ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

អង្គការបរិស្ថាន​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់ បើ​ឥណ្ឌូណេស៊ី​ប្តូររដ្ឋធានី​ទៅ​កាន់​កោះ​ប័រណេអូ

media  
ទីក្រុង​ចាកាតា គ្របដណ្តប់ដោយផ្សែងពុល ថ្ងៃទី​២៩ កក្កដា ២០១៩​ Antara Foto/Indrianto Eko Suwarso/ via REUTERS

ថ្មីៗនេះ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសថា ឥណ្ឌូណេស៊ី នឹងលើករដ្ឋធានី​ ទៅកាន់​តំបន់​កាលីម៉ាន់តាន់ ដែលស្ថិតនៅលើកោះប័រណេអូ។ ការសម្រេចបែបនេះ គឺដើម្បីរំដោះភាពកកស្ទះ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា ដែលចោទឡើងនៅឯរដ្ឋធានីចាកាតា បច្ចុប្បន្ន។ តែយ៉ាងណាក៏ដោយ គម្រោងប្តូររដ្ឋធានីនេះ មិនត្រូវបាន​មតិសាធារណៈគាំទ្រទាំងស្រុងទេ។ យ៉ាងណាមិញ អង្គការបរិស្ថានជាច្រើន បានព្រួយបារម្ភអំពី​ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ព្រៃឈើធម្មជាតិ តំបន់អភិរក្ស និង​ប្រព័ន្ធជីវចម្រុះនៅលើកោះ​ប័រណេអូ បើសិនមានការសាងសង់ រដ្ឋធានីនៅទីនោះមែននោះ។

រដ្ឋធានីនយោបាយរបស់ឥណ្ឌូណេស៊ី នឹងត្រូវប្តូរ ទៅកាន់ខេត្តកាលីម៉ាន់​តាន់ លើ​កោះ​ប័រណេអូ។ ផែនការសាងសង់ នឹងចាប់ផ្តើមនៅ​ឆ្នាំ២០២០ ហើយមន្ត្រីបុគ្គលិករដ្ឋ ចំនួន​ប្រមាណ​១លាន៥សែននាក់ នឹងត្រូវប្តូរទៅទីក្រុងថ្មី ចាប់ពីឆ្នាំ​២០២៤។ ការចំណាយទាំងស្រុង មានទឹកប្រាក់ប្រមាណ​៣ម៉ឺន៣ពាន់លានដុល្លារ។

ជាមួយ​នឹងប្រជាជន​ប្រមាណ​៣០លាននាក់ ទីក្រុង​ចាកាតា កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ ក្នុងនោះមាន​ជាអាទិ ការកកស្ទះចរាចរណ៍។ មូលហេតុចំបងបំផុតមួយទៀតនោះ គឺកោះហ្សាវ៉ា ដែលជាកោះមានមនុស្សរស់នៅច្រើនជាងគេ របស់ឥណ្ឌូណេស៊ីនេះ ស្ថិតនៅពី​លើខ្សែបន្ទាត់រញ្ជួយដី។ បន្ថែមពីនេះទៀត ក្រុងចាកាតា អាចនឹងត្រូវលិចដោយទឹកសមុទ្រ ក្នុងរវាងពីនេះដល់ឆ្នាំ​២០៥០ ដោយសារតែទឹកសមុទ្រឡើងកំពស់ខ្លាំង។ ភាពហិនហោចនៃស្រទាប់ទឹកស្អាតក្នុងដី ក៏បានធ្វើឲ្យស្រទាប់ដី​ចុះ​ទាបខ្លាំង​ ធ្វើស្ថានភាពកានតែមានភាពអាសន្ន។

ក៏ប៉ុន្តែ មានមតិជាច្រើន បានចោទសួរថា តើការប្តូររដ្ឋធានីទៅកាន់កោះប័រណេអូ អាចដោះស្រាយបញ្ហានៅទីក្រុងចាកាតាបានដែរ ឬទេ? អ្នកជំនាញនៃអង្គការបរិស្ថានជាច្រើន បានលើកឡើងថា មិនត្រឹមតែមិនអាចដោះស្រាយបញ្ហានៅចាកាតាទេ តែវានឹងទៅបង្កើតបញ្ហាថ្មីផ្សេងទៀត នៅលើកោះប័រណេអូ។ កោះប័រណេអូ គឺជាតំបន់ព្រៃធម្មជាតិ ជាជម្រកសត្វព្រៃ ក្នុងនោះមានសត្វស្វាអូរ៉ង់អ៊ូតង់ ដែលកំពុងប្រឈមមុខនឹងការផុតពូជ។

អ្នកនាំពាក្យអង្គការបរិស្ថាន WALHI ឥណ្ឌូណេស៊ី បានលើកឡើងថា បច្ចុប្បន្ននេះភាគខាងកើតនៃ​ខេត្តកាលីម៉ាន់តាន់ លើកោះប័រណេអូ បានប្រឈមនឹងការបំផ្លិចបំផ្លាចធ្ងន់ធ្ងរណាស់ទៅហើយ ដោយសារតែការកាប់បំផ្លាញ​ព្រៃឈើ យកដីដាំដូងប្រេង និងការ​ជីក​រក​រ៉ែ​ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការកសាងទីក្រុងថ្មី ប្រាកដជាធ្វើឲ្យប៉ះពាល់ ដល់តុល្យការ​នៃ​ប្រព័ន្ធជីវចម្រុះ ព្រមទាំងជីវភាព​របស់ជនជាតិភាគតិច។ មន្ត្រីអង្គការដដែលបន្ថែមថា ជាងនេះទៀតរដ្ឋាភិបាលមិនបានដាក់ចុះនូវគម្រោងទប់ស្កាត់ភ្លើងឆេះព្រៃនៅលើកោះប័រណេអូទេ។ បើសិន​ជា​កោះនេះ នៅតែអាចប្រឈមនឹងភ្លើងឆេះព្រៃធ្ងន់ធ្ងរ ដូចកាលឆ្នាំ២០១៥ នោះការកសាងទីក្រុងថ្មីនៅទីនោះ គឺជាគ្រោះថ្នាក់ធំណាស់។

គួរកត់សំគាល់ថា គម្រោងលើករដ្ឋធានីទៅកាន់កោះ​ប័រណេអូនេះ មិនត្រូវបានប្រជាជនអ្នកក្រុងចាកាតា សាទរនោះទេ។ នៅក្នុងការធ្វើស្ថិតិមួយ បានបង្ហាញថា ៩៥%នៃប្រជាជនដែលឆ្លើយសំណួរ មានមតិប្រឆាំងនឹងការប្តូររដ្ឋធានីនេះ។ នៅលើបណ្តាញសង្គមវិញ អ្នកក្រុងចាកាតា ដាក់ឈ្មោះរដ្ឋធានីថ្មី ដោយហៅថា Jokograd ឬ Saint-Jokobourg ក្នុងន័យសើចចំអកចំពោះមហិច្ឆិតាហួសមាឌ របស់លោកប្រធានាធិបតី​ ចូកូ វីដូដូ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ