UN អនុម័តសន្ធិសញ្ញាលប់បំបាត់អាវុឌបរមាណូ បើទោះបីមហាអំណាចបរមាណូ មិនព្រមចូលរួម
អង្គការសហប្រជាជាតិ ទើបបានបោះឆ្នោតអនុម័ត កាលពីថ្ងៃសុក្រទី៧កក្កដា ម្សិលមិញ នូវសន្ធិសញ្ញាលប់បំបាត់អាវុធបរមាណូ ឬ នុយក្លេអ៊ែរ។ មាន១២២ ប្រទេសបានបោះឆ្នោតគាំទ្រ ខណៈដែលប្រទេសមហាអំណាចនុយក្លេអ៊ែរ ធំៗទាំងអស់ បានបដិសេធ មិនព្រមចូលរួមប្រជុំ និងអនុម័តសន្ធិសញ្ញានេះទេ។ ទោះជាយ៉ាងណា សន្ធិសញ្ញានេះ ត្រូវបានគេមើលឃើញថា វាមានតម្លៃជានិម្មិតរូប ខណៈដែលប្រទេសមហាអំណាចនុយក្លេអ៊ែរ ចាត់ទុកសន្ធិសញ្ញានេះ ជារឿងគ្មានប្រយោជន៍ ព្រោះវាមិនឆ្លើយតប ទៅនឹងស្ថានការណ៍ជាក់ស្តែងបច្ចុប្បន្ន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
អស់រយៈពេល៣សប្តាហ៍ ដែលប្រទេស១៤១ប្រទេស បានធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីតាក់តែងសន្ធិសញ្ញាអន្តរជាតិ ស្តីពីការលប់បំបាត់អាវុធនុយក្លេអែរ។ ទីបំផុត ១២២ប្រទេសបានបោះឆ្នោតយល់ព្រម អនុម័តសន្ធិសញ្ញានេះ ដែលមានអូទ្រីស ប្រេស៊ីល មិកស៊ិក អាហ្វ្រិកខាងត្បូង និងណូវែលហ្សេឡង់ ជាអ្នកផ្តួចផ្តើមគំនិត។
បន្ទាប់ទៅទៀត សន្ធិសញ្ញានេះ នឹងបើកឲ្យមានការធ្វើសច្ចាប័ននៅតាមប្រទេសហត្ថលេខី ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ហើយនឹងអាចចូលជាធរមានជាស្ថាពរ នៅតាមប្រទេសហត្ថលេខីទាំងអស់ បន្ទាប់ពីប្រទេសហត្ថលេខី៥០ប្រទេស ផ្តល់សច្ចាប័ន។ សន្ធិសញ្ញានេះ មានខ្លឹមសារ ហាមឃាត់ជាដាច់ខាត នូវរាល់គម្រោងផែនការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ រាល់ការស្តុកទុក ព្រមទាំងការគំរាមប្រើប្រាស់អាវុធប្រភេទនេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអបអរថា សន្ធិសញ្ញានេះ នឹងជានិម្មិតរូប នៃការភ្ញាក់រលឹកដាស់តឿន ឲ្យពិភពលោក កំចាត់ចោលនូវអាវុធក៏កាចសាហាវនេះ។
គួរកត់សម្គាល់ថា ប្រទេសមហាអំណាចនុយក្លេអ៊ែរធំៗ ទាំង៩ប្រទេស មានដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង មិនបានចូលរួមប្រជុំ និងអនុម័តសន្ធិសញ្ញានេះទេ។ សូម្បីតែជប៉ុន ដែលជាប្រទេសតែមួយគត់ ដែលធ្លាប់រងគ្រោះ ដោយអាវុធបរមាណូ ក៏មិនបានចូលរួមធ្វើសន្ធិសញ្ញានេះដែរ។ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើលិខិតរួមគ្នាមួយ រិះគន់អ្នកផ្តួចផ្តើម គំនិតធ្វើសន្ធិសញ្ញានេះ ថាមិនបានយល់ច្បាស់ អំពីស្ថានភាពសន្តិសុខអន្តរជាតិបច្ចុប្បន្ន។
សូមបញ្ជាក់ថា មហាអំណាចនុយក្លេអ៊ែរ តែងតែលើកយកហេតុផល ថាអាវុធនុយក្លេអ៊ែរ របស់ពួកគេ គឺដើម្បីគំរាមទប់ទៅនឹង ភាពកំរោលរបស់ប្រទេសណាមួយ ដែលចង់ប្រើអាវុធនេះ ដូចក្នុងករណីកូរ៉េខាងជើង ជាដើម។
មន្ត្រីការទូត តំណាងប្រទេសបដិសេធសន្ធិសញ្ញានេះម្នាក់ បាននិយាយថា សន្ធិសញ្ញានេះ នឹងមិនជះផលល្អទេ ផ្ទុយទៅវិញ គឺវាធ្វើឲ្យមនុស្សនាំគ្នាសង្ឃឹមទាំងយល់ខុស ថាអ្វីៗនឹងល្អប្រសើរ ថាពិភពលោកនឹងគ្មានអាវុធនុយក្លេអែរ។ តែការពិតជាក់ស្តែង គឺវាមានភាពស្មុគស្មាញណាស់ ហើយគេគ្រប់គ្នាត្រូវយល់ថា ការហាមឃាត់ដាច់ខាត នូវអាវុធនុយក្លេអ៊ែរ ជារឿងមិនអាចធ្វើទៅបានទេ។ ជំរើសដែលល្អនោះ គឺគោរពសន្ធិសញ្ញាមិនរីកសាយភាពនុយក្លេអ៊ែរ ដែលមានស្រាប់ ដែលគ្រប់ប្រទេសមហាអំណាចទាំងអស់ បានចុះហត្ថលេខា កាលពីឆ្នាំ១៩៦៨ ពោលគឺសន្យាថានឹងមិនតម្លើងចំនួនស្តុក។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ បើតាមការប៉ាន់ស្មាន គឺមានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ១៥០០០គ្រាប់ ទូទាំងពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ