុស្ស​ទេ។ អំពើ​រំលោភ​សេព​សន្ទវៈ​ គឺជា​រឿង​ធ្ងន់ធ្ងរ​បំផុត ​សម្រាប់​មនុស្ស​ស្រី មិន​អាច​យក​មក​និយាយ ​លេង​សើច​បែប​នេះ​បាន​ឡើយ។

ដូចគ្នាដែរ​ លោក ​Phelim Kine ​អ្នក​តំណាង​អង្គការ​ Human Rights Watch ​ប្រចាំ​អាស៊ី ​បាន​លើកឡើង​ថា​សម្តីលេងសើច​បែប​គ្រោធគ្រាត​ របស់​លោក​ឌុយទែរតេ ​វា​បាន​ឆ្លុះ​បញ្ចាំង​ អំពី​សកម្មភាព​រំលោភ​បំពាន​របស់​ទាហាន​ហ្វីលីពីន​ខ្លះ ​ ដែល​ធ្វើ​ទៅ​លើ​មនុស្ស​ស្រី។ តាមរយៈ​សម្តី​នេះ ​លោក​ឌុយទែរតេ ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ មិន​ត្រឹម​តែ​ធ្មេញ​ភ្នែក​មិន​ខ្វល់​ពី​សកម្មភាព​រំលោភ​បំពាន​របស់​ទាហាន​តែ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​បាន​ជំរុញ ​លើក​ទឹកចិត្ត​ ឲ្យ​នាយទាហាន​ហ្វីលីពីន​ ចាប់​មនុស្ស​ស្រី​រំលោភ​ទៀត​ផង។

សូម​បញ្ជាក់​ថា ​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ​ដែល​លោក ​ប្រធានាធិបតី​ហ្វីលីពីន ​និយាយ​សម្តី​អសុរស ​មិន​សម​ជាអ្នក​ដឹកនាំ​ប្រទេស​បែប​នេះ។ លោក​ឌុយទែរតេ ​ធ្លាប់បាន​ធ្វើ​ឲ្យ​គេ​រិះគន់​ម្តង​រួច​មក​ហើយ ​កាល​ពី​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ​ដោយ​បាន​និយាយ​ថា ​លោក​មាន​បំណង​ចាប់​រំលោភ ​ស្រ្តី​ដូនជី​កាតូលិក​ ជនជាតិ​អូស្ត្រាលី​ម្នាក់ ​កាល​ពី​ឆ្នាំ​១៩៨៩ ​ ដោយសារ​តែ​ដូនជី​នោះ ​មាន​សម្រស់​ស្អាត​ពេក។ អ្នក​នាំពាក្យ​ប្រធានធិបតី​ហ្វីលីពីន ​តែងតែ​និយាយ​ការពារ​ថា ​សម្តី​កំប្លែង​ទាំង​អស់​នេះ ​គឺ​ទាល់តែ​ប្រជាជន​ហ្វីលីពីន​ ទើប​អាច​ស្តាប់​យល់ ​និង​សើច​លេង​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ