អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សុបិន​ដ៏គ្រោះថ្នាក់​បំផុត​របស់​ឡាវ ដែល​ចង់ក្លាយ ​ជា​ជង្រុគ​នៃ​ទំនប់​វារីអគ្គីសនី​ប្រចាំ​អាស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៣កក្កដា ទំនប់​វារីអគ្គីសនីមួយនៅឡាវ បានបាក់ បណ្តាលឲ្យធ្លាយទិក បង្កជាជំនន់​ គួរឲ្យតក់ស្លុតបំផុត។ អាជ្ញាធរឡាវ បានប្រកាសថារកបានសាកសពចំនួន៣១នាក់ ហើយ​មនុស្សចំនួន១៣០នាក់ផ្សេងទៀត ស្ថិតក្នុងការបាត់ខ្លួននៅឡើយ។ តែយ៉ាងណា អ្នក​ជំនាញ ក៏ដូចជាបណ្តាញព័ត៌មានខ្លះ បានលើកឡើងថា តួលេខផ្សាយដោយអាជ្ញាធរ​ឡាវ​នេះ គឺវាទាបឆ្ងាយពីការពិតណាស់។ គ្រោះថ្នាក់បាក់ទំនប់វារីអគ្គីសនីនេះ បានរំលេច​ឡើង​ឲ្យឃើញ នូវបញ្ហាប្រឈម ដែលឡាវកំពុងជួបប្រទះ ជាមួយនឹងក្តីស្រម៉ៃដែល​ឡាវចង់ក្លាយជាអ្នកផ្គត់ផ្គង់អគ្គីសនី ដើរដោយទំនប់វារីអគ្គសនី ធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ទំនប់វារីអគ្គីសនីនៅ​ឡាវ មានដល់ទៅជិត១០០ស្ថានីយ៍ ទាំង​សាងសង់​រួច និងទាំងកំពុងសាងសង់។

អ្នកភូមិ ឡើងលើដំបូលផ្ទះ ដើម្បី​គេច​ពី​ទឹក ​និង​ភក់ ដែល​នាំមក​ដោយ​ការ​បាក់​ទំនប់ ​Xepian-Xe Nam Noy ខេត្តអត្តាពូវ ប្រទេស​ឡាវ ​ថ្ងៃ​ទី​​២៤​កក្កដា ​២០១៨
អ្នកភូមិ ឡើងលើដំបូលផ្ទះ ដើម្បី​គេច​ពី​ទឹក ​និង​ភក់ ដែល​នាំមក​ដោយ​ការ​បាក់​ទំនប់ ​Xepian-Xe Nam Noy ខេត្តអត្តាពូវ ប្រទេស​ឡាវ ​ថ្ងៃ​ទី​​២៤​កក្កដា ​២០១៨ ABC Laos News/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅមានតទៅទៀត

ទំនប់ សេភៀន សេណាំណយ ក្នុងខេត្តអត្តាពូវ ភាគខាងត្បូងប្រទេសឡាវ ដែលបានបាក់កាលពីថ្ងៃទី២៣កក្កដា បានធ្វើឲ្យពិភពលោកទាំងមូល នាំគ្នាសំឡឹង នឹងចោទសួរឡាវស្តីពីមហិច្ឆិតា របស់រដ្ឋាភិបាលប្រទេសកុម្មុយនីស្តិមួយនេះ ដែលចង់ប្រែក្លាយទឹកដីឡាវ ឲ្យក្លាយជាជង្រុគ នៃទំនប់វារីអគ្គីសនី។ ទំនប់សេភៀន សេណាំណយ បានបាក់ទំលាយទឹកប្រមាណជា៥ពាន់លានមែត្រគូប ហូរចាក់ពន្លិចភូមិប្រជាជន ដែលនៅខាងក្រោម។

ថ្វីបើអាជ្ញាធរឡាវ ប្រកាសថា មានមនុស្សស្លាប់៣១នាក់ និងបាត់ខ្លួន១៣១នាក់ តែបណ្តាញព័ត៌មានមួយចំនួនធំ បានលើកឡើងថា នេះជាតួលេខ ទាបជាងការពិតឆ្ងាយណាស់។ អ្នកស្លាប់អាចមានច្រើនរយនាក់ ខណៈចំនួនអ្នកភូមិប្រមាណជិត១០០០នាក់ កំពុងបាត់ខ្លួន គ្មានដំណឹងនៅឡើយ រហូតមកទល់ពេលនេះ។

កាលពីខែកញ្ញា ឆ្នាំ២០១៧ ទំនប់មួយនៅស្ទឹងណាំអ៊ូ បានបាក់មួយរួចទៅហើយ តែជាសំណាងល្អ ដែលមិនបានបណ្តាលឲ្យស្លាប់មនុស្ស។ តែពេលនេះ គឺជាលើកទីមួយហើយ ដែលឡាវជួបគ្រោះអកុសល បាក់ទំនប់វារីអគ្គីសនីស្លាប់មនុស្សច្រើនដល់ថ្នាក់នេះ។ អ្នកជំនាញខ្លះ លើកឡើងថា តាមពិតទៅមហន្តរាយនេះ មិនគួរកើតឡើងបានទេ បើសិនជាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ហើយ នៅថ្ងៃខាងមុខ មហន្តរាយរបៀបនេះ អាចនឹងកើតមានឡើងច្រើនករណីទៀត។

ឡាវ មានទំនប់វារីអគ្គីសនី ៩៨

ជាមួយនឹង​ជ្រលងទន្លេមេគង្គ ព័ទ្ធដោយជួរភ្នំ ដែលមានស្ទឹងរាប់រយហូរចាក់ ឡាវមានស្ថានភាពភូមិសាស្ត្រ អំណោយផលខ្លាំងណាស់ ដល់ការសាសង់ទំនប់វារីអគ្គីសនី។ អ្វីដែលគេសង្កេតឃើញ គឺរដ្ឋាភិបាល​ឡាវ ហាក់កំពុងតែវក់ឆ្លក់វង្វេង គិតតែចុះកិច្ចសន្យាសាងសង់ទំនប់វារីអគ្គីសនី។ បើគិតមកត្រឹមពេលនេះ មានទំនប់ចំនួន៥១ស្ថានីយ៍ហើយ ដែលត្រូវបានសាងសង់រួចរាល់ ដាក់ឲ្យតំណើរការ។ រីឯទំនប់៤៧កន្លែងទៀត កំពុងស្ថិតក្នុងការសាងសង់។ ទំនប់ទាំងអស់ គឺជាការវិនិយោគ របស់ក្រុមហ៊ុនបរទេស ហើយភាគច្រើនគឺជាក្រុមហ៊ុនចិន។

ទំនប់សេភៀន សេណាំណយ សាងសង់មិនទាន់រួចរាល់នៅឡើយទេ មុននឹងជួបហេតុការណ៍អកុសលនេះ។ ទំនប់នេះ គឺជាការវិនិយោគចូលហ៊ុនគ្នា រវាងក្រុមហ៊ុនឡាវ ថៃ និងក្រុមហ៊ុនកូរ៉េខាងត្បូង។ តំណាង​​រដ្ឋាភិបាលឡាវ បាន​ចេញមុខ​ មកនិយាយថា ទំនប់នេះបាក់ គឺមកពីភ្លៀកយ៉ាងគំហុកច្រើនពេក។ តែសួរថា ទំនប់វារីអគ្គីសនីមួយ ដែលអាចទប់ទឹកចំនួនរាប់ពាន់លានម៉ែត្រគូប ដើម្បីអាចផលិតអគ្គីសនីបានជាង២៦០០០ម៉េហ្កាវ៉ាត់នោះ បែរជាមិនអាចធន់នឹងទឹកភ្លៀងបានទៅវិញ។

ការនិយាយដោះសារ របស់អាជ្ញាធរឡាវ ចោទថាជាកំហុសភ្លៀងនេះ ត្រូវបានអ្នកជំនាញបរិស្ថាន និងថាមពលវារីអគ្គីសនីទាត់ចោលទាំងស្រុង។ លោក Ian Baird ប្រធានក្រុមស្រាវជ្រាវអាស៊ីអាគ្នេយ៍ ប្រចាំសកលវិទ្យាល័យ Wisconsin-Madison បានលើកឡើងថា មហន្តរាយបាក់ទំនប់កាលពីថ្ងៃទី២៣កក្កដា គឺជាកំហុសរបស់មនុស្ស។ បើតាមការវិភាគរបស់លោក គឺមូលហេតុ២បញ្ចូលគ្នា ទីមួយ គឺការមិនចេះគ្រប់គ្រងការបណ្តោះទឹកក្នុងទំនប់ ហើយទី២ គឺគុណភាពដ៏សែនអន់ ​នៃសំណង់ទំបន់នេះតែម្តង។ ចំណែក លោក ឆៃណារ៉ុង សេដ្ឋាឈួ សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យម៉ាហាសារ៉ាខាំ ប្រទេសថៃ​ បានលើកឡើងថា មុននឹងបាក់ ទឹកនៅក្នុងទំនប់នេះ មិនទាំងពេញផងទេ។

មានវា​រីអគ្គីសនី តែគ្មានសមត្ថភាពបច្ចេកទេស

ជាការពិត ការបាក់ទំនប់សេភៀន សេណាំណយ នេះ បានធ្វើឲ្យគ្រប់គ្នា ព្រួយបារម្ភ និងចោទសួរថា តើនឹងមានហេតុការណ៍អកុសលបែបនេះប៉ុន្មានដងទៀត? តើអាយុជីវិតមនុស្សស្លូតត្រង់ប៉ុន្មានរយនាក់ ដែលនឹងត្រូវបូជា?

លោក Olivier Evrard អ្នកជំនាញផ្នែកធរណីគីមី និងផលប៉ះពាល់បរិស្ថាន បានលើកឡើងថា ​ការបាក់ទំនប់កាលពីថ្ងៃទី២៣កក្កដានោះ គឺមិនមែនជារឿង ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលឡើយ។ សម្រាប់លោក ឡាវបានមើលស្រាលបញ្ហានេះខ្លាំងណាស់។ លោកបន្ថែមថា ចំនួនសំណង់វារីអគ្គីសនីធំៗ ទាំងសង់រួច ទាំងកំពុងតែសាងសង់ ដល់ទៅជិត៩៨ស្ថានីយ៍ គឺចំនួននេះ វាហួសពីសមត្ថភាពរបស់ឡាវ។ ឡាវខ្លួនឯង គ្មានសមត្ថភាពបច្ចេកទេស វិស្វកម្មសំណង់ ក្នុងវិស័យនេះទាល់តែសោះ។ ពោលគឺឡាវ រំពឹង និងផ្ញើរវាសនាទាំងស្រុង ទៅលើក្រុមហ៊ុនបរទេស ដែលមកបោះទុនធ្វើទំនប់ទាំងនេះ។

ដូច្នេះ អាជ្ញាធរឡាវ គ្មានសមត្ថភាពឯណា ទៅត្រួតពិនិត្យគុណភាពនៃសំណង់ ព្រមទាំងតាមដានការគ្រប់គ្រង បច្ចេកទេសក្នុងដំណើរការប្រចាំថ្ងៃ របស់ទំនប់ទាំងនោះឡើយ។ ហើយក្នុងករណីមានគ្រោះថ្នាក់ អាជ្ញាធរឡាវ ពុំទាំងមានវិធានការ ឬលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្តល់ដំណឹងឲ្យទាន់ពេលវេលា ដល់ប្រជាជនខ្លួននោះទេ។ ជាក់ស្តែងករណីបាក់ទំនប់កាលពីថ្ងៃទី២៣កក្កដា តាមប្រភពព័ត៌របស់កាសែត Asia Times បានលើកឡើងថា បុគ្គលិករបស់ក្រុមហ៊ុនវារីអគ្គីសនីនេះ បានសង្កេតឃើញស្នាមប្រេះ លើជញ្ជាំងទំនប់តាំងតែមួយថ្ងៃមុន​​ម្លេះ តែអាជ្ញាធរឡាវ មិនបានចាប់អារម្មណ៍បញ្ជូនដំណឹង ដើម្បីជន្លៀសប្រជាជនទេ។

ចំនួនត្រីថយចុះ ៤០%

ទំនប់វារីអគ្គីសនីរបស់ឡាវ មិនមែនត្រឹមតែបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាជនស្លូតត្រង់ ប៉ុណ្ណោះទេ តែវាមាននៅមានផលប៉ះពាល់ច្រើនទៀត។ យោងរបាយការណ៍មួយ ចេញផ្សាយឆ្នាំ២០១៣ ដោយក្រុមការងារស្រាវជ្រាវ នៃ Ecole Normal Supérieure ដ៏ល្បីរបស់បារាំង បានលើកឡើងថា សំណង់ទំនប់វារីអគ្គីសនី​របស់ឡាវ កំពុងចោទជាបញ្ហាច្រើនណាស់ មានដូចជា​បញ្ហាបរិស្ថានធម្មជាតិ បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម និងនយោបាយជាដើម។

វារីអគ្គីសនីច្រើនស្អេកស្កះ បាននឹងកំពុងបង្កផលប៉ះពាល់ ដល់ប្រព័ន្ធជីវចំរុះនៅក្នុងទឹក ព្រមទាំងតំបន់ដែលស្ថិតនៅតាមបណ្តោយខ្សែទឹក។ ដោយសារតែការទប់ទំនប់ វាបានបង្កឲ្យប្រែប្រួសចរន្តទឹកហូរ ហើយបញ្ហានេះ បានធ្វើឲ្យចំនួនត្រីធ្លាក់ចុះ ហើយប្រភេទពូជត្រីខ្លះ គឺផុតពូជតែម្តង។ នេះមានន័យថា ទិន្នផលត្រី​ នៅតាមទំនាបស្ទឹង និងទន្លេនានា ដែលជាប្រភពចំណូលដ៏សំខាន់ របស់ប្រជាជន នឹងត្រូវធ្លាក់ចុះ។ របាយការណ៍មួយទៀត របស់គណកម្មការទន្លេមេគង្គ ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០១៨នេះ បានសន្និដ្ឋាន​ថា ​ចំនួនត្រីអាចនឹងថយចុះ ប្រមាណជា៤០% នៅក្នុងអាងទន្លេមេគង្គទាំងមូល ដោយសារតែទំនប់​វារីអគ្គីសនី។

ឯណាទៅផលវិជ្ជមានផ្នែកសេដ្ឋកិច្ច ជូនប្រជាជន?

បញ្ហាមួយទៀត ដែលចោទឡើង គឺផលវិជ្ជមានផ្នែកសេដ្ឋកិច្ច ដែលបានមកពីទំនប់វារីអគ្គីសនីទាំងនោះ។ ជាទូទៅ នៅតាមប្រទេសធំៗផ្សេងទៀត ប្រជាជនមូលដ្ឋានដែលរងផលប៉ះពាល់ ដោយសារទំនប់វារីអគ្គីសនី តែងតែបានទទួលនូវសំណង ឬក៏ជាផលប្រយោជន៍សេដ្ឋកិច្ចផ្សេងៗ ពីក្រុមហ៊ុន និងពីរដ្ឋាភិបាល។ ផ្ទុយទៅវិញ នៅឡាវ មិនដូច្នោះទេ។

លោក Tom Fawthrop អ្នកជំនាញម្នាក់ទៀត ដែលធ្វើការតាមដាន​បញ្ហាបរិស្ថានក្នុងតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា នៅឡា​វ គេសង់ទំនប់ដោយគ្មានប្រាប់អ្នកណាទាំងអស់។ ប្រជាជនមូលដ្ឋាន មិនត្រូវបានគេរាប់បញ្ចូល ឲ្យដឹងរឿង អាចតាមដាន អាចមានយោបល់ ទាក់ទងនឹងការសាងសង់ឡើយ កុំថាឡើយ ដល់ទៅបានទទួលផលជាសំណងខូចខាត ឲ្យបានសមរម្យ។ ប្រជាជនមូលដ្ឋាន បានត្រឹមត្រូវគេអញ្ជើញឲ្យរើផ្ទះសម្បែង ទៅរស់នៅទីកន្លែងផ្សេង ដើម្បីយកដីធ្វើទំនប់ ឬធ្វើជាអាងស្តុកទឹករបស់ទំនប់។

រដ្ឋាភិបាលកុម្មុយនីស្តិឡាវ ប្រឹងប្រែងណាស់ ក្នុងការអួតបង្ហាញថា សេដ្ឋកិច្ចឡាវ កំពុងដើរទៅមុខយ៉ាងល្អ ជាមួយនឹងការសាងសង់ទំនប់វារីអគ្គីសនី សឹងតែគ្រប់ទីកន្លែង។ តែសួរថា តើប្រជាជនមូលដ្ឋានប៉ុន្មាននាក់ ដែលបានទទួលផលសេដ្ឋកិច្ច ពីទំនប់ទាំងនោះ។ គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាអគ្គីសនីដែលផលិតបាន ដោយទំនប់ទាំងនោះ គឺក្រុមហ៊ុនបរទេសអ្នកវិនិយោគទាំងនោះ បញ្ជូនយកទៅលក់នៅប្រទេសក្បែរខាង សឹងតែទាំងអស់ ជាពិសេសគឺបញ្ជូនទៅចិន និងថៃ។

ជាក់ស្តែង ទំនប់ សេភៀន សេណាំណយ ដែលទើបតែបាក់នេះ គឺ៩០%នៃអគ្គីសនីដែលនឹងផលិតបាន គឺបញ្ជូនទៅលក់នៅថ្ងៃ ហើយមានតែ១០ភាគរយប៉ុណ្ណោះ ដែលប្រើនៅឡាវ។ ជាងនេះទៅទៀត បណ្តាញចរន្តអគ្គីសនីនៅឡាវ មានតែនៅតាមទីក្រុង ប្រជុំជនធំៗប៉ុណ្ណោះ។ ប្រជាជននៅទីដាច់ស្រាយាល គ្មានអគ្គីសនីប្រើប្រាស់ទេ។

មន្ត្រីរដ្ឋាភិបាល ដែលមានអំណាច ដែលមានទំនាក់ទំនងស្និទ ជាមួយក្រុមហ៊ុនទាំងនោះ ទើបជាអ្នកបានទទួលផលពិតប្រាកដ។ ចំនូលរដ្ឋបានមកពីទំនប់ទាំងនេះ ក៏មានមិនច្រើនដែរ ព្រោះថាមួយផ្នែកធំ ត្រូវចែកចាយទៅតាមហោប៉ៅ របស់មន្ត្រីរដ្ឋាភិបាល។

មហន្តរាយបង្កឡើងដោយទំនប់វារីអគ្គីសនីឡាវ បាននឹងកំពុងជះមកលើប្រទេសក្បែរខាង ដែលនៅខាងក្រោមអាងទន្លេមេគង្គរួចទៅហើយ។ ដរាបណា អាជ្ញាធរពាក់ព័ន្ធ អ្នកទទួលខុសត្រូវ នៅតែមិនយល់ពីផលប៉ះពាល់ បណ្តោយឲ្យផលចំណេញតែមួយពេលដឹកមុខ នោះមហន្តរាយនឹងបន្តកើតមាន។ អ្នកដែលរងគ្រោះពិតប្រាកដ គឺប្រជាជនមូលដ្ឋានស្លូតត្រង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ